អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្វែងយល់ពីការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ ២០១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​អឺរ៉ុប​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ដល់​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា។ ក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៨ប្រទេស នៅ​សល់ ២១ប្រទេស​បាន​រៀបចំ​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា​ដូច​គ្នា ក្នុង​នោះ​មាន​បារាំង អាល្លឺម៉ង់ ឬ​ប្រទេស​អ៊ីតាលី។ ក្នុង​ចំនួន​ប្រជាជន​អឺរ៉ុប​ទាំង ៥១៣លាននាក់ មាន​អ្នក​បោះឆ្នោត​ចំនួន ៤២៧លាននាក់​ដែល​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​អឺរ៉ុប​ចំនួន ៧៥១រូប​សម្រាប់​អាណត្តិ ៥ឆ្នាំ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​រងចាំ​មើល​ជាមួយ​នឹង​ក្តីបារម្ភ គឺ​កំណើន​អត្រា​អ្នក​មិន​ទៅ​បោះឆ្នោត និង​កំណើន​ក្រុមប្រជានិយម រួម​ទាំង​ក្រុមជ្រុលនិយម​នៅ​ក្នុង​សភា​អឺរ៉ុប។

រូបភាព​នៅ​ផ្ទៃក្នុង​សភា​អឺរ៉ុប
រូបភាព​នៅ​ផ្ទៃក្នុង​សភា​អឺរ៉ុប FREDERICK FLORIN / AFP
ផ្សាយពាណិជ្ជកម្ម

ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នឹង​បញ្ជី​ឈ្មោះ​គណបក្ស​ចូលរួម​នៅ​ក្នុង​ប្រទេស​សមាជិក​នីមួយៗ មាន​ន័យ​ថា ពលរដ្ឋ​បារាំង​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​បញ្ជី​ឈ្មោះ​គណបក្ស ឬ​ចលនា​នយោបាយ​បារាំង​ក្នុង​ប្រទេស​បារាំង ពោល​មិន​អាច​ឆ្លង​ទៅ​បោះឆ្នោត​ជ្រើសរើស​បញ្ជី​ឈ្មោះ​គណបក្ស ឬ​ចលនា​នយោបាយ​នៅ​ក្នុង​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង​បាន​ទេ។ ជាមួយ​នឹង​ពលរដ្ឋ​សរុប ៥១៣លាននាក់ អឺរ៉ុប​ជា​តំបន់​ដែល​មាន​ពលរដ្ឋ​ច្រើន​លំដាប់​ទី៣​ក្នុង​លោក​ស្ថិត​នៅ​មុខ​អាមេរិក តែ​នៅ​ក្រោយ​ចិន និង​ប្រទេស​ឥណ្ឌា។

អឺរ៉ុប​បាន​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​បែប​សមាមាត្រ មាន​ន័យ​ថា ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បញ្ជី​ឈ្មោះ​គណបក្ស ឬ​ចលនា​នយោបាយ ពោល​មិនមែន​បោះឆ្នោត​ឲ្យ​បេក្ខជន ឬ​បេក្ខនារី​ណា​ដោយ​ផ្ទាល់​ទេ ទោះ​បី​ជា​នៅ​ក្នុង​បញ្ជី​នីមួយៗ​មាន​សរសេរ​ឈ្មោះ​បេក្ខជន ឬ​បេក្ខនារី​ក៏​ដោយ។ ជាក់ស្តែង​ក្នុង​ប្រទេស​បារាំង មាន​បញ្ជី​ឈ្មោះ​គណបក្ស ឬ​ចលនា​នយោបាយ​ចំនួន ៣៣ខុស​គ្នា ហើយ​ក្នុង​បញ្ជី​នីមួយៗ​មាន​សរសេរ​ឈ្មោះ​បេក្ខជន​ចំនួន ៧៩រូប។ ពលរដ្ឋ​អឺរ៉ុប​ទាំង ២៨ប្រទេស​សមាជិក​ត្រូវ​ជ្រើសរើស​តំណាងរាស្រ្ត​អឺរ៉ុប​ថ្មី​ចំនួន ៧៥១រូប។ តែ​ចំនួន​តំណាងរាស្រ្ត​អឺរ៉ុប​មក​ពី​ប្រទេស​សមាជិក​នីមួយៗ​មាន​តិច ឬ​ច្រើន គឺ​ផ្អែក​លើ​​ចំនួន​ពលរដ្ឋ​របស់​ប្រទេស​សមាជិក​នោះ មាន​ន័យ​ថា ប្រទេស​សមាជិក​ដែល​មាន​ពលរដ្ឋ​ច្រើន​នឹង​ទទួល​បាន​អសនៈ​សភា​អឺរ៉ុប​ច្រើន។

ជាក់ស្តែង អាល្លឺម៉ង់​ត្រូវ​ជ្រើសរើស​តំណាងរាស្រ្ត​អឺរ៉ុប​ចំនួន ៩៦នាក់ បារាំង​ចំនួន ៧៤នាក់ ចំណែក​ប្រទេស​ម៉ាល់​មាន​តែ ៦នាក់​ប៉ុណ្ណោះ។ ទាក់ទង​នឹង​លទ្ធផល​វិញ ទោះ​បី​ជា​មាន ៧ប្រទេស​បាន​បោះ​មុន និង ២១ប្រទេស​ទើប​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា​នេះ​ក៏​ដោយ ក៏​លទ្ធផល​នឹង​ត្រូវ​ប្រកាស​សរុប​នា​យប់​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា​នេះ​ទាំង​អស់​គ្នា។ ករណី​ប្រទេស​បារាំង​ដែល​មាន​បញ្ជី​ឈ្មោះ​គណបក្ស ឬ​ចលនា​នយោបាយ​ចំនួន ៣៣ បើ​គណបក្ស ឬ​ចលនា​ណា​ទទួល​បាន​សំឡេង​គាំទ្រ​តិច​ជាង ៥% គណបក្ស ឬ​ចលនា​នោះ​នឹង​ត្រូវ​ផាត់​ចោល ពោល​មិន​អាច​ចូលរួម​នៅ​ក្នុង​ការ​ចែក​អសនៈ​ចំនួន ៧៤អសនៈ​របស់​បារាំង​នៅ​សភា​អឺរ៉ុប​បាន​ទេ។

ប្រទេស​សមាជិក​នីមួយៗ​ជា​អ្នក​កំណត់​ច្បាប់​បោះឆ្នោត​រៀងៗ​ខ្លួន

ប្រទេស​សមាជិក​នីមួយៗ​ជា​អ្នក​កំណត់​ច្បាប់​បោះឆ្នោត​រៀងៗ​ខ្លួន ដោយ​ប្រទេស​សមាជិក​ខ្លះ​ចាត់​ទុក​ការ​បោះឆ្នោត​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ម្នាក់ៗ​ដោយ​មិន​អាច​ខ្វះ​បាន ហើយ​ប្រទេស​សមាជិក​ខ្លះ​ទៀត​មិន​បាន​កំណត់​យក​ច្បាប់​មួយ​នេះ​ទេ។ ក្នុង​ឆ្នាំ ១៩៧៩ ការ​បោះឆ្នោត​ជា​កាតព្វកិច្ច​នៅ​ក្នុង​ប្រទេស​សមាជិក​អឺរ៉ុប​ចំនួន ៣ ក្នុង​ចំណោម ៩ប្រទេស​សមាជិក​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប គឺ​អ៊ីតាលី បែលហ្ស៊ិក និង​ប្រទេស​លុចសំបួ។ តែ​ប្រទេស​អ៊ីតាលី​បាន​ទម្លាក់​ចោល​កាតព្វកិច្ច​មួយ​នេះ​វិញ​ក្នុង​ឆ្នាំ ១៩៩០។ សម្រាប់​ការ​បោះឆ្នោត​សភា​អឺរ៉ុប​ឆ្នាំ ២០១៩ មាន​ប្រទេស​សមាជិក​ចំនួន ៥ បាន​អនុវត្ត​លើ​កាតព្វកិច្ច​បោះឆ្នោត គឺ​បែលហ្ស៊ិក ក្រិច ប៊ុលហ្ការី ស្ហ៊ីប និង​ប្រទេស​លុចសំបួ។

និយាយ​ពី​អាយុ​ដែល​អាច​ចូលរួម​បោះឆ្នោត​បាន​វិញ​ក៏​វា​អាស្រ័យ​លើ​ការ​កំណត់​របស់​ប្រទេស​សមាជិក​នីមួយៗ​ដែរ។ តែ​ប្រទេស​សមាជិក​អឺរ៉ុប​ភាគច្រើន​បាន​កំណត់​អាយុ​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ​ទើប​អាច​ចូលរួម​បោះឆ្នោត​បាន។ លើកលែង​តែ ៣ប្រទេស គឺ​ក្រិច​ចាប់​ពី​អាយុ ១៧ឆ្នាំ​ទៅ ហើយ​ម៉ាល់ និង​អូទ្រីស​ចាប់​ពី​អាយុ ១៦ឆ្នាំ។ ទាក់ទង​នឹង​អាយុ​បេក្ខជន​ដែល​អាច​ឈរ​ឈ្មោះ​បាន គឺ​មាន ១៥ប្រទេស​សមាជិក ក្នុង​នោះ​មាន​បារាំង និង​អាល្លឺម៉ង់​បាន​កំណត់​អាយុ​ចាប់​ពី ១៨ឆ្នាំ។ មាន ១០ប្រទេស​ក្នុង​នោះ​មាន​ប៉ូឡូញ និង​សាធារណរដ្ឋ​ឆែក​បាន​កំណត់​អាយុ​ចាប់​ពី ២១ឆ្នាំ​ទៅ។ ចំណែក​៣ប្រទេស​សមាជិក គឺ​រូម៉ានី​បាន​កំណត់​អាយុ​ចាប់​ពី ២៣ឆ្នាំ​ទៅ ហើយ​អ៊ីតាលី និង​ក្រិច​ចាប់​ពី ២៥ឆ្នាំ​ទៅ​ទើប​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​បាន។

ក្រុម​អ្នកតំណាងរាស្រ្ត​អឺរ៉ុប​បែងចែក​ជា ៨ក្រុម​តាម​ពណ៌សម្បុរ​នយោបាយ

បច្ចុប្បន្ន​នេះ ក្រុមអ្នកតំណាងរាស្រ្ត​អឺរ៉ុប​ទាំង ៧៥១នាក់​ត្រូវ​បាន​បែង​ចែក​ជា ៨ក្រុម​ខុស​គ្នា​នៅ​ក្នុង​សភា​អឺរ៉ុប​ដោយ​ផ្អែក​លើ​មនោគមវិជ្ជា និង​ពណ៌សម្បុរ​នយោបាយ​របស់​ពួក​គេ ពោល​មិនមែន​ផ្អែក​លើ​សញ្ជាតិ​របស់​ពួក​គេ​ទេ។ ៨ក្រុម​នោះ​មាន​ទី១ គឺ​ក្រុមស្តាំនិយម​គាំទ្រ​អឺរ៉ុប​ដែល​ជា​កម្លាំងខ្លាំង​ជាង​គេ​នៅ​ក្នុង​សភា​អឺរ៉ុប​មាន​សមាជិក​ចំនួន ២១៧នាក់ ទី២ គឺ​ក្រុមសង្គម ប្រជាធិបតេយ្យ​ដែល​មាន​សមាជិក​ចំនួន ១៨៦នាក់ ទី៣ គឺ​ក្រុមស្តាំនិយម​ប្រឆាំង​អឺរ៉ុប​ដែល​មាន​សមាជិក​ចំនួន ៧៦នាក់ ទី៤ គឺ​ក្រុមសេរីនិយម​ដែល​មាន​សមាជិក​ចំនួន ៦៨នាក់ ទី៥ គឺ​ក្រុម​បៃតង​ដែល​មាន​សមាជិក​ចំនួន ៥២នាក់ ទី៦ គឺ​ក្រុម​ឆ្វេងនិយម​ដាច់ខាត​ដែល​រួមកម្លាំង​ជាមួយ​ក្រុមបៃតង ទី៧ គឺ​ក្រុម​ស្អប់ខ្ពើមអឺរ៉ុប និង​ក្រុម​ប្រជានិយម​ដែល​មាន​សមាជិក​ចំនួន ៤១នាក់ និង​ក្រុមទី៨ គឺ​ក្រុម​ស្តាំនិយមជ្រុល​ដែល​មាន​សមាជិក​ចំនួន ៣៧នាក់។

ទន្ទឹម​នឹង​ការ​បែងចែក​ជា ៨ក្រុម នៅ​សល់​តំណាងរាស្រ្ត​ចំនួន ២១រូប​ទៀត​ដែល​គ្មាន​ស្ថិត​ក្នុង​ក្រុម​ណា​មួយ​ឡើយ។ និយាយ​ពី​ក្រុម​ដែល​មាន​អំណាច និង​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​អឺរ៉ុប​វិញ​ក៏​មិន​សូវ​ខុស​គ្នា​នៅ​ក្នុង​សភា​របស់​ប្រទេស​សមាជិក​មួយ​ចំនួន​ទេ ពោល​ជា​ការ​ចែក​អំណាច​គ្នា​កាន់​រវាង​ក្រុម​ស្តាំនិយម និង​ក្រុម​ឆ្វេងនិយម​តាំង​ពី​ឆ្នាំ ១៩៧៩។ តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ និង​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អឺរ៉ុប​ពេល​នេះ គឺ​កំណើន​សម្លេង​របស់​ក្រុម​ប្រជានិយម និង​ក្រុមស្តាំនិយមជ្រុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ