rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បរិស្ថាន ជីវិតលើភពផែនដី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​សត្វនិង​រុក្ខជាតិ ១លាន​ប្រភេទ​ប្រឈម​នឹង​ការផុត​ពូជ

media
ខ្លារខិន ​អាច​នឹង​ចូល​ជា​ក្នុង​ចង្កោម​សត្វ​ជិត​ផុត​ពូជ REUTERS/Arnd Wiegmann

បន្ទាប់​បាន​ជួប​ប្រជុំ​អស់​ពេញ​មួយ​សប្តាហ៍ នៅ​អង្គការ​យូនីស្កូ ក្រុង​ប៉ារីស អ្នក​ជំនាញអង្គការ​សហប្រជាជាតិ​ ​និងអ្នក​​ការទូត មក​ពី​១២៣​ប្រទេស​បាន​ចេញ​ផ្សាយ​របាយការណ៍​ វាយតម្លៃ​ស្ថានភាព​ជីវចម្រុះ​ នៅ​លើ​ពិភពលោក ជា​សាធារណៈ។ បើតាម​របាយការណ៍ ជីវិត​សត្វ​និង​រុក្ខជាតិ ១លាន​ប្រភេទ​ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ និង​ក្នុង​​ល្បឿន​លឿន​ក្រៃ។ គេ​អាច​ជួយ​ធម្មជាតិ​បាន ដរាប​ណា​តែមនុស្ស​​​ប្តូរ​ផ្លាស់​ទម្លាប់​ ផលិត​និង​ទទួល​ទាន​ ឱ្យ​បាន​ស៊ីជម្រៅ។


ជា​សេចក្តី​សន្និដ្ឋាន​ដ៏​គួរ​ឱ្យ​រន្ធត់ ! របាយការណ៍​ថ្មី​ស្រឡាង​មួយ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ធម្មជាតិ​ដែល​ជា​ទីរំពឹង​របស់​មនុស្ស កំពុង​ប្រឈម​នឹង​ការ​រលត់​ផុត​ពូជ​ ល្បឿន​លឿន​​បំផុត​នៃ​ប្រវត្តិមនុស្សជាតិ។ កំរិត​នៃ​ការ​រលត់​ផុតពូជ​ លឿន​ខ្លាំង​ អាច​នឹង​បង្កឱ្យ​មាន​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជីវិត​មនុស្ស​លោក​លើ​ភព​ផែនដី។

មនុស្សលោក​​​កើន​ឡើង​ទ្វេដង​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ (៧៦០០ពាន់លាន​នាក់ នៅ​ពេល​នេះ និង​១០​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០)។ មនុស្ស​លោក​ផលិត ទទួល​ទាន ​កាន់​តែ​ច្រើន​ឡើងៗ សាច់​សត្វ សាច់​ត្រី និង​ផលិតផល​ធ្វើ​ពី​សត្វ ពី​ត្រី។ ជា​លទ្ធផល​ សកម្មភាព​របស់​មនុស្ស​ធ្វើ​ឱ្យ​ប៉ះពាល់ និង​ប្តូរ​ផ្លាស់​ធម្មជាតិ​លើ​ដី​បីភាគ​បួន ធម្មជាតិ​ក្នុង​ទឹក ពីរ​ភាគ​បី។ របៀប​រស់​នៅ​របស់​មនុស្ស ជា​ដើម​ហេតុ​នៃ​ការ​បំផ្លាញ​បរិស្ថាន​លើ​ដី​៧៥% បំផ្លាញ​បរិស្ថាន​សមុទ្ទ​៦៦%។

​ការប្រើប្រាស់​ដី (ការ​កាប់​ព្រៃ​ឈើ កសិកម្មបែប​ប្រពលវប្បកម្ម) ការ​ទាញ​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ (នេសាទ​ហួស​ហេតុ បរបាញ់ ពង្រីកនគរូបនីយកម្ម ទាញ​យក​រ៉ែ) ការបែ្រប្រួល​អាកាសធាតុ ការ​បំពុល​បរិយាកាស និង​ការរាតត្បាត​នៃ​សត្វ​និង​រុក្ខជាតិ​ចង្រៃ ជា​មូលហេតុ​ចំបង​៥​យ៉ាង​នៃ​ការ​បំផ្លាញ​ធម្មជាតិ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​៤៥០​នាក់ ដែល​សិក្សា​អស់​រយៈ​ពេល​បី​ឆ្នាំ​ មុន​ឈាន​ដល់ការ​ចេញ​ជា​របាយការណ៍​ថ្ងៃ​នេះ។

ជា​សរុប​ជីវិត​សត្វ​និង​រុក្ខជាតិ​ ប្រមាណ​ ១​លាន លើ​៨លានពូជដែល​មាន​នៅ​លើ​ភព​ផែនដី កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ដោយ​ភាគ​ច្រើន​នឹង​រលត់​បាត់​បង់​នៅ​ទសវត្សរ៍​លក្រោយ។ ការ​វាយតម្លៃ​ នៅក្នុង​របាយការណ៍នេះ​ មាន​ន័យ​ស្រប​គ្នា​ទៅ​នឹងគំនិត​​របស់​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ដែល​ថានេះ​​ការ​ផុតពូជទាំងហ្វូងៗ​​ទី​៦ និងជា​លើក​ទីមួយ ដោយ​ស្នាដៃ​​​​មនុស្ស។ ប៉ុន្តែ​មនុស្ស​ក៏​ជា​ជន​ដំបូង​គេ​ដែល​អាច​បញ្ឈប់​សកម្មភាព​ហិនហោច​​ផុតពូជបាន ប្រសិន​បើ​យើង​ប្តូរផ្លាស់​សកម្មភាព​ភ្លាម​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។

​រៀប​ចំឡើង​យ៉ាង​ផ្ចិតផ្ចង់ ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍ នេះ​ជា​របាយការណ៍​ប្រវត្តិសាស្ត្រ ប្រសូត​ចេញ​ពី​ការ​ងារ​របស់​ប្រទេស​ទាំង​១៣២​ ដែលមាន​ន័យ​ជា​ការ​ទទួល​​ស្គាល់​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន។ របាយការណ៍​ចេញ​ហើយ ឥលូវ​ដល់​ពេល​​ត្រូវ​ចាប់​អនុវត្តម្តង ​ !