អានតួអត្ថបទ

ដូណាល់ ត្រាំ គំរាម​អឺរ៉ុប ថា​នឹង​ដំឡើង​ថ្លៃពន្ធ បើ​អឺរ៉ុប​នៅតែ​បន្ត​ជួយ​Airbus

លោក​ដូណាល់ ត្រាំ បានសរសេរលើទំព័រ Twitter ដោយបានដំឡើងសរសៃក ដាក់សហភាពអឺរ៉ុប ទាក់ទិន​នឹង​ជំនួយហិរញ្ញវត្ថុ ដែលអឺរ៉ុបជួយក្រុមហ៊ុនផលិតយន្តហោះ Airbus។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា លោកបានសម្រេចដំឡើងពន្ធលើផលិតអឺរ៉ុប ក្នុងទឹកប្រាក់១ម៉ឺន១ពាន់លានដុល្លារ ព្រោះថាអឺរ៉ុបមិន​ ព្រមឈប់ជួយAirbus។

លោកដូណាល់ ត្រាំ នៅសួនសេតវិមាន ថ្ងៃទី​៥ ខែមេសា ២០១៩
លោកដូណាល់ ត្រាំ នៅសួនសេតវិមាន ថ្ងៃទី​៥ ខែមេសា ២០១៩ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុប បានសំងំក្រេបយកផលចំណេញពាណិជ្ជកម្ម ពីអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនយូរទេ បញ្ហានេះ នឹងត្រូវបិទបញ្ចប់!”។ នេះគឺជាអ្វីដែលលោក​ដូណាល់ ត្រាំ បានសរសេរលើទំព័រ Twitter នៅថ្ងៃអង្គារទី៩មេសា។ លោកត្រាំ សរសេរទៀត​ថា៖ “អង្គការពាណិជ្ជកម្មពិភពលោក បានទទួលស្គាល់ថា អឺរ៉ុបបានបំពានច្បាប់ប្រកួតប្រជែង ព្រោះអឺរ៉ុបបានជួយផ្តល់ប្រាក់ ដល់ក្រុមហ៊ុនAirbus។ បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សហរដ្ឋអាមេរិក ហើយដែលពេលនេះអាមេរិកត្រូវបង្ខំចិត្តដំឡើងពន្ធ លើផលិតផលអឺរ៉ុប ក្នុងតម្លៃ ១ម៉ឺន១ពាន់លានដុល្លារ”

គួរកត់សំគាល់ថា សំណេររបស់លោកដូណាល់ ត្រាំ នេះ បានធ្វើឲ្យមានមន្ទិលសង្ស័យ សម្រាប់ភាគីសហភាពអឺរ៉ុប ដែលចោទសួរថា តើរដ្ឋាភិបាលអាមេរិក បានសម្រេចដំឡើងពន្ធ លើផលិតផលអឺរ៉ុប ហើយឬក៏នៅ? ព្រោះថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងតែចរចាជាមួយអឺរ៉ុប។តំណាងក្រសួងពាណិជ្ជកម្មអាមេរិក អះអាងដូចគ្នា ថាទំនិញអឺរ៉ុបក្នុងតំលៃ១ម៉ឺន១ពាន់លានដុល្លារ អាចនឹងត្រូវដំឡើងពន្ធនាំចូល ​ព្រោះនេះជាអ្វីដែលអាមេរិកបានខាតបង់​ ដោយសារតែអឺរ៉ុបជួយក្រុមហ៊ុនAirbus។

យោងតាមមន្ត្រីសហភាព​អឺរ៉ុប ក្រសួងពាណិជ្ជកម្ម​អាមេរិក​ កំពុង​តែ​ធ្វើ​បញ្ជីរាយនាម​មុខទំនិញ ដែលនឹងត្រូវដំឡើងពន្ធ ដែលក្នុងនោះ មាន​ផលិតផលក្នុងវិស័យអាកាសចរណ៍ស៊ីវីលអឺរ៉ុប ផលិតផលសាច់ត្រី ហ្រ្វូម៉ាហ្ស ផ្លែឈើ ប្រេងអូលីវ និងស្រាទំពាំងបាយជូរជាដើម។ តែយ៉ាងណា មន្ត្រីសហភាពអឺរ៉ុប បានលើកឡើងថា ការសម្រេចដំឡើងពន្ធ ក្នុងតម្លៃនេះ គឺវាហួសហេតុ ហើយមួយទៀត គឺសហរដ្ឋអាមេរិក មិនអាច​ធ្វើដោយ​ឯកច្ឆន្ទ​បានទេ។ តាមគោលការណ៍ គឺអង្គការពាណិជ្ជកម្មពិភពលោក ដែលត្រូវតែងតាំងក្រុមការងារអាជ្ញារកណ្តាល ដើម្បីវាយតម្លៃលើទឹកប្រាក់ ដែលអឺរ៉ុបត្រូវជាប់ពិន័យ។

សូមរំលឹកថា ជាយូរឆ្នាំមកហើយ ដែលអឺរ៉ុប និងអាមេរិក ចោទគ្នាទៅវិញទៅមក ទាក់ទិននឹងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុមហ៊ុនផលិតយន្តហោះរបស់ខ្លួនទាំង២ គឺ Airbus របស់អឺរ៉ុប និង​Boeing របស់សហរដ្ឋអាមេរិក។ ដោយឡែក លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានលើកឡើងថា ដំណោះស្រាយនៃបញ្ហានេះ គឺមិនមែនតាមរយៈការដំឡើងពន្ធ ធ្វើសង្រ្គាមពាណិជ្ជកម្មដាក់គ្នាទៅវិញទៅមកនោះទេ។ ច្រកចេញ​តែមួយគត់​ គឺចរចាគ្នា ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាអ្នកនៅកណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ