អានតួអត្ថបទ
បារាំង

បារាំង​​ពង្រឹង​កម្លាំង​ដើម្បី​ទប់​នឹង​ក្រុម​ជនវាយបំផ្លាញ​នៅ​ក្នុង​បាតុកម្ម​អាវកាក់លឿង​លើក​ទី២៣

នៅ​ក្នុង​ប្រទេស​បារាំង ក្រុម​អាវកាក់លឿនបន្ត​ធ្វើ​​បាតុកម្ម​ជា​ថ្មី​នា​ថ្ងៃ​សៅរ៍ ទី២០ មេសា​ដែល​ជា​បាតុកម្ម​លើកទី២៣។ តែ​បាតុកម្ម​ក្នុង​ថ្ងៃ​សៅរ៍​នេះ​រៀបចំ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​បាន​រង​ការ​ឆាបឆេះ​យ៉ាង​ដំណំ។ តែ​អ្វី​ដែល​រដ្ឋអំណាច​កំពុង​បារម្ភ​ខ្លាំង​ពេល​នេះ គឺ​វត្តមាន​ជា​ថ្មី​របស់​ក្រុម​ជន​វាយបំផ្លាញ​នៅ​ក្នុង​ហ្វូង​បាតុករ​អាវកាក់លឿង។ មាន​កម្លាំងប៉ូលិស​ប្រមាណ​ជា ៦០ ០០០នាក់​ត្រូវ​បាន​រដ្ឋអំណាច​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ មាន​ជាង ៥ ០០០នាក់​សម្រាប់​ក្រុង​ប៉ារីស។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​គ្រីស្តូហ្វ កាស្តានែរ​បាន​សារភាព​ត្រង់ៗ​ពី​ការ​រងចាំ​ទង្វើ​វាយកម្ទេច និង​អំពើហិង្សា​ជា​យថាហេតុ​ដែល​ជាកម្មវត្ថុ​​របស់​ក្រុម​ជនវាយបំផ្លាញ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកគ្រីស្តូហ្វ កាស្តានែរ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកគ្រីស្តូហ្វ កាស្តានែរ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« យោង​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ពេល​នេះ ក្រុម​ជន​វាយ​បំផ្លាញ​នឹង​វិល​ត្រឡប់​មក​ជា​ថ្មី​នា​ថ្ងៃ​សៅរ៍ ទី២០ មេសា។ ពួក​គេ​នឹង​ចូល​ទៅ​ទីក្រុង​មួយ​ចំនួន ពិសេស​ក្នុង​ទីក្រុង​ប៉ារីស។ សម្រាប់​មនុស្ស​ភាគច្រើន ក្រុម​ជន​វាយ​បំផ្លាញ​មិន​បាន​ខ្វាយខ្វល់ និង​សោកស្តាយ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ណូត្រ ដាម ដឺ ប៉ារីស​ទេ។

ផ្ទុយ​ទៅ​វិញ មាន​ជន​វាយបំផ្លាញ​មួយ​ចំនួន​ថែម​ទាំង​បាន​ចេញ​មុខ​អំពាវនាវ​លើ​បណ្តាញសង្គម​ឲ្យ​មាន​ការ​ជួបជុំ និង​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​សាធារណៈ​ជុំ​វិញ​ក្បែរ​វិហារ​ណូត្រ ដាម​ទៀត​ផង។ មាន​ជន​វាយបំផ្លាញ​ម្នាក់​បាន​ដាក់​លើ​ទំព័រ​បណ្តាញ​សង្គម​នូវ​រូប​ថត​ប្រធានាធិបតី​សាធារណរដ្ឋ​មួយ​សន្លឹក​ទន្ទឹម​គ្នា​នឹង​រូប​អគ្គិភ័យ​ណូត្រ ដាម​ដោយ​សរសេរ​ថា ថ្ងៃ​សៅរ៍ យើង​នឹង​ធ្វើ​ការ​សងសឹក យើង​នឹង​ដាក់​ក្រុង​ប៉ារីស​នៅ​ក្នុង​អណ្តាតភ្លើង និង​ថ្លុកឈាម។

ដូច្នេះ​គេ​ពិត​ជា​អាច​រងចាំ​នៅ​ថ្ងៃ​សៅរ៍​ដែល​ក្រុម​ជ្រុលនិយម​ស្វែង​រក​ជា​ថ្មី​ម្តង​ទៀត​នូវ​ភាព​វឹកវរ បង្ក​ឲ្យ​មាន​ភាព​ចលាចល និង​រៀបចំ​ជា​រូបភាព Black bloc។ គោលដៅ​តែ​មួយ​គត់​របស់​ពួក​នេះ គឺ​ដើម្បី​ប្រឈម​តទល់​នឹង​កម្លាំង​ប៉ូលិស ញុះញង់​ឲ្យ​មាន​ការ​វាយកម្ទេច និង​បង្ក​ចេញ​នូវ​អំពើ​ហិង្សា។ ខ្ញុំ​នឹង​មិន​និយាយ​អ្វី​ច្រើន​ជាង​នេះ​ទេ។

តែ​ព័ត៌មាន​ដែល​យើង​ទទួល​បាន​គឺ​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ថា ការ​គំរាមកំហែង​ពិត​ជា​មាន​ប្រាកដ​មែន និង​ចាំ​បាច់​ឲ្យ​យើង​ពង្រឹង​កម្លាំង​ដើម្បី​ទប់ស្កាត់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ