rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សហភាពអឺរ៉ុប បោះឆ្នោតសភាអឺរ៉ុប២០១៩

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង ៖ គណបក្សស្តាំនិយម​ជ្រុល​ឈ្នះ​នាំ​មុខ​គេ ក្នុងការបោះឆ្នោត​សភា​អឺរ់ុប

media
បេក្ខជន​សភា​គណបក្សស្តាំនិយមជ្រុលបារាំង ពេល​ដឹង​លទ្ធផល​ឆ្នោត ថ្ងៃទី ២៦​ឧសភា ២០១៩ © Bertrand GUAY / AFP

អឺរ៉ុបចាប់ផ្តើម មើលឃើញមុខមាត់សមាជិកសភាថ្មី សម្រាប់អាណត្តិថ្មី5ឆ្នាំខាងមុខ។ បើតាមការប៉ាន់ស្មានលទ្ធផលបឋម ចេញផ្បាយក្រោយការបិទការិយាល៍យបោះឆ្នោតភ្លាមនៅម៉ោង៨ល្ងាច គណបក្សស្តាំនិយមជ្រុល ដឹកនាំដោយលោកស្រី ម៉ារីន ឡឺប៉ែន បានឈ្នះនាំមុខគេ ដោយបានទទួលសំឡេងគាំទ្រប្រមាណ ២៣.២ភាគរយ។ ចំណែកគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីម៉ាក្រុង ជាប់លំដាប់ទីពីរ។ គ្រប់ភាគីនយោបាយបានបញ្ចេញប្រតិកម្មបន្ទោស លោក ម៉ាក្រុង ថា​ជា​អ្នក​ដែល​បាន​ធ្វើឱ្យ​បក្ស​ស្តាំជ្រុលនិយម​ឈ្នះ។


អាច​ចាត់​ទុក​ថា​ជា​បរាជ័យ​របស់​លោកប្រធានាធិបតី លទ្ធផល​ប៉ាន់ស្មាន​បឋម​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​គណបក្ស​ស្តាំ​ជ្រុលនិយម​ដឹកនាំ​ដោយ​លោកស្រី​ម៉ារីន ឡឺប៉ែន បាន​ឈ្នះ​នាំ​មុខ​គេ ជាមួយ​នឹង​ការ​ប្រមូល​សំឡេង​បាន​ប្រមាណ ២៣,២%។ ចំណែក​គណបក្ស​កាន់​អំណាច​វិញ បាន​ទទួល​សំឡេង​តែ ២២% ពោល​គឺ​ស្ថិត​នៅ​លំដាប់​ទីពីរ។

ជា​ការ​ភ្ញាក់ផ្អើល គណបក្ស​ដែល​មក​ឈរ​នៅ​លំដាប់​ទី​បី គឺ​គណបក្ស​បរិស្ថាន​និយម ដោយ​ប្រមូល​សំឡេង​បាន​ជាង​១២%។ ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ និង​ដែល​ពុំ​ដែល​ធ្លាប់​មាន​នរណា​គិត​ស្មាន​ដល់​សោះ។ រីឯ​គណបក្ស​ស្តាំ​និយម​របស់អតីត​ប្រធានាធិបតី​ នីកូឡា សាកូហ្ស៊ី បាន​ទទួល​បរាជ័យ​យ៉ាង​ខ្លាំង ដោយ​មាន​អ្នក​គាំទ្រ​តែ​ជាង​៨%​ប៉ុណ្ណោះ។

គណបក្ស​នយោបាយ​ចាស់ៗ បាន​ធ្លាក់​ដាំក្បាល​ចុះ សន្ទុះ​នៃ​ក្រុម​អ្នក​ស្តាំជាតិ​​ជ្រុលនិយម​ កើន​ឡើង​គ្រប់​ប្រទេស​ជា​សមាជិកសហភាព​អឺរ៉ុប។ នៅ​ហុងគ្រី​ បើ​តាម​លទ្ធផល​បឋម គណបក្ស​កាន់​អំណាច​ បែប​ជ្រុលនិយម បាន​ឈ្នះ​នាំ​មុខ​ដល់​ទៅ ៥៦%។ ប្រទេស​ស៊ុយអែត នៅ​ប៉ែក​ខាង​ជើងអឺរ៉ុប គណបក្ស​ស្តាំ​និយម​ជ្រុល​ មិន​បាន​នាំ​មុខ​គេ​មែន តែ​បាន​ឡើង​សំឡេង​ខ្លាំង ដល់​ទៅ ១៧%។ ជា​កើន​សំឡេង​ខ្លាំង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែរ។ ចំណែក​ប្រទេស​អាល្លឺម៉ង់​វិញ គណបក្ស​អភិរក្ស​និយម​កំពុង​កាន់​អំណាច បាន​ចុះ​ថយ​សំឡេង​ច្រើន ដោយ​ងាក​មក​ឡើងខ្លាំង​​គណបក្ស​បរិស្ថាន​និង​គណបក្ស​ជ្រុលនិយម។

ក្រៅ​អំពីលទ្ធផល​ដ៏​គួរ​ភ្ញាក់ផ្អើល​ អ្វី​ជា​ការ​កត់​សម្គាល់​ដ៏​ខ្លាំង​បន្ថែម​មួយ​ទៀត គឺការ​បោះឆ្នោត​សភា​អឺរ៉ុប​ឆ្នាំ​នេះ បាន​ទទួល​ការ​​​ចូល​រួមយ៉ាង​ច្រើន​ ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់អឺរ៉ុប។ នៅ​ប្រទេស​ប្រទេស​ពលរដ្ឋ​ប្រមាណ​៥២% បាន​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​បោះឆ្នោត ទល់​នឹង​៤២,៤៣%​កាលពី​សម័យ​បោះឆ្នោត​ឆ្នាំ​២០១៤ និង​តែ​៤០,៤៣% កាលពី​ឆ្នាំ​២០០៩។ សឹងអាចចាត់ទុក​បាន​ថា​ជា​អត្រា​ប្រវត្តិសាស្ត្រ ព្រោះ​ការ​បោះឆ្នោត​សភា​អឺរ៉ុប ល្បី​ខាង​ទទួល​ចំណាប់​អារម្មណ៍ទាប ចំនួន​អ្នក​អវត្តមាន​ខ្ពស់​ដល់​កំពូល​បើ​ប្រៀប​ទៅ​នឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។ ប៉ុន្តែ​នៅ​លើក​នេះ ចំនួន​អ្នក​អវត្តមាន​បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​អឺរ៉ុប។ ពលរដ្ឋ​នៅ​គ្រប់​ប្រទេសក្នុង​​សហភាព​​ បាន​ភ្ញាក់​រលឹក​ទៅ​បោះឆ្នោត​ក្នុង​កំរិត​ជាង​៥០% ពោល​គឺ​ជាអត្រា​​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​២៥​ឆ្នាំ​មក។ អត្រា​អ្នក​ចូល​រួម​ខ្ពស់​បំផុត ឡើង​ដល់​៥៤% នៅ​ឆ្នាំ​១៩៩៤៕