អានតួអត្ថបទ
ហ្សកដានី-អាល្លឺម៉ង់

សម្រាប់អាល្លឺម៉ង់ ការបង្កើតរដ្ឋពីរជាដំណោះស្រាយតែមួយគត់ឲ្យជម្លោះអ៊ីស្រាអែល និង​ប៉ាឡេស្ទីន

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ហ្សដានី​នា​ថ្ងៃ​អាទិត្យ ទី៩ មិថុនា។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​ហ្សកដានី​លោក​អាយម៉ាន សាហ្វាឌី​ក្នុង​ទីក្រុង​អាម៉ាន់ លោក​ហៃកូ​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​ជា​ដំណោះស្រាយ​តែ​មួយ​គត់​ឆ្ពោះ​ទៅ​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាល្លឺម៉ង់​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​រដ្ឋបាល​អាមេរិក​គ្រោង​លាត​ត្រដាង​នូវ​ផែនការ​សន្តិភាព​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ជា​ផែនការ​សន្តិភាព​មួយ​មិន​បាន​និយាយ​ដល់​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ​ទេ នេះ​បើ​តាម​លោក Kushner ដែល​ជា​អ្នក​រៀបចំ​ផែនការសន្តិភាព និង​ត្រូវ​ជា​កូនប្រសារ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។

សន្និសីទកាសែត​រួម​គ្នា​រវាង​​ប្រមុខ​ការទូត​អាល្លឺម៉ង់ និង​សមភាគី​ហ្សកដានី​ក្នុង​ទីក្រុង​អាម៉ាន់ ថ្ងៃទី៩ មិថុនា ២០១៩
សន្និសីទកាសែត​រួម​គ្នា​រវាង​​ប្រមុខ​ការទូត​អាល្លឺម៉ង់ និង​សមភាគី​ហ្សកដានី​ក្នុង​ទីក្រុង​អាម៉ាន់ ថ្ងៃទី៩ មិថុនា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

មាន​សំណុំរឿង​តំបន់​ជា​ច្រើន​ដែល​ប្រមុខ​ការទូត​អាល្លឺម៉ង់ និង​សមភាគី​ហ្សកដានី​បាន​លើក​យក​ទៅ​ជជែក​គ្នា តែ​ប្រធានបទ​សំខាន់​ជាង​គេ​បាន​ផ្តោត​លើ​ជម្លោះ​ស្មុគស្មាញ និង​អូសបន្លាយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ « បញ្ហា​ប៉ាឡេស្ទីន​ជា​ប្រធានបទ​ស្នូល​នៃ​កិច្ចពិភាក្សា​របស់​យើង » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​ហ្សកដានី​លោក​អាយម៉ាន សាហ្វាឌី​នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​សមភាគី​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស​ក្នុង​ទីក្រុង​អាម៉ាន់។ « យើង​បាន​ឯកភាព​គ្នា​ជានិច្ច​ថា ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ពីរ​តាម​រយៈ​កិច្ចចរចា​ជា​ច្រក​ចេញ​តែ​មួយ​គត់​សម្រាប់​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ហៃកូ។

ការ​បន្ត​ប្រកាន់​ជំហរ​ដូច​នេះ​របស់​ភាគី​អាល្លឺម៉ង់​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​រដ្ឋបាល​អាមេរិក​គ្រោង​បង្ហាញ​ផែនការ​សន្តិភាព​មួយ​នៅ​ដំណាច់​ខែ​មិថុនា​ក្នុង​ប្រទេស​បារ៉ែន។ គឺ​ជា​ផែនការ​សន្តិភាព​រៀបចំ តាក់តែង​ដោយ​លោក Kushner ដែល​ជា​កូនប្រសារ និង​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ គេ​នៅ​មិន​ទាន់​ដឹង​ពី​ខ្លឹមសារ​លំអិត​នៃ​ផែនការសន្តិភាព​របស់​លោក Kushner នៅ​ឡើយ​ទេ តែ​កូនប្រសារ និង​ទីប្រឹក្សា​របស់​លោក​ត្រាំ​រូប​នេះ​ធ្លាប់​បដិសេធ​មិន​និយាយ​ពី​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​ជា​បុព្វហេតុ​ការទូត​អន្តរជាតិ​តាំង​ពី​ច្រើន​ទសវត្ស​មក​ហើយ។

យ៉ាង​ណា​ក៏​ដោយ ភាគី​ប៉ាឡេស្ទីន​បាន​បដិសេធ​មិន​ទទួល​ស្គាល់ និង​មិន​ទទួល​យក​ផែនការសន្តិភាព​មួយ​នេះ​របស់​អាមេរិក​រួច​ជា​ស្រេច។ ក្រោម​ភ្នែក​ច្រមុះ​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ទូទៅ រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​បាន​គាំទ្រ​អ៊ីស្រាអែល​ដូច​យ៉ាង​ការ​ប្រកាស​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល​នា​ដំណាច់​ឆ្នាំ ២០១៧។ ដោយឡែក ប្រមុខ​ការទូត​អាល្លឺម៉ង់ និង​ហ្សកដានី​ក៏​បាន​បន្ត​ការ​គាំទ្រ និង​គូសបញ្ជាក់​ពី​សារៈសំខាន់​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​លោក​ត្រាំ​បាន​ស្នើ​ឲ្យ​រំលាយ​ចោល។ ក្នុង​ឆ្នាំ ២០១៨ លោក​ត្រាំ​បាន​ប្រកាស​ឈប់​ផ្តល់​វិភាគទាន​ចំនួន ៣០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឲ្យ​ទីភ្នាក់ងារ​មួយ​នេះ។

គួរ​រម្លឹក​ថា ហ្សកដានី​ដែល​មាន​ប្រជាជន​រស់នៅ ៦ ៦០០ ០០០នាក់ និង​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​ធ្វើ​ជា​អ្នក​ការពារ​នៅ​ទីសក្ការៈ​សាសនា​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡិម និង​កំពុង​ទទួល​ឲ្យ​ជ្រកកោន​លើ​ទឹកដី​ខ្លួន​នូវ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ជិត ២ ២០០ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ