អានតួអត្ថបទ
តួកគី

តួកគី៖ឧត្តមក្រុមប្រឹក្សាបោះឆ្នោតលុបចោលលទ្ធផល និងសម្រេចឲ្យបោះឆ្នោតក្នុងក្រុងអ៊ីស្តង់ប៊ុលឡើងវិញ

នៅ​ក្នុង​ប្រទេស​តួកគី ឧត្តម​ក្រុមប្រឹក្សា​បោះឆ្នោត​បាន​លុបចោល​លទ្ធផល និង​សម្រេច​នា​ថ្ងៃ​ចន្ទ ទី៦ ឧសភា​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ចៅហ្វាយ​ក្រុង​អ៊ីស្តង់ប៊ុល​ឡើង​វិញ។ សេចក្តីសម្រេច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស AKP របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​កាល​ពី​ថ្ងៃទី៣១ មីនា​ដែល​ជោគជ័យ​បាន​ធ្លាក់​ក្នុង​ដៃ​គណបក្សប្រឆាំង​សម្រាប់​តំណែង​ចៅហ្វាយក្រុង​អង់ការ៉ា និង​អ៊ីស្តង់ប៊ុល។ លោក​អ៊ែរដូហ្កាន​បាន​សាទរ​ដោយ​ចាត់​ទុក​ការ​សម្រេច​របស់​ឧត្តម​ក្រុមប្រឹក្សា​បោះឆ្នោត​ថា​ជា​សេចក្តីសម្រេច​ដ៏​ប្រសើរ។ តែ​គណបក្សប្រឆាំង​បាន​បរិហារ​ដោយ​ចាត់​ទុក​ជា​អំពើ​ក្បត់ និង​សន្យា​មិន​បោះបង់​ចោល​ទេ។

ប្រធានាធិបតី​តួកគីលោកអ៊ែរដូហ្កាន
ប្រធានាធិបតី​តួកគីលោកអ៊ែរដូហ្កាន REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ឧត្តម​ក្រុមប្រឹក្សា​បោះឆ្នោត​បាន​លើក​យក​ហេតុផល​ណា​មួយ​ទៅ​ពន្យល់​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ក៏​ដោយ​ក៏​គេ​ហ៊ាន​និយាយ​ថា វា​ជា​ការ​បំពេញ​ចិត្ត​តាម​ការ​ទាមទារ ចង់​បាន​របស់​មនុស្សខ្លាំង​តួកគី​លោក​អ៊ែរដូហ្កាន។ លោក​អ៊ែរដូហ្កាន និង​គណបក្ស AKP របស់​លោក​ហាក់​បន្ត​មិន​សុខចិត្ត និង​មិន​អាច​ទទួល​យក​ការ​បាត់បង់​ក្រុង​អ៊ីស្តង់ប៊ុល​ដែល​បាន​ស្ថិត​ក្នុង​ដៃ AKP តាំង​ពី ២៥ឆ្នាំ​បាន​ឡើយ។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃទី៣១ មីនា​កន្លង​ទៅ តួកគី​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ដែល​គណបក្ស AKP របស់​លោក​អ៊ែរដូហ្កាន​បាន​បាត់បង់​ទីក្រុង​ធំ​ចំនួន​ពីរ គឺ​អង់ការ៉ា និង​អ៊ីស្តង់ប៊ុល។ តែ​ការ​បាត់បង់​ទីក្រុង​អ៊ីស្តង់ប៊ុល​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​បរិហារ​ពី​ការ​បន្លំ​សន្លឹកឆ្នោត និង​បាន​ទាមទារ​យ៉ាង​ទទូច​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ឡើង​វិញ។

ទីបំផុត និង​ដោយ​មិន​អាច​បន្ត​ទ្រាំទ្រ​នឹង​គំនាប​របស់​លោក​អ៊ែរដូហ្កាន​បាន ឧត្តម​ក្រុមប្រឹក្សា​បោះឆ្នោត​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​លុបចោល​លទ្ធផល និង​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នៅ​ក្រុង​អ៊ីស្តង់ប៊ុល​ឡើង​វិញ​នា​ថ្ងៃទី២៣ មិថុនា​ខាង​មុខ។ លោក​អ៊ែរដូហ្កាន​បាន​សាទរ​ដោយ​បាន​ចាត់​ទុក​ជា​សេចក្តីសម្រេច​ដ៏​ប្រសើរ។ តែ​លោក Ekrem Imamoglu ចៅហ្វាយ​ក្រុង​ថ្មី​អ៊ីស្តង់ប៊ុល​មក​ពី​គណបក្សប្រឆាំង​ដែល​ទើប​កាន់​តំណែង​បាន​ប៉ុន្មាន​សប្តាហ៍​បាន​បរិហារ​ដោយ​ចាត់​ទុក​ជា​អំពើ​ក្បត់ និង​សន្យា​មិន​បោះបង់​ចោល​ទេ។ ចំណែក​គណបក្សប្រឆាំង​របស់​លោក Imamoglu បាន​ចោទ​លោក​អ៊ែរដូហ្កាន​ថា​ជា​អ្នកចាញ់អាក្រក់ និង​បាន​ប្រើ​គ្រប់មធ្យោបាយ​ដើម្បី​គ្រប់គ្រង​ក្រុង​អ៊ីស្តង់ប៊ុល។

ប្រតិកម្ម​បរិហារ​ក៏​មាន​ពី​អន្តរជាតិ​ដោយ​ប្រមុខការទូត​អាល្លឺម៉ង់​មិន​យល់​ពី​ការ​សម្រេចចិត្ត​របស់​ឧត្តម​ក្រុមប្រឹក្សា​បោះឆ្នោត​តួកគី និង​ថា មាន​តែ​អ្នកបោះឆ្នោត​តួកគី​ទេ​ដែល​ជា​អ្នក​សម្រេច​ឲ្យ​ឥស្សរជន​ណា​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​អ៊ីស្តង់ប៊ុល។ យ៉ាង​ណា​ក៏​ដោយ លោក Ekrem Imamoglu នឹង​ត្រូវ​ចុះ​ចេញ​ពី​កៅអី​ចៅហ្វាយ​ក្រុង​អ៊ីស្តង់ប៊ុល ហើយ​ពី​ពេល​នេះ​ដល់​ថ្ងៃ​រៀបចំ​បោះឆ្នោត​ឡើង​វិញ​នៅ​ថ្ងៃទី២៣ មិថុនា​ខាង​មុខ កៅអី​ចៅហ្វាយ​ក្រុង​អ៊ីស្តង់ប៊ុល​នឹង​អង្គុយ​បណ្តោះអាសន្ន​ដោយ​ឥស្សរជន​ម្នាក់​ជ្រើសរើស​ដោយ​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ