អានតួអត្ថបទ

អតីត​ប្រធានាធិបតី​បារាំង​​ចូល​បំភ្លឺ​តុលាការ​រឿង​ឃាតកម្ម​លើ​អ្នកកាសែត​RFI នៅម៉ាលី

ជាង​៥​ឆ្នាំក្រោយ​ហេតុការណ៍​ឃាតកម្ម​សម្លាប់អ្នកកាសែត​របស់​វិទ្យុបារាំង​អន្តរជាតិ​ពីរ​នាក់ នៅ​ប្រទេស​ម៉ាលី តុលាការ​បាន​កោះ​ហៅ​​​អតីត​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ​ ហូឡង់ ឱ្យ​មក​ចូល​​បំភ្លឺ​ ក្នុង​នាម​ជាសាក្សី​។ ការ​ផ្តល់​សក្ខីកម្ម បាន​ប្រព្រឹត្តទៅ​នៅ​​ថ្ងៃទី ១១​មករា ២០១៩ តែ​​​ប្រភព​ស្និទ្ធ​នឹង​លោក​អតី​ត​ប្រធានាធិបតី ទើប​បាន​បញ្ជាក់​ដំណឹង​នៅ​ថ្ងៃចន្ទ​​នេះ។

លោក ហ្វ្រង់ស័រ​ ហូឡង់ អតីត​ប្រធានាធិបតី​បារាំង
លោក ហ្វ្រង់ស័រ​ ហូឡង់ អតីត​ប្រធានាធិបតី​បារាំង AFP/Angelos Tzortzinis
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ តាំង​សំណុំរឿង​អង្កេត​ចាប់​បើក​មក​ ដែល​មាន​ឥស្សរជន​កំពូល​របស់​ប្រទេស​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ ក្នុង​នាម​ជា​សាក្សី ៖ ចៅក្រម​បាន​កោះ​ហៅ​​អតីតប្រធាន​ភ្នាក់ងារ​ចារកិច្ច​បារាំង កាលពី​ថ្ងៃទី ១០​ធ្នូ ២០១៨ ឯ​លោក​អតីត​ប្រធានាធិបតី​ ហ្វ្រង់ស័រ ហូឡង់ នៅថ្ងៃទី ១១​មករា ២០១៩។

បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ​តុលាការ​ចង់​ដឹង​ថាតើ​​ពិត​ជា​មាន​សំឡេង​សន្ទនា​រវាង​អ្នក​បញ្ជា​និង​ឃាតករ​ដៃដល់ដែល​ជា​​អ្នកសម្លាប់​​អ្នកកាសែតបារាំង​ទាំង​ពីរ​រូប​មែន​ដែរឬ​យ៉ាងណា ? នេះ​មិនមែន​ជា​សំណួរ​ចៃដន្យ​ទេ ! នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៣ ពោល​គឺ​មួយ​ខែ​ក្រោយ​ហេតុការណ៍​ឃាតកម្ម ក្នុង​កិច្ចសន្ទនា​ក្រៅផ្លូវការ​ជាមួយ​អ្នកកាសែត​ម្នាក់ លោក ហ្វ្រង់ស័រ​ហូឡង់ ដែល​កាលណោះជា​ប្រធានាធិបតី​ បាន​បង្ហើប​​ថាបារាំង​ចាប់​បាន​កិច្ចសន្ទនា​តាម​​ទូរស័ព្ទ ឮអ្នក​ដែល​ទំនង​ជា​មេកើយ​​និយាយបន្ទោស​ឃាតករ ​​ដែល “​ធ្វើ​ការ​មិន​ល្អ នាំ​​ឱ្យ​ខូចការ”។ ហើយ​កាលពីខែ​តុលា​​កន្លង​ទៅ​ លោក​បាន​លើក​និយាយ​អំពី​បញ្ហា​នេះ​ម្តង​ទៀត ជាមួយ​អ្នកកាសែត​របស់​វិទ្យុបារាំង​អន្តរជាតិ និង​អតីត​ប្រធាន​ភ្នាក់ងារ​ចារកិច្ច។

ប៉ុន្តែ​សម្រាប់​​​ពេល​នេះ​ គេ​រក​មិន​ឃើញដាន​សំឡេងតម្កល់​​​ក្នុងសំណុំ​​ឯកសារ​សោះ ! ហើយ​នៅ​ចំពោះ​មុខ​ចៅក្រម ទាំង​អតីត​ប្រធានាធិបតី​ ក៏​ដូច​ជា​​អតីត​ប្រធាន​ចារកិច្ច សុទ្ធ​តែ​បដិសេធ។ បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP ដដែល លោក ហ្វ្រង់ស័រ ហូឡង់ បាន​សម្តែងការ​សោកស្តាយ​ដែល​គេនាំគ្នា​ព្រលាត់​សំដី​លោក​មិន​ត្រឹម​ត្រូវ និង​បាន​ពន្យល់​ប្រាប់​តុលាការ​​ថា​លោក​មិន​ចង​ចាំ​​កិច្ចសន្ទនា​នោះ​ទេ ហើយ​មិន​ជឿថា​មាន​ការ​ចាប់​បាន​សំឡេង​នោះ​ឡើយ។

សូម​បញ្ជាក់​ថា​អ្នក​កាសែត​របស់​វិទ្យុ​បារាំង​ទាំងពីរ គឺ​Ghislaine Dupont និង​ Claude Verlon ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ខ្លួន រួច​បាញ់​សម្លាប់​នៅ​ថ្ងៃទី ២​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​តំបន់​គីដាល់ ភាគ​ខាង​ជើង​ប្រទេសម៉ាលី ក្រោយ​ពី​បាន​ជួប​​​​សម្ភាសន៍​ជាមួយ​តំណាង​ពួក​ឧទ្ទាម​​នៃ​ចលនា​រំដោះ​ជាតិ​អាហ្សាវាដ។

សមាគមញាតិមិត្ត និង​ក្រុមគ្រួសារ​ Ghislaine Dupont និង​Claude Verlon បាន​សម្តែង​ការ​ពេញ​ចិត្ត​ដែល​តុលាការ​បាន​កោះ​ហៅ​ថ្នាក់​ដឹកនាំ​បារាំង​មក​បំភ្លឺ ប៉ុន្តែ​ខក​ចិត្ត​នៅ​ពេល​បាន​ឮ​ដំណឹង​ថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ