អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង់គ្លេស ៖ លោកស្រីតេរ៉េហ្សា មេ បញ្ចប់​​តំណែង​​ដោយ​​បន្សល់​​ទុក​នូវ​​ស្នាដៃ​ដ៏​ស្តួចស្តើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ស្រី​បាន​ដឹកនាំ​ប្រទេស ជាមួយ​ការ​បំបែក​ឯកទត្តកម្ម ជា​ច្រើន ៖ ក្នុង​រយៈពេល​​បី​ឆ្នាំ​ផង មាន​សមាជិក​រដ្ឋាភិបាល ជាង​៥០​នាក់ បាន​លាលែង​ចេញ​ពី​តំណែង ឬ​ទម្លាក់​ពី​តំណែង បរាជ័យ​បីដងធំៗ និង​មិន​ធ្លាប់​មាន​​នៅ​សភា ជាក់ស្តែង​គឺ​ការ​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​Brexit។ លោកស្រី​មេ បាន​ត្រដរ​រស់​គេច​រួច​​ពី​ការ​បោះឆ្នោត​ឆ្នោត​ដក​ទំនុក​ពី​សំណាក់​បក្ស​របស់​ខ្លួន និង​ពី​សំណាក់​បក្ស​ប្រឆាំង... ដើម្បី​សម្រេច​មហិច្ឆតា​Brexit និង​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​សង្គម ប៉ុន្តែនៅ​ទី​បំផុត គិត​ត្រឹម​ថ្ងៃ ពុធ​ទី ២៤​កក្កដា២០១៩ ​ថ្ងៃ​បិទ​បញ្ចប់​អាណត្តិ​ថ្ងៃ​ លោកស្រី​ តេរ៉េហ្សា​ មេ បាន​បន្សល់​ទុក​នូវ​ការ​ចងចាំ និង​ស្នាដៃ​ដ៏​តិច​តួច​បំផុត។

លោកស្រី​ Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស (១៣កក្កដា ២០១៦-២៤កក្កដា ២០១៩)
លោកស្រី​ Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស (១៣កក្កដា ២០១៦-២៤កក្កដា ២០១៩) REUTERS/Toby Melville/File Photo
ផ្សាយពាណិជ្ជកម្ម

ក្លាយ​ជាស្ត្រី​ទីពីរ ដែល​ឡើង​មក​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​​​ និង​បាន​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស ជា​ផ្លូវការ​ នៅ​ថ្ងៃទី ១៣ កក្កដា ២០១៦ ក្រោយការ​បោះឆ្នោត​ប្រជាមតិ​សម្រេច​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប លោកស្រី តេរ៉េហ្សា មេ គឺ​ជា​តំណាង​នៃ​ក្តី​សង្ឃឹម និង​មនុស្ស​គួរ​ជា​ទី​ទុក​ចិត្ត​ ប្រកប​ដោយ​រូបភាព​វិជ្ជមាន​ជា​ច្រើន។

គ្មានទេពកោសល្យមែន​​ តែ​ល្បី​ខាង​ហ្មត់ចត់ ពូកែធ្វើការ​ខ្លាំង​​ និង​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រយៈ​ពេល​៦​ឆ្នាំ សម្រាប់​ក្រសែ​ភ្នែក​ពល​រដ្ឋ​អង់គ្លេសពេល​នោះ លោកស្រី​មេ ​គឺ​ជា​មេ​ដឹកនាំប្រទេស​​​​​​ដ៏​សក្តិសមជាង​គេ​​​បំផុត​។ ប្រទេស​ដែ​លកំពុងពុះ​ចែក​ជា​ចំរៀកៗ​​ដោយ​យុទ្ធនាការ​ឃោសនា​ប្រជាមតិ​Brexit និង​ដែល​កំពុង​​ឆ្លង​កាត់​ដំណាក់កាល​ដ៏​ផុយស្រួយ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​។

នៅ​ក្នុងសុន្ទរកថា​លើក​ដំបូង លោកស្រី​ បានធ្វើ​ការ​​ប្តេជ្ញា​ជា​ឱឡាឬក សម្រេច​មហិច្ឆតា​ធំពីរ​គឺ នាំ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប ស្រប​តាម​លទ្ធផល​ប្រជាមតិ និងពុះពារ​កាត់​បន្ថយ​វិសមភាព ​ដើម្បីការពារ​យុត្តិធម៌​សង្គម។ ប៉ុន្តែ​​បី​ឆ្នាំក្រោយ អង់គ្លេស​នៅ​តែ​ជា​សមាជិក​សហភាព​អឺរ៉ុប។ Brexit ថ្ងៃទី ២៩​មីនា មិន​អាច​សម្រេច​បាន។ ចំណែក​វិសមភាព​សង្គម មាន​គម្លាត​កាន់​តែ​ខ្លាំង​ និង​ច្បាស់​ជាង​ពេល​ណាៗ​ទាំង​អស់ បើ​ទោះ​បី​ជា​អត្រា​អ្នកអត់​ការងារ​ធ្វើ​បាន​ចុះ​ទាប​មែន​ទែន​​យ៉ាងណា​ក៏​ដោយ។

​​ក្រោម​គំនាប​របស់​គណ​បក្ស​ និង​ការ​ងើប​បះបោររបស់​រដ្ឋមន្ត្រី​ក្រោម​បង្គាប់​ជា​ច្រើន​រូប នៅ​ទី​បំផុត​​លោកស្រី​មេ ព្រម​ចុះ​ចាញ់ ប្រកាស​សុខចិត្ត​ដើរចេញ​​​ពី​តំណែង ក្នុង​ ​​សំឡេង​ដ៏​​ក្តុកក្តួលអួល​ណែន​ដើមក នៅ​​ថ្ងៃទី ២៤​ឧសភា។ លោកស្រី​អរគុណ​អង់គ្លេស​ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​លោកស្រី​បំរើ​ប្រទេស​។ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​ប្រទេស​ប្រហែល​ជា​កត់ត្រា​ភាព​ជូរចត់​របស់​លោកស្រី​ច្រើន​ជាង។ អ្នក​សង្កេតការណ៍​នយោបាយ​ជា​ច្រើន​បាន​ចាត់​ទុក​លោកស្រី​វ័យ ៦២​ឆ្នាំ ថា​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​អន់​ជាង​គេ​បំផុត​របស់​អង់គ្លេស គិត​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​ មក​ទល់​នឹង​ពេលនេះ។

ហេតុអ្វី​បាន​ជា​ដល់​ថ្នាក់​នេះ ? កំហុស​ដ៏​ធ្ងន់​មួយ​​របស់​លោកស្រី​មេ គឺ​មក​ពីភាព​រឹងប៉ឹង​ជ្រុល​របស់​លោកស្រី។ មាន​ចរិត​ហ្មត់ចត់​រឹង​ប៉ឹង​ខ្លាំង លោកស្រី​​មិនងាយ​ទុក​នរណា​ផ្សេង​ឡើយ។ គុណសម្បត្តិ​បែប​នេះ​ក៏​ជា​គុណវិបត្តិ​ដែរ ព្រោះ​វា​បាន​ជំរុញ​ឱ្យ​លោកស្រីភ្លេច​ខ្លួន ​​មិនចង់​ពិគ្រោះ​យោបល់​ការងារ​ជាមួយ​អ្នក​ផ្សេង​ក្រៅ​ពី​ស្វាមី និង​មានទីប្រឹក្សា​ជំនិត​ពីរ​នាក់។ ​

ស្នើ​ឱ្យ​សភា​បោះឆ្នោត​អនុម័ត​លើ​​កិច្ចព្រមព្រៀង​Brexit ទៅ​បីលើក ​តែ​​លោកស្រីនៅតែ​មិន​អាច​បង្រួបបង្រួម និងប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​​មក​គាំទ្រ​កិច្ចព្រមព្រៀងដែល​លោកស្រី​ខំសម្រេច​បាន​ជាមួយសហភាព​អឺរ៉ុបកាលពី​​ខែ​វិច្ឆិកា​២០១៨ទៀត។ គណបក្ស​អភិរក្ស​របស់​លោកស្រី និង​ប្រជាពលរដ្ឋ​អង់គ្លេស នៅ​តែ​បន្ត​ហែកហួរ​​ទស្សនៈ​គ្នា​ជុំ​វិញ​ចំណង​ទំនាក់ទំនង​រវាង​អង់គ្លេស​និង​សហភាព​អឺរ៉ុប ក្រោយ​ការ​លែង​លះគ្នា​​ដដែល។

អង់គ្លេស​និង​អឺរ៉ុប​មាន​ចំណង​វេញ​ជាប់​គ្នា​ជាង​៤០​ឆ្នាំ​មក​ហើយ។ ហើយ​​ត្រូវ​ប្រលេះ​ពី​គ្នា​វិញ​ ពិត​ជា​មិន​ងាយ​ស្រួលឡើយ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​លោកស្រី​មេ ជ្រើសរើសផ្លូវ​ស្រាយ​ដោយ​រំពឹង​តែ​លើ​គណបក្ស​របស់​ខ្លួន​ឯងតែ​មួយ និងពិសេស​​លើតែ​ក្រុម​អ្នក​មាននិន្នាការ​ដាច់​ចេញ​ពី​អឺរ៉ុបជា​ដាច់​ខាត​ទៀត។ សម្រាប់​អ្នក​វិភាគ​នយោបាយ​ ​លោកស្រី​ប្រាកដ​និយម​ពេក​ រហូត​លែង​គិត​ដល់​ច្រក​ចរចា​អន្តរបក្ស​។ ក្រោយ​បរាជ័យ​នៅ​ក្នុង​​ការ​បើឆ្នោត​សភា​មុន​អាណត្តិ​ ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​ឱ្យ​បក្ស​លោកស្រី​បាត់​បង់​សំឡេង​ភាគ​ច្រើន​ដាច់ខាត ហើយ​លោកស្រីបែរ​ជា​ចង់សម្ព័ន្ធ​ជាមួយ​បក្ស​មហាអភិរក្ស​អៀរឡង់​ខាងជើង ទាល់​តែ​ជាប់​អន្ទាក់​ខ្លាំង ទើប​​ងាក​មក​បក្ស​ប្រឆាំង តែការ​ចរចា​ក៏​ត្រូវ​បរាជ័យ​ទៀត។ គ្មាន​ជម្រើស​អង់គ្លេស​បាន​រៀប​ចំ​បោះឆ្នោត​សភា ដែល​គួរ​ឱ្យ​អស្ចារ្យ​ទៅ​នោះ​គឺ​គណបក្ស​Brexit ជា​អ្នក​ឈ្នះទៀត។

អង់គ្លេស​បាន​បញ្ជាក់​ចេតនា​ចង់​ចេញ​ពី​អឺរ៉ុប​ជា​ថ្មី ចុះ​ហេតុ​អ្វី​មិន​ព្រមទទួល​កិច្ចព្រម​ព្រៀង​របស់​លោកស្រី​មេ តើ​នេះ​មក​ពី​អង់គ្លេស​ប្រឆាំង​នឹង​វិធី​ដឹកនាំ​របស់​លោកស្រី​មេ​ទេឬ ?! ប្រវត្តិសាស្ត្រ​អង់គ្លេស​នឹង​មិន​ចង​ចាំ​រូបភាព​ល្អ​របស់​លោកស្រី​ទេ។ លោកស្រី ជា​នាយក​រដ្ឋមន្ត្រី​ដែល​ឈរ​កាន់តំណែងរយៈ​ពេល​​ខ្លី​ជា​ងគេ​បំផុត​​ក្នុង​ប្រវត្តិអង់គ្លេស។ ហើយ​ក្រៅ​អំពី​តុល្យការការងារ​ដ៏​ស្តួច​ស្តើង លោកស្រី​មេ ត្រូវ​បាន​គេ​បន្ទោស​ថា​មាន​ចរិក​សោះអង្គើយ​ និងដឹកនាំ​ប្រទេស​​ដូចដឹក​គ្រឿង​យន្ត រហូត​ជាប់​ងារ​ថា Maybot ដែល​ចង់​សំដៅ​ថា លោកស្រី​រ៉ូប៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ