អានតួអត្ថបទ
វ៉ាទីកង់

សម្តេចប៉ាប ហ្វ្រង់ស័រ​បញ្ចេញ​ច្បាប់​ថ្មី ដើម្បី​ទប់ស្កាត់​ការរំលោភ​ផ្លូវភេទ​នៅ​វ៉ាទីកង់

ខណៈ​ដែល​វិហាគ្រឹស្តសាសនា រងរញ្ជួយ​ដោយ​រឿងអាស្រូវ​រំលោភ​ផ្លូវភេទ នៅ​ស្ទើរ​គ្រប់ទីកន្លែង សម្តេចប៉ាប ហ្វ្រង់ស័រ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​បង្ហាញ​ជា​សាធារណៈ ច្បាប់​ថ្មី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ អំពើហិង្សា​ ការរំលោភ បំពាន​ផ្លូវភេទ ជាពិសេស ទៅលើ​កុមារ ពីសំណាក់​ព្រះសង្ឃ​កាតូលិក។ ច្បាប់​ថ្មី​នឹង​ចាប់អនុវត្ត​ទៅលើ​មន្រ្តី​បម្រើការ​នៅ​បុរី​វ៉ាទីកង់ ហើយ​និង​មន្រ្តីសង្ឃ​កាតូលិក របស់​វ៉ាទីកង់ ដែល​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ពិភពលោក 

សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅ​បុរី​វ៉ាទីកង់ ថ្ងៃទី ២៧​មីនា ២០១៩
សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅ​បុរី​វ៉ាទីកង់ ថ្ងៃទី ២៧​មីនា ២០១៩ ©REUTERS/Remo Casilli
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី១ ដែល​បុរី​វ៉ាទីកង់​បង្កើត​ច្បាប់ សម្រាប់​អនុវត្ត​ផ្ទាល់​ទៅលើ​មន្រ្តី​ដែល​បម្រើការ ផ្ទាល់ នៅ​វ៉ាទីកង់ ហើយ​និង​មន្រ្តីទូតសង្ឃ នៅទូទាំង​ពិភពលោក ដែល​ធ្វើការ​នៅក្រោម​ឱវាទ​របស់​វ៉ាទីកង់។ កន្លងមក គឺ​ចាប់តាំង​ពី​ឆ្នាំ ២០១១ បុរី​វ៉ាទីកង់​បាន​ត្រឹម​តម្រូវ​ឲ្យ​វិហារ​កាតូលិក​នៅក្នុង​ពិភពលោក អនុវត្ត​តាម​បទបញ្ជា ស្តីពី​ការគ្រប់គ្រង ទៅលើ​បញ្ហា​រំលោភ​ផ្លូវភេទ ដែល​ប្រព្រឹត្ត​ដោយ​មន្រ្តី​សង្ឃកាតូលិក ប៉ុន្តែ វ៉ាទីកង់​មិនដែល​មាន​អត្ថបទ​ច្បាប់ ជាផ្លូវការ​នោះទេ។

ច្បាប់​របស់​វ៉ាទីកង់ ដែល​សម្តេចសង្ឃ ហ្វ្រង់ស័រ ចុះហត្ថលេខា ដាក់​ឲ្យ​អនុវត្ត នៅ​ថ្ងៃ​ម្សិលមិញ មាន​មាត្រា​ចំនួន ១២ ហើយ​និង​បទបញ្ជា​ចែង​ច្បាស់ៗ ពី​កាតព្វកិច្ច របស់​មន្រ្តីសង្ឃ ក្នុង​ការហ៊ាន​និយាយ​បរិហារ សកម្មភាព​ហិង្សា រំលោភ​ផ្លូវភេទ​ទៅលើ​កុមារ ឬ​ជនដែល​ងាយរងគ្រោះ បើមិន​ដូច្នោះទេ ពួកគេ​នឹង​ប្រឈម​ដាក់​ពិន័យ ឬ​ទោស​ជាប់ពន្ធនាគារ។

តាមច្បាប់​ថ្មី ជនល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស ក្នុង​បទ​រំលោភ​ផ្លូវភេទ នឹង​ត្រូវ​ដក​ចេញ​ពីតំណែងសង្ឃ រហូត​ដល់​២០​ឆ្នាំ និង​ត្រូវបញ្ជូន​ឲ្យ​ទៅ​ទទួល​ការព្យាបាល​ចិត្តសាស្រ្ត នោះ បើសិន​ជនរងគ្រោះ​មាន​អាយុ ក្រោម​១៨​ឆ្នាំ។ នៅក្នុង​ច្បាប់​ថ្មី គេ​បាន​ផ្តល់​យោបល់​ផងដែរ កុំ​ឲ្យ​​មន្រ្តីសង្ឃ​កាតូលិក មាន​វត្តមាន​តែម្នាក់ឯង ជាមួយ​កុមារ ឬ​ផ្សព្វផ្សាយ​រូបថត​កុមារ នៅ​តាម​បណ្តាញ​សង្គម ដោយ​គ្មាន​ការយល់ព្រម​ពី​ឪពុកម្តាយ​របស់​កុមារ។

កាល​ពី​ខែ​កុម្ភៈ​កន្លងទៅ នៅក្នុង​សន្និសីទ​ស្តីពី​ការរំលោភផ្លូវភេទ​ទៅលើ​កុមារ ប្រព្រឹត្ត​ដោយ​មន្រ្តីសង្ឃ​កាតូលិក  សម្តេចប៉ាប់ ហ្វ្រង់ស័រ ធ្លាប់​អំពាវនាវ​ឲ្យ​មាន​ការចូលរួម​ទាំងអស់​គ្នា ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​បទឧក្រិដ្ឋ ដែល​ព្រះអង្គ​ចាត់ទុក​ថា ជា​ទង្វើ​គួរ​ឲ្យ​ស្អប់ខ្ពើម។

ជាច្រើន​ឆ្នាំមកហើយ វិហារកាតូលិក ប្រឈម​នឹង​រឿងអាស្រូវរំលោភ​ផ្លូវភេទ​របស់​មន្រ្តីសង្ឃ ទៅ​លើ​កុមារ ដូចជា​នៅ​ប្រទេស​អៀរឡង់ អូស្ត្រាលី ឈីលី បារាំង អាមេរិក ឬ​ប៉ូឡូញ​ជាដើម។ ថ្មីៗនេះ អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​វិហារ​កាតូលិក​បារាំង ត្រូវ​បាន​តុលាការ​នៅទីក្រុង​លីយ៉ុង ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ៦ខែ ក្នុង​បទ បិទបាំង អំពើរំលោភ​ផ្លូវភេទ របស់​មន្រ្តីសង្ឃ ក្រោម​ឱវាទ ទៅលើ​កុមារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ