rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

Brexit៖​ច្រកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​កំពុង​បន្ត​ស្រពិចស្រពិល​កាន់​តែ​ខ្លាំង

ដោយ គួច គន្ធារ៉ា

នៅ​យប់​ថ្ងៃ​អង្គារ ទី១២ មីនា សភា​អង់គ្លេស​បាន​បោះឆ្នោត​ច្រាន​ចោល​កិច្ចព្រមព្រៀង​ផ្តាច់ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​ហៅ​ថា Brexit។ នេះ​ជា​លើកទី២ ក្នុង​រយៈពេល ២ខែ​ដែល​ក្រុមអ្នកតំណាងរាស្រ្ត​អង់គ្លេស​ភាគច្រើន​បាន​បោះឆ្នោត​មិន​ទទួល​យក​កិច្ចព្រមព្រៀង Brexit ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​ទែរ៉េហ្សា ម៉េ​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហភាពអឺរ៉ុប​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

ជា​ថ្មី​ម្តង​ទៀត និង​ជាមួយ​សម្លេង​ស្អកៗ​អស់​កម្លាំង លោកស្រី​ម៉េ​បាន​ត្រឹម​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង និង​បាន​រម្លឹក​ប្រាប់​ក្រុមតំណាងរាស្រ្ត​ទាំង​អស់​ជា​ថ្មី​ថា ការ​ដែល​អង់គ្លេស​បាន​សម្រេចចិត្ត​ដក​ខ្លួន​ចេញ​ពី​គ្រួសារអឺរ៉ុប​ជា​ឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​ប្រជារាស្រ្ត​អង់គ្លេស។

ក្នុង​រយៈពេល ២ខែ សភា​អង់គ្លេស​បាន​បោះឆ្នោត​ច្រានចោល​កិច្ចព្រមព្រៀង Brexit ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​ទែរ៉េហ្សា ម៉េ​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហភាពអឺរ៉ុប​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។ បន្ទាប់​ពី​បាន​បោះឆ្នោត​ច្រាន​ចោល​លើក​ទី១ កាល​ពី​ថ្ងៃទី១៥ មករា​កន្លង​ទៅ សភា​អង់គ្លេស​បាន​បោះឆ្នោត​ច្រានចោល​លើកទី២ នា​ថ្ងៃ​អង្គារ ទី១២ មីនា ទោះ​បី​ជា​លោកស្រី​ម៉េ​ទទួល​បាន​ការ​ធានា​មួយ​ចំនួន​បន្ថែម​ពី​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្សង់ខ្លូត យុងក័រ​នៅ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ស្រ្តាស្បួរ ប្រទេស​បារាំង​នា​ថ្ងៃ​ចន្ទ ទី១១ មីនា​ក៏​ដោយ។

ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា ទោះ​បី​ជា​លោកស្រី​ម៉េ​យក​កិច្ចព្រមព្រៀង​ដដែល​នេះ​ទៅ​ដាក់​ឲ្យ​សភា​បោះឆ្នោត​លើកទី៣ ឬ​លើកទី៤ ទៀត​ក៏​ដោយ ក៏​ក្រុមអ្នកតំណាងរាស្រ្ត​អង់គ្លេស​នៅ​តែ​បោះឆ្នោត​ប្រឆាំង​ដដែល។ ហេតុអី? ហេតុផល​អាច​មាន​ច្រើន តែ​សំខាន់​មាន​ពីរ ទី១ ដើមចម​នៃ​បញ្ហា​នៅ​ក្នុង​កិច្ចព្រមព្រៀង​នៅ​មិន​ទាន់​បាន​ដោះស្រាយ ពោល​ទាក់ទង​នឹង​រឿង​ព្រំដែន​អៀរឡង់​រវាង​ដែនដី​អៀរឡង់ខាងជើង និង​ប្រទេស​អៀរឡង់។ ចំណែក​ហេតុផល​សំខាន់ទី២ គឺ​រឿង​នយោបាយផ្ទៃក្នុង​នៅ​អង់គ្លេស​ដែល​ក្រុម​ប្រឆាំង​ចង់​ដាក់​គំនាប និង​ចង់​បំបាក់មុខ បំបាក់មាត់​លោកស្រី​ម៉េ។

ហេតុអ្វី​បាន​ជា​ព្រំដែនអៀរឡង់​បន្ត​ចោទ​ជា​បញ្ហា​ខ្លាំង​ម្ល៉េះ?

បច្ចុប្បន្ន ទឹកដី​អៀរឡង់​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ គឺ​អៀរឡង់ខាងជើង​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ប្រទេស​អង់គ្លេស និង​អៀរឡង់ខាងត្បូង​ដែល​ជា​សាធារណរដ្ឋ​ឯករាជ្យ​មួយ​ស្ថិត​ក្នុង​សមាជិក​របស់​សហភាពអឺរ៉ុប។ បើ​អង់គ្លេស​បាន​សម្រេចចិត្ត​ឈប់​រួមសុខ រួមទុក្ខ​ជាមួយ​អឺរ៉ុប និង​បើ​ជា​ការ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ទៀត​នោះ ខ្សែព្រំដែន​ខណ្ឌ​ចែក​រវាង​អៀរឡង់ខាងជើង និង​សាធារណរដ្ឋ​អៀរឡង់​ប្រវែង ៥០០គីឡូម៉ែត្រ​នឹង​ត្រូវ​មាន​ឡើង​វិញ។ នៅ​ក្នុង​កិច្ចព្រមព្រៀង Brexit រវាង​អង់គ្លេស និង​អឺរ៉ុប​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ហើយ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ជម្លោះ​បែងចែក​ទឹកដី​នៅ​អៀរឡង់​កម្រើក​ជា​ថ្មី សហភាពអឺរ៉ុប និង​រដ្ឋាភិបាល​អង់គ្លេស​បាន​ឯកភាព​គ្នា​បង្កើត​ឲ្យ​មាន​យន្តការណ៍​បណ្តោះអាសន្ន និង​លក្ខខណ្ឌពិសេស​ស្តីពី​ចរាចរមនុស្ស និង​ទំនិញ​រវាង​ដែនដី​អៀរឡង់ខាងជើង និង​ប្រទេស​អៀរឡង់​រហូត​ដល់​ខែ​កក្កដា ឆ្នាំ ២០២០។

បើ​ពី​ពេល​នេះ​ដល់​ខែ​កក្កដា ឆ្នាំ ២០២០ គេ​មិន​អាច​រក​បាន​ដំណោះស្រាយ​ណា​មួយ​ដើម្បី​បញ្ជៀស​ការ​បង្កើត​ព្រំដែន​ឡើង​វិញ​នៅ​ទឹកដី​អៀរឡង់​ទេ នោះ​ខ្សែព្រំដែន​ខណ្ឌចែក​ទឹកដី​អៀរឡង់​ជា​ពីរ​នឹង​ចូល​ធរមាន​ជា​ស្វ័យប្រវត្តិ។ ក្រុម​អ្នកតំណាងរាស្រ្ត​អង់គ្លេស​ដែល​ជំទាស់​នឹង​រឿង​ព្រំដែន​អៀរឡង់​បាន​ពន្យល់​ហេតុផល​នយោបាយផ្ទៃក្នុង និង​អន្តរជាតិ។ នៅ​ម្ខាង​មាន​ការ​យល់​ឃើញ​ថា គេ​មិន​អាច​ចាត់​ទុក​ដែនដី​អៀរឡង់ខាងជើង​ជា​ដែនដី​ពិសេស​ដាច់ដោយ​ឡែក​បាន​ទេ ពោល​គេ​មិន​អាច​បែងចែក​ដាច់​ពី​គ្នា​រវាង​ទឹកដី​អង់គ្លេស និង​ដែនដី​អៀរឡង់ខាងជើង​បាន​ឡើយ។ ចំណែក​នៅ​ម្ខាង​ទៀត ពិសេស​ក្រុម​សកម្មជន Brexit មាន​ជំហរ​តឹងតែង​យល់​ថា ការ​ផ្តល់​លក្ខន្តិកពិសេស​ឲ្យ​ដែនដី​អៀរឡង់ខាងជើង​ជា​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។

បាល់​កំពុង​ស្ថិត​ក្នុង​ជើង​អង់គ្លេស​តែ​ម្នាក់​ឯង

ក្រោយ​ការ​បោះឆ្នោត​ច្រានចោល​ចំនួន​ពីរ​លើក​របស់​សភា​អង់គ្លេស​មក ក្រុមអ្នកតំណាងរាស្រ្ត​អង់គ្លេស​ត្រូវ​ចូលរួម​បោះឆ្នោត​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ ទី១៣ និង​អាច​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មីនា​ទៀត។ សម្រាប់​ការ​បោះឆ្នោត​ក្នុង​ថ្ងៃទី១៣ មីនា សភា​អង់គ្លេស​ត្រូវ​បោះឆ្នោត​យល់ព្រម ឬ​មិន​យល់ព្រម​ចាកចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដែល​ភាសា​អង់គ្លេស​ហៅ​ថា no deal។ បើ​សម្លេង​ភាគ​ច្រើន​គាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង អង់គ្លេស​នឹង​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី២៩ មីនា​ដោយ​ដៃ​ទទេ។ ផ្ទុយ​ទៅ​វិញ បើ​សភា​អង់គ្លេស​បោះឆ្នោត​មិន​ព្រម​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ក្រុមអ្នកតំណាងរាស្រ្ត​អង់គ្លេស​ត្រូវ​វិល​ចូល​សភា​នៅ​ថ្ងៃទី១៤ មីនា​ដើម្បី​បោះឆ្នោត​សុំ ឬ​មិន​សុំ​ពន្យារ​ពេល​ចាកចេញ​ពី​អឺរ៉ុប​នៅ​ក្រោយ​ថ្ងៃទី២៩ មីនា។

ក្នុង​ករណី​ដែល​សភា​អង់គ្លេស​សុំ​ពន្យារ​ពេល គឺ​ត្រូវ​មាន​ការ​យល់ព្រម​ពី​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​ជា​មុន​សិន។ តែ​បើ​តាម​មើល​ទៅ និង​ជា​គោលការណ៍ អឺរ៉ុប​ដែល​មិន​ចង់​ឃើញ​ការ​លែងលះ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អាច​នឹង​យល់ព្រម​ទុក​ពេល​បន្ថែម​ឲ្យ​អង់គ្លេស។ ក្នុង​ករណី​នេះ អឺរ៉ុប​អាច​ដាក់​ល័ក្ខខ័ណ្ឌ​ជា​៣ សំណួរ​ទៅ​អង់គ្លេស ទី១ តើ​ចង់​សុំ​ពន្យារ​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ ទី២ សុំ​ពន្យារ​ពេល​ដើម្បី​អ្វី និង​ទី៣ តើ​ក្នុង​រយៈពេល​ពន្យារ​ពេល​ហ្នឹង​អាច​សង្ឃឹម​នឹង​ដោះស្រាយ​បញ្ហា​បាន ឬ​អត់ ហើយ​បើ​បាន តើ​មាន​សំណាង​ប៉ុន្មាន​ភាគរយ​ដែរ?។ ទោះ​ជា​យ៉ាង​ណា​ក្តី អឺរ៉ុប​បាន​បញ្ជាក់​ជា​ថ្មី​ថា ទ្វារ​ចរចា​ឡើង​វិញ​បាន​បិទ និង​លែង​ធ្វើ​សម្បទាន​អ្វី​បន្ថែម​ទៀត​ឡើយ។ ឃើញ​ថា បាល់​កំពុង​ស្ថិត​ក្នុង​ជើង​អង់គ្លេស​តែ​ម្នាក់​ឯង​គត់ ឬ​មួយ​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ឬ​មួយ​ចេញ​ដោយ​ដៃ​ទទេ ឬ​មួយ​ក៏​វិល​ត្រឡប់​ចូល​រួមរស់​ជា​គ្រួសារ​អឺរ៉ុប​ឡើង​វិញ៕

លោក​ពូទីន៖ សន្តិសុខ​កូរ៉េខាងជើង តម្រូវឲ្យ​មាន​ការធានា​ពី សហគមន៍អន្តរជាតិ

អំពើហិង្សាផ្លូវភេទ ៖ អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេចចិត្ត​ដែល​ប្រហោង​ក្នុង

សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់

អ៊ុយក្រែន​មានប្រធានាធិបតី​ថ្មីវ័យក្មេង និង​ជា​អតីត​តារាកំប្លែង

ស្រីលង្កា រងភេរវកម្ម៨ ផ្ទួន​គ្នា​ ក្នុងថ្ងៃបុណ្យសាសនាគ្រិស្ត

ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ប្រជាមតិ​ដែល​បើកផ្លូវ​ឲ្យ​លោកស៊ីស៊ី កាន់អំណាច​ដល់​ឆ្នាំ ២០៣០

សំណុំរឿង​រុស្ស៊ី៖ របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេសគ្មាន​ដាក់​បន្ទុកលើ​លោកដូណាល់​ត្រាំ

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ថ្មី និង​លែង​ចង់​ស្តី​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោកម៉ៃ ប៉ុមប៉េអូ

បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​កំពុង​សំឡឹង​ឃើញ​ជោគជ័យ ជាលើក​ទីពីរ

បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​កម្ទេច​យ៉ាង​ដំណំ

សហភាពអឺរ៉ុប បោះឆ្នោត​បើក​ការ​ចរចា​ពាណិជ្ជកម្មសេរី ជាមួយ​សហរដ្ឋ​អាមេរិក

ជំនួប​ប្រជុំ​ក្រុម​អ្នក​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បិទ​បញ្ចប់​ប្រកប​ដោយ​​សុទិដ្ឋនិយម​

វ៉េណេស៊ុយអេឡា និង​ចិន​ជា​ប្រធានបទស្នូល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ខាងត្បូង​របស់​លោក Mike Pompeo

ចិនសម្រុក​ផ្តល់កម្ចី​វិនិយោគ​នៅ​តំបន់​បាល់កង់ ខណៈ​គេ​​បារម្ភ​ ពី​បញ្ហាបំណុល

ឥណ្ឌា​រៀបចំ​ការបោះឆ្នោត ៦សប្តាហ៍ ដើម្បី ជ្រើសរើស​រដ្ឋាភិបាល អាណត្តិ​ថ្មី

អ៊ីស្រាអែល៖​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៥​របស់​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ឃើញ​កាន់​តែ​ច្បាស់

បោះឆ្នោត​នៅ​អ៊ីស្រាអែល៖ ណេតាន់យ៉ាហ៊ូ សង្ឃឹម​យក​ឈ្នះ និង​បន្ត​អំណាច​អាណត្តិ​ទី៥

វេទិកាតស៊ូ​មតិជាតិ៖ ប្រជាជន​បារាំង​ភាគច្រើន​ចង់​ឲ្យ​រដ្ឋ​កាត់បន្ថយ​ការយកពន្ធ

ថៃ៖ លោក ថាណាថន ប្រធាន​បក្ស​អនាគត់ម៉ៃ ជាប់ចោទ​ពីបទ “ញុះញង់ ​បំបះបំបោរ”

ប្រធាន​សហភាព​អឺរ៉ុប​ស្នើ​ពន្យារ​ពេល​Brexit ១ឆ្នាំ អង់គ្លេស​សុំត្រឹម​ថ្ងៃ​៣០​មិថុនា