rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី បារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តួកគី-បារាំង៖​លោកអ៊ែរដូហ្កាន​ដំឡើង​សម្លេង​ខ្លាំងៗ​ដាក់​លោក​ម៉ាក្រុង​ក្នុង​រឿង​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី

media
ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន Reuters/路透社

ប្រទេស​តួកគី​បាន​ដំឡើង​សម្លេង​ខ្លាំងៗ​ជា​ថ្មី​ដាក់​ប្រទេស​បារាំង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី​កាល​ពី ១០៤ឆ្នាំ​មុន។ ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​គណបក្ស​នា​ថ្ងៃ​សៅរ៍ ទី២៧ មេសា ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​មិន​ញញើត​នឹង​វាយប្រហារ​ត្រង់​លើ​សមភាគី​បារាំង​លោក​ម៉ាក្រុង។ លោក​អ៊ែរដូហ្កាន​មិន​សប្បាយចិត្ត​នឹង​លោក​ម៉ាក្រុង​ដែល​បាន​សម្រេច​កំណត់​យក​ថ្ងៃទី២៤ មេសា ​ជា​ទិវាជាតិ​ដើម្បី​ចូលរួម​រម្លឹក​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី។ គួរ​រម្លឹក​ថា​នៅ ១០៤ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី២៤ មេសា ឆ្នាំ ១៩១៥ មាន​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​លើ​ជនជាតិ​អាមេនី​ពី ១ ២០០ ០០០ ទៅ ១ ៥០០ ០០០នាក់​ពី​សំណាក់​រដ្ឋអំណាច​តួកគី។ តែ​តួកគី​បាន និង​កំពុង​បន្ត​បដិសេធ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​មក​ដល់​សព្វថ្ងៃ។


នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​ប្រហែល​ជា​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែរ​ដែល​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​វាយប្រហារ​ដោយ​សម្តី​ខ្លាំងៗ​ដាក់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង។ « បញ្ជូន​សារ​ទៅ​កាន់​ប្រជាជន​អាមេនី​ចំនួន ៧០០ ០០០នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​បារាំង​នឹង​មិន​អាច​ជួយ​ស្រោចស្រង់​ឯង​បាន​ឡើយ លោក​ម៉ាក្រុង » នេះ​ជា​សម្តី​ដែល​លោក​អ៊ែរដូហ្កាន​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​គណបក្ស​របស់​លោក​នៅ​តំបន់​ប៉ែក​ខាង​ជើង​ទីក្រុង​អង់ការ៉ា​នា​ថ្ងៃ​សៅរ៍ ទី២៧ មេសា។ មនុស្ស​ខ្លាំង​តួកគី​រូប​នេះ​ដដែល​ថែម​ទាំង​បាន​ប្រៀនប្រដៅ​លោក​ម៉ាក្រុង​ឲ្យ​ធ្វើ​ជា​មនុស្ស​មាន​គុណធម៌​ក្នុង​រឿង​នយោបាយ និង​ថា បើ​លោក​ម៉ាក្រុង​មិនមែន​ជា​មនុស្ស​របៀប​នេះ​ទេ នោះ​លោក​ម៉ាក្រុង​នឹង​មិន​អាច​ទទួល​ជោគជ័យ​បាន​ឡើយ។

លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ថា លោក​ក៏​ធ្លាប់​បាន​និយាយ​រឿង​ដដែល​នេះ​ប្រាប់​លោក​ម៉ាក្រុង​ដោយ​ផ្ទាល់​អស់​ច្រើន​ដង​មក​ហើយ។ ប្រតិកម្ម​ក្តៅក្រហាយ​របស់​លោក​អ៊ែរដូហ្កាន​ពេល​នេះ​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​លោក​ម៉ាក្រុង​បាន​សម្រេច​លើកទី១ ក្នុង​ឆ្នាំ ២០១៩ ដោយ​កំណត់​យក​ថ្ងៃទី២៤ មេសា​ជា​ទិវាជាតិ​ដើម្បី​ចូលរួម​រម្លឹក​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី។ ក្រៅ​ពី​បារាំង នៅ​មាន​ប្រទេស​ប្រមាណ​ចំនួន ៣០ និង​សហគម​អ្នកប្រវត្តិសាស្រ្ត​ក៏​បាន​ទទួល​ស្គាល់ និង​កំណត់​យក​ថ្ងៃ​ដូច​គ្នា​នេះ​ដែរ។ គួរ​រម្លឹក​ថា​កាល​ថ្ងៃទី២៤ មេសា ឆ្នាំ ១៩១៥ មាន​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​លើ​ជនជាតិ​អាមេនី​ពី ១ ២០០ ០០០ ទៅ ១ ៥០០ ០០០នាក់​ពី​សំណាក់​រដ្ឋអំណាច​តួកគី។ តែ​តួកគី​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់ និង​មិន​ព្រម​ឲ្យ​ប្រើ​ពាក្យ « ប្រល័យ​ពូជសាសន៍ »។

ទីក្រុង​អង់ការ៉ា​បាន​លើក​ឡើង​ពី​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​សង្រ្គាមស៊ីវិល និង​គ្រោះទុរ្ភិក្ស​រវាង​ក្រុម​ទាំង​សង​ខាង​ដោយ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ គួរ​រម្លឹក​ថា​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ លោក​អ៊ែរដូហ្កាន​ធ្លាប់​បាន​ចោទ​បារាំង​ពី​បទ​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​អាល់ហ្សេរី​ក្នុង​សម័យ​អាណានិគម និង​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា។ លោក​ម៉ាក្រុង​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​នឹង​ប្រតិកម្ម​របស់​លោក​អ៊ែរដូហ្កាន​ក្នុង​ថ្ងៃ​សៅរ៍ ទី២៧ នេះ​ទេ។ តែ​នាយករដ្ឋមន្រ្តី​បារាំង​លោក Edouard Philippe បាន​ថ្លែង​ក្នុង​ថ្ងៃ​ពុធ ទី២៤ មេសា​នា​ឱកាស​រម្លឹក​ខួប ១០៤ឆ្នាំ​នៃ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនីថា ប៉ារីស​មាន​បំណង​ចូលរួម​ទទួល​ស្គាល់​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី​ជា​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង​មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​កុហក​ណា​មួយ​ទេ៕