rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ុយក្រែន​មានប្រធានាធិបតី​ថ្មីវ័យក្មេង និង​ជា​អតីត​តារាកំប្លែង

ដោយ កែវ ឆាយា

តារាកំប្លែង ដែលថ្មីថ្មោងក្នុងនយោបាយ លោក Volodymyr Zelensky ជាលទ្ធផលនៃ ការបោះឆ្នោតប្រធានាធិបតីជុំទី ២ ថ្ងៃអាទិត្យម្សិលមិញ ដណ្តើមបានជ័យជំនះសែនត្រចះត្រចង់ ដោយ ទទួលបានសម្លេងគាំទ្រភាគច្រើនលើសលុប លើ គូប្រជែងខ្លួន គឺ លោកប្រធានាធិបតីចប់អាណត្តិ Petro Poroshenko។ ប៉ុន្តែ ជ័យជំនះនេះ បើកទំព័រមួយពោរពេញទៅដោយ ភាពមិនប្រាកដ និង មិនច្បាស់លាស់ ក្នុង ប្រទេសអ៊ុយក្រែន ដែលញាំញីដោយសង្គ្រាម ហើយស្ថិតនៅ​នឹងមាត់ទ្វារ សហភាពអឺរ៉ុប តែម្តង។ ស្របនឹងលទ្ធផលបណ្តោះអាសន្នប្រកាសដោយ គជប ក្រោយពីរាប់សន្លឹកឆ្នោត បាន ៨៥% លោក Zelenskyដែលអាយុ ៤១ ឆ្នាំ ទទួលបានសម្លេងគាំទ្រដល់ទៅ ៧៣,២% សឹង ៣ ដង លើសគូប្រជែងខ្លួន លោក Poroshenkoដែលបានសម្លេងគាំទ្រតែ ២៤,៤%។

តារាកំប្លែង Zelenski មានប្រជាប្រិយភាពខ្អស់យ៉ាងនេះ ដោយសារគាត់បានសំដែងក្នុងឈុតរឿងបញ្ចាំង តាមទូរទស្សន៍ ក្រោមឈ្មោះថា “ អ្នកបម្រើប្រជាជន” ជាទីដែលគាត់បានដើរតួជា បណ្ឌិតសាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ ក្លាយទៅជាប្រមុខរដ្ឋចំអកឲ្យ ពួកអ្នកនយោបាយពុករលួយ និង ពួកអ្នកជំនួញទុច្ចរិត។ លោក Zelenski បានលាតត្រដាងអត្តសញ្ញាណខ្លួនដូចតទៅ ៖ គាត់ជា អ្នកដឹកនាំថ្មី។ គាត់មិនដែលធ្វើ នយោបាយទេ។ គាត់មិនដែលធ្វើឲ្យនរណាខកចិត្តឡើយ។ គាត់ជា មនុស្សបើកចំហ អាចថ្លោះធ្លោយ ប្រព្រឹត្ត កំហុស។ គាត់មិនលាក់បាំងឡើយ ទឹកចិត្តរំជួលរបស់គាត់។ ដូចប្រធានាធិបតីចប់អាណត្តិ គាត់ជា អ្នកបស្ចិមលោកនិយម ប្រាថ្នាឲ្យអ៊ុយក្រែន បានចូលជាសមាជិក សហភាពអឺរ៉ុប និង បក្សសម្ព័ន្ធអូតង់។ ប៉ុន្តែខុសពី គូប្រជែងគាត់ដែលជា​អ្នក​ “សង្គ្រាមនិយម” លោក Zelenskyជាអ្នក”សន្តិភាពនិយម”។

ប្រធានាធិបតី​ផុត​អាណត្តិ​ចាញ់ តែ​មិន​បាក់ស្បាត

តាំងពីយប់មិញមក សារអបអរ បានទៅដល់ក្រុងគៀវជាបន្តបន្ទាប់ ក្នុងនោះមានជាអាទិ៍ គឺពីសំណាក់ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានទូរស័ព្ទ ទៅសំដែងការអបអរនោះ ។ ពិត ជា លោក ម៉ាក្រុង ដែលប៉ុន្មានថ្ងៃ មុនដល់ការបោះឆ្នោតជុំទី២នោះ បានស្វាគម​ទទួលជួបសំណេះ សំណាល ទៅហើយក្នុងវិមាន Elysée មុនដំបូង ជាមួយលោក Zelensky ទើបបន្ទាប់មក ជាមួយ លោក Poroshenko។ ប្រមុខរដ្ឋបារាំង ស្ថិតក្នុងចំណោម អ្នកដែលបានទូរសព្ទមុនគេ ទៅសំដែងការអបអរនោះ ។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺ លោកប្រធានាធិបតីចាញ់ឆ្នោត Poroshenko បានទូរស័ព្ទទទួលស្គាល់បរាជ័យ ខ្លួន ទៅកាន់លោក Zelensky ទាំងសន្យាផ្តល់ការជួយជ្រោមជ្រែងដល់ អ្នកនយោបាយថ្មីថ្មោងនោះ ប៉ុន្តែ គឺតែការ គាំទ្រណា ដែលឆ្លើយស្របនឹងផលប្រយោជន៍ជាតិអ៊ុយក្រែន។ ប៉ុន្តែ លោក Poroshenko ក៏បាន សន្យាថា គាត់មិនចាកចេញពី ឆាកនយោបាយសោះឡើយ។ ហើយគាត់ព្រមានថា គាត់នឹងក្លាយជា មេប្រឆាំង យ៉ាងមោះមុត ទល់នឹង បន្ទាត់នយោបាយណា របស់ប្រធានាធិបតីថ្មី ដែល លំអៀង ចេញពី គោលការណ៍នៃ បដិវត្តន៍ពណ៌ លើទីលាន Maidan កណ្តាលក្រុងគៀវ កាលពីដើមឆ្នាំ ២០១៤។សារអបអរមួយដ៏សំខាន់ សម្រាប់លោក Zelinsky គឺ ការអបអរតាមទូរស័ព្ទ ពីសំណាក់លោក ប្រធានាធិបតី សរអា Donald Trump ដែលសន្យាថា នឹងគាំទ្រដល់រាល់ការខំប្រឹងប្រែងទាំងឡាយណា ដែលនាំ ទៅកាន់ ការស្តារឡើងវិញ បូរណភាពដែនដីរដ្ឋអ៊ុយក្រែន។ ឃ្លាស្តីអំពីបូរណភាពដែនដីនេះ តែងត្រូវបានលោក Zelensky រំលឹកម្តងហើយម្តងទៀត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត សំដៅ បង្វែរមកក្នុងរដ្ឋអ៊ុយក្រែនវិញ ទឹកដីគ្រីមេ ដែលត្រូវបានភ្ជាប់យក ដោយរុស្ស៊ី និង តំបន់បះបោរខាងកើតអ៊ុយក្រែន ប្រកាសជា សាធារណរដ្ឋឯករាជ្យ ដោយពួកផ្តាច់ទឹកដីនៅទីនោះ ដែលរុស្ស៊ីនិយម នឹង ដែលគាំទ្រដោយម៉ូស្គូ។

សារអបអរ ក៏សំដែងដោយប្រធានាធិបតីប៉ូឡូញ និង នាយករដ្ឋមន្ត្រីអូទ្រីស ដែលក៏ជូនពរ លោក Zelensky ឲ្យបានប្រកបដោយជោគជ័យ ក្នុងមុខតំណែងកំពូលជាប្រធានាធិបតីថ្មីនៃរដ្ឋអ៊ុយក្រែនរបស់ខ្លួន ដែលបច្ចុប្បន្ន សាំញ៉ដោយវិបត្តិប្លែកៗ។

អ៊ុយក្រែន​របស់​លោក ហ្សេឡេនស្គី

ថ្លែងក្នុងសន្និសីទកាសែត យប់មិញ ក្រោយពីដឹងថា គាត់ដណ្តើមបានជ័យជំនះ លោក Zelensky បានសន្យា ធ្វើយាំងណា ឲ្យ នាវិកអ៊ុយក្រែន ២៤ នាក់ ដែលនៅជាប់ក្នុងពន្ធនាគារក្រុងម៉ូស្គូ តាំងពីខែវិច្ឆិកា ឆ្នាំមុនមក បានត្រឡប់ទៅស្រុកកំណើតវិញ។ គួរនិយាយថា តុលាការរុស្ស៊ី ទើបបានពន្យារ ៣ ខែទៀត រយៈពេល ឃុំឃាំងគេទាំងនោះ រហូតដល់ថ្ងៃ ២៤ ខែកក្កដា ឯណោះ។ លោក Zelensky ក៏បានសន្យាថា នឹងរំដោះ ទាំងនាវា ៣ គ្រឿងដែល ត្រូវបានរុស្ស៊ី ឃាត់ទុកនៅកំពង់ផែខ្លួនមាត់សមុទ្រេ Azov ។ ដើម្បី ការរំដោះនេះ ថ្ងៃ ១៦ មេសា ក្រុងគៀវ បានដាក់ពាក្យប្តឹងទៅ តុលាការអន្តរជាតិខាងច្បាប់សមុទ្រ ក្រោយពី ក្នុងខែមករាឆ្នាំនេះ បានដាក់ពាក្យប្តឹងទៅ តុលាការអឺរ៉ុបខាងសិទ្ធិមនុស្ស នៅក្រុង Strasbourg ប្តឹងទល់ នឹង ការរំលោភបំពានដោយរុស្ស៊ី លើសិទ្ធិ នាវិកអ៊ុយក្រែន។

ភារកិច្ចបន្ទាន់មួយទៀត ចោទដោយលោក Zelenskyគឺ ដាក់ឲ្យដំណើរការឡើងវិញ កិច្ចព្រមព្រៀង ក្រុង មីនក្ក៏ ចុះខែកុម្ភៈឆ្នាំ ២០១៥ ស្តីអំពីដំណោះស្រាយ ស្ថានការណ៍នៅតំបន់បះបោរខាងកើតអ៊ុយក្រែន តាមរូបមន្ត ចតុប្រទេស ពោលគឹ ចូលរួមដោយ បារាំង អាល្លឺម៉ង់ រុស្ស៊ី និង អ៊ុយក្រែនផ្ទាល់ ប៉ុន្តែ លើកនេះ លោក Zelenskyសុំឲ្យមានមហាប្រទេសពីរទៀតនៃបស្ចិមលោក ដែលតាមសំដីគាត់ ជាខ្នងបង្អែកពង្រឹង ជំហរអ៊ុយក្រែន ចូលរួមដែរ គឺ សរអា និង អង់គ្លេស។ គាត់ក៏បានបង្ហើបឲ្យដឹងដែរថា ក្រោមអំណាចគាត់ ទំនាក់ទំនង ជាមួយរុស្ស៊ី អាចប្រព្រឹត្តទៅ គឺ តាមរូបមន្តនៃកិច្ចប្រជុំបែបនេះ ដែលតាំងគោលដៅស្តារ ឡើងវិញ បូរណភាពដែនដីរដ្ឋអ៊ុយក្រែន។

គាត់ក៏សន្យា សម្រេចឲ្យបាននូវការឈប់បាញ់ ត្រង់តំបន់បះបោរនោះ ដូចដែលមានចែងក្នុងចំណុចមួយ នៃកិច្ចព្រមព្រៀងក្រុងមីនស្ក៏។ ការសន្យានេះ ត្រូវបានគាត់បន្លឺឡើង តាំងពីក្នុងការតស៊ូមតិ ជាមួយលោក Poroshenko ដោយគាត់បានលុតជង្គង់​សុំទោស មាតាកូនទាហាន ដែលច្បាំងនៅសមរភូមិនោះ ។ តាមា យោបល់គាត់ បញ្ហាតំបន់នេះ ត្រូវតែដោះស្រាយដោយសន្តិវិធី​ ដោយអនុលោម​តាមកិច្ចព្រមព្រៀងនោះ។

អ៊ុយក្រែន​និងទំនាក់ទំនង​ជាមួយ​រុស្ស៊ី

ឥរិយាបថម៉ូស្គូ ចំពោះជ័យជំនះលោក Zelenskyគឺរំលេចឲ្យឃើញក្នុងសេចក្តីថ្លែងការណ៍ ក្រសួង​ការបរទេសរុស្ស៊ី ដែលថា ជម្រើសធ្វើដោយបណ្តាជនម្ចាស់ឆ្នោតអ៊ុយក្រែន មានន័យថា អ្នកស្រុក ចង់ឲ្យ មាន ការផ្លាស់ប្តូរ ក្នុងប្រទេសខ្លួន។ ចំណែកលោក ប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ថ្លែងថា សំខាន់បំផុត ឲ្យអ៊ុយក្រែន ក្រោមការដឹកនាំរបស់លោក Zelensky ចេះបំពេញតាម កាតព្វកិច្ចទាំងឡាយរបស់ខ្លួន នៅពីមុខច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ឌ្មីទ្រី មេដវេដេវ សង្ឃឹមថា ជ័យជំនះលោក Zelensky អាចហុចជាភ័ព្វសំណាងសម្រាប់ការរៀបរយបានខ្លះៗវិញ ទំនាក់ទំនង រវាង អ៊ុយក្រែន និង រុស្ស៊ី ប៉ុន្តែ ទោះយ៉ាងណាក្តី ក៏ គោលជំហររុស្ស៊ី ក្នុងបញ្ហានេះ មិនធ្លាក់ក្នុងភាព ភាន់ច្រឡំឡើយ៕

លោកដូណាល់ ត្រាំថា៖ “បើអ៊ីរ៉ង់ ​ចង់​ប្រយុទ្ធ​ជាមួយ​អាមេរិក ​អ៊ីរ៉ង់​នឹង​រលាយ​​ជា​ស្ថាពរ​”

បក្សប្រឆាំង​អូស្ត្រាលី ​ទំនងជា​ឈ្នះ​ការបោះឆ្នោត​សភានាអាណត្តិ​នេះ​

ដើមបូព៌ា៖ លោក ត្រាំ ចង់បើក​ផ្លូវចរចា តែ​អ៊ីរ៉ង់​បិទទ្វារ

បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន

បារាំង​បើក​យុទ្ធនាការ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​​ហិង្សា​និង​ជ្រុលនិយម លើ​អ៊ីនធ័រនែត

មហោស្រព​ភាពយន្ត​​កានបើកសម្ពោធ​ជាមួយ​វត្តមាន​របស់​សមិទ្ធិករ​ខ្មែរ លោក​ប៉ាន់ រិទ្ធី

តំបន់​ដើម​បូព៌ា​ឡើង​សម្ពាធ​ក្រោយមា​ន​ "វិច្ឆេទកម្ម" ​ប្រឆាំង​នាវា​អារ៉ាប៊ីសាអូឌីត

ការប្រែប្រួល​អាកាសធាតុ កំពុង​ក្លាយ​ជា​ប្រធានបទ​ស្នូល​របស់​អង្គការ​សហប្រជាជាតិ

បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់

កូរ៉េខាងជើងបាញ់​សាកល្បង​មីស៊ីល៖តើ​លោកដូណាល់ ត្រាំ​អត់ធ្មត់​​ដល់ពេលណា?

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥

នៅពេល​មនុស្ស​ជា​ដើមហេតុ នៃ​ការរលាយផុតពូជ នៃ​ជីវិតសត្វ និង​រុក្ខជាតិ

វិបត្តិ​ហ្កាហ្សា ៖ ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ព្រម​គោរព​បទ​ឈប់​បាញ់​ ជាមួយអ៊ីស្រាអែល

ព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន ឡើង​គ្រង​រាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត

ខួប៥០០ឆ្នាំ​នៃមរណភាព​វិចិត្រករ ឡេអូណា ដឺ វ៉ាំងស៊ី ទាញ​បារាំង-អ៊ីតាលី​ឱ្យ​ខិត​រក​គ្នា​វិញ

ក្រោយការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ វ៉េណេស៊ុយអេឡា​រងសម្ពាធ​កាន់តែខ្លាំង

អេស្ប៉ាញ៖ បោះឆ្នោតសភា ក្នុងបរិយាកាស​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ

តើ​ការ​ប្រើ​ទណ្ឌកម្មប្រេង​ដើម្បី​ខ្ទប់​ដង្ហើម​វ៉េណេស៊ុយអេឡា​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ឬ​ទេ?

ចិន៖លោកស៊ី ជីនពីង​ការពារ​គម្រោង « ខ្សែក្រវ៉ាត់ និងផ្លូវ » និង​​ប្រឆាំង​នយោបាយ​ការពារនិយម