អានតួអត្ថបទ

នាយករដ្ឋមន្ត្រី​អង់គ្លេស​បង្ហាញ​ផែនការ​Brexit ថ្មី​ និងភាព​សម្របសម្រួល​ជាមួយ​សភា

​​កិច្ចព្រមព្រៀងBrexit ដែល​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​សម្រេច​​ជាមួយ​អឺរ៉ុប​ ត្រូវ​បាន​សភាច្រាន​ចោល​ក្នុង​សំឡេង​ដ៏​ច្រើន​លើសលុប​កាលពី​សប្តាហ៍មុនហើយ តើ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​មាន​​ផែនការ​អ្វី​បម្រុង​ទុក​ សម្រាប់​មក​ជំនួសទេ ?​ នៅ​ថ្ងៃរសៀល​​ចន្ទ​នេះជា​វេលា​កំណត់​ចុងក្រោយ ដែល​លោកស្រី តេរ៉េហ្សា ម៉េ ត្រូវ​ដាក់​បង្ហាញ​ជូន​សភា​នូវ​ផែនការ​ថ្មី​ ស្តីពីការ​ចាកចេញ​ពី​អឺរ៉ុប។ លោកស្រី​​​បាន​​សន្យា​វិល​ត្រលប់​ទៅ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ឡើង​វិញ និង​សួរ​យោបល់​សភា​រាល់​គ្រប់​ចំណុច​ចរចា​ទាក់ទង​នឹង​ទំនាក់ទំនង​អនាគត​រវាង​អង់គ្លេស​និង​អឺរ៉ុប។

លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេសសម្តែង​ភាព​សម្របសម្រួល​ខ្លាំងជាមួយសភា
លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេសសម្តែង​ភាព​សម្របសម្រួល​ខ្លាំងជាមួយសភា REUTERS/Hannah McKay
ផ្សាយពាណិជ្ជកម្ម

​នៅ​១០​សប្តាហ៍​មុន​បែក​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ត្រូវ​​រក​ឱ្យ​ឃើញនូវ​​ផែនការ​ថ្មី​សម្រាប់​នាំប្រទេស​ឱ្យដើរ​​ចេញ​ពី​អឺរ៉ុប ដោយសម្រួល​ ​ព្រោះការ​បែកបាក់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អាច​នឹងធ្វើ​ឱ្យ​អង់គ្លេស​មាន​ហានិភ័យ​ជួប​គ្រោះ​ខ្វះខាត កក​​​ស្ទះនៅ​កំពង់ផែ និង​រូបិយបណ្ណ​ធ្លាក់​ចុះ។

ប៉ុន្តែ​ផែនការ​ថ្មី​របស់​លោកស្រី ទំនង​ជា​នឹង​ធ្វើ​ឱ្យសហភាព​អឺរ៉ុប​ និង​​អង់គ្លេស​ផ្ទាល់​ ខក​ចិត្ត​ដដែល ព្រោះ​សំណើ​ថ្មី​នេះ​មាន​លក្ខណៈ​​ដូច​គ្នា​បេះដាក់​ទៅ​នឹង​កិច្ចព្រមព្រៀង​​ដំបូង ដែល​សភា​អង់គ្លេស​បាន​ច្រាន​ចោល​ កាល​ពី​សប្តាហ៍​មុន។ លោកស្រី​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​សន្យា​បី​ខ ៖ ពិគ្រោះ​ពិភាក្សា​​ជាមួយ​សភាឱ្យ​បាន​ច្រើន​ជាង​មុន​លើ​រាល់​ចំណុចស្តី​ពី​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​អង់គ្លេស​នាពេលអនាគត -​​ ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បក្ស​កាន់​អំណាច​ធានា​អំពី​សិទ្ធ​របស់​ពលករ - និង​ស្វែង​រក​ឱ្យ​ឃើញ​មធ្យោបាយ​បន្ធូរ​បន្ថយ​សម្ពាធ​ជុំ​វិញ​បញ្ហា​ព្រំដែន​អៀរឡង់​ខាង​ជើង ដែល​ជា​ខេត្ត​របស់​អង់គ្លេស​ជា​អៀរឡង់​ប្រទេស​ជា​សមាជិកសហភាព​​អឺរ៉ុប។ ​

ក្នុង​ន័យ​នេះ លោកស្រី​ប្រមុខ​រដ្ឋាភិបាល នឹង​ធ្វើ​ដំណើរ​ទៅ​ព្រុចសែល​ជា​ថ្មី ដើម្បី​ចរចា​ជាមួយអឺរ៉ុប​ឡើង​វិញ ស្តី​អំពី​​បញ្ហា​សន្តិសុខ​ ដែល​ជា​បញ្ហា​មួយ​ត្រូវ​ដោះស្រាយ​ដើម្បីបញ្ចៀស​កុំ​ឱ្យ​មាន​ការពុះ​ចែក​​​​ខណ្ឌ​​ព្រំដែន​រវាង​អៀរឡង់​ខាង​ជើងពីប្រទេស​អៀរឡង់ ក្រោយអង់គ្លេស​ចាក​ចេញ​ពី​អឺរ៉ុប។

ខ្ញុំ​នឹង​បន្ត​ពិភាក្សា​ជាមួយ​តំណាង​អៀរឡង់​ខាង​ជើង នៅ​សប្តាហ៍​នេះ ដើម្បី​ដឹង​ថា​តើ​មាន​លក្ខខណ្ឌអ្វី​ខ្លះ​​ត្រូវ​បំពេញ បើ​យើង​ចង់​បញ្ចៀស​មិន​ឱ្យ​មាន​រនាំង​ព្រំដែន​នៅ​តាម​ព្រំប្រទល់​រវាង​អៀរឡង់​ទាំង​ពីរ” នៅ​ពេល​អង់គ្លេស​ចាក​ចេញ​ពី​អឺរ៉ុប។ ​គ្មាន​ព្រំដែន ជា​អ្វី​ដែល​សភា​អង់គ្លេស​ភាគ​ច្រើន​ចង់​បាន​និង​គាំទ្រ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី ម៉េ ទៅ​កាន់​អង្គសភា ដោយ​អះអាង​ទៀតថា ​បន្ទាប់​មក​លោកស្រី​​នឹង​យក​សេចក្តី​សន្និដ្ឋាន​​នៃ​កិច្ចពិភាក្សា​​ទៅ​បង្ហាញ​អឺរ៉ុប”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ