អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប ៖ ក្រោយ​ការបោះឆ្នោត ដល់វេលាប្រជែង​​គ្នា​​យក​​តំណែង​ដឹកនាំ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​រ​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​សភាអឺរ៉ុប សមាជិក​​ទាំង​២៨​របស់សហភាព​ បាន​មក​ជួប​ជុំ​គ្នា​នៅ​យប់​ថ្ងៃ​ទី ២៨ ឧសភា​ នៅទីក្រុង​ព្រុចសែល ដើម្បី​ជជែក​អំពី​ការ​ជ្រើសរើស​មេដឹកនាំ​អឺរ៉ុប​ថ្មី​ ថា​តើឥស្សរជន​រូបណា​ដែល​សក្តិសម​ជាង​គេ​​គួរ​មក​កាន់​នាទី​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប ? ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ ? ប្រធាន​សភា និង​ប្រមុខ​ការទូត​អឺរ៉ុប ? កិច្ច​ប្រជុំ រយៈ​ពេល​​បី​ម៉ោង បាន​បិទ​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​អ្វី​ទាំង​អស់ តែ​បាន​រំលេច​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​គំនិតខ្វែង​គ្នា​ខ្លាំង រវាង​ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោកស្រី អង់ហ្គឺឡា​ មែរកិល​ ចំពោះ​បេក្ខភាព​ប្រធាន​គណៈកម្មការ​អឺរ៉ុប។

ប្រធានាធិបតី​បារាំង​និង​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ខ្វែង​គំនិត​ជ្រើសរើស​ប្រធាន​គណៈកម្មការ​អឺរ៉ុប
ប្រធានាធិបតី​បារាំង​និង​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ខ្វែង​គំនិត​ជ្រើសរើស​ប្រធាន​គណៈកម្មការ​អឺរ៉ុប Ludovic Marin/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពី​៥​ឆ្នាំ​មុន សមាជិកសហភាពអឺរ៉ុប​ទាំង​២៨​ បាន​ព្រមព្រៀង​គ្នា​ប្រកាន់​យក​គោលការណ៍​Spitzenkandidat ដូច​នៅ​អាល្លឺម៉ង់ ពោល​គឺ​បក្ស​ណា​ឈ្នះ​ឆ្នោត​មាន​សំឡេង​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា បក្ស​នោះ​​ជា​អ្នក​តែង​តាំង​បេក្ខភាព​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ តាម​រយៈគោលការណ៍នេះ ក្រុម​​បក្ស​ស្តាំ​និយម​គាំទ្រ​អឺរ៉ុប​ និង​ក្រុម​បក្សឆ្វេង​និយម ​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​ក្រុម​​ធំ​ជាង​គេ​ទាំង​ពីរ​ដំបូង​នៅ​ក្នុងសភា​អឺរ៉ុប បាន​កំណត់​បេក្ខជន​របស់​បក្ស​រៀង​ខ្លួន​ហើយ តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក​ម្ល៉េះ។ មាន​ន័យ​ថា​​ បេក្ខជន​របស់ ក្រុមអ្នក​​ស្តាំនិយម​​អឺរ៉ុប គឺ​ ​លោក Manfred Weber អាយុ៤៦​ឆ្នាំ ​សញ្ជាតិ​អាល្លឺម៉ង់ ​គាំទ្រ​ដោយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​​ នឹង​ត្រូវ​បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប បន្ត​ពី​លោក​ ហ្សង់ក្លូត ចាំងគ័រ។

ប៉ុន្តែគោលការណ៍​​Spitzenkandidat ហាក់​កំពុង​សាប​រលាប ម្យ៉ាង​ដោយ​មក​ពីនៅក្នុង​ការ​បោះឆ្នោត​សភា​ ក្រុម​បក្ស​ស្តាំ​និយម​នេះ បាន​ធ្លាក់​សំឡេង​បាត់​បង់​អាសនៈ​ច្រើន និង​ចុះ​ខ្សោយ​ខ្លាំង។ លោកអេម៉ានុយអែល​ ម៉ាក្រុង ប្រធានាធិបតី​បារាំង បាន​សម្តែង​ការ​មិន​ពេញ​ចិត្តលើ​បេក្ខភាព​លោក វីប៊ែរ។ ក្រោម​ហេតុ​ផល​​ថា​ “គ្មាន​គណបក្ស​ណាមួយ​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅក្នុង​សភា​អឺរ៉ុប​អាណត្តិ​ថ្មី” លោក ម៉ាក្រុង ​បាន​អំពាវនាវ​ឱ្យ​សមភាគី​អឺរ៉ុប​ទាំង​អស់​ ជ្រើសរើស​បេក្ខជន-នារី ប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​មាន “​សមត្ថភាព មាន​ទេពកោសល្យ និង​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់”​។ លោក​បាន​លើក​ឈ្មោះ​បេក្ខជន​មក​ពីក្រុម​សេរីនិយម លោកស្រី Margrether Vestager ​ជាតិ​ដាណឺម៉ាក លោក Frans Timmermans នៃ​ក្រុម​ឆ្វេង​និយម​សង្គមប្រជាធិបតេយ្យ​ជាតិ​ហូឡង់ ឬ​លោក មីស្ហែល បានីញ៉េ ជាតិ​បារាំង តែ​គ្មាន​សោះ​ឈ្មោះ​លោក វីប៊ែរ។

លោកស្រី Margrethe Vestager លោកFrans Timmermans និង​លោក Manfred Weber បេក្ខជនប្រធាន​គណៈកម្មការ​អឺរ៉ុបសម្រាប់​​អាណត្តិ​ថ្មី
លោកស្រី Margrethe Vestager លោកFrans Timmermans និង​លោក Manfred Weber បេក្ខជនប្រធាន​គណៈកម្មការ​អឺរ៉ុបសម្រាប់​​អាណត្តិ​ថ្មី REUTERS/Francois Walschaerts

ជំហរ​បែប​នេះ ​ជា​ការ​ប្រឈម​ដោយ​ចំពោះ​ជាមួយ​អាល្លឺម៉ង់។ លោកស្រី នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ បាន​បញ្ជាក់​ជា​ថ្មី​ នៅក្នុង​ជំនួប​ប្រជុំ គាំទ្រ​បេក្ខភាព​លោក វីប៊ែរ ក្នុង​នាមជា​សកម្មជន​របស់​បក្ស​ស្តាំ​និយម​អាល្លឺម៉ង់​ ដូច​គ្នា។ ​ម្យ៉ាង​ទៀត លោក Manfred Weber ហ្មត់​ចត់ មាន​ប្រវត្តិ​ធ្វើ​នយោបាយ​តាំង​ពី​ឆ្នាំ​២០០៤​មក ប៉ុន្តែ​លោក វីប៊ែរ​ ​​មិនធ្លាប់​កាន់​នាទី​ក្នុង​រដ្ឋាភិបាលសោះ។ ឯតំណែង​ប្រធានគណៈកម្មការ​មាន​តម្លៃស្មើ​នឹង​ប្រមុខ​រដ្ឋ។ ហេតុ​ដូច្នេះហើយ​បាន​ជា​​​លោក​ម៉ាក្រុង មិន​គាំទ្រ​។

បេក្ខភាព​ទីពីរ គឺ​​លោក Timmermans (៥៨​ឆ្នាំ) មាន​បទ​ពិសោធន៍​នយោបាយ​ខ្ពស់​ ព្រោះ​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​បច្ចុប្បន្ន​ស្រាប់ និង​ពូកែ​មាន​ថ្វីមាត់ ចេះ​និយាយ​ភាសា​ចំនួន​៧។ ប៉ុន្តែ​គណបក្ស​លោក​ក៏​បាត់​បង់​សំឡេង​ច្រើន​ក្នុង​សម័យ​បោះឆ្នោត​សភា​លើក​នេះ ដែល​នាំ​ឱ្យ​គត់​មាន​សំណាង​កាន់​តែ​តិច​បើ​គិត​តាម​គោលការណ៍​ ​Spitzenkandidat និង​ត្រូវ​បាន​ក្រុម​អឺរ៉ុប​នៅ​ប៉ែក​ខាង​កើត​ដូច​ជា​ហុងគ្រី និង​ប៉ូឡូញ​ ដាក់​រនាំង​បាំង​ផ្លូវ​ស្រេច​ទៅ​ហើយ។ មតិភាគ​ច្រើន​ សំឡឹង​ឃើញលោក​ជា​ប្រមុខ​ការទូត​អឺរ៉ុប​ច្រើន​ជាង។

ប្រឆាំង​នឹង​គោលការណ៍​ Spitzenkandidat ក្រុម​អ្នក​សេរីនិយម​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​អ្នក​កណ្តាល​និយម ដែល​សង្ឃឹម​បាន​ទទួល​ការ​គាំទ្រ​ពីលោក ម៉ាក្រុង​ច្រើន​ជាង​គេ ក៏​បាន​ស្នើ​បេក្ខភាព​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ម្នាក់ដែរ នោះ​គឺ​លោកស្រី Magrether Vestager។ ​ឧត្តម​ស្នងការ​វ័យ​៥១​ឆ្នាំ លោកស្រី​ជាបុគ្គលដ៏​មាន​ទេពកោសល្យ​ខ្ពស់​ ប្រយុទ្ធ​ប្រឆាំង​ដាច់​ខាត​នឹង​មហាយក្ស​ព័ត៌មាន​វិទ្យា​អាមេរិក និង​ការ​គេច​ពន្ធ​ គឺ​ជាបេក្ខភាព​​ស្ត្រី​ដំបូង​ដែល​មក​ប្រកួត​ប្រជែង​យក​តំណែង​ កាន់​កាប់ដោយ​តែ​បុរស មក​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច ១៣​រូបបន្តបន្ទាប់​គ្នា​តាំង​ពី​ឆ្នាំ​១៩៥៨មក។ លោកស្រី​ទំនង​ជា​បេក្ខនារី​ដែល​ទទួល​បានការគាំទ្រ​ខ្លាំង​ជាង​គេ​ពី​ខាង​លោក​ម៉ាក្រុង ដែល​បាន​បង្ហាញ​អាទិភាព​គិតគូរ​អំពី​សមភាព​ស្ត្រីនិង​បុរស និង​សមភាព​ជាមួយ​ប្រទេស​អឺរ៉ុប​តូច​តាច។

ប្រសិន​បើ​បេក្ខជន​ជា​ផ្លូវការ​ទាំង​បី​មិនអាច​ប្រមូល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​គ្រប់គ្រាន់ នៅ​ក្រុមប្រឹក្សា ពី​សំណាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល ​យ៉ាងហោច​​២១​លើ​២៨​ប្រទេស​​និង​នៅនិង​ទទួល​បាន​សំឡេង​គាំទ្រ​ក្នុង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ៣៧៦លើ​៧៥១សភា​ទេ គេ​សំឡឹង​ឃើញ​បេក្ខភាព​ម្នាក់​ទៀត ​គឺ​លោក Michel Banier (៦៨ឆ្នាំ)អតីតអ្នក​​ចរចា​Brexit​របស់​អឺរ៉ុប។ ជា​សមាជិក​ក្រុមបក្ស​ស្តាំនិយម​អឺរ៉ុប​ ដូច​លោកស្រី មែរកិល​ដែរ តែ​មាន​និន្នាការ​នយោបាយ​ងាក​មកខាង​កណ្តាល​ អាច​ត្រូវ​ចិត្ត​លោក​ម៉ាក្រុង ប៉ុន្តែ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ពិត​ជា​អាច​មាន​ហេតុផល​បដិសេធ ថា​លោក​ ប៉ានីញេ ក៏​គ្មាន​បទ​ពិសោធន៍​ក្នុង​រដ្ឋាភិបាលដូច​លោក វីប៊ែរ​ដែរ តើ​លោកស្រីនឹង​​អាច​ទទួលយក​បេក្ខភាព​បារាំង​​និង​មាន​ហេតុផល​អ្វី​ទៅ​ពន្យល់​ពលរដ្ឋ​អាល្លឺម៉ង់ទៅ​កើត។

កាលពី​ឆ្នាំ​២០០៤ អឺរ៉ុប​ធ្លាប់​ជួប​លំបាកខ្លាំង​ក្នុង​ការ​ស្វែង​រក​មេដឹកនាំ​របស់​ខ្លួន បន្ទាប់​ពី​អង់គ្លេស​បាន​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ លើ​បេក្ខជន​ដែល​គាំទ្រ​ដោយ​បារាំង​និងអាល្លឺម៉ង់។ ការ​ចរចា​រក​បេក្ខភាព​ប្រធាន​គណៈកម្មការ​ដែល​សមាជិក​ទាំង​២៨​ប្រទេស​អាច​ទទួល​យក​បាន ត្រូវ​ជា​បន្ទុក​របស់​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ផុត​អាណត្តិ​លោក ដូណាល់ ទុស្ក៍​ហើយ។ សង្ឃឹម​ថា​ពី​ពេល​នេះ ដល់​ថ្ងៃទី​២១-២២​មិថុនា អឺរ៉ុប​នឹង​ត្រូវ​ស្រុះស្រួល​គ្នា​រក​មេ​ដឹកនាំ​បាន​ទៅ​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ