rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សព្វាវុធ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការនាំអាវុធបារាំង​ចេញ​បានកើនឡើង ៣០% ក្នុងឆ្នាំ ២០១៨ ហើយតំបន់ដើមបូព៌ា និងមជ្ឈិមបូព៌ាបន្តជាអតិថិជនទី១

media
រដ្ឋមន្រ្តីការពារជាតិបារាំងលោកស្រី Florence Parly CHARLY TRIBALLEAU / AFP

នៅ​ក្នុង​ប្រទេស​បារាំង ក្រសួង​ការពារជាតិ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​មួយ​ស្តីពី​ការ​លក់​អាវុធ​បារាំង​ទៅ​បរទេស​ក្នុង​ឆ្នាំ ២០១៨។ តាម​របាយការណ៍ ការ​នាំ​អាវុធ​បារាំង​ចេញ​បាន​កើន ៣០% ក្នុង​ឆ្នាំ ២០១៨ ដែល​មាន​ទឹកប្រាក់​សរុប ៩ ១០០លានអឺរ៉ូ ហើយ​ប្រទេស​ដែល​បាន​ទិញ​អាវុធ​ពី​បារាំង​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៨ គឺ​កាតារ បែលហ្ស៊ិក និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តែ​ការ​លក់​អាវុធ​ទៅ​ឲ្យ​កាតារ និង​អារ៉ាប៊ីសាអូឌីត​កំពុង​ក្លាយ​ជា​រឿង​ចម្រូងចម្រាស​ខ្លាំង​ជាង​គេ​ដោយសារ​តែ​ប្រទេស​អារ៉ាប់​ទាំង​ពីរ​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន។ តែ​ក្រុង​ប៉ារីស​បាន​អះអាង​ពី​ការ​ទទួល​បាន​ការ​ធានា​ថា អាវុធ​ដែល​លក់​ទៅ​ឲ្យ​កាតារ និង​អារ៉ាប៊ីសាអូឌីត​មិន​ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​សង្រ្គាម​នៅ​យេម៉ែន​ទេ និង​ព្យាយាម​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ដៃគូ​យុទ្ធសាស្រ្ត​ជាមួយ​ប្រទេស​ទាំង​ពីរ។


តាម​របាយការណ៍ ដើមបូព៌ា និង​មជ្ឈិមបូព៌ា​បន្ត​ស្ថិត​ជា​តំបន់​ទី១ នៃ​ការ​នាំ​អាវុធ​បារាំង​ចេញ​សម្រាប់​ឆ្នាំ ២០១៨ តែ​មាន​ការ​ធ្លាក់​ចុះ​ចំនួន ១០ពិន្ទុ បើ​ធៀប​នឹង​ឆ្នាំ ២០១៧។ ប្រទេស​កាតារ​ជា​អតិថិជន​លំដាប់ទី១ ដែល​បាន​ទិញ​ក្នុង​ទឹកប្រាក់​ប្រមាណ ២ ៥០០លានអឺរ៉ូ បន្ត​ដោយ​អតិថិជន​បែលហ្ស៊ិក​ក្នុង​ទឹកប្រាក់​ប្រមាណ ១ ១០០លានអឺរ៉ូ និង​អតិថិជន​លំដាប់ទី៣ គឺ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ទិញ​ក្នុង​ទឹកប្រាក់​ជិត ១ ០០០លានអឺរ៉ូ។ តែ​ការ​លក់​អាវុធ​ទៅ​ឲ្យ​កាតារ និង​អារ៉ាប៊ីសាអូឌីត​កំពុង​បន្ត​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ជាង​គេ។ មូលហេតុ មក​ពី​ប្រទេស​អារ៉ាប់​ទាំង​ពីរ​នេះ​កំពុង​ធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន ហើយ​មាន​ការ​រិះគន់​ថា កាតារ និង​អារ៉ាប៊ីសាអូឌីត​បាន​ប្រើ​អាវុធ​បារាំង​ដើម្បី​សម្លាប់​ជនស៊ីវិល​នៅ​យេម៉ែន។

តែ​បារាំង​បាន​បញ្ជាក់​ពី​ការ​ទទួល​បាន​ការ​ធានា​ថា អាវុធ​ដែល​លក់​ទៅ​ឲ្យ​កាតារ និង​អារ៉ាប៊ីសាអូឌីត​មិន​ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​សង្រ្គាម​នៅ​យេម៉ែន​ទេ និង​ព្យាយាម​អះអាង​ពី​សារៈសំខាន់​នៃ​ដៃគូ​យុទ្ធសាស្រ្ត​ជាមួយ​ប្រទេស​អារ៉ាប់​ទាំង​ពីរ​នោះ។ « ការ​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ទាំង​ពីរ​នេះ ជា​ការ​រក្សា​ឥទិ្ធពល​នៅ​ក្នុង​តំបន់​គន្លឹះ​សម្រាប់​ផលប្រយោជន៍​សន្តិសុខ​របស់​យើង និង​សម្រាប់​ការ​ផ្គត់ផ្គង់​ថាមពល​របស់​យើង » នេះ​ជា​ការ​គូសបញ្ជាក់​របស់​រដ្ឋមន្រ្តី​ការពារជាតិ​បារាំង​លោកស្រី Florence Parly។ ប្រមុខ​ការពារជាតិ​បារាំង​បាន​បន្ថែម​ថា ការ​នាំ​បរិក្ខារយោធា​បារាំង​ចេញ​ជា​ការ​ផ្តល់​សក្តានុពល​ឲ្យ​ឧស្សហកម្ម​ផលិត​អាវុធ​បារាំង និង​រម្លឹក​ថា នៅ​ក្នង​វិស័យឧស្សាហកម្ម​បារាំង ការងារ​ចំនួន ១៣% មាន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​អាវុធ។

ក្រៅ​ពី​តំបន់​ដើមបូព៌ា និង​មជ្ឈិមបូព៌ា តំបន់អាស៊ី ប៉ាស៊ីហ្វិក​ក៏​ជា​អតិថិជន​ទិញ​អាវុធ​ពី​បារាំង​ដែរ តែ​មាន​ទឹកប្រាក់​តិច​ជាង ១៥% ក្នុង​ចំនួន​ទឹកប្រាក់​សរុប​ទាំង ៩ ១០០លានដុល្លារ​ដែល​បារាំង​លក់​បាន​ក្នុង​ឆ្នាំ ២០១៨។ ដោយឡែក បើ​គិត​ក្នុង​ចន្លោះ​ឆ្នាំ ២០០៩ និង ២០១៨ ឥណ្ឌា​ជា​អតិថិជនទី១ របស់​បារាំង​នៅ​ពី​មុខ​អារ៉ាប៊ីសាអូឌីត កាតារ អេហ្ស៊ីប និង​ប្រទេស​ប្រេស៊ីល៕