rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អឺរ៉ុប ប្រែប្រួល​អាកាសធាតុ ភាព​រាំង​ស្ងួត សុខភាព ព្រៃឈើ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អឺរ៉ុប​កំពុង​ទទួល​រងគ្រោះ ដោយសារ​រលកកំដៅ ក្តៅ​ខ្លាំង មិនធ្លាប់មាន

media
នៅពេល​សីតុណ្ហភាព​ឡើង​ក្តៅខ្លាំង មនុស្ស​ហក់ចូល​អាងទឹក​នៅក្បែរ​អគារ​តួអេហ្វែល នៅថ្ងៃទី ២៥ មិថុនា ២០១៩ ©REUTERS/Charles Platiau

ពី​ត្បូងទៅជើង ពី​លិច​ទៅកើត ប្រទេស​មួយចំនួន​ធំ​នៅ​ទ្វីបអឺរ៉ុប កំពុង​រង​គ្របដណ្តប់ ដោយ​រលក​កំដៅ ក្តៅខ្លាំង បក់មក​ពី​វាលខ្សាច់​សាហារ៉ា នៅ​ទ្វីបអាហ្រ្វិក។ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ រហូត​ដល់​ថ្ងៃ​សៅរ៍​ស្អែក មិន​ថា នៅ​បារាំង អេស្ប៉ាញ អ៊ីតាលី ក្រិក អាល្លឺម៉ង់ ប៉ូឡូញ ឬ​នៅ​ប្រទេស​ស្វ៊ីស សំបូរ​ភ្នំទឹកកក សីតុណ្ហភាពក្តៅខ្លាំង កើន​ឡើង​ដល់​កម្រិត​កំពូល ក្នុង​រង្វង់ជាង ៤០អង្សា។ ជាមួយ​អាកាសធាតុ​ក្តៅ​ខ្លាំង បំបែក​ឯតទគ្គកម្ម យ៉ាងដូច្នេះ អឺរ៉ុប​កំពុង​ប្រឈម​នឹង ភ្លើង​ឆេះព្រៃ បញ្ហា​សុខភាព ហើយ​និង​ខ្យល់ពុល​អូហ្សូន ដែល​កើតចេញ​មកពី​ការរួម​ផ្សំគ្នា​រវាង​សារធាតុ​គីមី ហើយ​និង​អាកាសធាតុ​ក្តៅ​ខ្លាំង។

 


អឺរ៉ុប​កំពុង​ដង្ហក់ខ្យល់ ដោយសារ​តែ​អាកាសធាតុ​ក្តៅខ្លាំង មិនធ្លាប់​ជួបប្រទះ នៅក្នុង​រយៈពេល ៧០ឆ្នាំ​ចុងក្រោយនេះ។ នៅថ្ងៃ​ព្រហស្បតិ៍ ឧបករណ៍​ស្ទង់កំដៅ លោត​ដល់​៣៨,៩អង្សា នៅ​សាធារណរដ្ឋឆែក ៣៨,៦​អង្សា នៅអាល្លឺម៉ង់ និង​៣៨,២​អង្សា​ នៅប្រទេស​ប៉ូឡូញ។ នៅ​ថ្ងៃ​ពុធ អាកាសធាតុ​ក្តៅខ្លាំង​បាន​បណ្តាល​ឲ្យ​មាន​ភ្លើងឆេះព្រៃ ជាង ៣ពាន់​ហិចតា នៅ​អេស្ប៉ាញ។ គ្រោះមហន្តរាយ​ភ្លើងឆេះព្រៃ នឹង​អាច​រាលដាល​តទៅទៀត នៅពេល​កំដៅ កាន់តែ​ឡើងក្តៅ ខ្លាំង បំផុត នៅថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ស្អែកនេះ។ នៅ​អ៊ីតាលី វិញ អាជ្ញាធរ​អះអាងថា បុរស​អនាថា រស់នៅ​តាមផ្លូវ ម្នាក់ បាន​ស្លាប់ ដោយសារ​ខ្យល់គរ ដែល​បណ្តាល​មក​អាកាសធាតុ​ក្តៅខ្លាំង។

អាកាសធាតុ​ក្តៅខ្លាំង កើត​មុន​កាល​កំណត់ ហើយ​និង​ជាប់ៗ​គ្នា ប៉ុន្មាន​ថ្ងៃ​យ៉ាងដូច្នេះ គឺ​មិនធ្លាប់​កើតមាន​ទេ នៅ​អឺរ៉ុប។ ប្រទេស​ស្វ៊ីស អូទ្រីស ដែល​សំបូរភ្នំទឹកកក ក៏​ស្គាល់​រសជាតិ កំដៅខ្លាំង ដែល​អ្នកវិទ្យាសាស្រ្ត​វាយតម្លៃថា មាន​ប្រភពចេញមក​ពី​វាលខ្សាច់​សាហារ៉ា។

រលកកំដៅ​ងាយ​នឹង​ធ្វើ​ឲ្យប្រជាជន​នៅអឺរ៉ុប​រងគ្រោះ ព្រោះថា ក្រៅតែ​ពី​ខ្យល់ក្តៅ ពួកគេ​ត្រូវប្រឈម​ស្រូប​ខ្យល់ ពុល​បរិយាកាស ខ្យល់ពុល​អូហ្សូន ដែល​កើនឡើង​ខ្លាំង នៅពេល​អាកាសធាតុ​ក្តៅខ្លាំង។

នៅប្រទេស​បារាំង រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ជាច្រើន ដើម្បី​ជៀសវាង គ្រោះថ្នាក់​បាត់បង់​ជីវិត​មនុស្ស​ដោយសារ​កំដៅក្តៅខ្លាំង​ដូចដែល​បារាំង​បាន​ជួប កាលពី​ឆ្នាំ ២០០៣ ដែលកាលណោះ សីតុណ្ហភាព ៤៤,១​អង្សា បាន​សម្លាប់ ជីវិត​មនុស្ស ១៥ ០០០​នាក់។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​អាកាសធាតុ ឡើង​ដល់​កម្រិត​ពិបាកទ្រាំ សាលារៀន​ជាច្រើន នៅ​ជុំវិញ ទីក្រុង​ប៉ារីស និង​នៅតាម​ទីក្រុង​ធំៗ​មួយចំនួន​បាន​បិទទ្វារ ចំណែក​ការប្រលងសញ្ញាប័ត្រ មធ្យមសិក្សា ត្រូវ​បាន​លើកពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍ក្រោយ។

តាមអ្នកឧតុនិយម​បារាំង កំដៅ​Thermomètre អាច​កើនឡើង​ខ្លាំង​បំផុត នៅ​ថ្ងៃ​សុក្រនេះ រវាង ៤២ និង​៤៤​អង្សា ដែល​នឹង​ធ្វើ​ឲ្យ​បារាំង បំបែក​ឯតគ្គកម្ម កាលពី ឆ្នាំ ២០០៣ ដែល​សីតុណ្ហភាព ឡើង​ដល់ ៤៤,១អង្សា បាន​សម្លាប់​មនុស្ស ១៥ ០០០នាក់៕