rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

G8 អប់រំ អាហ្វ្រិក អាហ្វ្រិក​ខាងត្បូង បារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុមប្រទេស​G7​សន្យា​ជំរុញ​ការអប់រំ​ក្មេងស្រី​នៅតាម​ប្រទេស​កំពុងអភិវឌ្ឍ

media
ជំនួបប្រជុំ​របស់​ក្រុមប្រទេស​អ្នកមានបំផុត លើ​ផែនដី G7 ជាមួយ​ក្រុមអ្នកប្រទេស​អាហ្វ្រិក​ទាំង ៥​នៅតំបន់​Sahel នៅទីក្រុង​ប៉ារីស នៅ​ខែ​កក្កដា ដើម្បី ត្រៀម​ជំនួបកំពូល​G7 នៅទីក្រុង​Biarritz នៅប្រទេស​បារាំង ខែសីហា ២០១៩ REUTERS/Charles Platiau

នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ នៅ ទីក្រុង​ប៉ារីស ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង​៧​បាន​យល់ព្រមព្រៀង​គ្នា ក្នុង​ការផ្តោត​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ក្មេងស្រី ហើយ​និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ នៅតាម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ សម្រាប់​ប្រធាន​អង្គការ​យូនីសេហ្វ Unicef ដើម្បី ជំរុញ​លើកទឹកចិត្ត​ការអប់រំ​ក្មេងស្រី គេ​ត្រូវ​ធានា រក្សា​ជាចំបង សុវត្ថិភាព របស់​ក្មេងស្រី នៅតាម​សាលារៀន ហើយ​និង​នៅតាម​ផ្លូវ​ទៅសាលា។

 


នៅ​ទីក្រុង​ប៉ារីស ប្រធាន​អង្គការ​យូនីសេហ្វ ត្រូវ​បាន​អញ្ជើញ ឲ្យ​ចូលរួម ក្នុង​កិច្ចប្រជុំ​ដែល​ទើបមាន​ជា​លើក​ទី១ រវាង​ក្រុមប្រទេស​អ្នកមាន​បំផុត​នៅលើ​ផែនដី ឬ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G​7 ជាមួយ​នឹង​ក្រុមប្រទេស​ទាំង​៥​របស់​អាហ្វ្រិក ដែល​កំពុង​ប្រឈម​នឹង​អស្ថិរភាព ហើយ​និង​ការគំរាមកំហែង​ភេរវកម្ម។

នៅ​ថ្ងៃ​សុក្រ នៅក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​អប់រំ និង​ការអភិវឌ្ឍន៍ ជាមួយ​អ្នកតំណាង​របស់​ក្រុមប្រទេស​នៅ​តំបន់​Sahel នៅអាហ្វ្រិក ក្រុម​ប្រទេស​អ្នកមាន​បំផុត បានចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ចេតនា​ចង់​ផ្តោត​សំខាន់​លើ​ការអប់រំ​ក្មេងស្រី នៅ​បណ្តាប្រទេស​ដែល​មិនសូវ​មាន​ការអភិវឌ្ឍន៍ ជាពិសេស​នៅ​តំបន់​Sahel ក្នុង​ទឹកដី​អាហ្វ្រិក។

ជាក់ស្តែងទៅ បារាំង​ដែល​ជាម្ចាស់ផ្ទះ រៀបចំ​ជំនួបកំពូល ក្រុមប្រទេស​G 7 នៅ​ខែ​សីហា​ខាងមុខនេះ បាន​សន្យាថា នឹង​បរិច្ចាគ​រាល់​ប្រាក់​ដែល​អង្គការ​យូនីសេហ្វ​បារាំង ​បាន​ទទួល​ពីពេលនេះ រហូត​ដល់​ដាច់ឆ្នាំ ដើម្បី​យកទៅ​ជួយ​ការអប់រំ បណ្តុះបណ្តាល​ក្មេងស្រី នៅ​តំបន់​Sahel។ សម្រាប់​រដ្ឋមន្រ្តី​អប់រំ​ជាតិ​បារាំង Jean Michel Blanquer សង្គម​មួយ​អាច​រីកចម្រើន​ល្អប្រសើរ​ទៅបាន លុះណា​តែ​សង្គមនោះ ជោគជ័យ ក្នុង​ការលើកកំពស់​សមត្ថភាព​របស់​កុមារ​គ្រប់រូប។ សមភាព​រវាង​ក្មេងស្រី និង​ក្មេងប្រុស ក្នុង​ការទទួល​បាន​ការអប់រំ​គឺ​ជា​មធ្យោបាយ​ដ៏ប្រសើរ​បំផុត ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ភាពអន្ធការ ហើយ​និង​បញ្ហា​ប្រជាសាស្រ្ត ដែល​ប្រទេស​មួយចំនួន​កំពុង​ជួបប្រទះ។ នេះ​បើតាម​រដ្ឋមន្រ្តី​អប់រំ​បារាំង។

តាម​ប្រធាន​អង្គការ​យូនីសេហ្វ ក្នុង​ប្រទេស​មួយចំនួន នៅតំបន់​អាហ្វ្រិក ក្មេងស្រី មិនអាច​ធ្វើ​ដំណើរ​ទៅ​សាលារៀន ដោយ​សុវត្ថិភាព​នោះទេ។ ក្មេងស្រី​នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ត្អូញត្អែរ​ពី​ការមើលងាយ​ប្រមាថ បៀតបៀន​ផ្លូវភេទ នៅលើ​ផ្លូវ​ធ្វើដំណើរ​ទៅ​សាលារៀន។

របាយការណ៍​របស់អង្គការ​យូនីសេហ្វ ចេញផ្សាយ​នៅ​ខែ​កញ្ញា​ឆ្នាំ ២០១៨ បង្ហាញថា នៅក្នុង​ពិភពលោក ពាក់កណ្តាល​នៃ​កុមារ វ័យ​ចន្លោះ ១៣ និង​១៥​ឆ្នាំ ដែល​មាន​ប្រមាណ ១៥០​លាននាក់​បាន​អះអាងថា ពួកគេ​ធ្លាប់រងគ្រោះ ដោយ​អំពើហិង្សា នៅក្នុង និង​នៅ​ក្រៅរបងសាលា។ តួលេខនេះ​មិន​បាន​រួម​បញ្ចូល ពី​ករណី​វាយប្រហារ​ទៅ​លើ​សាលារៀន នៅ​តាមបណ្តាប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ​នោះទេ។ នៅ​ឆ្នាំ​២០១៧ គេ​រកឃើញ​មាន​ការវាយប្រហារ​ប្រមាណ ៣៩៦​ករណី​ទៅលើ​សាលារៀន​រដ្ឋ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ៦៧​ករណី​នៅ​ស៊ីរី ហើយ​និង​២០ករណី​នៅ​យេម៉ែន។ នៅអាហ្វហ្កានីស្ថាន ដែលរ៉ាំរ៉ៃ ដោយសារ​សង្រ្គាមស៊ីវិល​ជិត ២០​ឆ្នាំ ការវាយប្រហារ​ទៅលើ​សាលារៀន បាន​កើនឡើង​ដល់​ទៅ ៣ដង ក្នុង​ចន្លោះ ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨។ “ការទទួល​ខុសត្រូវ​របស់យើង​គឺ​ការពារ​ក្មេងស្រី ពីអំពើហិង្សា​គ្រប់ទម្រង់ មិនថា នៅ​តាម​ទីធ្លា​សាលា។ ក្មេងស្រី​ទាំងអស់​គួរ​ទទួល​បានការគោរព ដូច​អ្នកដទៃ” នេះ​ជា​សារអំពាវនាវ​របស់​ប្រធាន​អង្គការ​យូនីសេហ្វ​ទៅកាន់​អ្នកតំណាង​របស់​ប្រទេស​អ្នកមាន ហើយ​និងក្រុមប្រទេស​អាហ្វ្រិក G 5៕