អានតួអត្ថបទ
បារាំង-អ៊ីតាលី

ហេតុអ្វី​បាន​ជា​ប្រទេស​បារាំង​ខឹងសម្បារ​នឹង​ប្រទេស​អ៊ីតាលី​ខ្លាំង​ម្ល៉េះ?

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កុម្ភៈ ក្រសួង​ការបរទេស​បារាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​អ៊ីតាលី​ឲ្យ​ចូល​ស្រុក​ដើម្បី​ពិគ្រោះយោលបល់។ ការ​កោះហៅ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ថ្នាក់ដឹកនាំ​អ៊ីតាលី​បាន​ប្រើ​សម្តី​វាយប្រហារ និង​ចោទប្រកាន់​បារាំង​មិន​ធ្លាប់​មាន​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពិសេស​ទាក់ទង​នឹង​វិបត្តិ​អាវកាក់លឿង​ក្នុង​ប្រទេស​បារាំង។ ទីក្រុង​ប៉ារីស​បាន​យល់​ឃើញ​ថា ការ​ដែល​ថ្នាក់ដឹកនាំ​អ៊ីតាលី​ខ្លះ​មិន​យល់​ស្រប ឬ​យល់ឃើញ​យ៉ាង​ម៉េច​លើ​បញ្ហា​ផ្ទៃក្នុង​របស់​បារាំង​ជារឿង​មួយ តែ​ការ​ឆ្លៀត​យក​វិបត្តិ​បារាំង​ធ្វើ​ជា​ឧបករណ៍​ដើម្បី​ទាញ​យក​សន្លឹក​ឆ្នោត​ជា​រឿង​មួយ​ដែល​បារាំង​មិន​អាច​ទទួល​យក​បាន​ឡើយ។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​រដ្ឋមន្រ្តីការបរទេស​របស់​គាត់​លោក Jean-Yves Le Drian
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​រដ្ឋមន្រ្តីការបរទេស​របស់​គាត់​លោក Jean-Yves Le Drian Tatyana Zenkovich/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

កំហឹង​របស់​បារាំង​ចំពោះ​អ៊ីតាលី​ពេល​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីប្រកាសព័ត៌មាន​មួយ​របស់​ក្រសួង​ការបរទេស។ នៅ​ក្នុង​សេចក្តីប្រកាស​ពត៌មាន​នេះ លោកស្រី​អាញែស វុនដឺមុលែ​ដែល​ជា​អ្នកនាំពាក្យ​បាន​លើក​ឡើង​ពី​ការ​ចោទប្រកាន់​ញយដង ការ​វាយប្រហារ​គ្មាន​មូលដ្ឋាន និង​សេចក្តីថ្លែងការណ៍​បំផ្លើស​លើ​បារាំង​ពី​សំណាក់​អ៊ីតាលី។ « ការ​ជ្រៀតជ្រែក​ចុង​ក្រោយ​របស់​អ៊ីតាលី​ជា​ការ​បង្ក​រឿង​បន្ថែម និង​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ទី១ វា​ជា​ការ​បំពាន​លើ​ការ​គោរព​នៃ​ជម្រើស​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ជាមិត្ត និង​ជា​សម្ព័ន្ធមិត្ត និង​ទី២ វា​ជា​ការ​បំពាន​លើ​ការ​គោរព​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ដែល​បាន​ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​ប្រជាធិបតេយ្យ » នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោកស្រី​អាញែស។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ទង្វើ​របស់​អ៊ីតាលី​ចំពោះ​បារាំង​ពេល​នេះ​ជា​ទង្វើ​មួយ​មិន​ធ្លាប់​មាន គិត​តាំង​ពី​ក្រោយ​ការ​បញ្ចប់​សង្រ្គាម។ អ៊ីតាលី​តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ម៉ាត់តេអូ សាលវីនី​បាន​ឆ្លើយ​តប​នឹង​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​បារាំង​ដោយ​សុំ​ជួប​លោក​ប្រធានាធិបតី​បារាំង​​ម៉ាក្រុង និង​ពន្យល់​ពី​ការ​មិន​ចង់​មាន​ជម្លោះ​ជាមួយ​អ្នក​ណា​ម្នាក់។ តែ​ទន្ទឹម​គ្នា​នេះ លោក​សាលវីនី​ក៏​ឆ្លៀត​ស្នើ​បារាំង​ឲ្យ​បញ្ឈប់​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ទៅ​កាន់​ព្រំដែន និង​ឈប់​ផ្តល់​ទីជម្រក​ឲ្យ​ក្រុម​ភេរវជន​អ៊ីតាលី។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃ​ពុធ ទី៦ កុម្ភៈ ក្រសួង​ការបរទេស​បារាំង​ធ្លាប់​បាន​បរិហារ​លើ​ជំនួប​រវាង​ឧបនាយករដ្ឋមន្រ្តី​អ៊ីតាលី​លោក​ល្វីហ្ស៊ី ឌីម៉ាយអូ និង​ក្រុមអ្នកតំណាង​អាវកាក់លឿង​បារាំង។

ជំនួប​នេះ​ត្រូវ​បាន​លោក​ល្វីហ្ស៊ី​ខ្លួន​ឯង​ប្រកាស​លើ​បណ្តាញសង្គម​របស់​លោក​ក្នុង​ថ្ងៃ​អង្គារ ទី៥ កុម្ភៈ​ដោយ​បន្ថែម​ឃ្លា​ពីរ​ដូច​គ្នា​ថា ខ្យល់​នៃ​ការ​ផ្លាស់ប្តូរ​នៅ​បារាំង​បាន​ឈាន​មក​ដល់​ហើយ។ គួរ​រម្លឹក​ថា​នៅ​មុន​មាន​ជំនួប​ជាមួយ​ក្រុមអាវកាក់លឿង​បារាំង លោក​ល្វីហ្ស៊ី​ក៏​ដូច​លោក​សាលវីនី​ធ្លាប់​បាន​ប្រើ​សម្តី​វាយប្រហារ​ខ្លាំង​លើ​អំណាច​នីតិប្រតិបត្តិបារាំង។ លោក​សាលវីនី​ហ៊ាន​ទាំង​និយាយ​ដោយ​សង្ឃឹម​ថា ប្រជាជន​បារាំង​នឹង​ត្រូវ​រួច​ផុត​ពី​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​ដ៏​អសមត្ថភាព​នា​ពេល​ឆាប់ៗ​ខាង​មុខ។ លោកស្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​បាន​ចាត់​ទុក​សម្តី​របស់​លោក​សាលវីនី​ថា​ជា​សម្តី​មិន​ធ្លាប់​ឮ​រវាង​អ្នកទទួល​ខុសត្រូវ​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប។

តាម​លោកស្រី​អាញែស មាន​ការ​យល់​ឃើញ​មិន​ដូច​គ្នា​ជា​រឿង​មួយ តែ​ការ​យក​ទំនាក់ទំនង​ធ្វើ​ជា​ឧបករណ៍​ដើម្បី​កេងចំណេញ​សន្លឹក​ឆ្នោត​ជា​រឿង​មួយ​ផ្សេង​ទៀត។ គួរ​បញ្ជាក់​ថា សង្រ្គាម​ពាក្យសម្តី​រវាង​បារាំង និង​អ៊ីតាលី​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​អឺរ៉ុប​គ្រោង​រៀបចំ​បោះឆ្នោត​នៅ​ថ្ងៃទី២៦ ឧសភា​ខាង​មុខ។ ចំណែក​លោក​សាលវីនី​កំពុង​ព្យាយាម​ប្រមូលកម្លាំង​ស្តាំនិយមជ្រុល​អឺរ៉ុប​ដើម្បី​ប្រឆាំង​នឹង​ក្រុមអ្នកនិយម​អឺរ៉ុប​ដែល​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​កំពុង​ប្រមូលផ្តុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ