អានតួអត្ថបទ
បារាំង

បារាំង៖​បាតុករ​អាវកាក់លឿង​ទម្លាក់​កំហុស​ដាក់​រដ្ឋាភិបាល​ក្នុង​រឿង​ផ្ទុះ​អំពើហិង្សា

នៅ​ក្នុង​ប្រទេស​បារាំង វិបត្តិនយោបាយ និង​សង្គម​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក​តាម​រយៈ​បាតុកម្ម​របស់​ក្រុម​អាវកាក់លឿង​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍។ ថ្ងៃ​សៅរ៍ ទី១៦ មីនា​ជា​សប្តាហ៍ទី១៨ ដែល​ក្រុម​អាវកាក់លឿង​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ទីក្រុង​ធំ ដូច​យ៉ាង​ក្រុង​ប៉ារីស។ តែ​អ្វី​ជា​ការ​កត់សម្គាល់ បាតុកម្ម​ច្រើន​បង្កប់​ដោយ​អំពើហិង្សា​វាយកម្ទេច និង​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន។ ជាក់ស្តែង​ក្នុង​ថ្ងៃ​សៅរ៍ ទី១៦ មីនា រូបភាព​ដែល​ពិភពលោក​បាន​ឃើញ​ពី​រុក្ខវិថី​ស្ហង់អេលីហ្សេ​ក្នុង​ក្រុង​ប៉ារីស គឺ​អណ្តាត​ភ្លើង​ឆាបឆេះ​អាគារ តូប​លក់កាសែត ទស្សនាវដ្តី ការ​វាយបំបែក​កញ្ចក់​ហាងលក់ទំនិញ ភោជនីយដ្ឋាន រួម​នឹង​ការ​ចូល​លួច​យក​អីវ៉ាន់​យ៉ាង​អានាធិបតេយ្យ។ ក្រោយ​ហេតុការណ៍​ទាំង​នេះ រដ្ឋាភិបាល​បាន​ប្តេជ្ញា​ចាត់​វិធានការ​តឹងតែង​លើ​ក្រុមជន​ដៃដល់ និង​សន្យា​ទប់​ស្កាត់​អំពើហិង្សា។ តែ​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ចាស់ដៃ​ពី​ក្រុម​ប្រឆាំង​ពី​បទ​ធ្វេសប្រហែស និង​មើល​ស្រាល​លើ​វិបត្តិ​សង្គម​ដែល​បាន​អូសបន្លាយ​ជាង ២ខែ​កន្លង​មក។ ចំណែក​ក្រុម​បាតុករអាវកាក់លឿង​បាន​ស្តីបន្ទោស និង​ទម្លាក់​កំហុស​ដាក់​រដ្ឋាភិបាល​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។ បាតុករអាវកាក់លឿង​ម្នាក់​បាន​និយាយ​ថា ដរាប​ណា​រដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ខ្លួន​ទេ នោះ​បាតុកម្ម​នឹង​បន្ត​មាន ហើយ​អំពើហិង្សា​ក៏​នឹង​កើត​មាន​ជា​ថ្មី​ដែរ។

​បាតុករ​អាវកាក់លឿង​ក្នុង​ប្រទេស​បារាំង​បាន​ទម្លាក់​កំហុស​ដាក់​រដ្ឋាភិបាល​ក្នុង​រឿង​ផ្ទុះ​អំពើហិង្សា
​បាតុករ​អាវកាក់លឿង​ក្នុង​ប្រទេស​បារាំង​បាន​ទម្លាក់​កំហុស​ដាក់​រដ្ឋាភិបាល​ក្នុង​រឿង​ផ្ទុះ​អំពើហិង្សា REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« ដរាប​ណា​មាន​បាតុកម្ម ដរាប​នោះ​នៅ​តែ​មាន​ក្រុម​អ្នក​វាយកម្ទេច ដុតបំផ្លាញ។ ប្រសិន​បើ​ចង់​មិន​ឲ្យ​បាតុកម្ម គេ​ត្រូវ​ឆ្លើយតប​តាម​ការ​ទាមទារ​របស់​ប្រជាជន និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន។ អស់​រយៈពេល​ប្រមាណ​ជា ១០ឆ្នាំ​មក​ហើយ​ដែល​រដ្ឋាភិបាល​គ្រប់​ជំនាន់​មិន​បាន​គិតគូរ និង​ដោះស្រាយ​ចំពោះ​បញ្ហា​របស់​យើង​ឡើយ។

ប្រធានាធិបតី​គ្រប់​រូប​ដែល​បាន​ឡើង​កាន់​តំណែង​ក្រោយ​ពី​ប្រធានាធិបតី​មីតេរ៉ង់​មិន​ដែល​រវីរវល់ ខ្វាយខ្វល់​នឹង​ការ​លំបាក​របស់​យើង​ទេ។ ដល់​អ៊ីចឹង​ទៅ​ពេល​នេះ អ្វីៗ​បាន​ផ្ទុះ​ហើយ។ លោក​ម៉ាក្រុង ក្នុង​ពេល​ដែល​បាន​ជាប់​ឆ្នោត លោក​បាន​ដឹង​ច្បាស់​ណាស់​ថា នឹង​មាន​ផ្ទុះ​វិបត្តិ​សង្គម​បង្ក​ចេញ​ជា​អំពើ​ហិង្សា​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ចៀស​មិន​រួច។ អស់​រយៈពេល ជាង ១០ឆ្នាំ​មក​ហើយ​ខ្ញុំ​បាន​និយាយ​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា នឹង​ផ្ទុះ នឹង​ផ្ទុះ និង​ផ្ទុះ​នៅ​ពេល​ណា​មួយ។ ឃើញ​ទេ​ឥឡូវ គឺ​ផ្ទុះ​មែន។

ប្រសិន​បើ​ចង់​បញ្ឈប់​បាតុកម្ម គឺ​ត្រូវ​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​ប្រជាជន។ ដរាប​ណា​ប្រជាជន​នៅ​តែ​ធ្វើ​បាតុកម្ម ដរាប​នោះ​នឹង​នៅ​តែ​មាន​ក្រុម​អ្នកវាយកម្ទេច ដុតបំផ្លាញ។ វា​ពិត​ជា​គួរ​ឲ្យ​ស្តាយ តែ​វា​ត្រូវ​តែ​អ៊ីចឹង​តាំង​ពី ១៥ឆ្នាំ ឬ ២០ឆ្នាំ​មក​ហើយ។ លើក​ណា​ក៏​ដូច​ជា​លើក​ណា ឲ្យ​តែ​មាន​បាតុកម្ម​ធំ​តែង​តែ​មាន​ក្រុម​អ្នកវាយកម្ទេច ដុតបំផ្លាញ។ រដ្ឋអំណាច​មិន​បាន​ឆ្លើយតប​នឹង​សំណូមពរ និង​ការ​ទាមទារ​របស់​ប្រជាជន​ទេ។ សុទ្ធសឹង​ជា​អ្នក​ដែល​គ្មាន​សមត្ថភាព។ ដូច្នេះ គេ​ត្រូវ​តែ​ប្តូរ​ចេញ​ដោយ​ចៀស​មិន​រួច​នៅ​ថ្ងៃ​ណា​មួយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ