rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

ដោយ ឈាង បុប្ផា

អ៊ីរ៉ង់ និង​អង់គ្លេស បាន​កើតមានភាពតានតឹង​ការទូត​នឹង​គ្នា នៅក្រោយ​អង់គ្លេស​ចាប់រឹបអូស​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់ នៅ​ច្រកសមុទ្រ Gibraltar ដែល​ជា​ដែនដី នាយសមុទ្រ​របស់​អង់គ្លេស នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស និង​គយ​អង់គ្លេស ប្រចាំនៅ​ទឹកដី Gibraltar​បានឡើង​ទៅ​រឹបអូស​កប៉ាល់ដឹកប្រេង​របស់​អ៊ីរ៉ង់។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ខណៈពេល​ដែល​អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​លើអ៊ីរ៉ង់ នៅក្រោយ​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះដ្រូនរបស់​អាមេរិក នៅ​ច្រកសមុទ្រ Omuz កាលពី​ខែ​មិថុនា​កន្លងទៅ។ នៅ​ថ្ងៃ​សុក្រនេះ អ៊ីរ៉ង់​បាន​ថ្កោលទោស និង​បានទាមទារ​ឲ្យ​អង់គ្លេស ដោះលែង កប៉ាល់​ដឹកប្រេង​របស់​ខ្លួន​ជា​បន្ទាន់។

 

អ៊ីរ៉ង់ តាមរយៈ សេចក្តីថ្លែងការណ៍​ផ្លូវការ​នៅថ្ងៃ​សុក្រនេះ បានទាមទារ​ឲ្យ​អង់គ្លេស លែង​ជា​ប្រញាប់​កប៉ាល់​ដឹកប្រេង​ឆៅ​របស់​អ៊ីរ៉ង់ ដែល​ទាហាន និង​ប៉ូលិស​អង់គ្លេស បាន​ចូល​ចាប់​រឹបអូស កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី ៤​កក្កដា។ នៅក្នុង​ជំនួប​កោះហៅ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ក្រុង​តេហេរ៉ង់ អ៊ីរ៉ង់​នៅ​បាន​ប្រៀប​ប្រដូច​ការចូលចាប់​កប៉ាល់ដឹកប្រេង​អ៊ីរ៉ង់ ទៅ​នឹង​សកម្មភាព​របស់​ចោរសមុទ្រ។

រូបភាព​ចេញផ្សាយ​ដោយ​ទូរទស្សន៍​អង់គ្លេស BBC បាន​បង្ហាញ​ក្រុម​ទាហាន​អង់គ្លេសសម្រូត​ទម្លាក់​ខ្លួន​ពី​ឧទ្ធម្ភាគចក្រ ទៅក្នុង​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់ ដែល​មាន​ឈ្មោះ ថា Grace 1 ដែល​ស្ថិតនៅ ចម្ងាយ ៤គីឡូម៉ែត្រ​ពីឆ្នេរ Gibraltar។ Gibraltar​ជាដែនដី​ឯ​នាយសមុទ្រ មួយដុំតូច របស់​អង់គ្លេស ប៉ុន្តែ ស្ថិតនៅ​ជ្រោយ​ភាគខាងត្បូង ប្រទេស​អេស្ប៉ាញ នៅសមុទ្រ​មេឌីទែរ៉ាណេ។

បើតាម​អ៊ីរ៉ង់ ទាហាន​អង់គ្លេស​បាន​សម្រុកចូល​ខុសច្បាប់ ទៅ​រឹបអូសកប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់ ដែល​កំពុង​ស្ថិតនៅ​ក្នុង​ដែនទឹកសមុទ្រ​អន្តរជាតិ ប៉ុន្តែ មិនមែន​ស្ថិតនៅ​ក្នុង​ដែនទឹក​Gibraltar ដែល​អង់គ្លេស​អះអាង​នោះទេ។

អង់គ្លេស​វិញ បាន​ទាត់ចោល​ការលើកឡើង​របស់​អ៊ីរ៉ង់។ ក្រសួងការបរទេស​អង់គ្លេស នៅ បាន​កោតសរសើរ​ចំណាត់ការ​របស់​អាជ្ញាធរ​អង់គ្លេស​នៅ​ទីក្រុង​Gibraltar ដែល​បាន​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន វិធានការ​ដាក់ទណ្ឌកម្ម​របស់អឺរ៉ុប​ទៅលើ​ប្រទេស​ស៊ីរី។

អភិបាល​ក្រុង​Gibraltar លោក​Fabian Picardo បាននិយាយ​ថា លោក​បានចេញ​បញ្ជារ​ឲ្យ​គេ​ចាប់ស្ទាក់ កប៉ាល់ ដឹកប្រេងឆៅ​៣សែនតោន​របស់​អ៊ីរ៉ង់ ក្នុង​ហេតុផលថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ រំលោភ​ការដាក់ទណ្ឌកម្ម របស់​សហភាពអឺរ៉ុប ទៅលើ​ប្រទេស​ស៊ីរី។ សម្រាប់​អភិបាល​ក្រុង​Gibraltar គេ​មាន​ភស្តុតាង រឹងមាំ​ដែល​បញ្ជាក់​ថា កប៉ាល់​អ៊ីរ៉ង់​ដែល​មាន​ទង់ជាតិ​ប្រទេស​ប៉ាណាម៉ា ដឹកប្រេង​ឆៅ យក​ទៅ​ចម្រាញ់ ទៅ​រោងចក្រ​ចម្រាញ់​ប្រេង​មួយកន្លែង ក្នុង​ទឹកដី​ស៊ីរី។

នៅ​ឆ្នាំ ២០១៤ ដើម្បី​ថ្កោលទោស រដ្ឋាភិបាល​ស៊ីរី ក្នុង​រឿង​បង្រ្កាប សម្លាប់​ហិង្សា ទៅលើ​ប្រជាជន​ស៊ីវិល តាំង​ពី​ឆ្នាំ ២០១១ សហភាព​អឺរ៉ុប​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច បិទខ្ទប់ ថាមពល​ប្រេង ដែល​ជា​ប្រភព​ចំណូល របស់​រដ្ឋាភិបាល របស់​លោក​បាស្ហា អាល់អាសាដ។ អាជ្ញាធរ​អង់គ្លេស នៅGibraltar  ជឿ​ថា កប៉ាល់​ដឹកប្រេង អ៊ីរ៉ង់ ដែល​អង់គ្លេស​ស្ទាក់ចាប់​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មាន​ទិសដៅ ច្បាស់ណាស់ សំដៅ រោងចក្រ​ចម្រាញ់​ប្រេង Banyas នៅ​ឆ្នេរស៊ីរី ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ដែល​កំពុង​ស្ថិតនៅ​ក្នុង​បញ្ជីរខ្មៅ​របស់​សហភាពអឺរ៉ុប។អភិបាល​ក្រុង​Gilbraltar អះអាងថា លោក​បាន​ដាក់ពាក្យ​ទៅប្រធាន​គណៈកម្មការអឺរ៉ុប ស្តីពី​ការអនុវត្ត​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់​លើកនេះ។ ប៉ុន្តែ ការិយាល័យ គណៈកម្មការ​អឺរ៉ុប​វិញ បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​អ្វីនោះទេ។

រដ្ឋមន្រ្តីការបរទេស​អេស្ប៉ាញ៖ អង់គ្លេស ចាប់កប៉ាល់​ដឹកប្រេង​ឆៅ​របស់អ៊ីរ៉ង់ ទៅតាម​ការចង់បាន​របស់អាមេរិក

ទោះជា​សហភាពអឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ហាម​មិនឲ្យ​មានការដឹកប្រេង​ទៅ​ផ្គត់ផ្គង់ រដ្ឋាភិបាល​ស៊ីរី តាំង​ពី​ឆ្នាំ ២០១៤ ប៉ុន្តែ សហភាពអឺរ៉ុប​មិនដែល​ចាប់​កប៉ាល់ប្រេង​អ៊ីរ៉ង់ ទៅ​ប្រទេស​ស៊ីរី​ម្តងណាទេ ដោយសារ​ថា អ៊ីរ៉ង់ ​មិន​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់សហភាពអឺរ៉ុប។

នេះ​ជា​លើក​ទី​១​ដែល​ប្រទេស​សមាជិក​មួយ របស់​សហភាពអឺរ៉ុប ស្ទាក់ចាប់​កប៉ាល់ដឹកប្រេង​អ៊ីរ៉ង់ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ៊ីរ៉ង់​បាន​ចោទអង់គ្លេស​ថា បាន​ធ្វើតាម​ការបញ្ជារ​របស់​អាមេរិក ដែល​កំពុង​ដាក់សម្ពាធ ចង់​ឲ្យ​ការនាំចេញប្រេង​របស់​អ៊ីរ៉ង់ធ្លាក់ចុះ​ដល់​កំរិតសូន្យ។

មិនមែន​តែ​អ៊ីរ៉ង់​ទេ ដែល​ថា អង់គ្លេស​ចាប់​កប៉ាល់ដឹកប្រេង​អ៊ីរ៉ង់​ ទៅតាម​បញ្ជារ​របស់អាមេរិក។ រដ្ឋមន្រ្តីការបរទេស​អេស្ប៉ាញ​ផ្ទាល់​លោក Josep Borrell បាននិយាយ​ប្រាប់​អ្នកកាសែត​ថា អង់គ្លេស ចាប់កប៉ាល់ ដឹកប្រេង​អ៊ីរ៉ង់ ទៅតាម​ការចង់បាន​របស់​អាមេរិក។ អេស្ប៉ាញ​ដែល​កំពុង​មានជម្លោះដណ្តើម​ដែនទឹក Gibraltar ជាមួយ​អង់គ្លេស បញ្ជាក់ថា ខ្លួន​នឹង​សិក្សា​ពិនិត្យដើម្បី​ដឹង​ថា តើ​ចំណាត់ការ​របស់​អង់គ្លេស ដើម្បី​ចូលចាប់ កប៉ាល់​ដឹកប្រេង​របស់អ៊ីរ៉ង់ មាន​ប៉ះពាល់ រំលោភ​ដល់​ដែន​អធិបតេយ្យ​ភាព​របស់​អេស្ប៉ាញដែរឬទេ។

អង់គ្លេស​បាន​ចូល​ទៅ​ចាប់ស្ទាក់​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់ នៅ​ក្នុង​តំបន់​ទឹក ដែល​កប៉ាល់​ភាគច្រើន​ឈប់សំចត ដើម្បី​ចូលទិញ គ្រឿងផ្គត់ផ្គង់​បរិភោគ​សម្រាប់​មនុស្ស​លើ​កប៉ាល់។ ប៉ុន្តែ សម្រាប់​អង់គ្លេស កប៉ាល់ដឹកប្រេង​អ៊ីរ៉ង់ ស្ថិតនៅ​ក្នុង​តំបន់ទឹក​របស់​អង់គ្លេស។

នៅថ្ងៃ​ម្សិលមិញ លោក​John Bolton ទីប្រឹក្សាសន្តិសុខ​ជាតិ របស់​លោកដូណាល់​ត្រាំ បាន​ចេញមុខ ស្វាគម​អង់គ្លេស ដែល​បាន​ចាប់ស្ទាក់​កប៉ាល់​ដឹកប្រេង អ៊ីរ៉ង់។ សម្រាប់លោក វាជាដំណឹង​ល្អ​ក្រៃលែង ដែល​អង់គ្លេស​ស្ទាក់ចាប់កប៉ាល់ដឹកប្រេង​អ៊ីរ៉ង់ ដែល​បាន​រំលោភ​ការដាក់ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប។

សម្រាប់អ្នកជំនាញ ទោះជាអាមេរិក​លើកឡើងថា ការស្ទាក់ចាប់កប៉ាល់​ប្រេង​អ៊ីរ៉ង់ ជា​ស្នាដៃ​របស់​សហភាពអឺរ៉ុប ប៉ុន្តែ គេអាច​ប៉ាន់ស្មាន​បាន​ថា ការស្ទាក់ចាប់​កប៉ាល់ប្រេង​អ៊ីរ៉ង់​លើកនេះ ធ្វើឡើង​ដោយ​ការជំរុញ ពី​អាមេរិក។ មួយវិញទៀត វាអាច​ជាសារ​ទៅ​ដល់​រដ្ឋាភិបាល​ស៊ីរី អ៊ីរ៉ង់ និង​រួមទាំងអាមេរិក​ផងដែរថា សហភាព​អឺរ៉ុប អនុវត្ត​យ៉ាងតឹងរ៉ឹង​ច្បាប់​ដាក់ទណ្ឌកម្ម​របស់ខ្លួន ទៅលើ​ស៊ីរី ហើយ​អឺរ៉ុប ក៏​អាច​ចាត់វិធានការ​ណាមួយ ដើម្បី ប្រឆាំង​តបត​នឹង​អ៊ីរ៉ង់ ដែលចង់​ដកខ្លួន​ពីកិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ ឆ្នាំ ២០១៥។ ថ្មីៗនេះ អ៊ីរ៉ង់ ​ទើប​ប្រកាស ថា ខ្លួន​លែង​អាច​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ ស្តីពីនុយក្លេអ៊ែរ ទៀតហើយ នៅក្រោយ ប្រទេស​ហត្ថលេខី ផ្សេងទៀត ដូចជា​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​សហភាពអឺរ៉ុប គ្មាន​សមត្ថភាព​រារាំង មិន​ឲ្យ​អាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​នោះ។ នៅ​ថ្ងៃ​ពុធ ម្សិលម្ង៉ៃ អ៊ីរ៉ង់​នៅបាន​ប្រកាស​​ប្តេជ្ញា​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម ឲ្យ​ហួស​កម្រិត ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង នោះបើជាមានការ​ប្រឆាំង​ពី​អាមេរិក និង​សហភាពអឺរ៉ុប​ក្តី៕

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?