rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង ៖ បាត់ខ្លួន​ក្រោយ​អន្តរាគមន៍​ប៉ូលិស មួយ​ខែ​ក្រោយ​រក​ឃើញ​​សាកសព​អណ្តែត

media
គំនូរ​លើ​ជញ្ជាំង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ Steve Maia Canicoបាត់​ខ្លួន​ក្រោយ​អន្តរាគមន៍​ប៉ូលិស​ថ្ងៃទី ២១​មិថុនា ២០១៩ LOIC VENANCE / AFP

តើ​មាន​រឿង​ហេតុ​អ្វី​កើត​ឡើង​ឱ្យ​ពិត​ប្រាកដ​ទៅ ?! ​បាត់​ខ្លួន​បន្ទាប់ពី​មាន​​​អន្តរាគមន៍​​ប៉ូលិស​មក អស់​ពេល​ជាង​មួយ​ខែ យុវជន​អាយុ​២៤​ ត្រូវ​បាន​គេ​រក​ឃើញ​ កាលពី​ថ្ងៃ​ចន្ទ ក្នុង​ទម្រង់​ជា​សាកសព​អណ្តែត​ទឹក​ក្នុង​ទន្លេ។ ក្រោយ​លទ្ធផល​កោសល្យវិច័យ​ បញ្ជាក់​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ ​​នៅ​ថ្ងៃ​ម្សិលមិញ ​មាន​សំណួរនិង​ការ​សង្ស័យ​បាន​ផុស​ឡើង​សួរ​ថា តើ​អន្តរាគមន៍​របស់​ប៉ូលិស​ ជា​ដើមហេតុ​បណ្តាល​ឱ្យ​យុវជន​ធ្លាក់​ទឹកស្លាប់​ឬ ? ប៉ូលិស​របស់​ប៉ូលិស​បាន​បើក​​អង្កេត​ស្តី​ពីបទ​ “ឃាតកម្មដោយ​អចេតនា​”។


Steve Maia Caniço នៅឯណា ? បដា និង​សំណេរ​ជា​ច្រើន​មាន​សរសេរ​តាំង​នៅ​ស្ទើ​រគ្រប់​ផ្លូវ និង​​ពេញ​ក្រុង​ដែល​ យុវជន​អាយុ​២៤​ឆ្នាំ រស់​នៅ។ ស្ទីវ ពិធី​ករ​កម្មវិធី​ប្រគុំ​តន្ត្រី បាន​បាត់​ខ្លួន​ នៅ​យប់ ​​​ថ្ងៃ​ទី ២១ ឆ្លង​ចូល​ថ្ងៃទី ២២​មិថុនា ២០១៩។

នៅយប់​នៃ​​ទិវា​បុណ្យ​ប្រគុំ​តន្ត្រី​ប្រចាំ​ឆ្នាំ​ វេលា​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ ប៉ូលិស​មួយ​ក្រុម​ ជាង​២០​នាក់ បាន​ចេញ​ធ្វើ​អន្តរាគមន៍​ ប្រាប់​ថា​ដល់​ម៉ោង​ដែល​ក្រុម​ភ្លេង​ត្រូវ​បញ្ឈប់​កម្មវិធី​​របស់​ពួកគេ។ អ្នក​រៀប​ចំកម្មវិធី​៩​នាក់​ បាន​ព្រម​គោរព​ច្បាប់ តែ​ម្នាក់​ទៀត​រឹង​ទទឹង ទើប​មាន​ប្រទាក់​សំដី​ជាមួយ​ប៉ូលិស​។ DJ បន្ត​លេងភ្លេង ​កាន់​ឮ​ខ្លាំង​ជា​ងមុន និ​ង​​មាន​ការ​គប់​ដុំ​ថ្ម គប់​ដប​​ មក​លើ​ប៉ូលិស។​ ប្រឈម​នឹង​ទង្វើ​របស់ ​យុវជនជាង​២០០​នាក់ ប៉ូលិស​ក៏​បាន​គ្រប់​គ្រាប់​បែក​ផ្សែង បាញ់​គ្រាប់​ជ័រ​ការពារខ្លួន​ ... ​ហ្វូងយុវជន​ត្រូវ​បាន​បំបែក​នៅ​វេលាម៉ោង​៤​និង​៥០​នាទី​។ នេះ​បើ​តាម​របាយការណ៍​របស់​ប៉ូលិស។

បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ប្រគុំ​តន្រ្តី អន្តរាគមន៍​គ្រប់​គ្រាប់​បែក​ផ្សែង​របស់​ប៉ូលិស​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​នាក់​ធ្លាក់​ទឹក​។ នៅ​យប់​នោះ​ គេ​បាន​ស្រង់​និង​សង្គ្រោះ​មនុស្ស​​បាន​១៤​នាក់។ ឯស្ទីវ​ ដែល​ ទំនង​ធ្លាក់ទឹក​​ដែរ ហើយ​​មិន​ចេះ​ហែលទឹក​ទៀត បាន​បាត់​ខ្លួន​រហូត​ លែងផ្តល់​​ដំណឹង​​សោះ​ តាំង​ពី​​អន្តរាគមន៍​ប៉ូលិស​នោះ។ ទើ​ប​តែ​​នៅ​ថ្ងៃ​ចន្ទ​ទី ២៩ កក្កដា គេ​ឃើញ​ជា​សាកសព​អណ្តែត​ឡើង​នៅ​ចម្ងាយ​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ ពី​កន្លែង​កើត​ហេតុ កាលពី​ជាង​មួយ​ខែ​មុន។

សូម​បញ្ជាក់​ថា​ក្រោយ​ការ​ប្រកាស​បាត់​ខ្លួន​របស់​ស្ទីវជា​ផ្លូវការ ប៉ូលិស​របស់​ប៉ូលិស​បាន​បើក​​អង្កេត​បឋម​មួយ​ស្តី​ពីបទ​​ “ឃាតកម្ម​​ដោយ​អ​ចេតនា”​។ នីតិវិធី​អង្កេត​ជា​ច្រើន​ផ្សេង​ទៀតនៅ​​មិន​ទាន់​ចប់​ទេ។ ម្សិលមិញ​ ប៉ូលិស​របស់​ប៉ូលិស​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​ថា​ អន្តរាគមន៍​របស់កងកម្លាំង​ប៉ូលិស​ ត្រឹមត្រូវ​​ ​និង​មិន​ហួសហេតុ​ទេ ហើយ​គ្មានពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​របស់​ស្ទីវ​ឡើយ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី​ ក៏អន្តរាគមន៍​របស់​ប៉ូលិស​នៅ​យប់​នោះ នៅ​តែ​ជា​តំណាង​នៃ​ភាព​ហិង្សា​របស់​ប៉ូលិស និង​​ជាប់​​​​សង្ស័យថា​ដើម​ហេតុ​នាំ​​ឱ្យ​យុវជន​ស្ទីវ​ធ្លាក់​ទឹក​ទន្លេ​ស្លាប់។ នៅយប់​មិញ នាយករដ្ឋមន្ត្រី​​បារាំង បានចេញ​មុខ​​​​ធានាអះអាង​​អំពី​តម្លាភាព​របស់​អាជ្ញាធរ ដោយ​ចង់​​បញ្ជូន​សំណុំ​រឿង​​ទៅអធិការ​កិច្ច​​រដ្ឋបាល​ ដើម្បី​បានយល់​ដឹង​កាន់​តែ​ច្បាស់​អំពី​លក្ខខណ្ឌ​នៃរឿង​ហេតុ៕