បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០១
បន្ទាប់ពីមានការចរចាគ្នាយ៉ាងប្រទាញប្រទង់អស់រយៈពេលប៉ុន្មានថ្ងៃមក ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអឺរ៉ុបទាំង ២៨ប្រទេសសមាជិកបានឯកភាពគ្នាជាផ្លូវការនាថ្ងៃអង្គារ ទី២ កក្កដានៅក្នុងជម្រើសបេក្ខជនសម្រាប់តំណែងសំខាន់ចំនួន៤ គឺប្រធានគណៈកម្មការអឺរ៉ុប ប្រធានធនាគារកណ្តាលអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងតំណែងអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស។ នៅថ្ងៃពុធ ទី៣ កក្កដា សភាអឺរ៉ុបត្រូវអនុម័តលើជម្រើសតែងតាំងសម្រាប់តំណែងទាំង ៤ នេះ ហើយបោះឆ្នោតជ្រើសរើសបេក្ខជនម្នាក់ទៀតសម្រាប់តំណែងសំខាន់ទី៥ នៅក្នុងស្ថាប័នអឺរ៉ុប គឺប្រធានសភាអឺរ៉ុប។
ការដែលមានមតិលើកឡើងថា បារាំង និងអាល្លឺម៉ង់ដែលជាប្រទេសស្ថាបនិកអឺរ៉ុបជាអ្នកឈ្នះនៅក្នុងជម្រើសប្រធានតំណែងសំខាន់ៗរបស់អឺរ៉ុបពេលនេះក៏ដោយសារថា ជនជាតិបារាំង និងជនជាតិអាល្លឺម៉ង់ទទួលបានតំណែងសំខាន់ពីររបស់សហភាពអឺរ៉ុប គឺតំណែងប្រធានគណៈកម្មការអឺរ៉ុប និងតំណែងប្រធានធនាគារកណ្តាលអឺរ៉ុប។ តំណែងប្រធានគណៈកម្មការអឺរ៉ុបបានធ្លាក់ទៅលើរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោកស្រី Ursula Von Der Leyen វ័យ ៦០ឆ្នាំ ហើយតំណែងប្រធានធនាគារកណ្តាលអឺរ៉ុបបានធ្លាក់ទៅលើជនជាតិបារាំងលោកស្រី Christine Lagarde វ័យ ៦៣ឆ្នាំដែលបច្ចុប្បន្នជាអគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ ក្រៅពីតំណែងប្រធានគណៈកម្មការអឺរ៉ុប និងប្រធានធនាគារកណ្តាលអឺរ៉ុប ថ្នាក់ដឹកនាំអឺរ៉ុបក៏បានឯកភាពគ្នាលើបេក្ខជនសម្រាប់តំណែងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងតំណែងអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស។
គួររម្លឹកថា ទំរាំតែបានឯកភាពគ្នាលើឈ្មោះបេក្ខជនសម្រាប់តំណែងសំខាន់ទាំង ៤ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអឺរ៉ុបទាំង ២៨ប្រទេសសមាជិកបានជួបប្រជុំគ្នាដល់ទៅ ៤ដងក្នុងរយៈពេល ១ខែ។ តែអ្វីជាការកត់សម្គាល់ នេះជាលើកទី១ នៅក្នុងប្រវត្តិសហភាពអឺរ៉ុបដែលមានស្រ្តីចំនួន ២នាក់ត្រូវបានជ្រើសរើសឲ្យកាន់តំណែងដ៏សំខាន់ និងយុទ្ធសាស្រ្តនៅក្នុងស្ថាប័នអឺរ៉ុប។ មែនទែនទៅ ជម្រើសលោកស្រី Ursula Von Der Leyen ឲ្យកាន់តំណែងប្រធានគណៈកម្មការអឺរ៉ុបជាសំណើរបស់ប្រធានាធិបតីបារាំងលោកម៉ាក្រុងទៅកាន់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រីមែរកិល។ ចំណែកជម្រើសលោកស្រី Christine Lagarde របស់លោកម៉ាក្រុងឲ្យកាន់តំណែងប្រធានធនាគារកណ្តាលអឺរ៉ុបក៏ទទួលបានការគាំទ្រ និងកោតសរសើរពីលោកស្រីមែរកិលដែរ។
ជម្រើសលោកស្រី Christine Lagarde ជាជម្រើសប្រកបដោយភាពចម្រូងចម្រាស់?
ខុសពីការតែងតាំងជនជាតិអាល្លឺម៉ង់លោកស្រី Ursula Von Der Leyen ឲ្យកាន់តំណែងប្រធានគណៈកម្មការអឺរ៉ុប ការតែងតាំងលោកស្រី Christine Lagarde ឲ្យធ្វើជាប្រធានធនាគារកណ្តាលអឺរ៉ុបហាក់កំពុងបំផុសឲ្យមានមតិរិះគន់មួយចំនួន។ មានអាយុ ៦៣ឆ្នាំ លោកស្រី Christine Lagarde ជាអគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF តាំងពី ៨ឆ្នាំ ហើយតាមធម្មតា អាណត្តិរបស់លោកស្រីនៅ IMF នឹងត្រូវបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២១។ តែគេមិនត្រូវភ្លេចនិយាយទេថា មុននឹងទទួលតំណែងជាអគ្គនាយិកា IMF លោកស្រីធ្លាប់កាន់តំណែងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ ក្នុងជំនាន់ប្រធានាធិបតីនីកូឡា សាកូហ្ស៊ី។
មានហេតុផលចំនួនពីរដែលអាចបញ្ជាក់ពីភាពចម្រូងចម្រាស់នៅក្នុងជម្រើសលោកស្រី Christine Lagarde ឲ្យកាន់តំណែងប្រធានធនាគារកណ្តាលអឺរ៉ុបពេលនេះ ទី១ លោកស្រីមិនមែនជាសេដ្ឋវិទូ និងចំណេះដឹងផ្នែកធនាគារនៅមានកម្រិត និងទី២ លោកស្រីធ្លាប់បានបដិសេធនៅក្នុងបទសម្ភាសន៍ឲ្យកាសែតអាមេរិកាំង Financial Times ក្នុងខែកញ្ញា ឆ្នាំ ២០១៨ ថា លោកស្រីមិនចាប់អារម្មណ៍នឹងការងារនៅក្នុងសហភាពអឺរ៉ុបទេ ទោះជាតំណែងប្រធានធនាគារកណ្តាលអឺរ៉ុប ឬមួយប្រធានគណៈកម្មការអឺរ៉ុប។ តែទីបំផុត លោកស្រីបែរជាបានទទួលយកតំណែងធនាគារកណ្តាលអឺរ៉ុប។
ក្រុមអ្នកវិភាគបរទេសភាគច្រើនបានយល់ឃើញដូចគ្នាថា ជម្រើសលោកស្រី Christine Lagarde ឲ្យកាន់តំណែងប្រធានធនាគារកណ្តាលអឺរ៉ុបមិនមែនជាជម្រើសល្អទេ ព្រោះលោកស្រីគ្មានជំនាញផ្នែកធនាគារ។ ក្រុមអ្នកវិភាគបានចោទសួរថា បើតំបន់អឺរ៉ូផ្ទុះវិបត្តិជាថ្មីនៅថ្ងៃណាមួយ តើលោកស្រី Christine Lagarde មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយដែរ ឬទេ។ តាមក្រុមអ្នកវិភាគ ជម្រើសលោកស្រី Christine Lagarde ជាជម្រើសនយោបាយជាជាងជម្រើសដោយផ្អែកលើជំនាញ ព្រោះលោកស្រីមានកេរ្តិ៍ឈ្មោះល្អណាស់នៅលើឆាកអន្តរជាតិក្នុងនាមជាប្រមុខ IMF។ ពីជំនួបកំពូល G២០ ដល់វេទិកាសេដ្ឋកិច្ចពិភពលោកទីក្រុងដាវ៉ូស លោកស្រី Christine Lagarde មានវត្តមានជានិច្ចជាមួយមេដឹកនាំគ្រាក់ៗក្នុងលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ