អានតួអត្ថបទ

នាយករដ្ឋមន្ត្រីអង់គ្លេស​ឱ្យសភា​សម្រេច​រឿង Brexit ៖ លើកពេល ឬ​គ្មាន​កិច្ចព្រមព្រៀង ?

តើ​អង់គ្លេស​នឹង​​ត្រូវ​លើក​ពេល​ផ្តាច់​ខ្លួន​ចេញ​អឺរ៉ុបសិន ឬ​​សុខចិត្ត​​​ដើរ​ចេញ​ពីអឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង ? នេះ​ជា​សំណើ​ពីរ ដែល​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Theresa May បាន​លើក​មក​ពន្យល់​បំភ្លឺ​សភា​នៅ​ថ្ងៃអង្គារ​​នេះ។ សភា​អង់គ្លេស​មាន​ពេល​ពី​រ​សប្តាហ៍​ សម្រាប់​ពិចារណា មុន​ផ្តល់​សេចក្តី​សម្រេច​ តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ពាក់កណ្តាល​ខែ​ក្រោយ។

នាយករដ្ឋមន្ត្រីូ Theresa May ថ្លែង​ទៅកាន់សភា​ថ្ងៃទី ២៦ កុម្ភៈ ២០១៩
នាយករដ្ឋមន្ត្រីូ Theresa May ថ្លែង​ទៅកាន់សភា​ថ្ងៃទី ២៦ កុម្ភៈ ២០១៩ HO / AFP / PRU
ផ្សាយពាណិជ្ជកម្ម

​ថ្លែង​នៅ​ចំពោះ​មុខ​សភា​ នា​រសៀល​ថ្ងៃអង្គារ​ទី ២៦​កុម្ភៈ​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​បាន​អះអាងថា អង់គ្លេស​នឹង​ចាក​ចេញ​ពី​អឺរ៉ុប នៅ​ថ្ងៃទី ២៩​មីនា ស្រប​តាម​នីតិវិធី និង​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ ដរាប​ណា​តែ​សមាជិក​សភា​ទាំង​អស់​ផ្តល់​មតិ​ដោយ​ច្បាស់​លាស់​ប៉ុណ្ណោះ។

មាន​ន័យ​ថា​​ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​នឹង​សុំ​ស្នើ​ឱ្យ​សភា​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​លើ​កិច្ចព្រមព្រៀង​Brexit ដែល​លោកស្រី​សម្រេច​បាន​ជាមួយ​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ១២​មីនា។ ប្រសិន​បើ​ ​កិច្ចព្រម​ព្រៀង​នេះ មិន​ទទួល​បាន​ការ​គាំទ្រ​ភាគ​ច្រើន​ និង​​ពុំទទួល​បាន​ការ​​អនុម័ត​ពី​សភា​ទេ នោះ​នឹង​មាន​ការ​បោះឆ្នោត​ជា​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី ១៣​មីនា ជា​ថ្ងៃ​បន្ទាប់ ដើម្បី​បញ្ជាក់​ថា សភាពិត​ជា​​ចង់ឱ្យ​អង់គ្លេស​​បំបែក​ខ្លួន​ចេញ​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង​មែន។

ក្នុង​ករណី​សភា​នៅ​តែ​បដិសេធ​ទៀត ការ​បោះឆ្នោត​លើក​ទី​បី​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ១៤​មីនា ដែល​ម្តង​នេះ ជា​សំណើសុំ​លើក​ពេល​Brexitមួយ​រយៈ​ខ្លី មិនមែន​នៅ ​ថ្ងៃទី ២៩ មីនា ២០១៩​ ដូច​មាន​ចែង​ក្នុង​នីតិវិធី នៃ​ដំណើរការ​ចរចា​​បំបែក​ចេញ​ពី​អឺរ៉ុបទេ​។ ប៉ុន្តែ​ការ​ពន្យារពេល​ ដែល​អាច​អូសបន្លាយ​ពេល​វេលា​ចរចាវែង​ឬ​ខ្លី​នេះ​ មិន​ប្រាកដ​ថា​នឹង​លុប​បំបាត់​បាន​ទាំង​ស្រុង​ Brexit​ដែល​គ្មាន​កិច្ចព្រមព្រៀង​ឡើយ។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​លោកស្រី​នាយករដ្ឋមន្ត្រី ដោយ​ស្នើ​ឱ្យ​តំណាង​រាស្ត្រ​ព្រម​ទទួល​យក​កិច្ចព្រមព្រៀង​របស់​លោកស្រី​ជាមួយ​អឺរ៉ុប។

ការលើក​ពេល​Brexit​ មិនមែន​ជា​ការ​សម្រេច​ជា​ឯកតោភាគី​របស់​អង់គ្លេស​ឡើយ គឺ​ត្រូវ​មាន​ការ​ព្រមព្រៀង​ពី​ខាង​អឺរ៉ុប​ទៀត។ ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប បាន​ព្រលយ​ឱ្យ​ដឹង​ថា ប្រសិន​បើ​អង់គ្លេស​ពិត​ជា​ដាក់​សំណើ​ជា​ផ្លូវការ​សុំ​ពន្យារ​ពេល​Brexitមែន នោះ​អឺរ៉ុប​ទំនង​ជាព្រម​ទទួល​សិក្សា​សំណើ​នោះ​។ ពន្យារ​ពេល​ពីរបី​ខែ​ ជា​ការ​ធម្មតា​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ