rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាល្លឺម៉ង់ សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក និងអាល្លឺម៉ង់បានព្យាយាមកាត់បន្ថយភាពតានតឹង​រវាង​គ្នា

media
ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ និង​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រីមែរកិល​ក្នុង​ទីក្រុង​ប៊ែរឡាំង ថ្ងៃទី៣១ ឧសភា ២០១៩ Reuters

នៅ​ថ្ងៃ​សុក្រ ទី៣១ ឧសភា ប្រមុខការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​អឺរ៉ុប​ដោយ​ផ្តើម​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​មុន​គេ។ អាល្លឺម៉ង់​ដែល​លោក​ប៉ុមប៉េ​ត្រូវ​ទៅ​ទស្សនកិច្ច​តាំង​ពី​ដើម​ខែ​ឧសភា តែ​ត្រូវ​បាន​លុបចោល​វិញ​នៅ​នាទី​ចុង​ក្រោយ។ នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស ភាគី​ទាំង​ពីរ​បាន​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ នោះ​បើ​ទោះ​បី​ជា​គេ​ដឹង​ថា មាន​សំណុំរឿង​ជា​ច្រើន​ដែល​ក្រុង​ប៊ែរឡាំង និង​ក្រុង​វ៉ាស៊ីនតោន​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ក៏​ដោយ។ បន្ទាប់​ពី​ប្រមុខ​ការទូត លោក​ប៉ុមប៉េអូ​បានទទួល​ជួប​ដោយ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី​មែរកិល។


សំណុំរឿង​វិវាទ​រវាង​អាមេរិក និង​អាល្លឺម៉ង់​មិន​ខ្វះ​ទេ​ដោយ​ចាប់​ផ្តើម​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei គម្រោង​សាងសង់បំពង់បង្ហូរ​ឧស្ម័ន​រវាង​អាល្លឺម៉ង់ រុស្ស៊ី ការ​ផ្តល់​វិភាគទាន​របស់​អាល្លឺម៉ង់​ឲ្យ​អង្គការ​អូតង់ ឬ​មួយ​ក៏​សង្រ្គាមពាណិជ្ជកម្ម។ តែ​នៅ​ក្នុង​ជំនួប​រវាង​លោក​ម៉ៃ ប៉ុមប៉េអូ និង​សមភាគី​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស ភាគី​ទាំង​ពីរ​បាន​ព្យាយាម​ប្រើ​សម្តី​ទន់ភ្លន់​ជា​ជាង​ដំឡើង​សម្លេង​ដាក់​គ្នា។ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ក្នុង​ឆ្នាំ ២០១៨ លោក​ហៃកូ ម៉ាស​បាន​បញ្ជាក់​ពី​ជំហរ​របស់​អាល្លឺម៉ង់​បន្ត​ការពារ​កិច្ចព្រមព្រៀង តែ​ទទួល​ស្គាល់​ដូច​អាមេរិក​ដែល​ថា អ៊ីរ៉ង់​ត្រូវ​ឈប់​ដើរ​តួនាទី​អវិជ្ជមាន​នៅ​ក្នុង​តំបន់។

តប​នឹង​សំណួរ​ដែល​ថា តើ​អាល្លឺម៉ង់​អាច​ធ្វើ​អន្តរការី​នៅ​ក្នុង​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ពេល​នេះ​ដែរ​ឬ​ទេ?។ លោក​ហៃកូ ម៉ាស​បាន​ឆ្លើយ​ថា​ត្រៀម តែ​ក្នុង​លក្ខណៈ​ស្ទើរស្ទាក់។ ជាមួយ​ក្រុមហ៊ុន Huawei ដែល​ចិន និង​អាមេរិក​កំពុង​ញេញ​ធ្មេញ​ដាក់​គ្នា លោក​ប៉ុមប៉េអូ​បាន​និយាយ​ប្រាប់​សមភាគី​អាល្លឺម៉ង់​ជា​ចំហ​ពី​ផលវិបាក​ដែល​អាច​កើត​ចេញ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទជំនាន់ថ្មី ៥G របស់​ក្រុមហ៊ុន Huawei។ តែ​លោក​ម៉ាស​បាន​ឆ្លើយ​វិញ​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ក្រុមហ៊ុន Huawei ថា ក្រុមហ៊ុន​ណា​ក៏​ដោយ​ដែល​មិនគោរព​តាម​ការ​ទាមទារ​ផ្នែក​សន្តិសុខ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​បញ្ជីរ​ប្រកួតប្រជែង។

បន្ទាប់​មក ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​ហាក់​បាន​យល់ស្រប​គ្នា​ស្តីពី​ប្រទេស​អ៊ុយក្រែន ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី រួម​ទាំង​លើ​សេចក្តីសម្រេច​ស្តីពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​រដ្ឋបាល​អាមេរិក​បាន​សុំ​ជំនួយ​ពី​អឺរ៉ុប​ដើម្បី​រក្សា​ស្ថិរភាព​នៅ​ប៉ែកខាងជើង​ស៊ីរី។ ក្រៅ​ពី​នោះ នៅ​មាន​សំណុំរឿង​ចម្រូងចម្រាស​សំខាន់​ចំនួន​ពីរ​ដែល​អាល្លឺម៉ង់ និង​អាមេរិក​ពិបាក​និយាយ​គ្នា ទី១ ទាក់ទង​នឹង​ការ​ផ្តល់​វិភាគទាន​របស់​អាល្លឺម៉ង់​ចំពោះ​អង្គការ​អូតង់​ដែល​លោក​ត្រាំ​ថា​តិចតួច និង​ទី២ ទាក់ទង​នឹង​គម្រោង​សាង់សង់​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 រវាង​អាល្លឺម៉ង់ និង​រស្ស៊ី​ដែល​អាមេរិក​បាន​ប្រឆាំង​ខ្លាំងក្លា។

បន្ទាប់​ពី​ប្រទេស​អាល្លឺម៉ង់ ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វ៊ីស ហូឡង់ និង​ចុង​ក្រោយ​នៅ​ប្រទេស​អង់គ្លេស​ក្នុង​ថ្ងៃ​អង្គារ ទី៤ មិថុនា​សប្តាហ៍​ក្រោយ​ដើម្បី​រួម​ជាមួយ​លោក​ដូណាល់ ត្រាំ​ដែល​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​ទីក្រុង​ឡុងដ៏៕