អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​បោះឆ្នោតសភា​អឺរ៉ុប​និង​​គម្រោង​លុយ​អឺរ៉ូ​នៅ​១០​ឆ្នាំ​ក្រោយ​​វិបត្តិហិរញ្ញវត្ថុ​សាកល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​មក​ដល់ពេល​បច្ចុប្បន្ន ដែល​ការបោះឆ្នោតសភាអឺរ៉ុបឈាន​មកដល់ ​ក្នុង​ខែ​ឧសភានេះ វា​មាន​រយៈពេល​ជាង២០ឆ្នាំ​មក​ហើយ ដែលតំបន់ចាយលុយអឺរ៉ូ ត្រូវ​បាន​​បង្កើតឡើង ហើយ​វា​ក៏មាន​រយៈពេល​ជាង​១០ឆ្នាំផងដែរ គិតត្រឹមក្រោយ​វិបត្តិហិរញ្ញវត្ថុ​សាកល​​​កាល​ពី​​ឆ្នាំ​​២០០៩។​ ទោះជាយ៉ាងណា​ ការ​កែប្រែជា​មូលដ្ឋាន​​ដើម្បីស្ថាបនាធ្វើឱ្យ​ប្រសើរឡើង គម្រោង​លុយអឺរ៉ូតាមរយៈ សមាហរណកម្ម​សារពើពន្ធ ឬ សមាហរណកម្មធនាគារកណ្តាល​អឺរ៉ុប នៅតែ​ជា​បញ្ហា​ប្រឈម​ខ្វែងគំនិតគ្នា រវាងរដ្ឋសមាជិក​របស់​សហភាពអឺរ៉ុប។

ទិដ្ឋភាព​ទូទៅ​នៃ​សាល​ប្រជុំពេញ​អង្គ​អំឡុងពេលបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​នៅ​សភា​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក​ថ្ងៃ​ទី​ ២៧​ ខែ​ឧសភា​ឆ្នាំ​ ២០១៩​
ទិដ្ឋភាព​ទូទៅ​នៃ​សាល​ប្រជុំពេញ​អង្គ​អំឡុងពេលបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​នៅ​សភា​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក​ថ្ងៃ​ទី​ ២៧​ ខែ​ឧសភា​ឆ្នាំ​ ២០១៩​ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

យោងតាមអ្នក​ជំនាញភ្នែកមុត បញ្ហាគ្រឹះដែលកំពុងកើតមាន​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ គឺថាគេ​មិនអាចមាន សមាហរណកម្មរូបិយវត្ថុ ដោយគ្មាន សមាហរណកម្ម​សារពើ​ពន្ធ បាននោះទេ។ ជាពិសេស ក្នុងសហគមដែលប្រទេស​នីមួយៗមាន​ទម្លាប់​​ខុសៗគ្នាក្នុងការចំណាយ និងសន្សំ តួយ៉ាងដូចករណីប្រទេសអាល្លឺម៉ង់ និង​ប្រទេស​ក្រិក។ ភាពដែលមិនស៊ីសង្វាក់គ្នានេះហើយបានធ្វើឱ្យប្រព័ន្ធនេះងាយ​ប្រឈម​នឹង​បញ្ហាផ្សេងៗ រួមទាំង​បញ្ហា​មិន​ចុះសម្រុង​គ្នា​លើ​ការសម្រេច ឬ​ការដាក់​ចេញគោល​នយោបាយ​ណាមួយ ហើយ​ស្ថានភាព​កាន់តែលំបាក កំឡុង​ពេល​ដែល​​​​អឺរ៉ុប​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ចសាកលតាំងពីឆ្នាំ២០០៩។

នៅដំបូង មុនគម្រោងបង្កើតតំបន់ចាយលុយអឺរ៉ូ អ្នក​ជំនាញសេដ្ឋកិច្ច​យ៉ាង​ច្រើន អម​ដោយមានការគាំទ្រពីលោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យហាវើត (Harvard) លោក ម៉ាទីន ហ្វៀលស្តាញ (Martin Feldstein) បានព្រមានអំពី បញ្ហាគ្រឹះនៃលក្ខណៈខុសគ្នា រវាងបណ្ដាប្រទេសដែលជាសមាជិក។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសមាជិកទាំងអស់​ដែលបានចូល​រួម​គ្នា​បង្កើត​​តំបន់ចាយលុយអឺរ៉ូ ក្នុងឆ្នាំ១៩៩៩ ក៏ដូចជាពលរដ្ឋដែលបាន​បោះឆ្នោត​គាំទ្រ​​គម្រោងនេះ មិនបានត្រៀមខ្លួនឲ្យរួចរាល់នោះទេ ក្នុងការទទួលយក​សមាហរណកម្មសារពើពន្ធដែលនឹងតម្រូវឱ្យប្រទេសនីមួយៗត្រូវលះបង់អធិបតេយ្យភាពរបស់ខ្លួន។ ទីបញ្ចប់ ជម្រើសនៃការដាក់ឱ្យដំណើរការគម្រោងចាយលុយអឺរ៉ូ បានឆ្លុះបញ្ចាំង​ពី​ទំនុកចិត្តមួយដែលពួកគេជឿថា អឺរ៉ុបមាន​ល័ក្ខខ័ណ្ឌពិសេស​គ្រប់គ្រាន់​ដើម្បី​ជំនះ​បញ្ហា​ប្រឈមទាំងឡាយ។ នេះជាការសម្រេចចិត្តបែបនយោបាយ ច្រើនជាង​សេដ្ឋកិច្ច។

នៅអាមេរិក រូបិយវត្ថុតែមួយអាចដំណើរការបានក្នុងរដ្ឋទាំង៥០ ព្រោះអាមេរិក​មាន​ធនាគារកណ្ដាលរួមមួយ និងធនាគារិកម្នាក់។ នៅពេល​រដ្ឋណាមួយ​ជួប​ប្រទះ​វិបត្តិសេដ្ឋកិច្ច រដ្ឋនោះនឹងទទួលបាន​ជំនួយ​សប្បុរស​ពី​រដ្ឋសហព័ន្ធ​ក្រោម​ទម្រង់ជា ការចំណាយសង្គម។

ចំណូលពន្ធដាររបស់រដ្ឋសហព័ន្ធដែលប្រមូលបានពីរដ្ឋនោះមិនមានទំហំគ្រប់គ្រាន់ដើម្បីចំណាយជួយគាំពាររដ្ឋនោះទេ។ ប្រសិនបើរដ្ឋនោះមិនបានទទួលជំនួយពីរដ្ឋសហព័ន្ធ រដ្ឋនោះអាច​ប្រឈម​នឹង​ឱនភាព​ថវិកាជាច្រើនឆ្នាំ។ ​ប៉ុន្តែក្នុង​សហរដ្ឋអាមេរិក​ស្ថានភាព​នេះ​អាច​​ស្ថិតស្ថេរ​ឡើង​វិញដោយសារគ្មានរដ្ឋណាមួយដែលមិនជួយគ្នានោះទេ។ 

ពលរដ្ឋក្នុងរដ្ឋនោះត្រូវបានចាត់ទុកជាពលរដ្ឋអាមេរិកទាំងមូល ហើយ​ពលរដ្ឋ​រស់​ក្នុង​រដ្ឋផ្សេងទៀតក៏មិនរំពឹងថា នឹងបានថវិកានោះត្រលប់មកវិញទេ។ វាជាជំនួយមួយដ៏មានប្រសិទ្ធភាព។

ករណីមួយផ្សេងទៀតសម្រាប់អឺរ៉ុបពីមុនពួកគេបានទទួលយកគម្រោងចាយលុយអឺរ៉ូ ប្រទេសសមាជិកនីមួយៗមានរដ្ឋមន្ត្រីហិរញ្ញវត្ថុម្នាក់ និងគ្រប់គ្រង​រូបិយវត្ថុ​ជាតិ​រៀងៗ​ខ្លួន។ ក្រោមប្រព័ន្ធបែបនេះ ដរាបណាប្រទេស​មួយ​ប្រឈម​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច​ ប្រទេសនោះអាចអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ខ្លួនបាន ព្រោះ​ប្រទេស​មួយនោះមានសិទ្ធិសេរីភាពពីចំណងនៃរូបិយវត្ថុរួមគ្នា។

នយោបាយរូបិយវត្ថុទាំងនោះរួមមាន ការបង្កើនសាច់ប្រាក់ក្នុងសេដ្ឋកិច្ច  ជាអ្វី​ដែល​​អាមេរិកហៅថានយោបាយ “Quantitative Easing” និងការ​បញ្ចុះ​តម្លៃ​រូបិយវត្ថុរបស់ខ្លួនដើម្បីបង្កើនការនាំចេញឱ្យកាន់តែច្រើន។

ប៉ុន្តែគោលនយោបាយទាំងនេះត្រូវបានបោះបង់ចោលដោយបណ្ដាប្រទេសជាសមាជិកទាំងអស់ ជាថ្នូរនឹងការទទួលយក សហគមន៍រូបិយវត្ថុរួម។ បន្ថែមពីលើនេះ ពួកគេបាន​ធ្វើ​ដូច​​នេះ ដោយមិនបានធានាថា សហគមន៍​ត្រូវមាន​គម្រោង​ជំនួយ​ថវិកា​ដែល​មាន​ទម្រង់ដូចគ្នាទាំងប្រភេទ និងទំហំ ដើម្បីជួយសមាជិក​ណាមួយ​ដែល​បាន​ជួប​នឹង​វិបត្តិសេដ្ឋកិច្ចដូចករណីនៅអាមេរិកនោះទេ។

សរុបជារួម ​វិបត្តិហិរញ្ញវត្ថុ​សាកល​​មាន​រយៈពេល​១០ឆ្នាំមកហើយ ខណៈ​បញ្ហាគ្រឹះ​នៃ​លក្ខណៈខុសគ្នា ក្នុង​តំបន់ចាយលុយអឺរ៉ូ នៅ​តែមិន​ទាន់បានដោះស្រាយ ប្រឈម​នឹងការបោះឆ្នោតសភាអឺរ៉ុបក្នុង​ឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ