អានតួអត្ថបទ
អ៊ុយក្រែន

ថ្ងៃនេះ នៅ រដ្ឋអ៊ុយក្រែន ជា ការបោះឆ្នោតប្រធានាធិបតីជុំ ទី ២

ថ្ងៃអាទិត្យ ២១ មេសានេះ តាំងពីម៉ោង ៨ ព្រឹក លុះរហូតដល់ម៉ោង ៨ យប់ នៅ ប្រទេស អ៊ុយក្រែន អ្នកស្រុកម្ចាស់ឆ្នោត នាំគ្នាទៅកាន់ហិបឆ្នោត ចូលរួមក្នុងការបោះឆ្នោតជុំទី២ ដើម្បីជ្រើសរើស ប្រធានាធិបតី សម្រាប់ អាណត្តិ ៥ ឆ្នាំ ថ្មី ។ ស្របនឹងលទ្ធផលស្ទង់មតិ ត្រូវហក់ឡើងទៅដឹកនាំរដ្ឋនេះ គឺ តារាកំប្លែងអាយុ ៤១ ឆ្នាំ លោក Volodimir Zelenski ដែលគ្មានបទពិសោធន៍នយោបាយទេ។

បេក្ខជន​ប្រធានាធិបតី​លោក​ Volodymyr Zelenskiy ដែល​ជា​តារាកំប្លែង​ទៅ​បោះឆ្នោត​នៅថ្ងៃអាទិត្យ​ទី ២១​មេសា​២០១៩
បេក្ខជន​ប្រធានាធិបតី​លោក​ Volodymyr Zelenskiy ដែល​ជា​តារាកំប្លែង​ទៅ​បោះឆ្នោត​នៅថ្ងៃអាទិត្យ​ទី ២១​មេសា​២០១៩ ©REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

មូលហេតុដែលញ៉ាំង​ឲ្យមាន​ការបោះឆ្នោត​ជុំទី២នេះ គឺមកពី​ក្នុង​ជុំទី១ កាលពី ៣ សប្តាហ៍មុន ពី ក្នុងចំណោម​បេក្ខជន ៣៩ នាក់ គ្មានបេក្ខជនណា ចេះដណ្តើម​បាន​សំឡេង​​គាំទ្រ លើសពី ៥០% ឡើយ។ ម៉្លោះហើយ បានជាចូលប្រឡូក ក្នុងជុំទី២​ផ្តាច់ព្រ័ត្រនេះ គឺតែ​បេក្ខជន ពីរនាក់ ដែលកា​លណោះ ដណ្តើម បាន សំឡេង​គាំទ្រ​ច្រើនជាងគេ ពោលគឺលោក Volodimir Zelenski អាយុ ៤១ ឆ្នាំ ដែលគាំទ្រ​ដោយសម្លេង  ៣០,២% ឬ សឹងពីរដង លើស​គូប្រជែងខ្លួន​លោក Petro Poroshenko អាយុ ៥៣ ឆ្នាំ ប្រធានាធិបតី​ចប់ អាណត្តិ ទី ១។

តារាកំប្លែង Zelenski មា​នប្រជាប្រិយភាពខ្អស់​យ៉ាងនេះ ក៏ដោយសារ​គាត់បានសំដែង​ក្នុងឈុតរឿង​បញ្ចាំង តាមទូរទស្សន៍ ក្រោមឈ្មោះថា “ អ្នកបម្រើប្រជាជន” ជាទី​ដែលគាត់​បានដើរ​តួជា បណ្ឌិត​សាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ ក្លាយទៅជា​ប្រមុខរដ្ឋ​ចំអកឲ្យ ពួក​អ្នកនយោបាយ​ពុករលួយ និង ពួកអ្នកជំនួញ​ទុច្ចរិត។

តាមការស្ទង់មតិ ចេញ ៥ ថ្ងៃមុន ដោយវិទ្យាស្ថាន KIIS ក្នុងជុំទី២ លោក Zelenski អាច​ទទួលបាន​សំឡេង គាំ្រដល់ទៅ  ៧២% រឹតតែលើសឆ្ងាយពី លោក Poroshenko  ដែលអាច​បាន​ត្រឹមតែ ២៥%។

ក្នុងការតស៊ូមតិ ដែលបានប្រព្រឹត្តទៅ នៅកីឡាដ្ឋានក្រុងគៀវ យប់ថ្ងៃសុក្រម្សិលម៉្ងៃ នៅពីមុខ​ទស្សនិកជន  ២ម៉ឺន ២ពាន់នាក់ មុនដល់​ជុំទី២ បេក្ខជនទាំងពីរ បាន តិះដៀល និង ចោទគ្នា​ទៅវិញទៅមក។

តបនឹងការជេរប្រមាថ​លើរូបគាត់ លោក Zelenski បានលាតត្រដាង​អត្តសញ្ញាណ​គាត់ដូចតទៅ ៖ “គាត់ជា អ្នកដឹកនាំថ្មី។ គាត់មិនដែល​ធ្វើនយោបាយទេ។ គាត់មិនដែល​ធ្វើឲ្យ​នរណា​ខកចិត្តឡើយ។ គាត់ជា មនុស្សបើកចំហ អាចថ្លោះធ្លោយ​ប្រព្រឹត្តខុស អាចមួម៉ៅ។ ខ្ញុំមិនលាក់បំបាំ​ងឡើយ ទឹកចិត្ត​រំជួលរបស់ខ្ញុំ”។

តាមការស្ទង់មតិ ចេញផ្សាយខែមុន ដោយ អង្គការសង្គមសាស្ត្រ Gallup កម្រិត​ជឿ​ទុកចិត្ត​​របស់បណ្តា​ជន អ៊ុយក្រែនលើ រដ្ឋាភិបាលខ្លួន សព្វថ្ងៃ គឺត្រឹមតែ ៩% ប៉ុណ្ណោះ ដែលទាបបំផុត ក្នុងលោក។ ដ្បិតជាទូទៅ នៅក្នុង​លោក តួលេខបែបនេះ ជាមធ្យម គឺ ៥៦%។ ហើយមានតែអ្នកស្រុក​អ៊ុយក្រែន ១២ %​ ប៉ុណ្ណោះ ដែលយល់ថា ការបោះឆ្នោតក្នុង​ប្រទេសខ្លួន ប្រព្រឹត្តទៅដោយ សមធម៌។ បើនិយាយពី អំពើពុករលួយ  នោះ ពលរដ្ឋអ៊ុយក្រែន ដល់ទៅ ៩១% នាំគ្នានិយាយថា បាតុភាពនេះ នៅក្នុងប្រទេសខ្លួន ជារឿងធម្មតាសោះ។ 

តាមមតិពួកអ្នកនយោបាយវិទូនៅអ៊ុយក្រែន ក៏ដូចជានៅរុស្ស៊ី អ្នកស្រុកអ៊ុយក្រែន បោះឆ្នោតគាំទ្រលោក Zelenski មកពី ធុញទ្រាន់នឹង នយោបាយ”សង្គ្រាមនិយម” របស់លោក Poroshenko គិតតែ​ទទូច​បស្ចិមលោក ឲ្យប្រយុទ្ធ​ទល់នឹង​រុស្ស៊ីជាសត្រូវ  មិនគិតអំពី ជីវភាពរស់នៅ របស់អ្នកស្រុកនៅ អ៊ុយក្រែន-ប្រទេសដែលក្រោម​អំណាច ៥ ឆ្នាំ របស់លោក Poroshenko ក្លាយទៅ​ស្ថិតនៅក្នុង ចំណោមប្រទេសដែល ក្រជាងគេ ក្នុងលោក ទាល់តែ​អ្នកស្រុកពី ៨ ទៅ ១០ លាននាក់ ចាកចេញពី​ប្រទេស ទៅស៊ីឈ្នួល លក់កម្លាំង ពលកម្មខ្លួន នៅបរទេស ចំណែកផលិតផលសរុបក្នុងស្រុក GDP ក្នុង ៥ ឆ្នាំ បានធ្លាក់ចុះ​អស់ពីរដង ពី ២០០.០០០ លាន ដុល្លារ មកនៅត្រឹម ៩៨.០០០ លាន ដុល្លារ។ មិនមែន ចៃដន្យទេ ដែលលោក Zelenski សន្យាថា នឹងកែប្រែប្រព័ន្ធ​អំណាចសព្វថ្ងៃ​ក្នុងប្រទេស។

ទាំងលោក Zelenski ទាំងលោក Poroshenko សុទ្ធតែ ជាអ្នកបស្ចិមលោកនិយម ចង់ឲ្យអ៊ុយក្រែន បាន ចូល ជាសមាជិក សហភាពអឺរ៉ុប និង បក្សសម្ព័ន្ធអូតង់ គ្រាន់តែ សម្រាប់លោក Zelenski បញ្ហាចូលអូតង់ គឺត្រូវឆ្លងកាត់ តាមប្រជាមតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ