rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក អ៊ីរ៉ង់ សហភាពអឺរ៉ុប ប្រេងកាត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​គៀងគរ​សម្ព័ន្ធមិត្ត​ឲ្យ​ចូលរួម​ក្នុង​បេសកកម្ម ការពារ​សន្តិសុខ នៅ​ច្រកសមុទ្រ Ormuz

media
ឧទ្ធម្ភាគចក្រMH-60S ហោះនៅក្បែរ​កប៉ាល់​ដឹកប្រេង និង​មាន​នាវាចម្បាំង​អាមេរិកUSS John C. Stennis នៅច្រក​សមុទ្រ Ormuz © REUTERS/Hamad I Mohammed

សហរដ្ឋអាមេរិក នៅថ្ងៃ​អង្គារ​ទី​៣០​កក្កដា បាន​ស្នើសុំ​ជា​ផ្លូវការ ឲ្យរដ្ឋាភិបាល​អាល្លឺម៉ង់ ចូលរួម​ក្នុង​បេសកកម្ម​ការពារ​សន្តិសុខ នៅ​ច្រកសមុទ្រ Ormuz។ តាមអ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៊ែរឡាំង អាមេរិក​ចង់​ឲ្យ​អាល្លឺម៉ង់​ចូលរួម​ជាមួយ​បារាំង និង​អង់គ្លេស ក្នុង​ការធានា​សន្តិសុខ​ដល់​ចរាចរណ៍​ដឹកប្រេង នៅ​ច្រកសមុទ្រ​Ormuz កំពុង​កើតមាន​វិបត្តិ​ដ៏​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់។

 


អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ប៊ែរឡាំង បានអះអាងថា អាមេរិក​បាន​ស្នើសុំ​ជា​ផ្លូវការ នៅ​ថ្ងៃ​អង្គារ ម្សិលមិញ ឲ្យ​អាល្លឺម៉ង់ ចូលរួម​ជាមួយ​បារាំង និង​អង់គ្លេស ដើម្បី​ធានា​ការពារ​សន្តិសុខ នៅ​ច្រកសមុទ្រ Ormuz ជាទី​ដែល​អ៊ីរ៉ង់​បាន​ចាប់​រឹបអូស​កប៉ាល់​ដឹកប្រេង​អង់គ្លេស ២​គ្រឿង កាលពី​ពាក់កណ្តាល​ខែ​កក្កដា​កន្លងទៅ។

ការស្នើ​សុំ​ជា​ផ្លូវការ​របស់​អាមេរិក ធ្វើឡើង​នៅក្រោយ អាល្លឺម៉ង់ តាមរយៈ​រដ្ឋមន្រ្តី​ការបរទេស បាន​បង្ហាញ​អរិភាព មិន​ចង់​ចូលរួម នៅក្នុង​សម្ព័ន្ធយោធា​ការពារ ច្រកសមុទ្រ Ormuz ដែល​ដឹកនាំ​ដោយ​អាមេរិក។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ក្នុង​ស្រុក​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ បានបញ្ជាក់ថា អាល្លឺម៉ង់​នឹង​មិនចូលរួម ក្នុង​យុទ្ធសាស្រ្ត​របស់​អាមេរិក​ដែល​ចង់​ដាក់សម្ពាធ​ជាអតិបរមា​នោះទេ។ អាល្លឺម៉ង់​អាច​ចូលរួម តែ​នៅក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​តែប៉ុណ្ណោះ។ ហើយ​អាល្លឺម៉ង់​ត្រូវ​ចូលរួម នៅក្នុង​រូបភាព​បែបណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​បេសកកម្ម ដែល​គូសវាស​ដោយ​សហភាពអឺរ៉ុប។

សូមអាន៖ ដើមបូព៌ា៖ អង់គ្លេសបញ្ជូននាវាចម្បាំងទី២ ទៅការពារចរាចរណ៍នៅឈូងសមុទ្រពែក្ស

អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក វិញ​លើកឡើងថា សមាជិក​រដ្ឋាភិបាល​អាល្លឺម៉ង់​ធ្លាប់​បាន​បញ្ជាក់ច្បាស់​ថា គេ​ត្រូវ​ធានា​ចរាចរណ៍ ផ្លូវទឹក នៅ​ច្រកសមុទ្រ។ ចំណោទសួរ​នៅត្រង់ថា តើ​អ្នកណា​ជាអ្នកចេញមុខ​ធានា​ការពារ​សន្តិសុខនោះ?

ទៅតាម​សំណើ​របស់​អតីតរដ្ឋមន្រ្តីការបរទេស​អង់គ្លេស ដែល​មាន​កប៉ាល់​២គ្រឿង​របស់ខ្លួន ត្រូវ​អ៊ីរ៉ង់​ចាប់កាក់​ទុក នៅច្រកសមុទ្រ Ormuz បារាំង​អ៊ីតាលី និង​ដាណឺម៉ាក​បាន​យល់ព្រមព្រៀង​ជា​គោលការណ៍​បើកភ្លើងខៀវ ឲ្យ​មាន​បេសសកម្ម​កងទ័ព​ជើងទឹក​អឺរ៉ុប​ដើម្បី​ការពារ​សន្តិសុខ​នៅ​ច្រកសមុទ្រ​Ormuz។ រដ្ឋមន្រ្តីការបរទេស​បារាំង​វិញ បាននិយាយថា បារាំង​អង់គ្លេស និងអាល្លឺម៉ង់​នឹង​ចូលរួម ក្នុង​បេសកកម្ម​តាម និង​ឃ្លាំមើល សន្តិសុខ ជើងទឹក នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ។ អាមេរិក​ដែល​បានប្រកូកប្រកាស ឲ្យ​សម្ព័ន្ធមិត្ត ដូចជា​ជប៉ុន កូរ៉េខាងត្បូង ចូលរួម​ក្នុង​ប្រតិបត្តិការ ធានា​សន្តិសុខ​នៅ​Ormuz ដែរនោះ​បាន​ចាត់ទុក បេសកកម្ម​របស់​អឺរ៉ុប​ថា ជា​ការចូលរួម​បំពេញបន្ថែម​ឲ្យ​ការផ្តួចផ្តើម​របស់​អាមេរិក។

រដ្ឋាភិបាល​អ៊ីរ៉ង់​វិញ​បាន​បង្ហាញ​សាជាថ្មី ជំហរ​ប្រឆាំង​ដាច់ខាត​នឹង​វត្តមាន​កប៉ាល់យោធា​បរទេស នៅក្នុង​ឈូងសមុទ្រ ក្នុង​ហេតុផល​ថា មាន​តែ​ប្រទេស​នៅតំបន់​ឈូងសមុទ្រ​ពែរ្ស​ដែល​មាន​សិទ្ធិ​ការពារ​ដែនសមុទ្រ​Ormuz។ សម្រាប់​ប្រធានាធិបតី អ៊ីរ៉ង់ បេសកកម្ម​កងទ័ពបរទេស​ណាមួយ នឹង​មិនជួយ​ការពារ​ធានា​សន្តិសុខ​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ជា​ប្រភព​នៃ​ភាពតានតឹង និង​ធ្វើ​ឲ្យ​វិបត្តិ​នៅច្រកសមុទ្រ​Ormuz កាន់​តែ​ធ្លាក់​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត។

ជា​ច្រក​ចេញចូល​ពី​ឈូង​សមុទ្រ​ពែរ្ស​ទៅ ច្រកសមុទ្រ Oman ច្រកសមុទ្រ Ormuz ដែល​ចែកគ្នា រវាង​ប្រទេស​អ៊ីរ៉ង់ និង​អេមីរ៉ាត​អារ៉ាប់រួម ជា​ច្រកចេញចូល​នៃ​ការដឹកជញ្ជូន​ប្រេងតាម​ផ្លូវសមុទ្រ ​ប្រមាណ​៣០ភាគរយ នៅក្នុង​ពិភពលោក។ ច្រកសមុទ្រ Ormuz បានធ្លាក់ក្នុង​វិបត្តិ តានតឹង​អាមេរិក និង​អ៊ីរ៉ង់ នៅក្រោយ ពេលអ៊ីរ៉ង់ បាញ់​ទម្លាក់​យន្តហោះដ្រូន​របស់​អាមេរិក។ អាមេរិក​ដែលបាន​ចោទប្រកាន់​អ៊ីរ៉ង់ ថា​ជាអ្នកនៅពីក្រោយ ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង ៦គ្រឿង កាលពី​ខែ​មិថុនា។ ការចោទប្រកាន់​ដែល​អ៊ីរ៉ង់ បដិសេធ មិនទទួលយក រហូតមក៕