rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បុរីវ៉ាទីកង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សម្តេចប៉ាប​ហ្រ្វង់ស័រ​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​រំលោភ​ផ្លូវភេទ​លើ​កុមារ

media
សម្តេចប៉ាប​ហ្រ្វង់ស័រ​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​រំលោភ​ផ្លូវភេទ​លើ​កុមារ REUTERS/Henry Romero

បុរីវ៉ាទីកង់​បើក​ជំនួបកំពូល​រយៈពេល ៣ថ្ងៃ​កន្លះ​ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីសង្ឃ និង​ប្រមុខសង្ឃ​កាតូលិក​មក​ពី​គ្រប់​ជ្រុងជ្រោយ​ក្នុង​លោក​ចំនួន ១៩០អង្គ។ ជំនួបកំពូល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រឿងអាស្រូវ​រំលោភ​ផ្លូវភេទ​លើ​កុមារ​ពី​សំណាក់​មន្រ្តីសង្ឃកាតូលោក​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ផុសផុល​នៅ​តាម​វិហារកាតូលិក​ក្នុង​ប្រទេស​មួយ​ចំនួន។ មាន​បន្ទូល​បើក​ជំនួបកំពូល​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កុម្ភៈ ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​បំពាន​ផ្លូវភេទ​លើ​កុមារ។


« ប្រជាជន​នៅ​ទូទាំង​ពិភពលោក​កំពុង​សម្លឹង​មើល​យើង និង​កំពុង​រង់ចាំ​ពី​យើង​នូវ​វិធានការ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព ពោល​មិនមែន​តែ​សម្តី​ថ្កោលទោស​ធម្មតា​ទេ » នេះ​ជា​បន្ទូល​របស់​ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​នា​ឱកាស​បើក​ជំនួបកំពូល។ វិធានការ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ដែល​សម្តេចប៉ាប​ចង់​បញ្ជាក់ គឺ​វិធានការ​ប្រឆាំង​នឹង​ទង្វើ​រំលោភ​ផ្លូវភេទ​លើ​កុមារ​ពី​មន្រ្តីសង្ឃ​កាតូលិក។ នៅ​ក្នុង​ន័យ​នេះ សម្តេចប៉ាប​បាន​ស្នើ​ដល់​មន្រ្តីសង្ឃ និង​ប្រមុខសង្ឃ​កាតូលិក​ទាំង ១៩០អង្គ​ក្នុង​លោក​ដែល​បាន​ចូលរួម​នៅ​ជំនួបកំពូល​ពេល​នេះ​ឲ្យ​ស្តាប់​សម្រែក​របស់​កុមារ​រងគ្រោះ​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌។

គួរ​រម្លឹក​ថា ជំនួបកំពូល​នៅ​បុរីវ៉ាទីកង់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រឿងអាស្រូវ​រំលោភ​ផ្លូវភេទ​លើ​កុមារ​នៅ​តាម​វិហារកាតូលិក​ពី​សំណាក់​មន្រ្តីសង្ឃ​កាតូលិក​បាន​ផ្ទុះ​ឡើង​យ៉ាង​ផុសផុល​ពេញ​មួយ​ឆ្នាំ ២០១៨ នៅ​តាម​ប្រទេស​មួយ​ចំនួន​ក្នុង​លោក ដូច​យ៉ាង​នៅ​ឈីលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ ឬ​មួយ​នៅ​ក្នុង​ប្រទេស​បារាំង។ ជំនួបកំពូល​ពេល​នេះ​មាន​គោលដៅ​ដាស់ស្មារតី​ដល់​មន្រ្តីសង្ឃ និង​ប្រមុខសង្ឃ​កាតូលិក​នៅ​ទូទាំងពិភពលោក​ឲ្យ​ទទួល​ស្គាល់​ពី​ការ​ទទួលខុសត្រូវ និង​ពី​កតាព្វកិច្ច​របស់​ខ្លួន។ នៅ​ក្នុង​ន័យ​នេះ សម្តេចប៉ាប​អំពាវនាវ​ដល់​មន្រ្តីសង្ឃ និង​ប្រមុខសង្ឃ​កាតូលិក​គ្រប់រូប​ឲ្យ​ជួប​ជជែក​គ្នា​ដោយ​ស្មោះត្រង់ ស៊ីជម្រៅ និង​មាន​លក្ខណៈ​ជា​សង្ឃកាតូលិក​ដើម្បី​ប្រឆាំង​ទប់​នឹង​ទង្វើ​រំលោភ​ផ្លូវភេទ​លើ​កុមារ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជំនួបកំពូល​ពេល​នេះ​នឹង​អាច​ជួយ​ស្រោចស្រង់​កិត្តិនាម និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុរីវ៉ាទីកង់ ពិសេស​សម្តេចប៉ាប​បាន​កម្រិត​ណា​ទេ។ តែ​គ្រប់​គ្នា​បាន​យល់​ឃើញ​ថា​យ៉ាង​ហោចណាស់ ជំនួបកំពូល​មួយ​នេះ​ក៏​អាច​ចូលរួម​ដាស់ និង​ពញ្ញាក់​ស្មារតី​របស់​មន្រ្តី ឬ​ប្រមុខសង្ឃ​កាតូលិក​ដែល​បាន​ប្រព្រឹត្ត​កំហុសឆ្គង​នា​ពេល​កន្លង​មក​ដែរ។ ដោយឡែក មាន​មន្រ្តីសង្ឃ និង​ប្រមុខ​សង្ឃកាតូលិក​មួយ​ចំនួន​បាន​ទាមទារ​ឲ្យ​បុរីវ៉ាទីកង់​គិតគូរ​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​មួយ​ចំនួន​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានការណ៍​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន៕