rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

នៅ​លីប៊ី ​ម៉ូស្គូ ចាក់​សន្លឹកបៀលើ សេនាប្រមុខ Haftar ប៉ុន្តែ ថ្នមផលប្រយោជន៍រុស្ស៊ី​នៅ​ទីនោះ​

ដោយ កែវ ឆាយា

ជា​សាធារណៈ​ រុស្ស៊ី​ មិន​កាន់ជើង​ខាង​ណា​ឡើយ​ក្នុង​ការ​ប្រយុទ្ធគ្នា​យ៉ាង​ក្រពុល​មុខ​លើ​សមរភូមិ​​ប្រទេស​លីប៊ី ​ហើយ​ប្រកាន់​ជំហរ​ទាំង​ប្រយ័ត្ន​ប្រយែង​ដើម្បី​ការពារ​​ផលប្រយោជន៍​​ខ្លួន​នៅ​ទីនោះ។​ ប៉ុន្តែ ​ដោយ​មិនចេញមុខ​នៅ​ឯក្រោយ​ឆាក​ រុស្ស៊ី បាន​ជ្រើស​យក​ជំរំ​ខ្លួន​ ហើយ​ តាម​មតិ​ពួក​​អ្នក​​ជំនាញ​​​ គឺ​ ចាក់​សន្លឹកបៀ​លើ​ រូប​លោក​សេនាប្រមុខ ​Khalifa Haftar ។​

 អតីតសម្ព័ន្ធមិត្តនៃ របបលោក Mouammar Kadhafi រុស្ស៊ីនាប៉ុន្មានឆ្នាំចុងក្រោយ បានគុណទ្វេ ការខំប្រឹងប្រែង ដើម្បីបង្ហាញខ្លួនឯង ជា អន្តរការីមិនស្ថិតនៅខាងណាៗឡើយ ក្នុងប្រទេសលីប៊ី ជាទីដែល ខ្លួន នៅរក្សាទុក អនុស្សាវរីយ៏ដ៏ល្វីងចត់ ដែលបានបណ្តោយឲ្យ កងអាកាស​បស្ចិម​លោក​​ ធ្វើអន្តរាគមន៍ វាយប្រហារទៅលើ ប្រទេសនេះ កាលក្នុងឆ្នាំ ២០១១។

វិមានក្រេមឡាំង កាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ បានអំពាវនាវជាថ្មី ឲ្យ គ្រប់តែកម្លាំងនៅលីប៊ី ចេះ ទប់ខ្លួនទៅ គ្រាន់នឹងបញ្ចៀសឲ្យផុតពី បឹងឈាមនៅក្រុង Tripoli ជាទីដែលការវាយលុក​នៃ ​កងកម្លាំង នៅខាងលោកសេនាប្រមុខ Haftar បានផ្តាច់ជីវិតមនុស្ស អស់រាប់សិបនាក់​ទៅ​ហើយ។​ ប៉ុន្មានថ្ងៃចុងក្រោយ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov បាន​សន្ទនា​តាម​ទូស័ព្ទទាំង ជាមួយលោកសេនា ប្រមុខ Haftar  ដែលធ្លាប់បានត្រូវ​ទទួល​ជួបទៅហើយ​នៅ​ក្រុង​ម៉ូស្គូ កាលក្នងឆ្នាំ ២០១១ ទាំងជាមួយមន្ត្រីទទួលខុសត្រូវ​នៃរដ្ឋាភិបាលឯកភាពជាតិលីប៊ី។ 

ប៉ុន្តែសម្រាប់ នយោបាយវិទូរុស្ស៊ី លោក Alexei Malashenko គឺ គ្មានអ្វីគួរឲ្យមន្ទិលឡើយ។ គាត់ពន្យល់បំភ្លឺ ទៅ AFP ៖ រុស្ស៊ី គាំទ្រលោក Haftar ដែលចេះភាសារុស្ស៊ី ដែលធ្លាប់មកម៉ូស្គូ និងដែលបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Serguei Shoigou ។ ប៉ុន្តែ ក្នុង​ដំណាក់​ឥឡូវ​  រុស្ស៊ី មិនអាចគាំទ្រលោក Haftarទាំងស្រុងឡើយ។ អ្វីៗ គឺ អាស្រ័យនឹង សមត្ថភាពគាត់ ដណ្តើមយក ក្រុង ទ្រីប៉ូលី និង លក្ខណៈ បង្កមរណភាព នៃប្រតិបត្តិការវាយលុក​របស់​កងទ័ព​គាត់។ ​

ចំណែក អ្នកវិភាគនៃ មជ្ឈមណ្ឌលក្រុងម៉ូស្គូ ខាងសិក្សាអំពី ជម្លោះនៅតំបន់ដើមបូព៌ា លោក Alexandre Choumiline មើលឃើញជាអាទ៏ ៖ ទំនាក់ទំនងរបស់រុស្ស៊ី ជាមួយ ពួកគូប្រជែងនៃ រដ្ឋាភិបាលឯកភាពជាតិ លីប៊ី  គ្រាន់តែជា របាំងបញ្ឆោត ហាក់បីជួយ បង្ខិតស្ថានការណ៍នៅលីប៊ី ឲ្យមានលំនឹង ដែលតាមពិតទៅ គឺ គ្មានលំនឹងសោះ។

ជាកាយវិការ គាំទ្រដល់បុរសខ្លាំងនៅតំបន់ខាងកើតប្រទេសលីប៊ី ម៉ូស្គូ ពេលបោះឆ្នោត ក្នុង ក្រុម​ប្រឹក្សា​ សន្តិសុខ អសប ថ្ងៃអាទិត្យកន្លងទៅ បានប្រើសិទ្ធិខ្ទប់ សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សានេះ ដែលអំពាវនាវ គ្រប់តែកងកម្លាំងសេនាប្រមុខ Haftarឲ្យឈប់រុលទៅមុខ ដ្បិតម៉ូស្គូ​ចង់​ឲ្យ​អត្ថបទ​ឯកសារ​នោះ អំពាវនាវ គឺ ទៅកាន់គ្រប់តែកម្លាំង ដែលច្បាំងនៅលើសមរភូមិ។

បើម៉ូស្គូ ឆ្លើយបដិសេធរាល់ការគាំទ្រយោធារបស់ខ្លួន ដល់សេនាប្រមុខ Haftarនោះ កាសែត​អង់គ្លេស ​The Sun ដោយយោងទៅលើទិន្នន័យនៃស្ថាប័នឈ្លបការណ៍អង់គ្លេស និង កាសែត The Telegraph យោងទៅ លើ ប្រភព​ប្រេង​ទាំងឡាយ បានទម្លាយឲ្យដឹងថា ក្រុមហ៊ុន​ឯកជន​យោធា ​Wagner បានបញ្ជូន ពួកទាហាន ស៊ីឈ្នួលរុស្ស៊ី ទៅកាន់ប្រទេសលីប៊ីទៅហើយ ដូច​ដែល​ធ្លាប់​បានប្រព្រឹត្តទៅ នៅ ស៊ីរី និង ប្រទេសជាច្រើន នៃទ្វីបអាហ្វ្រិក។

ក្រុមដែលគ្មានតម្លាភាពនេះ ជួនកាលប្រើដោយម៉ូស្គូ សម្រាប់ជាតម្រូវការនៃកងទ័ពរុស្ស៊ី រមែង​ផ្គត់ផ្គង់​ដល់ កងកម្លាំងលោកសេនាប្រមុខ  Haftarនៅលីប៊ី ជា កាំភ្លើងធំ រថក្រោះ យន្ដហោះ​ដ្រូន​​គ្មានពីឡុតបើកបរ និង ស្បៀងយោធាប្លែកៗ - នេះបើតាមប្រភពសាកសួរដោយ កាសែត​អង់គ្លេស​ទាំងពីរ។ ព័ត៌មានបែបនេះ មិនដែល ទទួលការបញ្ជាក់ជាផ្លូវការឡើយ។

អាវុធ ស្រូវសាលី និង ប្រេង

ដោយដើរតួប្រុងប្រយ័ត្ន រុស្ស៊ីសង្ឃឹមការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ក្នុងប្រទេសលប៊ី ដែល សម្បូណ៌ដោយកំណប់ប្រេង ប៉ុន្តែដែលលង់លិចទៅ ក្នុងភាពច្របូកច្របល់ ក្រោយពីការ​ដួល​រលំនៃ របប វរសេនីយឯក Kadhafi ក្នុងឆ្នាំ ២០១១។

ពេលធ្វើទស្សនកិច្ចនៅម៉ូស្គូ ក្នុងខែតុលាឆ្នាំទៅមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលីប៊ី លោក Nasser al-Derssi បាននិយាយថា លីប៊ីចង់ទិញស្រូវសាលីរុស្ស៊ី បរិមាណ ១ លាន តោន ហើយប្រោះ​ឲ្យ​រស់​ឡើងវិញ គម្រោង ខាងសាងសង់ផ្លូវដែកនៅលីប៊ី ដោយភាគីរុស្ស៊ី ក្នុងតម្លៃ ២.៥០០ លាន អឺរ៉ូ ដែលអាក់ខានទៅ ដោយមកពី សង្គ្រាម។

មុនឆ្នាំ ២០១១ ម៉ូស្គូ បានបរិច្ចាគ កុងត្រាជាច្រើនពាន់លានដុល្លារ ដើម្បីលក់សព្វាវុធ និង ចូលរួម​ក្នុង​ គម្រោងប្រេងនៅលីប៊ី  ដែលកាលណោះ ជា ម៉ូយ មួយសែនសំខាន់ខាងទិញអាវុធរុស្ស៊ី ក្នុង​លោក​អារ៉ាប។

នយោបាយវិទូរុស្ស៊ី លោក Malashenkoសង្ខេបសេចក្តីថា ៖ លីប៊ី មានន័យថា ប្រេង។ រុស្ស៊ី អែបទៅជិត ប្រទេសនេះ យូរមកហើយ ។ ព្រមជាមួយនេះ គោលជំហររុស្ស៊ី គឺជា ឆន្ទៈបង្ហាញ​អំពី​វត្តមានខ្លួននៅលីប៊ី ក្រោយពី សម្រេចបានជោគជ័យនៅស៊ីរី ហើយវិលត្រឡប់ជាលំដាប់ ទៅ​កាន់​រដ្ឋ​ជាច្រើន នៃទ្វីបអាហ្វ្រិក។

មនុស្ស របស់ ម៉ូស្គូ

រុស្ស៊ី មិនបានរាំងរាឯណា ដល់អន្តរាគមន៍កងកម្លាំងអូតង់នៅលីប៊ី កាលពី ខែ មិនា ឆ្នាំ ២០១១។ ពីព្រោះ ពេលបោះឆ្នោតក្នុងក្រុមប្រឹក្សាសន្តិសុខអសប រុស្ស៊ី ទន្ទឹមនិងចិន បានប្រកាន់​ឥរិយាបថ​អនុបវាទ។ ​ក្រោយ ពី រូប Kadhafi ដែលជាសម្ព័ន្ធមិត្តរបស់ម៉ូស្គូ តាំងពីសម័យសូវៀតមក ត្រូវគេ​សម្លាប់​ក្នុងអន្តរគមន៍នោះ រុស្ស៊ី យល់ថាខ្លួន ត្រូវបស្ចិមលោកបោកប្រាស់ សោះ។

ក្រោយពីព្រឹត្តិការណ៍នោះមក រុស្ស៊ី ខំព្យាយាម កសាងទំនាក់ទំនង ជាមួយលោកសេនាប្រមុខ Haftar ដែលក្នុងឆ្នាំ ២០១១ បានត្រឡប់ទៅកាន់លីប៊ីវិញ ពីស្ថានភាពនិរទេសអស់ ២០ ឆ្នាំ។

ខាងមនោគមន៍វិជ្ជា លោក Haftarជំនិតនឹងរុស្ស៊ី។ គាត់ប្រយុទ្ធយ៉ាងសកម្ម ដើម្បីកិច្ច​សហប្រតិបត្តិ​ការ ជាមួយរុស្ស៊ី និងបានទទួល អាវុធរុស្ស៊ី។ គាត់ជាមនុស្សរបស់ម៉ូស្គូ  ការនេះ គូស​បញ្ជាក់​ដោយ អ្នកវិភាគរុស្ស៊ី លោក Choumiline

ក្រោយពី សង្គ្រោះសម្ព័ន្ធមិត្តខ្លួន លោក Bashar al-Assad នៅស៊ីរី  វិបត្តិនៅលីប៊ី អាច​ក្លាយ​ជា​ឱកាស ​សម្រាប់រុស្ស៊ី ដើរកូនអុកបុកជាថ្មី ទៅកាន់ក្រុងវ៉ាស៊ីនតោន -​​​​​​​​​​​​​​​​សេចក្តីនេះ រំលឹក ដោយ​នយោបាយ​វិទូរុស្ស៊ី លោក Malashenkoដែលកត់សម្គាល់ថា ៖ ជ័យជំនះលោក Haftar នឹង​នាំ​ឲ្យ​ រសេះរសោះ ដល់ក្រុង វ៉ាស៊ីនតោន ដែលតែងចាត់ទុក បុគ្គលនេះ ថាជា មនុស្ស របស់លោក ពូទីន ទេតើ៕ ​ 

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?