rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី គ្រោះធម្មជាតិ សហរដ្ឋអាមេរិក ព្រៃឈើ អាកទិក ប្រែប្រួល​អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកដូណាល់ ត្រាំ​ស្នើ ជួយពន្លត់ភ្លើងឆេះព្រៃ នៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី

media
ភ្លើងឆេះព្រៃនៅតំបន់​ស៊ីបេរី នៅថ្ងៃទី ៣១​កក្កដា ២០១៩ ©Russian Emergencies Ministry in Krasnoyarsk region/Handout via

លោកដូណាល់ ត្រាំ បានស្នើទៅ លោក វ៉្លាឌីមៀរ ពូទីន នូវជំនួយរបស់ សរអា ដើម្បីប្រយុទ្ធ ទល់នឹង អគ្គីភ័យ​យក្ស ដែលកំពុង លេបត្របាក់ព្រៃ នៅតំបន់​ស៊ីបេរី ប្រទេសរុស្ស៊ី។ នេះបើតាម​សេចក្តីប្រកាស របស់​វិមានក្រេមឡាំង កាលពី​ថ្ងៃ​ពុធ។

 


ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា មេដឹកនាំទាំងពីរ បាន​សន្ទនាគ្នា តាមទូរស័ព្ទ គឺ​ទៅតាម ការផ្តួចផ្តើម ពីខាង​ក្រុងវ៉ាស៊ីនតោន រំលង​ប៉ុន្មានម៉ោង ក្រោយពីលោក ពូទីន បានកេណ្ឌ កងទ័ព ទៅជួយ ក្រុមពន្លត់អគ្គិភ័ ដែល​កំពុង​ប្រយុទ្ធ​ទល់នឹង មហន្តរាយ​ភ្លើងឆេះព្រៃ។

ព្រៃជាង ៣ លាន ហិកតា ឬ សឹងស្មើផ្ទៃក្រឡាប្រទេស បែលហ្ស៊ីក ត្រូវបានលេបត្របាក់ដោយ អណ្តាតភ្លើង - តួលេខនេះ ប្រកាសដោយ ទីភ្នាក់ងាររុក្ខាសហព័ន្ធរុស្ស៊ី។ ខេត្តជាច្រើន បានបង្ខំចិត្តប្រកាស ភាពអាសន្ន ខណៈដែលផ្សែងក្រាស់ឃ្មឹកនៃអគ្គីភ័យ គ្របដណ្តប់ពេញលើ តំបន់ធំ​សំបើមនេះ នៅប៉ែកខាងកើត ប្រទេសរុស្ស៊ី។

សេចក្តីជូនដំណឹងវិមានក្រេមឡាំង ចង្អុល​ឲ្យឃើញថា៖ លោកប្រធានាធិបតី សរអា បានស្នើមករុស្ស៊ី នូវកិច្ច សហការ ដើម្បីប្រយុទ្ធទល់នឹង ភ្លើងឆេះព្រៃនៅស៊ីបេរី។ លោកប្រធានាធិបតី ពូទីន ពីចំណែកគាត់ បាន សំដែងនូវ​អំណរគុណដ៏ស្មោះ ចំពោះ​ឥរិយាបថ​ពោរពេញទៅដោយការយកចិត្កតទុកដាក់នេះ និង ចំពោះ សំណើផ្តល់​ជំនួយ​និងការគាំទ្រ។

លោក វ៉្លាឌីមៀរ ពូទីន បានជម្រាបលោក ដូណាល់ ត្រាំ ថា គាត់យល់ព្រម​ទទួល​ជំនួយនេះ ប្រសិនបើ ស្ថានការណ៍ តម្រូវថា ចាំបាច់។

វិមានក្រេមឡាំង បន្ថែមថា ៖ លោកប្រធានាធិបតីរុស្ស៊ី ចាត់ទុកគំនិតផ្តួចផ្តើមនេះ របស់ប្រធានាធិបតី អាមេរិកាំងជា សញ្ញាថា តទៅថ្ងៃមុខ ប្រទេសទាំងពីរ​នឹងអាចស្តារ​ឡើងវិញ ទំនាក់ទំនង​គ្រប់ជ្រុងជ្រោយ នឹងគ្នាវិញ។

រីឯ សេតវិមានក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា មេដឹកនាំប្រទេសទាំងពីរ បានសន្ទនាគ្នាតាមទូរស័ព្ទមែន ដោយ បាននិយាយ​តែទៅលើ រឿងអគ្គិភ័យ និងលើ ចំណងពាណិជ្ជកម្មទ្វេភាគី។

លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ឌ្មីទ្រី មេដវេដេវ ដែលថ្ងៃពុធ បានអញ្ជើញដល់ តំបន់​អាសន្ន អន្ធក្រនោះ បាន សន្យាផ្តល់ជំនួយ ហើយបានថ្លែងតាមទូរទស្សន៍ថា អគ្គីភ័យនេះ បង្កើតជាការលំបាកមែនពិត ប៉ុន្តែ មិន ពាំនាំជា “គ្រោះថ្នាក់ភ្លាមភ្លែត” ដល់បណ្តាជនឡើយ។

តាមតួលេខអង្គការការពារបរិស្ថានអន្តរជាតិ Greenpeace នៅតំបន់សែនល្វឹងល្វើយ​ខាងកើត​ប្រទេសរុស្ស៊ី អគ្គិភ័យ បានបំផ្លាញព្រៃ អស់ ១២ លាន ហិកតា ទៅហើយ ទោះបីមាន ក្រុមលត់ភ្លើង​ចំនួន ២.៧០០ នាក់ ប្រចាំការ​នៅនឹងកន្លែងក្តី៕