អានតួអត្ថបទ
បារាំង

ហេតុអ្វី បានជា​ក្រុមអាវកាក់លឿង​ត្រលប់មក​ធ្វើ​បាតុកម្ម​ហិង្សា នៅថ្ងៃ​សៅរ៍?

ដូចនៅ​រៀងរាល់​ថ្ងៃ​សៅរ៍ ក្រុមអាវកាក់​លឿង​បាន​ត្រលប់​មក​ធ្វើ​បាតុកម្ម​​​ សាជាថ្មី នៅ​ថ្ងៃ​ម្សិលមិញ នៅ​ទូទាំង​ប្រទេស​បារាំង។ នៅ​ក្នុង​បាតុកម្ម​លើកទី​២៣ ក្រុម​អាវ​កាក់លឿង​ដែល​បាន​ប្រកាស​ដាក់​ឱសានវាទ​លើកទី​២​ដល់​លោក​ប្រធានាធិបតី​ម៉ាក្រុង បាន​ប៉ះទង្គិច​គ្នា​ដ៏ហិង្សា​​ជាមួយ​ប៉ូលិស​ ដែល​ត្រូវ​បាន​ពង្រាយ​ក្រាសក្រែល ជាពិសេស​នៅ​ទីក្រុង​ប៉ារីស។ ក្រុមអាវកាក់លឿង​បាន​លើកឡើង​ពី​ចំនួន​បាតុករ​​រងរបួស​ជាច្រើននាក់ ចំណែក​ក្រសួង​មហាផ្ទៃ​បារាំង​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​ដែល​ថា មាន​ប៉ូលិស​១៤​នាក់​រងរបួស នៅក្នុង​ការប្រឈមមុខ​ជាមួយ​ក្រុមបាតុករ​អាវកាក់លឿង។​  

បាតុករ​អាវកាក់លឿង នៅក្នុងបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលលើក​ទី ២៣ នៅថ្ងៃទី ២០​មេសា ២០១៩
បាតុករ​អាវកាក់លឿង នៅក្នុងបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលលើក​ទី ២៣ នៅថ្ងៃទី ២០​មេសា ២០១៩ © REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ស្ងប់ស្ងាត់ គ្មាន​ការប្រឈម​មុខគ្នា​ខ្លាំង នៅក្នុង​បាតុកម្ម​របស់​ចលនាអាវកាក់លឿង នៅប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ ភាពតានតឹង​រវាង​ក្រុមបាតុករ​អាវកាក់លឿង ហើយ​និង​ប៉ូលិសបាន​កើត​មាន​សាជាថ្មី នៅ​ក្នុង​បាតុកម្ម​​លើកទី​២៣​របស់​ចលនា​អាវកាក់លឿង។

នៅក្នុង​បាតុកម្ម​ដែល​មានមនុស្ស​ចូលរួម​ក្នុង​ទូទាំង​ប្រទេស ប្រមាណ ២៧៩០០នាក់ ដែលនៅក្នុង​នោះ មាន​៩ពាន់នាក់​នៅទីក្រុង​ប៉ារីស ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ក្រុមបាតុករ បាន​ផ្ទុះឡើង​តាំង​ពី​ថ្ងៃ​ត្រង់ នៅពេល​ប៉ូលិស​ព្យាយាម​ទប់​បង្អាក់​ក្បួន​បាតុកម្ម តាមរយៈ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក។ នៅទីក្រុង​ប៉ារីស បាតុករ​បាន​គប់ដុំថ្ម ទៅលើ​ប៉ូលិស និង​ដុតបំផ្លាញ​ម៉ូតូ​ ឡាន ដែល​ចតនៅតាម​ផ្លូវ អស់​​ជាច្រើនគ្រឿង។

កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បារាំង​បាន​ព្រមានរួចហើយ ​ពីការវិលត្រលប់​របស់​ក្រុមអាវខ្មៅ ក្រុមជ្រុលនិយម ដែលបាន​​ឆ្លៀត​ឱកាស មាន​​បាតុកម្ម​របស់​ក្រុមអាវ កាក់លឿង ដើម្បី​ដុត វាយបំផ្លាញទ្រព្យសម្បត្តិ​សាធារណៈ និង​ហាងទំនិញ​របស់​ក្រុមហ៊ុន​ឯកជន នៅ​សង្កាត់​ជំនួញ​​កន្លងមក។ ដើម្បី​ជៀសវាង​ បាតុកម្ម​ហិង្សា​រហូត​ទៅ​ដុតបំផ្លាញ ហាងទំនិញ និង​ភោជនីយដ្ឋាន ដូច​កាលពី​ពាក់កណ្តាល​ខែ​មីនា បាតុកម្ម​ត្រូវ​បាន​ហាម ឃាត់​នៅ​សង្កាត់​ជំនួញសំខាន់ៗ​នៅ​តាម​ទីក្រុង​ធំៗ ដូចជា​នៅ​វិថី​សង់អេលីហ្សេ​ជាដើម ចំណែក​រដ្ឋមន្រ្តី​បារាំងវិញ​បាន​​ប្រកាស​​ពីការពង្រាយ​កម្លាំង​ប៉ូលិស​ប្រមាណ ៦ម៉ឺន នាក់ សម្រាប់​បាតុកម្ម​លើកទី​២៣​របស់​ក្រុមអាវកាក់លឿង។

នៅក្នុង​សារផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម នៅថ្ងៃ​សុក្រ​ទី ១៩ មេសា ក្រុមអាវកាក់លឿង​បាន​អំពាវនាវ ឲ្យ​យក​​បាតុកម្ម​លើកទី​២៣​​​ដើម្បី​ដាក់​ឱសានវាទ​លើកទី​២​ឲ្យ​លោក​ប្រធានាធិបតី​ម៉ាក្រុង ប្រញាប់​ដោះស្រាយ​បញ្ហា​ជីវភាពប្រជាជន ទៅតាម​ការទាមទារ​របស់​ក្រុមអាវកាក់លឿង។ ​បាតុកម្ម​ហិង្សា​សាជាថ្មី​របស់​ក្រុមអាវកាក់លឿង​បាន​កើតឡើង នៅពេល​​ដែល​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង គ្រោង​នឹង​ថ្លែងសុន្ទរកថា បង្ហាញ​ពី​វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​នឹង​ការទាមទារ​របស់ក្រុមអាវកាក់លឿង នៅថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍ក្រោយ។ បាតុកម្ម​ហិង្សា របស់​ក្រុមអាវកាក់លឿង​ ហើយ​និង​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​អាច​ស្តែង​ឲ្យ​ឃើញ​ផងដែរ​ពី​កំហឹង​ ក្តីតប់ប្រមល់​របស់​ក្រុមអាវ​កាក់លឿង ដែល​កាន់តែ​អស់​ភាពអត់ធ្មត់នឹង ​រដ្ឋាភិបាល។

មួយវិញទៀត បាតុកម្ម​ហិង្សា​របស់​ក្រុមអាវកាក់លឿង កើតមាន​នៅ​មួយ​សប្តាហ៍​ក្រោយ​ ប្រទេស​បារាំង និង​ពិភពលោក​ទាំងមូល​កំពុង​ផ្តោត​ចាប់អារម្មណ៍ខ្លាំង​ទៅលើ​គ្រោះថ្នាក់​ឆេះព្រះវិហារ​ប្រវត្តិសាស្រ្ត Notre Dame de Paris​កាលពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ។ បើទោះបីជា​ប្រជាជន​បារាំង​ជាទូទៅ​រន្ធត់ និង​សោកស្តាយ ដែល​ព្រះវិហារ​តំណាង​ឲ្យ​បារាំង ត្រូវភ្លើងឆេះ​បំផ្លាញ បាតុករ​អាវកាក់​លឿង​មួយចំនួន​មិនលាក់លៀម​ទេ ក្តីទោមនស្ស​របស់ពួកគេ នៅពេល​ឃើញ ក្នុង​រយៈពេល​តែ​១ថ្ងៃ មហាសេដ្ឋី​បារាំង​ប្រកាស​ផ្តល់​វិភាគទាន​ ដល់​ជាង​៦០០​លាន​អឺរ៉ូ ​ដើម្បី​ជួសជុល​កសាង​ឡើង​វិញ​វិហារ​Notre Dame។ សម្រាប់​ក្រុមអាវកាក់លឿង​ដែល​បាន​ធ្វើ​បាតុកម្ម​ជាង​៥​ខែ​មកហើយ ដើម្បី​តវ៉ា​ពី​ជីវភាព​កាន់​តែ​ឡើងថ្លៃ គេ​មិន​ខ្វះទេ លុយ នៅប្រទេស​បារាំង ប៉ុន្តែ គេ​មិន​បាន​ចាយលុយ ទាំងនោះ ដើម្បី​ជួយ​ប្រជាជន​បារាំង​ក្រីក្រ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ