តើអង្គការសហប្រជាជាតិអាចជួយទប់កុំឲ្យមានសង្រ្គាមបង្ហូរឈាមថ្មីនៅលីប៊ីដែរឬទេ?
នៅក្រោយកិច្ចប្រជុំបន្ទាន់ ដើម្បីនិយាយពីស្ថានការណ៍នៅប្រទេសលីប៊ី ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃសុក្រទី ៥មេសា បានអំពាវនាវឲ្យកងកម្លាំងរបស់សេនាប្រមុខ ខាលីហ្វា ហាវតា ដែលគ្រប់គ្រងតំបន់ភាគខាងកើត លីប៊ី បញ្ឈប់ជាបន្ទាន់ ការវាយប្រហារ សំដៅដណ្តើមទីក្រុងទី្រប៉ូលី។ ទ្រីប៉ូលី ដែលកាន់កាប់ ដោយរដ្ឋាភិបាលសហភាពជាតិ របស់លោក ហ្វាយេ អាល់ សារ៉ា ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ប្រឈមនឹងស្ថានការណ៍ដែលគេមិននឹកស្មានដល់ សហគមន៍អន្តរជាតិបង្កើនការអំពាវនាវឲ្យសេនាប្រមុខ ហាវតា បញ្ឈប់ជាបន្ទាប់ ប្រតិបត្តិការយោធា សំដៅ វាយដណ្តើមយកទីក្រុងទ្រីប៉ូលី ដែល ជាទីតាំងរបស់រដ្ឋាភិបាល លីប៊ី ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ នៅថ្ងៃសុក្រ នៅពេលក្រុមប្រទេសមហាឧស្សាហកម្ម ទាំង៧ ដែលជួបប្រជុំគ្នានៅទីក្រុងប៉ារីស ទាមទារឲ្យគ្រប់ភាគីជម្លោះ បញ្ចប់ សកម្មភាពយោធា សំដៅទីក្រុងទ្រីប៉ូលី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេច ទាមទារផងដែរ ឲ្យកងទ័ពជាតិលីប៊ី របស់សេនាប្រមុខ ហាវតាបញ្ឈប់ជាបន្ទាន់ ដំណើរឈានទៅវាយដណ្តើមយកទីក្រុងទី្រប៉ូលី។
នៅថ្ងៃសុក្រដដែល នៅប្រទេសលីប៊ី ជាទីដែលលោកបំពេញទស្សនកិច្ច ជាផ្លូវការ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរកស៍ បានចូលជួបពិភាក្សាផ្ទាល់ ជាមួយ សេនាប្រមុខ ហាវតា នៅទីក្រុងបិនកាហ្ស៊ី ប៉ែកខាងកើតលីប៊ី។ អគ្គលេខាធិការអង្គការសហប្រជាជាតិមិនបានបញ្ជាក់ពីលទ្ធផលជំនួបជាមួយសេនាប្រមុខហាវតានោះទេ។ នៅព្រលានយន្តហោះ ប្រធានរបស់អង្គការសហប្រជាជាតិបានត្រឹមតែនិយាយថា លោកចាកចេញពីលីប៊ី ជាមួយក្តីបារម្ភដ៏ធំធេង។ ប៉ុន្តែ លោកសង្ឃឹមថា គេនឹងជួយបញ្ជៀសកុំឲ្យមានការប្រយុទ្ធបង្ហូរឈាមគ្នាសាជាថ្មី នៅទីក្រុងទ្រីប៉ូលី ហើយនិងនៅតំបន់ជុំវិញ។
នៅថ្ងៃសុក្រ រុស្ស៊ី បានចូលរួមជាមួយ ក្រុមប្រទេសលោកខាងលិច ដើម្បីអំពាវនាវឲ្យភាគីជម្លោះ បញ្ឈប់ភាពតានតឹង និងស្វែងរកដំណោះស្រាយ តាមផ្លូវនយោបាយ។ ប៉ុន្តែ កងកម្លាំងជាតិលីប៊ី របស់សេនាប្រមុខ ហាវតា ដែលរហូតមកដល់ពេលនេះ គ្រប់គ្រងតំបន់ភាគខាងកើតលីប៊ី និងដែលទទួលបានការគាំទ្រពីក្រុមប្រទេសឈូងសមុទ្រពែរក្ស៍ ដូចជាអារ៉ាប៊ី សាអូឌីត ហាក់មិនលឺការអំពាវនាវពីសហគមន៍អន្តរជាតិនោះទេ ផ្ទុយទៅវិញ គឺនៅតែបង្កើនការប្រយុទ្ធ ចូលកាន់តែជិត ដោយស្ថិតនៅចម្ងាយប្រមាណ តែ៣០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងទ្រីប៉ូលី។ នៅថ្ងៃសុក្រ ទាហានរបស់សេនាប្រមុខ ហាវតានៅបានវាយចូលកាន់កាប់ព្រលានទ្រីប៉ូលី បានមួយភ្លែត មុននឹងត្រូវវាយរុញច្រាន ទៅវិញ ដោយកងទ័ពរបស់រដ្ឋាភិបាល ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
មហិច្ឆតា របស់ក្រុមកងទ័ពជាតិ លីប៊ី ដើម្បី វាយដណ្តើម យកក្រុងទ្រីប៉ូលី ពីរដ្ឋាភិបាលដែលទទួលស្គាល់ ដោយ សហគមន៍អន្តរជាតិ គឺជារឿងគេមិននឹកស្មានដល់។ វាកើតឡើងនៅពេលអង្គការសហប្រជាជាតិ កំពុងត្រៀមរៀបចំសន្និសីទនៅពាក់កណ្តាលខែមេសានេះ ដើម្បីរកដំណោះស្រាយ រួមមួយ ពោលគឺលទ្ធភាពរៀបចំការបោះឆ្នោត ជាតិ ដើម្បីស្រោចស្រង់លីប៊ី អសន្តិសុខ ហើយនិងពីភាពទាល់ច្រក នយោបាយ នៅក្រោយការដួលរំលំរបបផ្តាច់ការកាដាហ្វី កាលពី ឆ្នាំ ២០១១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ