rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី អាមេនី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តួកគី​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់​អំពើប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី​កាល​ពី ១០៤ឆ្នាំ​មុន

media
ថ្ងៃទី២៤ មេសា ឆ្នាំ ២០១៩ ប្រធានាធិបតី នាយករដ្ឋមន្រ្តី រួម​ទាំង​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋាភិបាល​អាមេនី​បាន​ប្រារព្ធ​ខួប ១០៤ឆ្នាំ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី​ពី​សំណាក់​ប្រទេស​តួកគី តែ​រដ្ឋអំណាច​តួកគី​បន្ត​បដិសេធមិន​ទទួល​ស្គាល់​ AFP

២៤ មេសា ១៩១៥-២៤ មេសា ២០១៩ ថ្ងៃ​នេះ​ជា​ខួប​គម្រប់ ១០៤ឆ្នាំ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី​ចំនួន ១ ៣០០ ០០០នាក់​ពី​សំណាក់​រដ្ឋអំណាច​តួកគី។ ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ ប្រជាជន​អាមេនី​នៅ​ទូទាំង​ពិភពលោក​បាន​រៀបចំ​ពិធី​រម្លឹក​ខួប​ដ៏​សោកនាដកម្ម​មួយ​នេះ។ តែ​នៅ​តួកគី​ឯណោះ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​កំពុង​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់​អំពើ​ប្រល័យ​លើ​ជនជាតិ​អាមេនី​កាល​ពី ១០៤ឆ្នាំ​មុន​ទេ។ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ពិធី​រម្លឹក​ខួប​សម្រាប់​ជនរងគ្រោះ​អាមេនី​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​វិមាន​ជ័យជំនះ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ និង​ជា​លើកទី១​ក្នុង​ឆ្នាំ​នេះ បារាំង​បាន​សម្រេច​កំណត់​យក​ថ្ងៃទី២៤ មេសា​ជា​ថ្ងៃ​ទិវាជាតិ​សម្រាប់​ចូលរួម​រម្លឹក​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី។ ការ​សម្រេច​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នា​ដើម​ឆ្នាំ ២០១៩ ដូច​ដែល​លោក​បាន​សន្យា​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។ លោក Franck Papazian សហប្រធាន​ក្រុមប្រឹក្សា​សម្របសម្រួល​នៃ​សមាគម​អាមេនី​ក្នុង​ប្រទេស​បារាំង​បាន​បន្ត​ទាមទារ​ឲ្យ​ប្រទេស​តួកគី​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី និង​ធ្វើ​ការ​សុំទោស​ជា​ផ្លូវការ។ សម្រាប់​លោក Franck អ្វីៗ​នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ​សម្រាប់​រដ្ឋអំណាច​តួកគី។


« អ្វី​ដែល​ប្រធានាធិបតី​សាធារណរដ្ឋ​បាន​សម្រេច គឺ​ជា​ពាក្យ​សន្យា​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។ លោក​ម៉ាក្រុង​បាន​ទទូច​ហើយ ទទូច​ទៀត​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​លើ​អំពើប្រល័យពូជសាសន៍​ជនជាតិ​អាមេនី។ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក​ម៉ាក្រុង​ក៏​ចង់​បញ្ជូន​សារ​ទៅ​កាន់​រដ្ឋអំណាច​នៃ​ប្រទេស​តួកគី​ផង​ដែរ។

សារ​ដែល​លោក​ម៉ាក្រុង​ចង់​ប្រាប់​តួកគី​ថា សម្ព័ន្ធមិត្ត​របស់​តួកគី​មិន​អាច​មិន​ទទួល​ស្គាល់​ការ​ពិត​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​តួកគី​បាន និង​កំពុង​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់​តាំង​ពី​រាប់សិប​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ទេ។ គេ​អាច​និយាយ​បាន​ថា លោក​ម៉ាក្រុង​បាន​ប្រកាន់​ជំហរ​ម៉ឹងម៉ាត់ និង​តឹងតែង​ជាមួយ​តួកគី។

តែ​ក្នុង​ផលប្រយោជន៍​តួកគី​ទៅ​វិញ​ទេ​ដែល​លោក​ម៉ាក្រុង​បាន​ធ្វើ​យ៉ាង​ដូច​នេះ ព្រោះ​ថា នៅ​ពេល​ដែល​គេ​មាន​សម្ព័ន្ធមិត្ត គេ​ត្រូវ​តែ​មាន​ភាព​ក្លាហាន​ហហ៊ាន​និយាយ​អ្វី​ដែល​ជា​ការ​ពិត។ ដើម្បី​សម្តែង​ការ​គោរព​នូវ​តម្លៃ និង​ការ​កាត់​បន្ថយ​ភាព​តានតឹង វា​ពិត​ជា​ងាយស្រួល​ណាស់​សម្រាប់​រដ្ឋាភិបាល​តួកគី និង​ប្រជាជន​តួកគី​ដែល​ត្រូវ​ទទួល​ស្គាល់​អំពើ​ប្រល័យពូជសាសន៍ និង​ធ្វើ​ការ​សុំទោស​ប្រជាជន​អាមេនី។

ថ្ងៃ​នេះ ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​តួកគី​ថា អ្វីៗ​នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ »៕