អានតួអត្ថបទ
រវ៉ាន់ដា-បារាំង

តើ​បារាំង មាន​ជាប់ពាក់ព័ន្ធ​អ្វីខ្លះ នឹង​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា?

រវ៉ាន់ដា នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រារព្ធ​ខួប ២៥​ឆ្នាំ នៃ​សោកនាដកម្ម ប្រល័យ​ពូជសាសន៍ ដែល​បាន​សម្លាប់​មនុស្ស ៨សែននាក់ នៅក្នុង​រយៈពេល ១០០​ថ្ងៃ។ នៅ​ទីក្រុង​គីហ្កាលី ប្រធានាធិបតី​រវ៉ាន់ដា ប៉ូល កាហ្កាមេ បាន​ដាក់​កម្រងផ្កា​នៅ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ និង​ប្រកាស​ចាប់ផ្តើម​សប្តាហ៍​នៃ​ការចងចាំ ដល់​សោកនាដកម្ម​ប្រល័យ​ពូជសាសន៍​នៅរវ៉ាន់ដា។ នៅពេល វិមាន​ប្រធានាធិបតី រវ៉ាន់ដា ប្រកាស​ថា នឹង​មាន​ប្រមុខដឹកនាំ​បរទេស ជាង​១០​រូប​ចូលរួម ក្នុង​កម្មវិធី​រំលឹក​ខួប​២៥​ឆ្នាំ នៃ​សោកនាដកម្ម ប្រល័យ​ពូជសាសន៍ នៅថ្ងៃនេះ គឺ វត្តមាន​របស់​ប្រធានាធិបតី បារាំង ដែល​ប្រជាជន​រវ៉ាន់ដា ទន្ទឹង​ចង់​បាន​ជាងគេ ដោយសារ​ហេតុផល​ប្រវត្តិសាស្រ្ត​ដ៏សាំញ៉ាំ​រវាង​ប្រទេស​ទាំង២។  

លលាដ៏ក្បាល​ខ្មោច​របស់​ជនរងគ្រោះ​ដែល​ត្រូវ​សម្លាប់​នៅក្នុង​អំពើប្រល័យពូជសាសន៍​របស់​ជនជាតិ​ហ៊ូទូ ទៅលើ​ប្រជាជន​ទុតស៊ី នៅស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ នៅទីក្រុង​គីហ្កាលី​ថ្ងៃទី ៦​មេសា ២០១៩
លលាដ៏ក្បាល​ខ្មោច​របស់​ជនរងគ្រោះ​ដែល​ត្រូវ​សម្លាប់​នៅក្នុង​អំពើប្រល័យពូជសាសន៍​របស់​ជនជាតិ​ហ៊ូទូ ទៅលើ​ប្រជាជន​ទុតស៊ី នៅស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ នៅទីក្រុង​គីហ្កាលី​ថ្ងៃទី ៦​មេសា ២០១៩ ©REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​រវ៉ាន់ដា នៅ​ថ្ងៃ​អាទិត្យ​នេះ​ប្រារព្ធ​ខួប ២៥​ឆ្នាំ​នៃ​សោកនាដកម្ម​ប្រល័យ​ពូជ​សាសន៍ ​ដែល​បាន​ចាប់ផ្តើម ពី​ថ្ងៃទី ៧​មេសា រហូត​ដល់​ថ្ងៃទី ៤​កក្កដា ឆ្នាំ ១៩៩៤ និង​ដែល​បាន​សម្លាប់​មនុស្ស ប្រមាណ ៨សែននាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ជាតិពិន្ធុ ទុតស៊ី។ ក៏ដូចជា​ឆ្នាំមុនៗ នៅពេល​ដែល​រវ៉ាន់ដា ចាប់ផ្តើម​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ ក្នុង​អំពើប្រល័យ​ពូជសាសន៍ សំណួរ​ជាច្រើន ក៏ផុស​ឡើង ទាក់ទង​នឹង​ការដើរតួ​របស់​បារាំង នៅក្នុង​អំពើប្រល័យពូជសាសន៍ នៅ​រវ៉ាន់ដា។ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​វិញ បាន​បដិសេធ មិន​ទៅ​ចូលរួម​ក្នុង​ពិធី រំលឹកខួប ឆ្នាំនេះ ទៅតាម ការអញ្ជើញ ដោយសារ​ហេតុផល ការងារ​មមាញឹក។

រវ៉ាន់ដា​មាន​ ជាតិពិន្ធុ​ពីរ​រួបរួម​រស់នៅ​ជាមួយគ្នា គឺ ប្រជាជន​ទុតស៊ី ដែល​ភាគច្រើន​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ ហើយ​និង​ប្រជាជន​ហ៊ូទូ ដែល​ជា​កសិករ។ ប៊ែលហ្សិក ដែល​ធ្វើ​អាណានិគមកិច្ច​ទៅលើ​រវ៉ាន់ដា រហូត​ដល់​ឆ្នាំ ១៩៦២ ធ្លាប់​បាន​ជ្រើសរើស​យក​ប្រជាជន​ទុតស៊ី ដែល​មាន​ចំនួនតិច នៅរ៉វាន់ដា ឲ្យ​ធ្វើ​ជា​មេដឹកនាំ​រវ៉ាន់ដា។ ប៉ុន្តែ នៅពេល​រវ៉ាន់ដា ទទួល​ឯករាជ្យ នៅ​ឆ្នាំ ១៩៦២ ប្រជាជន​ហ៊ូទូ​បាន​ដណ្តើម​ចូល​គ្រប់គ្រង​ប្រទេស វិញ និង​បាន​កាប់សម្លាប់​ប្រជាជន​ទុតស៊ី។ នៅ​ឆ្នាំ ១៩៩០ សង្រ្គាម​ស៊ីវិល បាន​ផ្ទុះឡើង នៅពេល ប្រជាជន​ទុតស៊ី​មួយចំនួន ដែល​បាន​រត់ចូលព្រៃ ទៅ​បង្កើត​ជា​ក្រុមឧទ្ទាម វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ដែលមាន​មេដឹកនាំ​ជា​ជាតិពិន្ធុ ហ៊ូទូ។

នៅ​ឆ្នាំ ១៩៩០ ដែល​បារាំង​បាន​លេច​វត្តមាន​នៅ​រវ៉ាន់ដា។ ដោយមាន​ការសុំជំនួយ​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី ហ៊ូទូ លោក ហាប៊ីយ៉ារីម៉ាណា ប្រធានាធិបតី​បារាំង ជំនាន់​នោះ គឺ​លោក​ហ្វ្រង់ស័រ មីទែរ៉ង់ បាន​យល់ព្រម​លក់​អាវុធ និង​បណ្តុះបណ្តាល​ទាហាន ហ៊ូទូ​របស់​រដ្ឋាភិបាល ដើម្បី ប្រយុទ្ធទប់ទល់​នឹង​ការវាយសម្រុក​របស់រណសិរ្ស​ស្នេហាជាតិ រវ៉ាន់ដា ដឹកនាំ​ដោយ​ជនជាតិ​ទុតស៊ី ម្នាក់ ដែល​គ្មាន​អ្នកណា​ក្រៅពី​ប្រធានាធិបតី​រវ៉ាន់ដា​សព្វថ្ងៃ។

ជនជាតិ​ទុតស៊ី ៨សែននាក់ ស្លាប់​នៅក្នុង​សោកនាដកម្ម​ប្រល័យពូជសាសន៍​រយៈពេល ១០០​ថ្ងៃ​នៅរវ៉ាន់ដា

នៅ​ថ្ងៃទី ៦​មេសា ឆ្នាំ ១៩៩៤ យន្តហោះ​ដឹក​ប្រធានាធិបតី ហ៊ូទូ​ត្រូវ​គេ​បាញ់ទម្លាក់។ នៅ​មួយថ្ងៃក្រោយ គឺ​ថ្ងៃ​៧​មេសា អំពើប្រល័យ​ពូជសាសន៍ ទៅលើ​ប្រជាជន​ទុតស៊ី ដែលក្រុមមន្រ្តីរដ្ឋាភិបាល និង​ក្រុមជុ្រលនិយម​ហ៊ូទូ ​ចាត់ទុក​ជា​សត្រូវ និង​សំរាមក្នុង​កែវភ្នែក បាន​ចាប់ផ្តើម​បើកមុខ នៅ​ទូទាំង​ប្រទេស​រវ៉ាន់ដា។ ទាហាន​រដ្ឋាភិបាល​ហ៊ូទូ បាន​ទទួល​ជំនួយ​ពី​ប្រជាជន​ហ៊ូទូ ​តាមភូមិ ឃុំ បាន​ដើរសម្លាប់ រាល់​ប្រជាជន​ទុតស៊ី ហើយ​និង​ប្រជាជន​ហ៊ូទូ​ណា ដែល​បដិសេធ មិន​ចូលរួម​ក្នុង​ការសម្លាប់រង្គាល​ជនជាតិ​ទុតស៊ី។ ដោយសារ​តែ​គំនុំ ស្អប់​រើសអើង ពូជសាសន៍ ប្តីសម្លាប់​ប្រពន្ធ ម្តាយ​សម្លាប់កូន អ្នកជិតខាង​សម្លាប់​អ្នកជិតខាង​នឹង​កាំបិតផ្គាក់។

ប្រតិបត្តិការ​តាមសម្លាប់​ជនជាតិ​ទុតស៊ី មានរយៈពេល ១០០​ថ្ងៃ គត់ គឺ​រហូត​ដល់​ថ្ងៃ ទី ៧ កក្កដា ឆ្នាំ ១៩៩៤ នៅពេល ដែល​រណសិរ្ស​ស្នេហាជាតិ​របស់​ជនជាតិ​ទុតស៊ី ទទួល​ជ័យជំនះ​លើ​ក្រុមទាហាន​រដ្ឋាភិបាល ហ៊ូទូ។ នៅក្រោយអំពើប្រល័យពូជសាសន៍ បិទបញ្ចប់ រដ្ឋាភិបាល​ទុតស៊ី នៅ​រវ៉ាន់ដា បាន​ចោទប្រកាន់​បារាំងថា បាន​ចូលរួម ក្នុង​អំពើប្រល័យពូជសាសន៍​របស់​ជនជាតិ​ហ៊ូទូ ទៅលើ​ជនជាតិ​ទុតស៊ី ព្រោះថា នៅពេល​កំពុង​កើតផ្ទុះ ការសម្លាប់រង្គាល ទៅលើ​ជនជាតិ​ទុតស៊ី រដ្ឋាភិបាល​បារាំង​នៅតែ​បន្ត​គាំទ្រ​ទាហាន​ហ៊ូទូ​បន្តទៀត។

ដោយសារតែ ដិតដាម​នឹង​ប្រវត្តិសាស្រ្ត​ជូរចត់ និង​ការចោទប្រកាន់ ជាប់សង្ស័យ លើ​ការចូលរួម​របស់​បារាំង ក្នុង​អំពើប្រល័យពូជសាសន៍​នៅរវ៉ាន់ដា បារាំង និង​រវ៉ាន់ដា ឧស្សាហ៍ ជួប​វិបត្តិ​ការទូត​ជាញឹកញយ និង​ពេល​ខ្លះ ដល់​ថ្នាក់ កាត់ផ្តាច់​ចំណងការទូត​ជាមួយគ្នា​ទៀតផង។

តួនាទី​របស់​បារាំង នៅ​ក្នុង​ប្រល័យពូជសាសន៍​រវ៉ាន់ដា នៅតែ​ស្រពិចស្រពិល

បារាំង​មិនត្រឹមតែ​អាច​ចូលដៃ នៅ​ក្នុង​ប្រល័យពូជសាសន៍​នៅ​រ៉វ៉ាន់ដា​តែប៉ុណ្ណោះទេ។ នៅ​ឆ្នាំ ២០១៤ ប្រធានាធិបតី​រវ៉ាន់ដា លោក​ លោក ប៉ូល កាហ្កាមេ ធ្លាប់បាន​ចោទ​បារាំង​ខ្លាំងៗថា បាន​ចូលរួម​យ៉ាងសកម្ម នៅក្នុង​អំពើប្រល័យពូជសាសន៍​របស់​ទាហាន ហ៊ូទូ ទៅលើ​ប្រជាជន​ទុតស៊ី​ទៀតផង។

នៅពេល​ដែល​ទាហាន​ហ៊ូទូ កំពុង​ដើរ​កាប់សម្លាប់​ប្រជាជន​ទុតស៊ី ទូទាំង​ប្រទេស រដ្ឋាភិបាល​បារាំង​នៅតែ​បន្ត​លក់​អាវុធ​ទៅ​ឲ្យ​ទាហាន​ហ៊ូទូទៀត។ ប្រឈម​នឹង​ការចោទប្រកាន់ ហើយ​និង​ប្រតិកម្ម​រិះគន់​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស រដ្ឋាភិបាល​បារាំង បានអះអាងថា ខ្លួន​មិន​បាន​ដឹង​ថា មាន​ការកាប់សម្លាប់ ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ទុតស៊ី​នោះទេ។ បារាំង​បន្ត​លក់​អាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាល​ហ៊ូទូ ព្រោះ​ដើម្បី​ជួយ​ទប់ទល់​ប្រឆាំង​នឹង​ក្រុមឧទ្ទាមទុតស៊ី​តែប៉ុណ្ណោះ។ បារាំង​បានបដិសេធ​ការចោទប្រកាន់ ប៉ុន្តែ ទាំង​នៅក្នុង​ការបកស្រាយ​របស់​បារាំង ទាំង​នៅក្នុង​ឯកសារ ប្រវត្តិសាស្រ្ត គេ​ឃើញ​មាន​ចំណុច​ស្រពិចស្រពិល​ជាច្រើន ទាក់ទង​នឹង​តួនាទី​របស់​បារាំង នៅក្នុង​អំពើប្រល័យ​ពូជសាសន៍ នៅ​រវ៉ាន់ដា។

ជាក់ស្តែង នៅក្នុង​សារ​របស់​ខ្លួន ទៅ​រដ្ឋាភិបាល​ក្រុង​ប៉ារីស ស្ថានទូត​បារាំង​ប្រចាំ​នៅ​ទីក្រុង​​គីហ្កាលី​បានលើកឡើង​តាំង​ពី​ឆ្នាំ ១៩៩០ ម្ល៉េះថា មាន​សកម្មភាព លុប​បំបាត់​ចោល​​ជនជាតិ​ទុតស៊ី នៅ​រវ៉ាន់ដា។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង នៅ​បាន​សរសេរ​នៅ​ឆ្នាំ ១៩៩៣ ពោល​គឺ​មួយឆ្នាំ មុន​ប្រល័យពូជសាសន៍ នៅ​រវ៉ាន់ដា​ថា គេ​សង្កេតឃើញ​មាន​នយោបាយ​បន្សុទ្ធជាតិសាសន៍​នៅរវ៉ាន់ដា។

នៅក្នុង​ពេល​កើតមាន​អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​ជនជាតិ ទុតស៊ី ទៀតសោត ទាហាន​​បារាំង​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​បិទភ្នែក មិន​ព្រមជួយ ជនជាតិ​ទុតស៊ី​រាប់ពាន់នាក់ និង​បណ្តោយ​ទុកឲ្យ​ទាហាន​ហ៊ូទូ កាប់សម្លាប់​រណូករណែល​ពេញផ្លូវ។ ហើយ​​នៅពេល​សោកនាដកម្ម​នេះ​បិទបញ្ចប់ បារាំង ដែល​បាន​ទទួល​សិទ្ធិ​ពី​អង្គការ​សហប្រជាជាតិ បើក​បេសកកម្ម ផ្តល់ជំនួយ​ដល់​រវ៉ាន់ដា បាន​ទៅ​បង្កើត​តំបន់​សុវត្ថិភាព​មួយ នៅ​ក្នុងទឹកដី​រវ៉ាន់ដា។ បារាំង​អះអាងថា តំបន់​សុវត្ថិភាព​មាន​តួនាទី​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​រវ៉ាន់ដា ដែល​រងគ្រោះ​ដោយសារ​ការកាប់សម្លាប់​ប្រល័យ​ពូជ​សាសន៍។ ប៉ុន្តែ សាក្សី​ជាច្រើន​អះអាងថា តំបន់​សុវត្ថិភាព​របស់​ទាហាន​បារាំង បង្កើត​ឡើង ដើម្បី បន្ទុចបង្អាក់​ការរុលទៅមុខ របស់​ក្រុមឧទ្ទាម​ទុតស៊ី។ មួយវិញទៀត វា​ជា​កន្លែង​​ជួយ​លាក់ មន្រ្តីរដ្ឋាភិបាល ទាហាន​ហ៊ូទូ ដែល​ជា​ជនដៃដល់ សម្លាប់​ប្រជាជន​ទុតស៊ី​ទៀតផង។ ដោយសារ​តែ​មាន​ការជួយ​បិទបាំង​របស់​អាជ្ញាធរ​បារាំង គេ​វាយតម្លៃថា មានជនសង្ស័យ ដែល​ជា​ឃាតករ ហ៊ូទូ​ជាច្រើននាក់ បាន​បន្លំ រត់ភៀសខ្លួន​មក​រស់នៅ​ស្រុកបារាំង ដែល​នៅក្នុង​នោះ​មាន​ផងដែរ ភរិយា​របស់​អតីតប្រធានាធិបតី​ហ៊ូទូ។

លោកម៉ាក្រុង យក​ថ្ងៃ​៧​មេសា ជាថ្ងៃ​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទុតស៊ី នៅក្នុង​ប្រល័យពូជសាសន៍ នៅរវ៉ាន់ដា

រដ្ឋាភិបាល បារាំង នៅប៉ុន្មាន​អាណត្តិ​ចុងក្រោយនេះ បាន​បន្ទន់ជំហរ​ចង់ផ្សះផ្សារ​ជាមួយ​ភាគី​រវ៉ាន់ដា។ លោក​អេម៉ានុយអែល ម៉ាក្រុង​ផ្ទាល់ ទោះបី​ជា​លោក​មិន​បាន​ទៅតាម​ការអញ្ជើញ ទៅក្នុង​ពិធី​ប្រារព្ធខួប ២៥ឆ្នាំ​នៃ​អំពើប្រល័យពូជសាសន៍ នៅ​ក្រុង​គីហ្កាលី ប៉ុន្តែ លោក​បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី បន្ធូរ​ភាពតានតឹង​ជាមួយ រដ្ឋាភិបាល​រវ៉ាន់ដា។ ជាក់ស្តែង នៅក្នុង​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា លោក​បាន​សម្រេច​​ទម្លាយ​ឯកសារ​​ឱ្យ​អ្នក​ស្រាវជ្រាវប្រវត្តិសាស្រ្ត​បាន​មើល ដើម្បី បំភ្លឺ​ឲ្យ​ច្បាស់​ពី​តួនាទី​របស់​បារាំង ហើយ​និង​សកម្មភាព ប្រល័យពូជសាសន៍ ទៅលើ​ជនជាតិ​ទុតស៊ី។

សូមអាន៖ បារាំង​សម្រេច​ទម្លាយ​ឯកសារ​ឱ្យ​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​វិភាគ

នៅក្នុង​ក្រសែភ្នែក​របស់​ជនរងគ្រោះ ហើយ​និង​អ្នកស្រាវជ្រាវ​ប្រវត្តិជំហរ លោក​ម៉ាក្រុង​បាន​ចាត់វិធានការ​វិជ្ជមាន​ជាច្រើន។ នៅថ្ងៃ​សុក្រទី ៥​មេសា នៅមុន​ជំនួប​ជាមួយ​សមាគម​ជនរងគ្រោះ​ដោយសារ​អំពើប្រល័យពូជសាសន៍ នៅវិមាន​អេលីហ្សេ លោក​ប្រធានាធិបតី ម៉ាក្រុង​បាន​ប្រកាស បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ឯកសារ​ចាស់ៗ ជាច្រើន ដែល​និយាយ​ពី ទំនាក់ទំនង​បារាំង និង​រវ៉ាន់ដា នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០។

ទីពីរទៀត លោក​បាន​បង្កើត​យន្តការយុត្តិធម៌ ដើម្បី ជំរុញ​ឲ្យ​មាន​សវនាការ​កាត់ទោស ជនសង្ស័យ​រវ៉ាន់ដា ដែល​បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ និង​ដែល​កំពុង​រស់នៅ​លាក់ខ្លួន​នៅ​ស្រុកបារាំង។

សូមអាន៖ តុលាការ​​បារាំង​​ជំនុំ​ជម្រះ​ជា​លើកទីមួយ​ ​ជនសង្ស័យ​​​​ប្រល័យ​​ពូជសាសន៍​ នៅ​រវ៉ាន់ដា

សម្បទាន​ចុងក្រោយ​របស់​ប្រធានាធិបតី​បារាំង គឺ​នៅថ្ងៃ​នេះតែម្តង លោក​បាន​ប្រកាស​យក​ថ្ងៃទី ៧​មេសា​នេះ ជា​ថ្ងៃ រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទុតស៊ី នៅក្នុង​អំពើប្រល័យពូជសាសន៍ នៅ​រវ៉ាន់ដា។ អ្នកជំនាញ​ជឿថា ការស្រាវជ្រាវ ចូល​មើល​ឯកសារ​ចាស់ៗ ប្រហែល​នឹង​ផ្តល់​លទ្ធផល​ច្រើនទេ ព្រោះ​មាន​ឯកសារ​ជាច្រើន នៅ​សម័យ នោះ ត្រូវ​គេ​បំផ្លាញ បំបាត់​ភស្តុតាង។ ប៉ុន្តែ យ៉ាងណាក៏ដោយ កាយវិការ​ចុងក្រោយ​របស់​ប្រធានាធិបតី ម៉ាក្រុង អាច​ទៅ​បន្ធូរ​សម្រាល​ទុក្ខ​មួយផ្នែក​របស់​ជនរងគ្រោះ ទុតស៊ី ដែល​នៅតែ​ដក់ជាប់ ដោយ​ការឈឺចាប់ ហើយ​និង​ការសង្ស័យ គ្មាន​ចម្លើយ ដែល​អាច​ពន្យល់​ពី​សោកនាដកម្ម​ប្រល័យពូជសាសន៍​នៅ​សតវត្សរ៍​ទី ២០នេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ