តើសភាអឺរ៉ុបថ្មីនឹងមានមុខមាត់យ៉ាងដូចម្តេច ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៨
ការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ ២០១៩នេះ បាននាំមកនូវភាពភ្ញាក់ផ្អើលច្រើន ! ដំបូងគឺចំនួនអ្នកចូលរួមបោះឆ្នោតបានកើនខ្ពស់ ដល់ជាង៥០% ខុសពីព្រួយបារម្ភរបស់អ្នកព្យាករ។ អ្នកចូលរួមច្រើន លទ្ធផលក៏អាចប្រែប្រួលច្រើន ប៉ុន្តែដូចអ្វីដែលគេរង់ចាំ លទ្ធផលឆ្នោតបានបង្ហាញថា គណបក្សធំៗមានប្រវត្តិតាំងយូរយារបានចុះខ្សោយបាត់បង់សំឡេងនៅក្នុងសភាមែន។ ឯបក្សដែលមានចរន្តប្រឆាំងអឺរ៉ុបបានកើនឡើង។ ដោយមិននឹងស្មានដល់ ក្រុមអ្នកបរិស្ថាននិយម បានក្លាយជាចរន្តនយោបាយកាន់តែរឹងមាំនៅក្នុងសភា។ ជាមួយនឹងលទ្ធផលបែបនេះ សភាអឺរ៉ុបថ្មីនឹងមានមុខមាត់ថ្មី ទម្រង់ថ្មី ដែលមានលក្ខណៈសាំញ៉ាំជាងអាណត្តិមុនទៀត។ តំណាងរាស្ត្រអឺរ៉ុបជាប់ឆ្នោតថ្មី ទាំង៧៥១រូប នឹងចាប់ចូលបំពេញតួនាទីចាប់ពីថ្ងៃទី ២កក្កដាទៅ។
ការបោះឆ្នោតសភាឆ្នាំ២០១៩នេះ បានប្រែប្រួលមុខមាត់ថ្មីឱ្យសភាអឺរ៉ុប។
លទ្ធផលឆ្នោតបានបង្ហាញថា គណបក្សប្រជាជនអឺរ៉ុប (PPE) ដែលជាក្រុមបក្សនយោបាយអភិរក្សនិយម បក្សធំៗមានប្រវត្តិតាំងពីយូរយារ ឬហៅយ៉ាងខ្លីថា ក្រុមគណបក្សស្តាំនិយមគាំទ្រអឺរ៉ុប ដែលមានកម្លាំងនយោបាយដ៏ខ្លាំងជាងគេ នៅតែជាចរន្តនយោបាយលំដាប់ទីមួយប្រចាំសភាអឺរ៉ុបថ្មីដដែល ប៉ុន្តែមានអាសនៈតិចជាងមុន។ សម្រាប់អាណត្តិថ្មី ២០១៩-២០២៤ ក្រុមនេះមានអាសនៈតែ១៧៩ទេ ទល់នឹង២១៧កាលពីអាណត្តិមុន។ ចំណែកគណបក្សឆ្វេងនិយម ឬគណបក្សសង្គមប្រជាធិបតេយ្យអឺរ៉ុប នៅរក្សាអាសនៈបានតែ១៥០កៅអី ទល់នឹង១៨៩អាសនៈក្នុងសភាចាស់។ បានន័យថាក្រុមគណបក្សធំៗ ម្ខាងឆ្វេងម្ខាងស្តាំនិយម ដែលធ្លាប់តែនាំមុខគេទាំងពីរ នៅក្នុងសភាអឺរ៉ុប តាំងពីដើមមក បានស្គាល់បរាជ័យយ៉ាងធ្ងន់ធ្ងរនៅលើកនេះ ដោយបក្សទាំងពីរនេះលែងមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា អាណត្តិថ្មី!
ស្ថានភាពបែបនេះ ពុំធ្លាប់កើតមានទេនៅក្នុងសភាអឺរ៉ុបពីមុន និងបានជំរុញឱ្យពួកគេត្រូវផ្សំ និងចងសម្ព័ន្ធថ្មីជាមួយក្រុមនយោបាយដែលជាអ្នកឈ្នះខ្លាំងក្នុងសម័យបោះឆ្នោតសភាអឺរ៉ុបម្សិលមិញនេះ នោះគឺក្រុមបៃតង (អ្នកបរិស្ថាននិយម) ដែលបានឈ្នះថែមបានអាសនៈ២០បន្ថែមទៀត នៅលើកនេះឱ្យឡើងដល់ជិត៧០កៅអី និងពិសេសគឺក្រុមសេរីនិយម ដែលដណ្តើមបានកៅអីជាង៤០បន្ថែមទៀតនៅក្នុងការបោះឆ្នោតនេះ (១០៧អាសនៈ) ក្រុមអ្នកសេរីនិយមនេះ បានទទួលជោគជ័យខ្លាំង គឺដោយសារតែគណបក្សរបស់លោកប្រធានាធិបតីបារាំងម៉ាក្រុង។ នៅក្នុងប្រទេសបារាំង គណបក្សលោកធ្លាក់មកនៅលំដាប់ទីពីរមែន តែក្រុមអ្នកសេរីនិយមបានឡើងសំឡេង និងក្លាយទៅជាចរន្តនយោបាយទីបី នៅក្នុងសភាអឺរ៉ុបអាណត្តិថ្មី។
ជាចុងក្រោយ ថ្វីបើនៅបារាំង នៅអ៊ីតាលី នៅហុងគ្រី គណបក្សស្តាំជ្រុលនិយម បាននាំមុខគេ លំដាប់ទីមួយ និងអាចចាប់ដៃគ្នាផ្តុំកម្លាំងជាធ្លុងមួយ ដើម្បីឱ្យមានសំឡេងកាន់តែខ្លាំងនៅក្នុងសភាមែន ប៉ុន្តែបើគិតថា្នក់អឺរ៉ុប ចរន្តនយោបាយប្រជានិយម ប្រឆាំងអឺរ៉ុប ឬស្អប់ខ្ពើមអឺរ៉ុបនេះ មានសន្ទុះតិចជាង ការព្យាករនិងការគិតព្រួយបារម្ភមុនពេលបោះឆ្នោតទេ។ ជាសរុបក្រុមគណបក្សជាតិនិយមជ្រុលអឺរ៉ុប មានអាសនៈ សរុប ១៧២ ទល់នឹង១៥៥កាលពីសភាចាស់ ក្នុងចំណោមអាសនៈសរុបទាំង៧៥១របស់សភាអឺរ៉ុបប៉ុណ្ណោះ។
សម្ព័ន្ធភាពបីបួនត្រួត
ថ្វីបើចង្កោមគ្រួសារអ្នកគាំទ្រអឺរ៉ុប មានសំឡេងភាគច្រើននៅសភាមែន ប៉ុន្តែសំឡេងបានបែកខ្ញែកពិបាកចងសម្ព័ន្ធភាពក្រុមណាស់។ នៅក្នុងចំណោមក្រុមនយោបាយធំបួនដំបូង របស់សភាអឺរ៉ុបថ្មី គ្មានក្រុមណាមួយអាចប្រមូលសំឡេងភាគច្រើនដាច់ខាត ដោយមិនចងសម្ព័ន្ធជាមួយក្រុមបីផ្សេងទៀតឡើយ !
ទម្រង់បែបនេះ ពិតមានទម្ងន់ខ្លាំង លើការរៀបចំកិច្ចការនយោបាយ ដោយឈរលើគោលការណ៍សម្របសម្រួលគ្នា ដែលអឺរ៉ុបតែងតែប្រកាន់ខ្ជាប់ជានិរន្តមក។ ភាពស្មុគស្មាញដែលសភាអឺរ៉ុបត្រូវប្រឈមមុនគេ និងក្នុងពេលដ៏ខ្លីៗខាងមុខនេះ គឺការជ្រើសរើសសមាសភាពគណៈកម្មការអឺរ៉ុប។ គណៈកម្មការដែលអាចកើតជារូបរាងមានមេមានកើយ ដោយឆ្លងកាត់ការបោះឆ្នោតអនុម័តពីសភា។
ប្រធានគណៈកម្មការអឺរ៉ុបថ្មី
ពេលនេះមានបេក្ខជនបីរូបកំពុងប្រកួតប្រជែងគ្នាយកតំណែងប្រធានគណៈកម្មការអឺរ៉ុប ជំនួសលោក Jean –Claude Juncker។ តាមធម្មតា ប្រធានគណៈកម្មការត្រូវជ្រើសរើសចេញពី ក្រុមនយោបាយដែលមានសំឡេងនាំមុខគេនៅក្នុងសភា ពោលគឺក្រុមអ្នកស្តាំនិយមគាំទ្រអឺរ៉ុប PPE តំណាងដោយបេក្ខជននៅក្បាលបញ្ជីជាតិអាល្លឺម៉ង់ លោក Manfred Weber។
ប៉ុន្តែជាមួយលទ្ធផលឆ្នោតនៅយប់មិញ ក្រុមអ្នកស្តាំនិយមបានបាត់សំឡេង ដែលជាការបើកផ្លូវឱ្យបេក្ខជនពីរទៀតមានសង្ឃឹម។ គឺលោក Frans Timmermans ជាតិហូឡង់ មកពីបក្សសង្គមប្រជាធិបតេយ្យ ដែលជាកម្លាំងនយោបាយក្រុមទីពីរ និងលោកស្រី Margrether Vestager នៃក្រុមសម្ព័ន្ធសេរីនិយម ដែលជាកម្លាំងនយោបាយទីបីរបស់សភាអឺរ៉ុប។ បេក្ខជនទាំងបី សុទ្ធតែបានអំពាវនាវតាំងពីយប់មិញត្រៀមចងសម្ព័ន្ធភាពជាមួយអ្នកស្រលាញ់គាំទ្រអឺរ៉ុបដូចគ្នា គឺទាំង អ្នកសង្គមនិយម (ឆ្វេងនិយម) កណ្តាលនិយម និងរហូតដល់អ្នកបរិស្ថាននិយមទៀត។ ជាមួយនឹងសំឡេងប្រមាណ៧០អាសនៈ អ្នកបរិស្ថាននិយម ឬក្រុមបៃតង កំពុងក្លាយជាអ្នកសម្រេចជ្រើសរើសប្រធានគណៈកម្មការអឺរ៉ុបហើយ !
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ