rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

មហោស្រពភាពយន្តកាន២០១៩ មហោស្រពភាពយន្តកាន សង្គម សិល្បៈ ភាពយន្ត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រឿង​ Les misérables ទទួល​បានការកោតសរសើរ​ច្រើន នៅ​មហោស្រពអន្តរជាតិ​កាន

media
រឿង "Les Miserables" ដឹកនាំដោយ​សមិទ្ធិករ បារាំង លោក Ladj Ly ស្ថិតក្នុង​ចំណោម​ខ្សែភាពយន្ត​ដែល​ត្រូវ​ប្រជែង​សម្រាប់រង្វាន់តាល់ប័ត្រ​មាស របស់មហោស្រព​កានលើកទី ៧២ ©festival-cannes

នៅថ្ងៃទី​១៥​ឧសភា មហោស្រពភាពយន្ត​អន្តរជាតិ​កានលើកទី ៧២ ឈាន​ចូល​ដល់​ថ្ងៃទី​២។ បន្ទាប់ពីរឿង​ខ្មោច​ឆៅ​Zombie​  សម្ភារៈនិយម របស់​សមិទ្ធិករ​អាមេរិកាំង Jim Jarmusch អ្នករៀបចំ​មហោស្រព​បាន​ជ្រើសរើស​ប្រធាន​បទស្តីពី​បញ្ហា​សង្គម​នៅក្នុង​ប្រទេស​បារាំង។ ​រឿង Les misérables របស់​សមិទ្ធិករ​បារាំង លោក Ladj Ly​ ត្រូវ​បាន​​ចាក់បញ្ចាំង នៅល្ងាច​ម្សិលមិញ និង​បាន​ទទួល​ការស្ញើចសរសើរ​ពី​ទស្សនិកជន។ យើង​ស្តាប់​សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន។

 


មហោស្រពភាពយន្ត​កាន ដូរ​សាច់រឿង ប៉ុន្តែ មិន​ដូរ​ប្រធាន​បទ​នោះទេ​។ ​រឿង The dead don’t die ជារឿង​ដែល​និយាយ​ពី​ខ្មោចឆៅ​មែនហើយ ចំណែក ​រឿង Les misérables ដែល​មាន​ន័យថា អ្នកដែល​វេទនា និយាយ​ពី​មនុស្ស រស់នៅ​ក្នុង​សង្កាត់​ក្រីក្រ ប៉ុន្តែ រឿង​ទាំងពីរ ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​នៅក្នុង​សង្គមសព្វថ្ងៃ ដូចគ្នា នោះ គឺ​សម្ភារៈនិយម អំពើអយុត្តិធម៌ ការរើសអើង អំពើ​ពុករលួយ បក្សពួក ហើយ​និង​គ្រឿងញៀន។

នៅក្នុង​សាច់រឿង Les misérables ប៉ូលិស Stéphane ទើប​ប្តូរ​ពីកន្លែង​ធ្វើការ​នៅ​​ខេត្ត​ភាគខាងជើង​បារាំង ទៅនៅក្នុង​​ក្រុម​ប៉ូលិស​ប្រឆាំង​ឧក្រិដ្ឋកម្ម នៅតំបន់​93 ​ជាយក្រុង​ប៉ារីស​ដែល​ល្បីល្បាញ​ខាងសំបូរឧក្រិដ្ឋកម្ម ក្រុមម៉ាហ្វីយ៉ា ក្មេងពាលាអាវ៉ាសែ និង​ក្រុមជួញដូរ​គ្រឿងញៀន។ នៅក្នុង​រយៈពេល​មួយថ្ងៃ​ដំបូង ប៉ូលិសមកពី ខេត្ត Stéphane បាន​ប្រទះ​នឹង​ព្រឹត្តិការណ៍​ដ៏រន្ធត់​មួយ នៅក្នុង​ដំណើរល្បាត​នៅក្នុង​សង្កាត់​ដែល​​ច្បាប់​ទាំងឡាយ​កំណត់​ឡើង​ដោយ​ក្រុមម៉ាហ្វីយ៉ា និង​ក្រុមបងធំ។ ការរំលោភអំណាច​ ប្រើកម្លាំង​ច្រើនជ្រុល​របស់​ប៉ូលិស​បានធ្វើ​ឲ្យ​របួស​កុមារ​ម្នាក់ ដែល​រពិសដៃ ចូលលួច​កូនតោ​ពីក្រុម​សៀក ជើងកាង។ ដោយសារ​តែការធ្វើបាប​របស់​ប៉ូលិស ក្រុមបងធំ​នៅ​ក្នុង​​សង្កាត់ ដែល​ពាក់បិទមុខ​នឹង​ក្រណាត់ខ្មៅ បានចូលដៃ លើក​គ្នា​បះបោរ ​សងសឹក​នឹង​​ប៉ូលិស​​ទាំងបីនាក់ ដែល​មានម្នាក់ ជា​ប៉ូលិស​ខេត្ត  Stéphane។

នៅឈុតឆាក​ចុងក្រោយ​ដែល​ជាការ​ប្រឈមមុខខ្លាំង​ រវាង​ប៉ូលិស និង​ក្មេងៗ​ក្នុង​សង្កាត់ ប៉ូលិស Stéphane នៅទីបំផុត​ ដែលមាន​សណ្តានចិត្ត​មិន​អាក្រក់ និង​​ធ្លាប់​ជួយ​លាងមុខ​របួសឲ្យ​ ​កុមារចោរ បាន​បង្អាក់ចិត្ត​​របស់​កុមារ​ចោរ ដែល​ជា​​មេបះបោ មិន​ឲ្យ​​គប់ដបភ្លើង​សាំង  សម្លាប់​ប៉ូលិស​ទាំង៣នាក់។

នៅ​ចុងបញ្ចប់​សាច់រឿង ឃ្លា​មួយប្រយោគ​របស់​អ្នកនិពន្ធ បារាំងដ៏ល្បី គឺ​លោកVictor Hugo​បាន​លេចឡើង។ សម្រាប់​អ្នកនិពន្ធ គ្មាន​ស្មៅដែល​អាក្រក់ និង​មនុស្ស​ដែល​អាក្រក់ទេ គឺ​មានតែ​អ្នកដាំ​ដែល​មិនល្អ​តែប៉ុណ្ណោះ។​ 

Les misérables ជា​ចំណង​ជើង​រឿង​ប្រលោមលោក​របស់​អ្នកនិពន្ធ Victor Hugo។ ដោយ​ដាក់ចំណងជើង​ខ្សែភាពយន្ត​របស់លោក​តាម​រឿង​ប្រលោមលោក​របស់Victor Hugo ​សមិទ្ធិករ​បារាំង លោក Ladj Ly​ ចង់​បាន​បង្ហាញថា នៅ​១៥៧ឆ្នាំ​ក្រោយ រឿង​ទុក្ខ​វេទនា របស់​Victor Hugo មនុស្ស​ដែល​មានទុក្ខវេទនា រងការធ្វើបាប​ដោយ​អយុត្តិធម៌​នៅក្នុង​សង្គម នៅកើតមាន​សព្វថ្ងៃនេះ។ រឿង The dead don’t die  បង្ហាញ​ពី​ខ្មោចឆៅ Zombie​មែន ប៉ុន្តែវា​មិនបាន​ធ្វើឲ្យ​គេ​ព្រឺសំបុរ និង​រន្ធត់ចិត្ត​ដូចជា រឿង Les misérables របស់​លោក Ladj Lyនោះទេ។ តើ​រឿង Les misérables​នឹងអាច​ទទួល​បាន​រង្វាន់​តាល់ប័ត្រ​មាស របស់​មហោស្រពអន្តរជាតិ​កានដែរឬទេ? លទ្ធផល​យ៉ាងណានោះ នឹង​អាច​ឲ្យ​គេ​ដឹង នៅថ្ងៃ​ប្រកាស​លទ្ធផល​របស់​គណៈមេប្រយោគ​ នៅថ្ងៃទី​បិទបញ្ចប់​មហោស្រព នៅថ្ងៃទី ២៥​ឧសភាខាងមុខ៕