rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សាសនា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មហាសេដ្ឋី​បារាំង​ស្រាក់​គ្នា​ផ្តល់​លុយ​រាប់រយ​លានអឺរ៉ូ​ដើម្បី​ជួសជុល​វិហារ Notre Dameឡើងវិញ

media
វិហារ​Notre Dame ដែល​ត្រូវ​ភ្លើងឆេះ នៅថ្ងៃ​ចន្ទ​ទី ១៥​មេសា ២០១៩ FRANCOIS GUILLOT / AFP

រន្ធត់ចិត្ត​ដោយសារ​ហេតុការណ៍​ភ្លើងឆាបឆេះ វិហារ​ប្រវត្តិសាស្រ្ត Notre Dame មហាសេដ្ឋី​បារាំង ជាច្រើន​នាក់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ល្បីៗ នៅ​ប្រទេស​បារាំង បាន​ប្រកាស​ផ្តល់​វិភាគទាន សម្រាប់​កសាង​វិហារ​ Notre Dame ឡើងវិញ។ គិត​នៅ​ត្រឹម​ថ្ងៃ​អង្គារ នៅមួយថ្ងៃ ក្រោយ អគ្គិភ័យ ឆាបឆេះ​វិហារ Notre Dame វិស័យ​ឯកជន​បារាំង បាន​សន្យា​ផ្តល់​ប្រាក់​ច្រើន​ជាង ៦០០​លាន​អឺរ៉ូ​សម្រាប់​ការសាងសង់​ឡើងវិញ វិហារ​ Notre Dame។

 


នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ Notre Dame វិហារ​ប្រវត្តិសាស្រ្ត និង​ជា​និមិត្ត​រូប របស់​បារាំង ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ឥស្សរជន​បារាំង ទាំងក្នុង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​បាន​ចេញមុខ ប្រកាស​ផ្តល់​ជំនួយ ទាំង​ថវិកា និង​កម្លាំង​កាយ សម្រាប់​ការកសាង ឡើងវិញ វិហារ Notre Dame​de Paris។ នៅក្នុង​ចំណោមនោះ ទឹកប្រាក់​ជំនួយ ច្រើន​ជាង ៦០០​លាន​អឺរ៉ូ មាន​ប្រមាណ ៥០០​លាន​អឺរ៉ូ ដែល​ផ្តល់​ដោយ​គ្រួសារ​មហាសេដ្ឋីបារាំង​ តែ​ ចំនួន​៣។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​អង្គារ ក្រុមហ៊ុន​ផលិត​កាបូបប្រណិត Louis Vuiton របស់​គ្រួសារ​Arnault ដែល​ជា​មហាសេដ្ឋី មាន​ជាងគេ​នៅ​អឺរ៉ុប បាន​ប្រកាស​ផ្តល់​ប្រាក់​២០០​លានអឺរ៉ូ ចំណែក​គ្រួសារ​Bettencourt Meyers ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​សំអាង L’oréal​បាន​សន្យា​ផ្តល់​ប្រាក់ ២០០​លាន​អឺរ៉ូ​ដែរ។ គ្រួសារ​Pinault ដែល​ជា​ម្ចាស់​សហគ្រិន​Kering ផ្តល់​១០០​លាន​អឺរ៉ូ។

ក្រុមហ៊ុន​តូតាល់​វិញ បាន​ប្រកាស​ផ្តល់​ជំនួយ​ពិសេស តម្លៃ ១០០​លាន​អឺរ៉ូ ក្នុង​ពេល​ក្រុមហ៊ុន​Vinci ដែល​ជំនាញ​ខាង​សាងសង់ ជួសជុល អគារ​ប្រវត្តិសាស្រ្ត បាន​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ហើយ​និង​កម្លាំង​ប្រាជ្ញា​របស់​ស្ថាបត្យករ​របស់ខ្លួន ក្នុង​គម្រោងការ​កសាង ​ឡើងវិញ វិហារ​ Notre Dame។ នេះ​គេ​នៅមិនទាន់​និយាយ​ពី បណ្តា​ក្រុមហ៊ុន​រាប់រយ​ផ្សេងទៀត ដូចជា​ក្រុមហ៊ុន​សំណង់ ក្រុមហ៊ុន​ផលិតឈើ Chêne ដែល​សន្យា​ផ្តល់ឈើ រាប់​ពាន់ម៉ែត្រគូប ដើម្បីសង់​ដំបូល​វិហារ​ Notre Dame ដែល​ត្រូវ​ឆេះ​ខ្ទេច នៅក្នុង​អគ្គិភ័យ កាលពី​ថ្ងៃ​ចន្ទ។

នៅ​ថ្ងៃ​ចន្ទ នៅពេល​ឈរ​មើល​អគ្គិភ័យ​បំផ្លាញ វិហារ Notre Dame ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​សន្យា​កសាង វិហារ​​ Notre Dame de Paris ឡើងវិញ តាមរយៈ​ជំនួយ​សន្យា​ជាតិ​និង​អន្តរជាតិ។ រដ្ឋាភិបាល​បារាំង ដែល​ជា​ម្ចាស់​វិហារ​គ្រឹស្តសាសនា​ប្រមាណ ៨៧​កន្លែង នៅ​ទូទាំង​ប្រទេស​ធ្លាប់​បាន​សន្យា​ផ្តល់​ជំនួយ​សម្រាប់​ជួសជុល វិហា​ Notre Dame ក្នុង​ទំហំ​ទឹកប្រាក់​៦០​លាន​អឺរ៉ូ ក្នុង​រយៈពេល ១០​ឆ្នាំ។

រដ្ឋមន្រ្តី​វប្បធម៌​បារាំង​បាន​លើកឡើង​ពី​ការដ្ឋាន​រាប់សិបឆ្នាំ និង​ទឹកប្រាក់​រាបរយ​លាន​អឺររ៉ូ ដើម្បី កសាង​វិហារ Notre Dameឡើងវិញ។ សម្រាប់​រដ្ឋមន្រ្តី​បារាំង បារាំង មាន​អ្នកជំនាញ មាន​ចំណេះដឹង​គ្រប់គ្រាន់ ដើម្បី អាចកសាង វិហារ​Notre Dame​ឲ្យ​ដូច​រូបភាព​ឡើងវិញ៕

គិត​មក​ដល់​ថ្ងៃអង្គារ អាជ្ញាធរ​បារាំង​នៅមិនទាន់​បាន​វាយតម្លៃ​ពីទំហំ​ខូចខាត​ដោយសារ​អគ្គិភ័យ​ទៅលើ​វិហារ​ Notre Dame នៅឡើយទេ។ គេ​គ្រាន់តែ​ដឹងថា អគ្គិភ័យ កាលពី​ថ្ងៃ​ចន្ទ មិន​បាន​សម្លាប់​មនុស្ស​ណាម្នាក់ទេ ហើយ​វត្ថុ​សំខាន់ៗ មានតម្លៃ របស់​វិហារ ជាច្រើន ក៏​ត្រូវ​បាន​ដឹកចេញ កាលពី​ប៉ុន្មាន​ខែមុន និង​ស្ថិតនៅ​កន្លែង​សុវត្ថិភាព គឺ​មិន​បាន​ត្រូវឆេះបំផ្លាញ នៅក្នុង​អគ្គិភ័យ​នោះទេ។