បារាំង៖វិហារណូត្រ ដាម ដឺ ប៉ារីសអាយុ ៨៥០ឆ្នាំត្រូវបានអណ្តាតភ្លើងកម្ទេចយ៉ាងដំណំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៩
នៅក្នុងប្រទេសបារាំង ព្រឹត្តិការណ៍ឆាបឆេះណូត្រ ដាម ដឺ ប៉ារីស (Notre-Dame de Paris កំពុងបន្តក្លាយជាបច្ចុប្បន្នភាពយ៉ាងក្តៅគគុក។ អណ្តាតភ្លើងជាមួយនឹងផ្សែងខ្មៅខ្មួលខ្មាញ់ដែលបានចាប់ផ្តើមនៅព្រលប់យប់ថ្ងៃចន្ទ ទី១៥ មេសាទើបបានពន្លត់ជាស្ថាពរនាព្រឹកថ្ងៃអង្គារ ទី១៦ មេសា។ សំណាងល្អ និងខុសពីការបារម្ភពីដំបូង រូបរាងតួប្រាសាទទាំងមូលរបស់ណូត្រ ដាម ដឺ ប៉ារីសត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណជា ៥០០នាក់សង្រ្គោះទាន់ពេល។ ទោះជាយ៉ាងនេះក្តី មួយភាគធំនៃផ្នែកខាងក្រោយរបស់ណូត្រ ដាម ដឺ ប៉ារីសត្រូវបានឆេះខ្ទេចខ្ទីរយ៉ាងដំណំ។ តែប្រធានាធិបតីបារាំងលោកម៉ាក្រុងបានប្រកាសជាផ្លូវការពីការកសាងឡើងវិញចាប់ពីពេលនេះតទៅ។ ដោយឡែក ប្រតិកម្មតក់ស្លុត និងសោកស្តាយចំពោះព្រឹត្តិការណ៍មួយនេះក៏មានពីថ្នាក់ដឹកនាំ និងមហាជននៅក្នុងលោកដែរ។
អ្វីៗបានចាប់ផ្តើមនៅវេលាម៉ោង ៦ និង៥០ ព្រលប់យប់ថ្ងៃចន្ទ ទី១៥ មេសាដែលត្រូវជាម៉ោង ១១ និង៥០នាទីយប់ ម៉ោងនៅកម្ពុជាក្នុងថ្ងៃដដែល។ រូបភាពដែលគេបានឃើញភ្លាមៗនោះ គឺផ្សែងខ្មួលខ្មាញ់បាញ់ចេញពីផ្នែកខាងក្រោយនៃណូត្រ ដាម ដឺ ប៉ារីស។ គួរបញ្ជាក់បន្តិចថា បើមើលចំពីមុខដែលជាផ្លូវចូលផ្លូវការ និងមានទីធ្លាស្រឡះល្អ ណូត្រ ដាម ដឺ ប៉ារីសដែលជាវិហារសាសនាកាតូលិកមានអមដោយប៉មពីរនៅសងខាង និងមានបំពាក់ដោយក្បាច់រចនាយ៉ាងល្អប្រណិត។ តែការឆាបឆេះបានកើតមាននៅដំបូលផ្នែកខាងក្រោយដែលបាំងដោយប៉មទាំងពីរនោះ។ បន្តិចម្តងៗ ផ្សែងខ្មួលខ្មាញ់មានកាន់តែខ្លាំង និងថែមទាំងលេចចេញនូវអណ្តាតភ្លើងទៀតផង។
ប្រហែលជាជិត ១ម៉ោងក្រោយមក សន្ទុះអណ្តាតភ្លើងបានឆាបឆេះរាលដាលលឿនខ្លាំងរហូតធ្វើឲ្យក្រុមអ្នកពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍លែងបាន និងពិបាកទប់ស្កាត់។ សូមជម្រាបថា គឺការឆេះគ្រោងឆ្អឹងធ្វើពីឈើដែលបានផ្តល់សន្ទុះអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។ នៅពេលនោះ គ្រប់គ្នាហាក់បានស្រឡាំងកាំង និងបានត្រឹមឈរមើលឥទ្ធិពលរបស់អណ្តាតភ្លើង។ រូបភាពដ៏រន្ធត់ដែលគ្រប់គ្នាបានឃើញពីចម្ងាយ គឺការរលំបាក់កំពូលណូត្រ ដាម ដឺ ប៉ារីស។ លើសពីនេះ គេនៅមិនទាន់ដឹងពីស្ថានភាពឧបករណ៍ និងសម្ភារៈដែលមាននៅក្នុងវិហារនោះនៅឡើយទេ។ គេត្រូវរង់ចាំដល់ម៉ោង ៣ភ្លឺក្នុងថ្ងៃអង្គារ ទី១៦ មេសាទើបក្រុមអ្នកពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ហើយការពន្លត់ភ្លើងបានជាស្ថាពរទើបបញ្ចប់នៅព្រឹកថ្ងៃអង្គារ ទី១៦ មេសា។
ហេតុអ្វីបានជាក្រុមអ្នកពន្លត់អគ្គិភ័យប្រើពេលយ៉ាងយូរក្នុងការពន្លត់ភ្លើង?
តាំងពីការឆាបឆេះដំបូង ពលរដ្ឋបារាំង ឬក្រុមអ្នកទេសចរបរទេសដែលបានឃើញព្រឹត្តិការណ៍ផ្ទាល់ភ្នែកបានចោទជាសំណួរថា ហេតុអ្វីបានជាក្រុមអ្នកពន្លត់អគ្គិភ័យមិនប្រើមធ្យោបាយផ្សេងទៀតដើម្បីអន្តរាគមន៍ ដូចយ៉ាងយន្តហោះ ឬឧទ្ធម្ភាគចក្រដឹកទឹកស្រោចពីលើ។ សំណួរដដែលនេះក៏ត្រូវបានចោទសួរនៅបរទេសដែរ ព្រោះរូបភាពនៃការឆាបឆេះណូត្រ ដាម ដឺ ប៉ារីសត្រូវបានផ្សព្វផ្សាយនៅទូទាំងពិភពលោក ពិសេសតាមបណ្តាញសង្គម។ តែវិធានការស្នើឲ្យប្រើយន្តហោះ ឬឧទ្ធម្ភាគចក្រនេះត្រូវបានអ្នកនាំពាក្យពន្លត់អគ្គិភ័យក្រុងប៉ារីសបញ្ជាក់ថា មិនមែនជាការសង្រ្គោះណូត្រ ដាម ដឺ ប៉ារីសទេ តែជាការបំផ្លាញទៅវិញ ព្រោះការទម្លាក់ទឹករាប់សិបតោនពីលើ គឺប្រៀបដូចជាការទម្លាក់ដុំថ្មរាប់សិបតោនទៅកម្ទេចណូត្រ ដាម ដឺ ប៉ារីស។
ចូរកុំភ្លេចថា កម្មវត្ថុរបស់ក្រុមអ្នកពន្លត់អគ្គិភ័យ គឺព្យាយាមសង្រ្គោះណូត្រ ដាម ដឺ ប៉ារីសដែលជាសម្បត្តិបេតិភណ្ឌមនុស្សជាតិអាយុ ៨៥០ឆ្នាំ។ អ៊ីចឹងវិធានការដ៏ល្អ គឺការបន្តបាញ់ទឹកសំដៅប្រភពភ្លើង និងអាគារនៅជុំវិញកុំឲ្យភ្លើងឆ្លងរាលដាលបន្ថែម។ អ្វីជាការលំបាក គឺការរំកិលឡានទឹក និងឧបករណ៍ចូលជិតទីតាំងឆេះ ព្រោះផ្លូវចូលតូចចង្អៀត ហើយការសន្ធឹងជណ្តើរឡើងទៅបាញ់ទឹកមានកម្រិតតែ ៣០ម៉ែត្រ។ ចំណែកដំបូលវិហារឆេះមានកម្ពស់ដល់ទៅជាង ៦០ម៉ែត្រដែលបានបង្ខំក្រុមអ្នកពន្លត់អគ្គិភ័យឲ្យប្រើគ្រឿងចក្រឡើងបានខ្ពស់ដើម្បីបាញ់ទឹកពីលើ។
លោកម៉ាក្រុងសន្យាកសាងកន្លែងខូចខាតឡើងវិញចាប់ពីពេលនេះ
គេនៅមិនទាន់អាចនិយាយអ្វីបាននៅឡើយទេពីមូលហេតុនៃការឆេះណូត្រ ដាម ដឺ ប៉ារីស។ តើជាគ្រោះថ្នាក់ដែលបានកើតឡើងដោយចែដន្យ ត្រូវបានគេលួចដុត ឬមួយយ៉ាងនោះ គេត្រូវរង់ចាំលទ្ធផលនៃការស៊ើបអង្កេត។ ការស៊ើបអង្កេតដែលត្រូវបានរដ្ឋអាជ្ញាក្រុងប៉ារីសប្រកាសបើកធ្វើជាផ្លូវការក្នុងថ្ងៃចន្ទ ទី១៥ មេសា។ អ្វីគេអាចនិយាយបានពេលនេះគឺថា ផ្នែកខាងក្រោយណូត្រ ដាម ដឺ ប៉ារីសដែលត្រូវបានអគ្គិភ័យលេបត្របាក់កំពុងស្ថិតក្រោមការជួសជុលតាំងពី ១ឆ្នាំមកហើយ។ អ៊ីចឹងហើយបានជាមានការលើកឡើងថា ប្រភពអណ្តាតភ្លើងអាចចេញពីការដ្ឋានជួសជុលនោះ។
វិធានការភ្លាមនៅចំពោះមុខដែលបារាំងបានត្រៀមខ្លួនធ្វើ គឺការកសាងកន្លែងខូចខាតឡើងវិញ។ លោកប្រធានាធិបតីម៉ាក្រុងបានប្រកាសនៅកន្លែងកើតហេតុនាយប់ថ្ងៃចន្ទ ទី១៥ មេសាថា « វិហារនេះ យើងនឹងកសាងឡើងវិញឲ្យដូចដើម ហើយយើងនឹងធ្វើជាមួយគ្នា។ ហើយនេះគឺជាផ្នែកមួយនៃវាសនារបស់ប្រទេសបារាំងយើង។ នៅក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងប្រកាសចាប់ផ្តើមការរៃអង្គាសលុយនៅទូទាំងប្រទេសបារាំងក៏ដូចជានៅក្រៅប្រទេស ហើយយើងនឹងរកអ្នកជំនាញដ៏ចំណានៗបំផុតដើម្បីកសាងវិហារនេះឡើងវិញ »។
រហូតមកពេលនេះ គេនៅមិនទាន់អាចប៉ាន់ប្រមាណពីតម្លៃខូចខាត តម្រូវការប្រាក់ និងពេលវេលាដើម្បីកសាងកន្លែងខ្ទេចខ្ទីរឡើងវិញនៅឡើយទេ។ អ្វីដែលគេដឹង ព្រឹត្តិការណ៍មួយនេះកំពុងទទួលបានការចូលរួមវិភាគទានពីគ្រប់អង្គការ សមាគម និងពលរដ្ឋបារាំងទូទៅ ពិសេសពីមហាសេដ្ឋីបារាំង។ ដោយឡែក ចៅហ្វាយក្រុងប៉ារីសលោកស្រីអាន ហ៊ីដាល់ហ្គោបានស្នើឲ្យរៀបចំសន្និសីទអន្តរជាតិមួយដើម្បីរ៉ៃអង្គាសលុយចូលរួមកសាងណូត្រ ដាម ដឺ ប៉ារីសឡើងវិញ។
ណូត្រ ដាម ដឺ ប៉ារីសជាបេតិភណ្ឌពិភពលោក ជាបេះដូងរបស់បារាំង និងជានិមិត្តរូបរបស់អឺរ៉ុប
ព្រឹត្តិការណ៍ឆាបឆេះណូត្រ ដាម ដឺ ប៉ារីសបានធ្វើឲ្យពិភពលោកក្តុកក្តួល សោកស្តាយ និងចូលរួមសាមគ្គីភាពជាមួយពលរដ្ឋបារាំង។ ប្រតិកម្មអន្តរជាតិបានធ្លាក់ជាបន្តបន្ទាប់ពីគ្រប់ទិសទី ពិសេសពីថ្នាក់ដឹកនាំគ្រាក់ៗក្នុងលោកមានដូចជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រីម៊ែរកិល ឬសមភាគីអង់គ្លេសលោកស្រីតេរ៉េហ្សាមេ។
ពិតណាស់ វិហារណូត្រ ដាម ដឺ ប៉ារីសដែលមានវ័យ ៨៥០ឆ្នាំជានិមិត្តរូបនៃគ្រឹស្តសាសនាសម្រាប់គ្រឹស្តសាសនិកជននៅទូទាំងពិភពលោក។ តែគេមិនត្រូវភ្លេចនិយាយទេថា ណូត្រ ដាម ដឺ ប៉ារីសជានិមិត្តរូប និងជាបេះដូងរបស់បារាំង និងជានិមិត្តរូបរបស់អឺរ៉ុប។
បន្ទាប់មក ណូត្រ ដាម ដឺ ប៉ារីសជាកន្លែងទេសចរមួយដ៏សំខាន់របស់បារាំង ព្រោះក្នុងមួយឆ្នាំៗ ណូត្រ ដាម ដឺ ប៉ារីសបានទទួលអ្នកទេសចរបរទេសគ្រប់ជាតិសាសន៍ពី ១៣លាន ទៅ ១៤លាននាក់។ បន្ទាប់មកទៀត ណូត្រ ដាម ដឺ ប៉ារីសជាបេតិកភណ្ឌដែលមានតម្លៃជាសកលដោយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នាយិកាយូណេស្កូលោកស្រី Audrey Azoulay បានថ្លែងថា « ខ្ញុំមកទីនេះ គឺដើម្បីបង្ហាញពីការចូលរួមសោកស្តាយផង និង ជួយលើកកម្លាំងចិត្តផង ហើយបន្ទាប់ពី នេះទៅ បេសកកម្មបន្ទាន់របស់យើង គឺយើងនឹងចាត់ចែងក្រុមការងារឲ្យធ្វើ ការវាយតម្លៃពីការខូចខាត ហើយត ទៅ មុខ ទៀត យើងសង្ឃឹមថា វិហារនេះអាចនឹងត្រូវបានកសាងឡើង វិញ ក៏ ប៉ុន្តែ យើងចាំ មើលក្រោយពីភ្លើងរលត់អស់សិន។ ខ្ញុំគិតថា ប្រជាជននៅទូទាំងប្រទេសបារាំងប្រាកដជាកំពុងតែមានការក្តុកក្តួលខ្លាំង ហើយពិភពលោកទាំងមូលក៏កំពុងតែសំឡឹងមើលមកប៉ារីស និង Notre-Dame នេះដែរ ពីព្រោះថា នេះគឺជាបេតិកភណ្ឌដែលមានតម្លៃជាសកល ហើយដោយសារតែតម្លៃជាសកលនេះហើយបានជា Notre-Dame នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ »។
គឺតម្លៃមិនអាចកាត់ថ្លៃរបស់ណូត្រ ដាម ដឺ ប៉ារីសទាំងនេះហើយដែលពិភពលោកបានចូលរួមក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំងចំពោះការខ្ទេចខ្ទីររបស់ណូត្រ ដាម ដឺ ប៉ារីសពេលនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ