rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស សហភាពអឺរ៉ុប សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​៖ ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​គឺជា​ឱកាស​សេដ្ឋកិច្ច​ដ៏ធំមួយ​

media
លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស។ Lorne Campbell/Pool via REUTERS

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីគឺលោកបូរីស ចនសុន នៅថ្ងៃសៅរ៍ទី២៧ កក្កដា បាននិយាយថា Brexit គឺជាឱកាសសេដ្ឋកិច្ចដ៏ធំមួយ សម្រាប់ប្រទេសអង់គ្លេស។ តាមរយៈការលើកឡើងនេះ គេអាចយល់បានថា សម្រាប់លោកបូរីស ចនសុន ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប គឺជារឿងល្អ។ ប៉ុន្តែ គេមិនត្រូវភ្លេចទេថា គឺដោយសារតែបញ្ហា Brexit នេះហើយ ដែលធ្វើឲ្យអតីតនាយករដ្ឋមន្ត្រីអង់គ្លេសគឺលោកស្រីតេរេសា មេ ខ្ទាតចេញពីតំណែងនោះ។


និយាយនៅក្នុងពេលថ្លែងសុន្ទរកថាមួយនៅទីក្រុង Manchester លោកបូរីស ចនសុន សន្យាថា នឹងប្រឹងប្រែងបង្កើននូវកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីអង់គ្លេសថ្មីរូបនេះ ក៏បានសន្យាបង្កើននូវច្រកផ្លូវដោះដូរពាណិជ្ជកម្ម ដើម្បីជំរុញសេដ្ឋកិច្ចរបស់អង់គ្លេស ឲ្យកាន់តែក្លៀវក្លាលើសមុន។

សម្រាប់លោកបូរីស ចនសុន ការលែងលះពីសហភាពអឺរ៉ុប គឺជាការនាំយកមកវិញនូវភាពម្ចាស់ការរបស់អង់គ្លេស។ ការចាកចេញនេះ គឺជាឱកាសសេដ្ឋកិច្ចដ៏ធំមួយ ដែលអនុញ្ញាតឲ្យអង់គ្លេសមានលទ្ធភាព ធ្វើអ្វីដែលអង់គ្លេសមិនត្រូវបានអនុញ្ញាតិឱ្យធ្វើអស់ជាច្រើនទសវត្សរ៍កន្លងមកហើយ។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកបូរីស ចនសុន។

ដោយឡែក នៅពេលមានគេចោទសួរអំពីការរំពឹងទុករបស់លោក ទាក់ទងនឹងកិច្ចចរចាBrexit លោកចនសុន បានលើកឡើងថា លោកមានឆន្ទៈសហការជាមួយសហភាពអឺរ៉ុបប៉ុន្តែលោកចង់បើកការចរចាធ្វើកិច្ចព្រមព្រៀងថ្មីមួយ។

លោកថាលោកចង់ សើរើឡើងវិញនូវកិច្ចព្រមព្រៀងចាស់ដែលសម្រេចដោយលោកស្រីមេ ជាមួយសភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរបស់អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុបមួយដែរ។

តែទោះជាបែបនេះក្តី សភាពអឺរ៉ុប នៅគ្រាកន្លងមក បានឆ្លើយប្រាប់ទៅកាន់លោកនាយករដ្ឋមន្ត្រីអង់គ្លេសថ្មីហើយថា កិច្ចចរចាសាជាថ្មីស្តីអំពីកិច្ចព្រមព្រៀង Brexit នឹងមិនអាចកើតមាននោះទេ។

គួររំឭកជូនថា នាយករដ្ឋមន្ត្រីថ្មីថ្មោងអង់គ្លេស ដែលទើបឡើងកាន់តំណែងនៅថ្ងៃពុធ ទី២៤ កក្កដានេះ គឺលោកបូរីស ចនសុន ធ្លាប់បានអះអាងដែរថា លោកនឹងដឹកនាំរដ្ឋាភិបាលមួយ ដែលពុះពារ យើងនឹងព្យាយាមដោះស្រាយបញ្ហាដែលមានចំពោះមុខ។ មិនតែប៉ុណ្ណោះ លោកចនសុន ទើបតែបានសន្យានាពេលថ្មីៗនេះដែរថា លោកនឹងដឹកនាំអង់គ្លេស ឲ្យចាកចេញពីសហភាពអឺរ៉ុបឲ្យខានតែបាន ទោះបីគ្មានឬគ្មានកិច្ចព្រមព្រៀងក៏ដោយ ឲ្យបានត្រឹមថ្ងៃផុតកំណត់នាថ្ងៃទី ៣១ តុលា​ ខាងមុខនេះ៕