អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងប្រកាស​បង្កើត​កម្មវិធី​អវកាសយោធា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​បារាំង លោកស្រី  Florence Parly បាន​លម្អិត​​អំពី​យុទ្ធសាស្ត្រ​ និង​ផែនការបង្កើត​ទី​បញ្ជាការ​ដ្ឋាន​កងទ័ព​​អវកាស​របស់​បារាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​កក្កដា​នេះ។ ទី​បញ្ជាការដ្ឋានកងទ័ព​អាកាស​ដែល​នឹង​ស្ថិត​នៅ​ក្រោម​បង្គាប់​អាជ្ញាធរ​កងទ័ព​ជើង​អាកាស នឹង​កើត​ជា​រូប​រាង​នៅ​ថ្ងៃ​ទី ១​កញ្ញា ២០១៩​ខាង​មុខ។ បារាំង​ក៏​បាន​បំរុង​ថវិកា ៧០០​លាន​ បន្ថែម​ពីលើ​​គម្រោង​ថវិកា​ចាស់ ដើម្បី​សម្រេច​កម្មវិធី​អវកាសយោធា​របស់​ខ្លួន។

បារាំង​ប្រកាស​បង្កើត​កម្មវិធី​អវកាសយោធា។ រូប​ថត​តំណាង​ កាំជ្រួច​ Ariane 5។
បារាំង​ប្រកាស​បង្កើត​កម្មវិធី​អវកាសយោធា។ រូប​ថត​តំណាង​ កាំជ្រួច​ Ariane 5។ JODY AMIET / AFP
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​​បំពាក់​​អាវុធនៅឋាន​អវកាសកាន់​តែ​ច្រើន​ឡើង​។ មហា​អំណាច​អវកាស សហរដ្ឋ​អាមេរិក ចិន និង​រុស្ស៊ី បាន​ប្រដេញ​គ្នា​ចង់​គ្រប់គ្រង​អវកាស។ គេ​សង្កេត​ឃើញ​មាន​កម្មវត្ថុ​អវកាសគួរ​ឱ្យ​សង្ស័យ​ជា​ច្រើន​ និង​ មាន​ចារកិច្ច​លើ​ផ្កាយ​រណប​របស់បស្ចិម​លោក ឈ្លបការណ៍​គ្នា​ទៅ​វិញទៅ​មក ប្រព័ន្ធ​បង្ហាញ​ផ្លូវ​GPS រងការ​រារាំង​​រំខាន ... យោធា​រំពឹង​កាន់​តែ​ខ្លាំងឡើងៗ​លើ​អវកាស​ ក្នុង​ដឹកនាំ​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​ដី​។ អវកាស​បាន​ក្លាយ​ជា​មធ្យោបាយ​មិនអាច​ខ្វះ​បាន​សម្រាប់​យោធា​។

តើ​បារាំង​មាន​ទ្រឹស្តី​និង​យុទ្ធ​សាស្ត្រអវកាស​យ៉ាងណា ?

តែ​បារាំង​ទើប​សំឡឹង​ឃើញ​ផលប្រយោជន៍​អវកាស​យោធា​នេះ ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ម៉ាលី។ នៅ​ថ្ងៃទី ១៣ ​កក្កដា ២០១៩ នៅ​ចំពោះ​មុខ​ទាហាន​ជាន់​ខ្ពស់​បារាំង​ លោក​ប្រធានាធិបតី​ អេម៉ាណុយអែល ម៉ាក្រុង បាន​ប្រកាស​គោលនយោបាយ​អវកាស​ថ្មី​ ដែល​អាច​ធានាការ​ពារ​បារាំង អវកាស និង​ដោយ​អវកាស ជាមួយ​នឹង​យុទ្ធសាស្ត្រ​ពង្រឹងការ​យល់​ដឹង​ស្ថានភាព​អវកាស ការពារ​ផ្កាយ​រណប​ ដោយ​សកម្ម។ មាន​ន័យ​ថា​បារាំង​នឹង​បង្កើន​សមត្ថភាព​តាមដាន ចារកិច្ច ​នៅ​ក្នុង​អវកាស និង​ប្រើ​សមត្ថភាព​ប្រយុទ្ធសម្រាប់​តប​ត​នឹង​ការ​គំរាម​កំហែង​តែ​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥ កក្កដា នយោបាយ​អវកាស​ថ្មី​របស់​បារាំង ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ ដោយ​ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ លោកស្រី​Florence parly។

​​​បារាំង​នឹង​ប្តូរ​ច្បាប់​ដើម្បី​ឱ្យ​ក្រសួង​ការពារ​ជាតិ​អាច​គ្រប់គ្រប​ប្រតិបត្តិការ​អវកាស និង​បញ្ចេញ​សកម្មភាព​យោធានៅ​ក្នុង​អវកាស។ ប៉ុន្តែ​​បារាំង​គ្មាន​កម្មវត្ថុ​និង​មហិច្ឆតា​ធ្វើ​សង្គ្រាម បំពាក់​អាវុធ​នៅ​លើ​​អវកាស​ ដាក់​កាណុង​ចាំ​បាញ់មកលើ​ដី​ទេ។ គោល​គំនិត​របស់​បារាំង​គឺ គោរព​សន្ធិសញ្ញា​អន្តរជាតិ រក្សា​អវកាស​ដោយ​សន្តិភាព ដោយ​អភិវឌ្ឍន៍​អវកាស​ដើម្បី​​​ស្វ័យការពារ​ដោយ​សកម្ម​ប្រឈម​នឹង​សត្រូវ​ និង​បំបាក់​ទឹក​ចិត្ត​សត្រូវ​កុំ​ឱ្យ​មក​ឈ្លាន​ពាន​ ប៉ះពាល់​ផ្កាយ​រណប​របស់​បារាំង។

តាម​រយៈ​ទ្រឹស្តី​ថ្មី​នេះ បារាំង នឹង​អភិវឌ្ឍ​អាវុធ​ថ្មី ដូច​ជា​អាវុធ​Lasers សម្រាប់​ទៅ​បាំង​ភ្នែក​ផ្កាយ​រណប​សត្រូវ ឬ​អាវុធ​​មាន​កាណុង​ជា​រលក​ដែល​អាច​បង្អាក់ បញ្ឈប់​សកម្មភាព​របស់​ផ្កាយ​រណប​សត្រូវ​ ឱ្យ​លែង​ប្រើកើត​មួយ​រយៈ​ឬ​ខូច​រហូត​តែ​ម្តង។ យុទ្ធសាស្ត្រ​នេះ ជា​វិធី​កំញើញ​ផង និង​វាយប្រហារ​ផង។ បារាំ​ងមាន​ជំហរ​ចង់​បំបាក់​គូប្រជែង​ផង តែ​ក៏​ចង់​បង្ហាញ​ថា​ខ្លួន​ស៊ូ​ខ្លាំង​និង​មាន​ប្រព័ន្ធ​ច្រើន​ អាច​សង​សឹក អាច​ការពារ​ខ្លួន​ សកម្ម តែ​មិន​ចាំ​បាច់​ត្រូវ​បំផ្លាញ​សត្រូវ កម្ទេច​ផ្ការណប​របស់​នរណា ដែល​បង្ក​ឱ្យ​មាន​សំរាម​​នៅ​លើ​គន្លង​តារាវិថីទេ។ តាំង​ពី​ដើម​មក អាមេរិក​ រុស្ស៊ី តែង​ប្រើ​វិធី​បំផ្លាញ​ផ្កាយ​រណប​ ដើម្បី​ដក​ពិសោធន៍​ និង​ មានអាវុធ​​ផ្កាយ​រណប​អត្តឃាត​ទៀត​ ដើម្បី​ទប់​ទល់​នឹង​សត្រូវ។ ចិន​ ឥណ្ឌា​ ក៏​ដូច​គ្នា សុទ្ធ​តែ​បាន​អួត​អាង​ និង​មាន​មោទភាព​នឹង​​សមត្ថភាព​វាយប្រហារ​ផ្កាយរណប​នៅ​ក្នុង​អវកាស​។ ប៉ុន្តែ​ សម្រាប់​បារាំង ក្នុង​នាម​ជា​មហាអំណាច​អវកាស​ ​បំផ្លាញ​ផ្កាយរណប​ គឺ​ដូច​ជា​បាញ់​ជើងឯង​ដូច្នោះ។ បារាំង​ មិន​ធ្វើ​បែប​នេះ​ទេ។ ​

ទី​បញ្ជការដ្ឋាន​កងទ័ព​អវកាស ក្រោម​បង្គាប់​កងទ័ព​អាកាស

ក្រៅ​អំពី​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​​កម្មវិធី​យោធា​អវកាស ដែល​បារាំង​ប្រសិទ្ធនាម​ថា កម្មវីធី “គ្រប់គ្រង​អវកាស”​​ លោកស្រី​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​បារាំង បានបញ្ជាក់​អំពី​គម្រោង​បង្កើត​ទីបញ្ជាការដ្ឋាន​កងទ័ព​អវកាស​ថ្មី ដែល​នឹងត្រូវ​​មាន​ទីស្នាក់​ការនៅ​ទូលូ ខេត្ត​ភាគខាង​ត្បូង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី ១​កញ្ញា​២០១៩​តទៅ។ ​ប្រមូល​ផ្តុំ​កម្លាំង​ជាង​២២០​នាក់ ​ដែលរហូត​មក​ទល់​ពេល​នេះ​ នៅ​ រាយប៉ាយ​ ក្នុង​គ្រប់​ផ្នែក​នៃ​យោធា ស្ថាប័នថ្មី​​ត្រូវ​​ស្ថិត​នៅ​ក្រោម​បង្គាប់​របស់​អាជ្ញាធរ​កងទ័ព​អាកាស​ តែ​នៅ​ថ្ងៃ​អនាគត​​នឹងមាន​ឈ្មោះ​​ទៅ​ កងទ័ព​អាកាសនិង​អវកាស។

​បើ​តាម ​លោកស្រី​រដ្ឋមន្ត្រីការពារ​ជាតិ បារាំង​បាន​បំរុង​ថវិកា ៧០០​លាន​អឺរ៉ូ​បន្ថែម​ពី​លើ​គម្រោងថវិកា​ជាតិ។ តាមគម្រោង​​ច្បាប់ថវិកា​យោធា​ ២០១៩-២០២៥ ​​វិស័យ​អវកាសយោធា​មាន​កញ្ចប់​ ​​៣៦០០​លាន​អឺរ៉ូ សម្រាប់ប្តូរ​ថ្មី​ផ្កាយ​រណប​អង្កេត​ការណ៍ ផ្កាយ​រណប​ទូរគមនាគមន៍ និង​បង្ហោះ​ផ្កាយ​រណប​បីទៅ​ក្នុង​គន្លង​តារាវិថី​ និងធ្វើ​ទំនើប​កម្ម​រ៉ាដា​ចារកិច្ច​អវកាស។ ផ្កាយរណប​ចារកិច្ច ជា​ផ្ការណប​តូចៗ Nano Satellites នឹង​ចាប់​ចេញ​ត្បាតនៅ​ឆ្នាំ​២០២៣។

ជាមួយ​នឹង​ថវិកា​វិនិយោគ​២ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ បារាំង​ជា​ប្រទេស​មាន​មធ្យោបាយ​ទាប​ណាស់ បើ​ប្រៀប​ទៅ​នឹង​សហរដ្ឋ​អាមេរិក (៥០ពាន់​លាន) ចិន (​១០​ពាន់​លាន) និង​រុស្ស៊ី (៤ពាន់​លាន)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ