rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាល្លឺម៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាល្លឺម៉ង់៖ការញ័រខ្លួន​របស់លោកស្រីមែររកិលកំពុងបង្កឲ្យមានការចោទសួរជុំវិញសុខភាពរបស់គាត់

media
លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ អង់ហ្កឺឡា មែរកិល REUTERS/Kevin Lamarque

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ស្ថានភាព​សុខភាព​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​កំពុង​ត្រូវ​បាន​ចោទ​សួរ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក។ នេះ​ក៏​ដោយសារ​តែ​ក្នុង​រយៈពេល​តែ ១០ថ្ងៃ លោកស្រី​មែរកិល​បាន​ឈរ​ញ័រ​ដល់​ទៅ ២ដង​នៅ​ក្នុង​ពិធី​សាធារណៈ។ លើកទី១ ក្នុង​ពិធី​ទទួល​ប្រធានាធិបតី​ថ្មី​អ៊ុយក្រែន​នា​ថ្ងៃទី១៨ មិថុនា ហើយ​លើកទី២ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា ពោល​មួយ​ថ្ងៃ​មុន​លោកស្រី​ឡើង​យន្តហោះ​ទៅ​ចូលរួម​ជំនួបកំពូល G២០ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​មែរកិល​ពិត​ជា​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ជំនួបកំពូល G២០ ហើយ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ចេញ​មុខ​ធានា​ថា លោកស្រី​មែរកិល​មាន​សុខភាព​ធម្មតា​ទេ។


ការ​ចោទ​សួរ​ជុំ​វិញ​ស្ថានភាព​សុខភាព​របស់​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី​មែរកិល​មិន​មាន​ត្រឹម​សារព័ត៌មាន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ពី​ក្រុម​អ្នកសង្កេតការណ៍​ជា​ច្រើន​ដែរ។ « ពេល​លោកស្រី​មែរកិល​កំពុង​ញ័រ ពពួក​សត្វ​ត្មាត​កំពុង​តាម​សម្លឹង​លោកស្រី។ លោកស្រី​អាច​មិន​អើពើ​ចំពោះ​សម្រែក​របស់​ពពួក​សត្វត្មាត។ តែ​ការ​ចង់​ដឹង​ពី​បញ្ហា​សុខភាព​របស់​គាត់​ជា​រឿង​ត្រឹមត្រូវ » នេះ​ជា​ចំណងជើង​របស់​កាសែត​អភិរក្សនិយម Frankfurter Allgemeine។ ចម្ងល់​លាយលំ​នឹង​ក្តីបារម្ភ​ជុំវិញ​សុខភាព​របស់​លោកស្រី​មែរកិល​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោកស្រី​បាន​ញ័រ​ចំនួន ២ដង​ក្នុង​រយៈពេល​តែ ១០ថ្ងៃ​នៅ​ក្នុង​ពិធី​សាធារណៈ។

លើកទី១ ញ័រ​ពី​ក្បាល​ដល់​ចុង​ជើង​នៅ​ក្នុង​ពិធី​ទទួល​ប្រធានាធិបតី​ថ្មី​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី១៨ មិថុនា​ក្នុង​ទីក្រុង​ប៊ែរឡាំង។ នៅ​ពេល​មាន​ការ​ចោទ​សួរ​ពី​ក្រុម​អ្នកកាសែត​ភ្លាមៗ​ខណៈ​នោះ លោកស្រី​មែរកិល​បាន​ឆ្លើយ​ដោយ​ធានា​ថា លោកស្រី​មិន​អី​ទេ និង​សុខសប្បាយ ក្រោយ​ពី​បាន​ទទួល​ទាន​ទឹក​ចំនួន ៣កែវ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា ពោល​មួយ​ថ្ងៃ​មុន​ឡើង​យន្តហោះ​ទៅ​ចូលរួម​ជំនួបកំពូល G២០ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន លោកស្រី​មែរកិល​បាន​ញ័រ​ម្តង​ទៀត តែ​មិន​សូវ​ខ្លាំង​ដូច​លើកទី១ និង​បាន​បដិសេធ​មិន​ទទួល​កែវទឹក​ដែល​គេ​ហុច​ឲ្យ​គាត់​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​មែរកិល​មិន​បាន​បោះចោល​កម្មវិធី​ណា​មួយ​ទេ ហើយ​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ជំនួបកំពូល G២០ ដូច​ដែល​បាន​គ្រោង​ទុក។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​ចម្លើយ​ពេល​នេះ​គឺ​ថា តើ​ការ​ញ័រ​របស់​លោកស្រី​មែរកិល​ដោយសារ​តែ​លោកស្រី​ធ្វើ​ការ​ច្រើន​ពេក ហួស​កម្លាំង ឬ​មួយ​ក៏​ការ​ញ័រ​របស់​លោកស្រី​ជា​សញ្ញា​មក​ពី​ប្រភព​ផ្សេង?។ យ៉ាង​ណា​ក៏​ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ចេញ​មុខ​ធានា​ជា​ថ្មី​ថា លោកស្រី​មែរកិល​មាន​សុខភាព និង​សុខសប្បាយ​ធម្មតា​ទេ។ គួរ​បញ្ជាក់​ថា​មាន​អាយុ ៦៥ឆ្នាំ​នៅ​ថ្ងៃទី១៧ កក្កដា​ខាង​មុខ អាណត្តិ​របស់​លោកស្រី​មែរកិល​នឹង​ត្រូវ​ចប់​ជា​ផ្លូវការ​នៅ​ដំណាច់​ឆ្នាំ ២០២១៕