អានតួអត្ថបទ

សំណុំ​រឿង​បំពុល​អតីត​ចារកិច្ច​រុស្ស៊ី ៖ ក្រុម​អង្កេត​ឯករាជ្យ​អង់គ្លេស​រកឃើញ​មុខ​អ្នក​បញ្ជា

ហេតុការណ៍​បំពុលអតីត​​ចារកិច្ច​រុស្ស៊ី ដោយ​ប្រើសារធាតុគីមី ​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស កាលពី​ឆ្នាំ​ទៅ គឺ​ជា​សា្នដៃ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ភ្នាក់ងារ​ចារកិច្ច​យោធា​រុស្ស៊ី​ ដែល​បាន​មក​ចាត់​ចែង​បញ្ជា​ដល់​ទី​​ក្រុង​ឡុងដ៍​។ នេះ​បើ​តាម​របាយការណ៍របស់​ក្រុម​អង្កេត​ឯករាជ្យ​អង់គ្លេស​​ ចេញ​ផ្សាយ​នៅ​សៅរ៍​ទី ២៩ មិថុនា ២០១៩។

ជនសង្ស័យពាក់ព័ន្ធ​នឹង​សំណុំ​រឿង​Skripal ពីរ​នាក់  ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ RT ថ្ងៃទី កញ្ញា​២០១៨
ជនសង្ស័យពាក់ព័ន្ធ​នឹង​សំណុំ​រឿង​Skripal ពីរ​នាក់ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ RT ថ្ងៃទី កញ្ញា​២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

វិបសៃត៍​ Bellingcat សហការ ​ជាមួយ​ទូរទស្សន៍​ BBC បានអង្កេត​រក​ឃើញ​ថា​ ប្រតិបត្តិការ​បំពុល​សារធាតុ​គីមី​លើ​អតីត​ចារកិច្ច​រុស្ស៊ី លោក សែកហ្គៃ ស្គ្រីប៉ាល់ និង​កូន​ស្រី ដឹកនាំ​ដោយ​​នាយ​ឧត្តមសេនីយ៍នៃ​ភ្នាក់ងារ​ចារកិច្ច​យោធា​រុស្ស៊ី ហៅកាត់​ថា GRU ឈ្មោះ​ Denis Sergueïev។ ​​

បើ​តាម​ក្រុម​អ្នក​អង្កេត​ឯករាជ្យ​នេះ ឧត្តមសេនីយ៍​រូប​នេះ បាន​មក​ដល់​អង់គ្លេស​ ​ចំពេល​មាន​ការ​បំពុល​លោក ស្គ្រីប៉ាល់ និង​ធ្លាប់​មាន​វត្តមាន​នៅ​ប៊ុលហ្ការី ក្នុង​ពេល​មាន​ករណី​បំពុល​ឈ្មួញ​លក់​អាវុធម្នាក់ កាលពី​ឆ្នាំ​២០១៥​ដូច​គ្នា។

BBC និង Bellingcat អាច​សង្កេត​ឃើញ​ អំពី​ចលនា​និង​ការ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ របស់ សែកហ្គឺយ៉េវ ពេលស្នាក់​នៅ​ក្រុង​ឡុងដ៍ ជាមួយ​នឹង​ទូរស័ព្ទ​មួយ​ទៀត ដែល​ប្រើកាត​ស៊ីម​គ្មាន​ចុះ​បញ្ជី​ ដើម្បី​កុំ​ឱ្យ​មាន​បន្សល់​ទុក​ដាន​។ សែកហ្គឺយ៉េវ បានប្រើ​ប្រព័ន្ធ​សង្គម​ដូច​ជា​ Whatsapp Telegram ដើម្បី​ទាក់ទង​ជាមួយ​ភ្នាក់ងារ​រុស្ស៊ី​ពីរ​នាក់​នៅ​ភូមិសាលីប៊ូរី ដែល​ប៉ូលិស​អង់គ្លេស​ចាប់​ខ្លួន​​បានភ្លាម​ក្រោយហេតុការណ៍​ផង និង​ជាមួយ​មេបញ្ជាការ​​នៅ​ក្រុង​ម៉ូស្គូ​ផង។ នេះ​បើ​តាមការ​បញ្ជាក់​របស់​BBC ដោយ​អះអាងទៀត​ថា​ សែកហ្គឺយ៉េវ និង​ភរិយា មាន​អស័យដ្ឋាន​ស្នាក់​នៅ ជា​ផ្លូវការ ​ក្នុង​បណ្ឌិតសភាយោធា​ របស់​ភ្នាក់ងារចារកិច្ច​យោធារុស្ស៊ី​ផង។

ការ​​អង្កេត​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​គំរូ​​ប្រតិបត្តិការ​​របស់​ក្រុម​GRU នៅ​បរទេស ៖ “ភ្នាក់ងារ​ថ្នាក់លើ​ ដែលទាក់ទង​ជាមួយ​ម៉ូស្គូ ទាក់ទង​យ៉ាង​តិច​តួច​បំផុត ឬ​គ្មាន​សោះ​ជាមួយ​ជន​ដៃ​ដល់​ដែល​បាន​ទទួល​បញ្ជា​រួច​ហើយ”។ នេះ​បើតាម​ការ​លម្អិត​របស់​Bellingcat ជាមួយ​នឹង​សេចក្តី​សន្និដ្ឋាន​ថា​ ​ការ​ចូល​រួម​ចំណែក​របស់​នាយ​ឧត្តមសេនីយ៍​ សែហ្គឺយ៉េវ បញ្ជាក់​ថាប្រតិបត្តិការ​បំពុល​អតីត​ចារកិច្ច​រុស្ស៊ី​ពិត​ជា​សំខាន់កំរិត​ណា។

Bellingcat ​ក៏​មាន​ភស្តុតាង​នៃ​ប្រតិបត្តិការ​​អន្តរជាតិ​ដឹកនាំ​ដោយ​ភ្នាក់ងារGRU​នេះ​ជា​ច្រើន​ផ្សេង​ទៀត។ ឡុងដ៍​និង​វ៉ាស៊ីនតោន​ ចាត់ទុក​ភ្នាក់ងារ​ចារកិច្ច​យោធា​រុស្ស៊ី គឺ​ជា​តំណាង​នៃ​ការ​គំរាមកំហែង​សន្តិសុខ​និង​ផលប្រយោជន៍ ផ្ទៃ​ក្នុង​របស់​​បស្ចឹមលោក​យ៉ាង​ចំបង។

សូម​បញ្ជាក់​ថា អតីត​ចារកិច្ច​រុស្ស៊ី លោក សែកហ្គៃ​ ស្គ្រីប៉ាល់ និង​កូន​ស្រី បាន​រួច​ពី​ជីវិត​អំពី​ការ​ប៉ុនប៉ង​ដាក់​ថ្នាំ​បំពុល​សម្លាប់​ កាលពី​ដើម​ខែ​មីនា​ឆ្នាំ​២០១៨ តែ​កំពុង​រស់​នៅដោយ​លាក់​កំបាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ