អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន នឹង​មាន​ប្រធានាធិបតីថ្មី​​ជា​តារាកំប្លែង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​៥​ឆ្នាំ​ក្រោយ​បដិវត្តលឿង​ទុំ និងសង្គ្រាម​​នៅភាគ​ខាង​កើត​ប្រទេស​ នៅ​ថ្ងៃ​អាទិត្យ​ទី ៣១ មីនា ២០១៩​នេះ អ៊ុយក្រែន បាន​និង​កំពុង​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី​ ដែល​មាន​​​បេក្ខជន ​ចំនួន​ ៣៩ ឈរ​ឈ្មោះ​។​ ​​ប្រធានាធិបតី​ផុត​អាណត្តិ លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ Petro Porochenko ដែល​មិន​អាច​សម្រេច​ស្នាដៃ បោតស​ម្អាត​អំពើ​ពុក​រលួយ និង​នាំ​សន្តិភាព​ទាំង​ស្រុង​ជូន​ប្រទេស​ ដូច​សន្យា ក៏​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​លើក​ទីពីរ។ លោកត្រូវ​ប្រកួត​ប្រជែង​ជាមួយបេក្ខនារី ហ្ស៊ូលីយ៉ា ទីម៉ូឆេនកូ Ioulia Timochenko ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រីអ៊ុយក្រែនព្រមទាំង​​​បេក្ខជន​ជា​អតីត​អ្នក​នយោបាយ​ជើង​ចាស់​ជាច្រើន​​រូប​ផ្សេង​ទៀត។ ប៉ុន្តែ​បេក្ខជន​ប្រធានាធិបតី​ដែល​មាន​ប្រជាប្រិយភាព​នាំ​មុខ​គេ​បំផុត​នោះ គឺ​តារាកំប្លែង វ៉ូឡូឌីមៀរ ហ្សេឡេនស្គី Volodymyr Zelensky។

ការិយាល័យ​បោះឆ្នោត​មួយ​ នៅទីក្រុង គៀវ ថ្ងៃទី ៣១ មីនា ២០១៩
ការិយាល័យ​បោះឆ្នោត​មួយ​ នៅទីក្រុង គៀវ ថ្ងៃទី ៣១ មីនា ២០១៩ REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​បោះឆ្នោត​ បាន​ចាប់​បើក​តាំងពី​ព្រលឹម​មក។ ប៉ុន្តែ​ហាក់​ដូច​ជា​ពុំ​មាន​លក្ខណៈ​ស្វាហាប់​ទេ។ មិន​ដឹងថា​ប្រជាពលរដ្ឋ​អ៊ុយក្រែន​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​ឬ​យ៉ាង​ណាឡើយ។ ការ​បោះឆ្នោត​នេះស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យរបស់​​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ចំនួន ២៣០០​នាក់ មក​ពី​គ្រប់​ជាតិ​សាសន៍ លើកលែង​តែរុស្ស៊ី​មួយ​ចេញ។ ក្រុង​គៀវ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សង្កេត​ការណ៍​ជាតិ​រុស្ស៊ី​មក​តាមដាន​និង​ត្រួត​ពិនិត្យ​ដំណើរការ​បោះឆ្នោត​នៅ​អ៊ុយក្រែន​ទេ។ ហើយ​អាជ្ញាធរ​អ៊ុយក្រែន​​ក៏​បាន​សម្រេច​ចិត្ត​មិន​បើក​ការិយាល័យ​បោះឆ្នោត​នៅ​រុស្ស៊ី​ដែរ។ នេះ​ជា​សេចក្តី​សម្រេច​ចិត្ត​ដែល​ពុំ​ធ្លាប់​មាន​ឡើយ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ ស្នាក់​នៅ​រុស្ស៊ី​ យ៉ាង​ហោច ​២,៥​លាន​នាក់ ពុំ​អាច​សម្រេច​ជ្រើសរើស​​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​បាន។

ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ផ្សេង​ក៏​ត្រូវ​បិទ​​ដែរ។ នោះ​គឺ​ការិយាល័យ​បោះឆ្នោត​នៅ​​តំបន់​ភាគ​ខាង​ឦសាន​ប្រទេស ព្រោះតាំង​ពី៤​ឆ្នាំ​មក​ តំបន់​​នេះ ត្រូវកាន់កាប់​​ដោយ​ក្រុម​អ្នក​​ទាមទារ​ផ្តាច់ទឹក​ដី​និយម​​ស្និទ្ធ​នឹង​រុស្ស៊ី។ តំបន់​គ្រីមេ ក៏​មិន​បោះឆ្នោតប្រធានាធិបតី​ថ្ងៃ​នេះ​​ដែរ។ ដូច្នេះ​ជា​សរុប​មាន​ប្រជាពលរដ្ឋ​អ៊ុយក្រែន ៥​លាន​នាក់ ពោល​គឺ​ស្មើ​នឹង​១២%​នៃ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​៤៥​លាន​នាក់​មិន​ចូល​រួម​បោះឆ្នោត។

សូម​បញ្ជាក់​ថា ក្រោយ​ពីតំបន់​គ្រីមេត្រូវ​បាន​​​រុស្ស៊ី​ក្រសោប​មក អ៊ុយក្រែនបាន​ធ្លាក់​ក្នុង​វិបត្តិ​ ស្ទើរ​ផ្ទុះ​​ជា​សង្គ្រាម អ៊ុយក្រែន​ក៏​​​បាន​ពុំ​ចែក​ជា​ពីរ​ ដោយមាន​ចលនា​ទាមទារ​បំបែកទឹក​ដីស្និទ្ធ​នឹង​រុស្ស៊ី​​នៅ​​​​តំបន់​ភាគ​ខាងកើតទៀត។ ក្រោម​ម្លប់​ដឹកនាំ​របស់​បារាំង​និង​អាល្លឺម៉ង់ ភាគី​បក្សដិបក្ស​អ៊ុយក្រែន​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​នៅ​តំបន់​ខាង​កើត​នោះ កាលពី​​ខែ​កុម្ភៈ​២០១៥ ប៉ុន្តែ​អំពើ​ហិង្សា​នៅ​តែមាន​និង​បាន​សម្លាប់​ជីវិត​មនុស្សជាង​៧០០០​នាក់​ គិត​ចាប់​តាំង​ពី​នោះ​មក។ នៅ​ចុង​ឆ្នាំ​២០១៨​ថ្មីៗ​នេះទៀត មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ផ្ទាល់​រវាង​យោធា​អ៊ុយក្រែន​និង​រុស្ស៊ី​ផង នៅ​សមុទ្ទ​Azov ភាគ​ខាង​កើត​អ៊ុយក្រែន​ជាប់​រុស្ស៊ី។

គ្មាន​​ឥទ្ធិពលអឺរ៉ុប​ទល់​​រុស្ស៊ី ក្នុង​​​ការ​បោះឆ្នោតអ៊ុយក្រែន

ថ្វីបើ​មាន​បរិបទ​តាន​តឹង​យ៉ាង​ដូច្នេះ​ក្តី ក៏​ការបោះឆ្នោត​ថ្ងៃ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​បើឆ្នោត​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​បំផុត។

ជា​លើក​ទី​មួយ ក្នុង​ប្រវត្តិប្រទេស​អ៊ុយក្រែន ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​ មិនមែន​ជា​ឆាក​ល្ខោន​នៃ​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​រវាង​ក្រុម​អ្នក​ស្និទ្ធ​នឹង​អឺរ៉ុប ទល់​នឹង​ក្រុម​អ្នក​ស្និទ្ធ​នឹង​រុស្ស៊ី។ នៅ​ក្នុង​ចំណោម​បេក្ខ​ជន​ទាំង ៣៩​រូប គេ​សង្កេត​ឃើញ​មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ ដែល​តំណាង​ឱ្យ​និន្នាការ​ចាស់​គំរិលនោះ។ ប៉ុន្តែ​បើ​បូក​​ទាំង​ពីរ​បញ្ចូល​ទៅ មាន​ប្រជាពលរដ្ឋ​ចង់បោះឆ្នោត​ឱ្យ​មិន​ដល់​១៥%ផង។

តាំង​ពី​រុស្ស៊ី​បាន​ក្រសោប​យក​តំបន់​គ្រីមេ​មក ពលរដ្ឋ​អ៊ុយក្រែន​ដែលធ្លាប់​ចាត់​ទុក​រុស្ស៊ី​ជ “រៀមច្បង” បាន​តម្រង់​ទិសភូមិសាស្ត្រ​នយោបាយ​របស់​​មក​ ​ខាង​អឺរ៉ុប​។ អ្វី​ដែល​នៅ​សេសសល់ គឺ​របៀប​ប្រឆាំង​នឹ​ង​រុស្ស៊ី របស់​​​បេក្ខជននីមួយៗ​ប៉ុណ្ណោះ។ ​បេក្ខជន​ខ្លះ ដូច​យ៉ាង​លោក ប៉ូរ៉ូឆេនកូ ប្រកាន់​នយោបាយ​តឹង​តែងខ្លាំង​ប្រឆាំង​នឹងម៉ូស្គូ ឯ​ចំណែក​លោក ហ្សេឡេនស្គី ចង់​ទប់​ដំណើរ​ជាតិ​និយម​អ៊ុយក្រែន​របស់​ប៉ូរ៉ូឆេនកូ​កុំឱ្យ​ទៅ​លឿន​ពេក តែ​លោក​ក៏​ជា​សកម្មជន​អឺរ៉ុប​អាត្លង់ទិក​ដែរ។

ជាសរុប​ទៅ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ រុស្ស៊ី​គ្មាន​បេក្ខជន​ណា​ដែល​ជាទីពេញ​និយម​គួរ​គាំទ្រ​ទេ។ រុស្ស៊ី​បាន​ត្រឹម​ផ្សព្វផ្សាយ​ថា​អ៊ុយក្រែន​ជា​រដ្ឋ​ដែល​មាន​ដំណើរការ​មិន​ប្រក្រតី និងចាត់​ទុក​ការបោះឆ្នោតប្រធានាធិបតី​នេះ​ថា​មិន​ស្រប​ច្បាប់។​

lលោក Volodymyr Zelensky ជា​តារាកំប្លែង និង​ជា​បេក្ខជន​ប្រធានាធិបតី​អ៊ុយក្រែន​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ
lលោក Volodymyr Zelensky ជា​តារាកំប្លែង និង​ជា​បេក្ខជន​ប្រធានាធិបតី​អ៊ុយក្រែន​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ © AFP/Sergei Supinsky

តារា​កំប្លែង វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នាំមុខ​គេ​

ក្នុង​វ័យ​ ៤១​ឆ្នាំ ​បេក្ខជនប្រធានាធិបតីជាតារា​កំប្លែងលោក​ ​ហ្សេឡេនស្គី​​ បាន​ទទួល​សំឡេង​គាំទ្រ​ចង់​បោះឆ្នោត​ឱ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី ក្នុង​អត្រា​ប្រមាណ​ពី ២៥-៣០%។ បទ​ពិសោធន៍​នយោបាយ​ជា​មេដឹកនាំ​របស់​លោក​មាន​តែ​មួយគត់ គឺការ​សម្តែង​រឿង​ "អ្នក​បំរើ​ពលរដ្ឋ" ដែលលោក​បាន​ប្រែក្លាយ​​តួអង្គ​​​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ​ទៅ​ជា​ប្រធានាធិបតី​​ ដោយ​ហ៊ាន​វាយប្រហារ​កម្ចាត់​កម្ចាយ​ពួកក្រុម​អ្នក​មាន និងអ្នក​នយោបាយ​ពុករលួយ​។ តាំ​ង​ពី​ជា​ច្រើន​ឆ្នាំ​មក តារាកំប្លែង​រូប​នេះ តែងលើក​យក​រឿង​ថ្លុក​បង្អាប់​អ្នកទទួល​ខុស​ត្រូវ​នយោបាយ​មក​សម្តែង​លើ​ឆាក​បាន​យ៉ាង​ជោគជ័យ។

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ជា​អ្នក​ប្រជានិយមបែប​ថ្មី មិន​មែន​ជា​​ឆ្វេង​និយម ឬ​ស្តាំ​និយម​ទេ តែ​ប្រកាន់និន្នាការ​​​ជា​អ្នក​សេរីនិយម​ និង​ផ្តោត​គោលនយោបាយ​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ ដើម្បី​រក្សា​ភាព​ប្រុងប្រយ័ត្ន និង​មិន​ប្រថុយប្រថាននយោបាយ​ លោកហ្សេឡេនស្គី ​បាន​ដឹកនាំ​ការ​ឃោសនា​ការ​បោះឆ្នោត​ប្រធានាធិបតី ដោយ​គ្មាន​ប្រើ​ពាក្យ​នយោបាយ​មួយ​ម៉ាត់ គឺ​ធ្វើ​តែ​តាម​រយៈ​ការ​សម្តែង​រឿង​កំប្លែង​លើ​ឆាក​ និង​រឿង​ភាគដែល​លោក​ជា​តួឯក ​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ។​​

ថ្វីបើ​លោក​ ហ្សេឡេនស្គី បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់ឥស្សរជន​នយោបាយ​ជា​អ្នក​កំណែទម្រង់​​ធំៗ​ ជាទី​គោរព​របស់​ប្រទេស​មែន តែ​លោក​ក៏​ត្រូវ​បាន​គេ​ចាត់ទុក​ថា​អាយ៉ង​របស់​លោក កូឡូម៉ូអេស្គី​ មនុស្សដ៏​មាន​ឥទ្ធិពល​របស់​រដ្ឋាភិបាល ​ដែល​ជាសត្រូវ​របស់​ប្រធានាធិបតី​ផុត​អាណត្តិ​លោក​ប៉ូរ៉ូឆេនកូ។

នៅ​យប់​មិញ ដែល​ជា​ថ្ងៃ​ស ទូរទស្សន៍​ឯកជន​របស់​លោក កូឡូម៉ូអេស្គី បាន​ចាក់​បញ្ចាំង​ផ្ទាំង​ទស្សនីយភាព​របស់​លោក​ ហ្សេឡេនស្គី​ជា​ច្រើន​ផង និង​ភាព​យន្ត​ឯកសារ​ស្តី​ពី​លោក រីហ្គែន​​ តារា​ភាព​យន្ត​អាមេរិក​ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​ នៅ​ឆ្នាំ​១៩៨១។

ប្រសិន​បើ​ដូច​ការ​ព្យាករ​មែន​ មិន​ដឹង​ថា​អ៊ុយក្រែន​ដើរ​ឆ្ពោះ​ទៅ​ទិស​ណា​ទេ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ ទំនង​ជា​ត្រៀម​ខ្លួន​ទទួល​យក​ហានិភ័យថ្មី ជាជាង​ទទួល​យក​នយោបាយ​បែប​ចាស់​គំរិល។ ជ័យ​ជំនះ​របស់​លោក ហ្សេឡេនស្គី​ នៅ​ជុំ​ទី​មួយ​ នឹង​ផ្តល់​ឱកាស​ឱ្យ​បេក្ខជន​តែ​ម្នាក់​អាច​មក​ប្រកួត​ប្រជែង​ជាមួយ​ នៅ​ជុំ​ទីពីរ ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែមេសា។​តើ​ជា​នរណា ?

​​លោក ប៉ូរ៉ូឆេនកូ ប្រធានាធិបតី​ផុត​អាណត្តិ​ និង​លោកស្រី ទីម៉ូឆេនកូ ជា​អតីត​នាយករដ្ឋមន្ត្រីពីរ​អាណត្តិ​ (២០០៥, ២០០៧-២០១០)ដែល​​មាន​បទ​ពិសោធន៍​នយោបាយ​ដឹកនាំ​ប្រទេសពេញ​ខ្លួន មាន​ប្រជាពលរដ្ឋ​ចង់​បោះឆ្នោត​ឱ្យ​ប្រមាណ​តែ ១៥ទៅ​២០%​ប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ