អានតួអត្ថបទ

អង់គ្លេស និងអឺរ៉ុប​ព្រម​ពន្យារ​ពេល Brexit រហូត​ដល់​ថ្ងៃ​ទី៣១តុលា ២០១៩

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​និ​ងសមាជិកសហភាព​អឺរ៉ុប​ទាំង​២៧ បាន​ព្រមព្រៀង​គ្នា​នៅយប់​មិញ លើក​ពេល​Brexit រហូត​ដល់​ថ្ងៃទី ៣១​តុលា ២០១៩។ ប៉ុន្តែ​ជារយៈ​ពេល​ដែល​អាច​បត់បែន​បាន ! មាន​ន័យ​ថា​អង់គ្លេស​នៅ​តែ​អាច​បំបែក​ដាច់​ចេញ​ពី​សហភាព​អឺរ៉ុប​បាន​ នៅ​ថ្ងៃទី ២២​ឧសភា ឬថ្ងៃ​ផ្សេង​មុន​កាល​កំណត់​ខាង​លើ ប្រសិន​បើ​សភា​អង់គ្លេស​ព្រម​អនុម័ត​កិច្ចព្រមព្រៀង​ដែល​លោកស្រី​នាយក​រដ្ឋមន្ត្រី​សម្រេច​បាន​ជា​អឺរ៉ុប នៅ​ចន្លោះ​ពេល​នេះ។

ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk និង​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ក្នុង​ជំនួប​វិសាមញ្ញ​អឺរ៉ុប​ថ្ងៃទី ១០ មេសា ២០១៩
ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk និង​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ក្នុង​ជំនួប​វិសាមញ្ញ​អឺរ៉ុប​ថ្ងៃទី ១០ មេសា ២០១៩ Olivier Hoslet/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ចរចាគ្នា​​យ៉ាង​តាន​តឹង​អស់​ជា​ច្រើន​ម៉ោង រវាង​ម្ខាង​ចង់​បញ្ចប់ឱ្យ​បាន​ឆាប់ នៅ​ចុង​ខែ​មិថុនា និង​ម្ខាង​ទៀតចង់​អូស​ពេល​ឱ្យយូរ​ដល់​មួយ​ឆ្នាំ នៅ​ទី​បំផុត​​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧ បាន​យល់​ព្រម​ទុក​ពេល​ឱ្យ​អង់គ្លេស​ជា​លើក​ពីរ​ ពន្យារ​ពេល​Brexit​ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី ៣១​តុលា ២០១៩។

ប៉ុន្តែ​​អង់គ្លេសអាច​ចេញ​មុន​ ហើយ​ក្នុង​រយៈ​ពេល​នេះ អង់គ្លេស​​មាន​លទ្ធភាព​ប្តូរ​ចិត្ត​ ឈប់​បំបែក​ចេញ​ពី​អឺរ៉ុបវិញ​ក៏​បាន​ទៀត។ នេះ​ជា​ប្រសាសន៍​ប្រធានក្រុមប្រឹក្សា​សហភាពអឺរ៉ុប លោក ដូណាល់ ទូស្ក៍ ជា​មួយ​ការ​អំពាវនាវ​ឱ្យ​អង់គ្លេស​គោរព​ថ្ងៃ​ខែ​នៃ​ការ​ពន្យារ​ពេល​ជា​លើក​ទីពីរ​នេះ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បានប្រកាស​​ព្រម​ទទួល​យក​សំណើ​លើក​ពេល​នេះ​ភ្លាម ព្រោះ​​​ក្រុង​ឡុងដ៍ មិន​ឃើញ​មាន​ការ​លែងលះ​បែប​មើល​មុខ​មិនចំ ដោយ​គ្មាន​កិច្ចព្រមព្រៀង​នឹង​គ្នា​នោះទេ។ តាមដំណើរបែបបទ ​អង់គ្លេស​ត្រូវ​ដាច់​​ចេញ​ពី​អឺរ៉ុប នៅ​ថ្ងៃទី​២៩​មីនា តែ​សុំ​ពន្យារ​ពេល​មក​​ថ្ងៃ​ ១២​មេសាស្អែក​នេះ។ ប៉ុន្តែ​​លោកស្រី​ប្រមុខ​រដ្ឋាភិបាល បា​ន​អះអាង​ជា​ថ្មី​ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា​Brexit អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២​២ឧសភា​២០១៩ដដែល​ បើ​សមាជិកសភាអង់គ្លេស​​ព្រមទទួល​យក​កិច្ចព្រមព្រៀង​របស់​លោកស្រី​នៅ​ពេល​នេះ។

ហេតុអ្វី​លោកស្រីនៅ​តែ​​​ពោល​បែប​នេះទៀត ?! ​​អង់គ្លេស​ត្រូវរៀប​ចំ​ការ​បោះឆ្នោត​សភា​អឺរ៉ុប នៅ​ចុង​ខែ​ឧសភា ដូច​សមាជិក​ដទៃ​ទៀត ជា​ថ្នូរ​នឹង​ការ​ពន្យារ​ពេល​Brexit។ នេះ​ជា​លក្ខខណ្ឌរបស់​អឺរ៉ុបដែល​អង់គ្លេស​ត្រូវ​បំពេញ។ នៅ​យប់​មិញ នាយករដ្ឋមន្ត្រី​អៀរឡង់ បាន​បញ្ចេញ​ប្រតិកម្ម​តាម​សារ​ទ្វីត​ថា អង់គ្លេស​ត្រូវ​ជ្រើសរើស​រវាង​ការ​ចូល​រួម​បោះឆ្នោត​សភា​អឺរ៉ុប​ ឬ​ត្រូវ​ចាក​ចេញ​ពី​អឺរ៉ុប​ឱ្យ​បាន​មុន ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំង​អស់។ បើ​អង់គ្លេស​ត្រូវ​រ៉ូវ​គ្នា​អាច​ចេញពី​អឺរ៉ុប​បាន​នៅ​ថ្ងៃទី ២២ឧសភា​មែន​ នោះ​​ការ​បោះឆ្នោតសភា​អឺរ៉ុប​នៅ​អង់គ្លេសនឹង​ត្រូវ​លុបចោល។

សូម​បញ្ជាក់​ថា សហភាពអឺរ៉ុប បាន​សុខ​ចិត្ត​ទុក​ពេលជាង​​៦​ខែ​ទៀត​ឱ្យ​អង់គ្លេស​រក​ដំណោះស្រាយ​ផ្ទៃក្នុង ដោយ​កំណត់ឱសានវាទ​ត្រឹម​ថ្ងៃទី ៣១​តុលា មិន​មែន​ជា​ការ​ចៃដន្យ​ទេ។ តែយល់​ថា​វេលា​ល្អ ដែល​មិន​រំខាន​ដល់​ដំណើរការ​សភា។ ​ចាប់ពី​ថ្ងៃទី ១ វិច្ឆិកា សភា​អឺរ៉ុប​អាណត្តិ​ថ្មី​ត្រូវ​ផ្តើម​ការងារ​ជា​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ