អានតួអត្ថបទ
តុលាការព្រហ្មទណ្ឌអន្តរជាតិ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​រក្សា​ការឃុំខ្លួន អតីតប្រធានាធិបតី​កូតឌីវ័រ

អតីត​ប្រធានាធិបតី​កូតឌីវ័រ លោក​ឡូរ៉ង់ បាក់បូ និង​មនុស្ស​ជំនិត ដែល​រងបទ​ចោទប្រកាន់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅ​បន្ត​ជាប់ឃុំ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC។ នៅ​៣ថ្ងៃ​ក្រោយ អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ ក្រុង​ឡាអេ សម្រេច​ឲ្យ​ដោះលែង អតីត​មេដឹកនាំ​កូតឌីវ័រ ដោយសារ​តែ​គ្មាន​ភស្តុតាង គ្រប់គ្រាន់ ចៅក្រម​របស់​តុលាការ​កំពូល វិញ កាលពី​ថ្ងៃ​សុក្រម្សិលមិញ បាន​សម្រេច​រក្សា​បន្ត​ការឃុំខ្លួន លោក​បាក់បូ រហូត​ដល់​ថ្ងៃ​ទី​១​កុម្ភៈ។ 

អតីត​ប្រធានាធិបតី​កូតឌីវ័រ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ ថ្ងៃទី ១៥ មករា ២០១៩
អតីត​ប្រធានាធិបតី​កូតឌីវ័រ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ ថ្ងៃទី ១៥ មករា ២០១៩ © Peter Dejong
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​សំលេង​ភាគច្រើន (៣ ក្នុង​ចំណោម​៥នាក់) ចៅក្រម​ តុលាការ​កំពូល ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន​សម្រេច​បន្ត​ឃុំខ្លួន អតីត​ប្រធានាធិបតី​កូតឌីវ័រ ក្នុង​ពេល​រង់ចាំ​សវនការ​ថ្មី របស់​តុលាការ​កំពូល។ នៅ​ថ្ងៃទី ១​កុម្ភៈ តុលាការ​កំពូល​នឹង​បើកសវនការ ដើម្បី ស្តាប់​បណ្តឹង​ឧទ្ធរណ៍​របស់​រដ្ឋអាជ្ញា ដែល​ប្តឹង​ជំទាស់​នឹង​ការសម្រេច​ដោះលែង​អតីត​ប្រធានាធិបតី​កូតឌីវ័រ ហើយ​មនុស្ស​ជំនិត កាល​ពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ។

បន្ទាប់​ពី​សវនាការ​នៅ​ថ្ងៃទី​១ កុម្ភៈ តុលាការ​កំពូល​របស់​ICC នឹង​សម្រេច​បន្តទៀត​ថា  តើ​ត្រូវ​បន្ត​ឃុំខ្លួន ឬ​ក៏​ត្រូវ​ដោះលែង​ជនជាប់ចោទ​ទាំងពីរ ឲ្យ​នៅក្រៅ​ឃុំបណ្តោះអាសន្ន នៅក្នុង​ពេល​ដែល តុលាការ​កំពូល​ត្រូវ​សម្រេច​បើក​សវនការ នៅក្រោយ​បណ្តឹង​ឧទ្ធរណ៍​របស់​រដ្ឋអាជ្ញា។ ការិយាល័យ​របស់​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​អះអាង​ហើយថា នឹង​ដាក់​ឯកសារ ប្តឹងជំទាស់ នៅក្រោយ សាលាដំបូង របស់​ICC បាន​សម្រេច កាត់​ឲ្យ​រួចទោស អតីត​ប្រធានាធិបតី​កូតឌីវ័រ លោក​ឡូរ៉ង់ បាក់បូ។

ដើម្បី​ទាមទារ​ឲ្យ​តុលាការ​បន្ត​ការឃុំ​ខ្លួន លោកឡូរ៉ង់ បាក់បូរ រដ្ឋអាជ្ញា​របស់​តុលាការ​ក្រុង​ឡាអេ​បាន​លើកហេតុផល​ថា បើសិន​លោក​ឡូរ៉ង់​បាក់បូ ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព នោះ​គេ​មិន​ប្រាកដ​ទេ​ថា អាជ្ញាធរ​កូតឌីវ័រ​នឹង​អាច​ចាប់បញ្ជូន​លោក​បាក់បូ មក​តុលាការ​ក្រុង​ឡាអេ​សាជាថ្មី នៅក្នុង​ករណី​មាន​សវនការ​ប្រឆាំង​នឹង​រូបលោក នៅ​តុលាការ​កំពូល។

ក្រោម​បទ​ចោទប្រកាន់ ប្រព្រឹត្ត ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដូចជា​ការសម្លាប់ រំលោភ និង​ធ្វើ​ទុក្ខបុកម្នេញ នៅក្នុង​អំពើហិង្សា កើតឡើង​ដោយសារ​ការក្រាញអំណាច នៅ​ក្រោយ​ការបោះឆ្នោត លោក​ឡូរ៉ង់ បាក់បូ ត្រូវ​បាន​រដ្ឋាភិបាល​របស់​គូប្រជែង ចាប់បញ្ជូន​ខ្លួន ទៅ​ឲ្យ​តុលាការក្រុង​ឡាអេ ឃុំខ្លួន កាល​ពី​ឆ្នាំ ២០១១។ រង​ការជំនុំជម្រះ នៅ​តុលាការ​ក្រុង​ឡាអេ តាំង​ពី​ឆ្នាំ ២០១៦ ពោល​គឺ​នៅ​៥​ឆ្នាំ ក្រោយ​អំពើហិង្សា ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣ពាន់​តែ​ក្នុង​៥ខែ នៅ​កូតឌីវ័រ អតីតប្រធានាធិបតី​កូតឌីវ័រ លោកបាក់បូ ត្រូវ​បាន​សាលាដំបូង​របស់​ICC សម្រេច​កាលពី​ថ្ងៃ​អង្គារ កាត់ក្តី​ឲ្យ​លោក គ្មានទោស ហើយ​និង​ត្រូវ​ដោះលែង​ជា​បន្ទាន់។ ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​បង្ក​ឲ្យ​មានការហ៊ោកញ្ជ្រៀវ​របស់​ក្រុមអ្នកគាំទ្រ​របស់​លោក ដែល​មាន​ច្រើននៅឡើយ នៅក្នុង​ប្រទេស។ ចំណែក​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ក្រុមប្រឆាំង​នឹង​លោកបាក់បូ​វិញ បាន​អំពាវនាវ​ឲ្យ​មាន​ការនឹកអាណិត​អាសូរ​ដល់​ជនរងគ្រោះ​ដែល​ស្លាប់ នៅ​ក្នុង ការប្រឈមមុខ​ដាក់គ្នា រវាងគណបក្ស​នយោបាយ នៅក្រោយ​ការបោះឆ្នោតប្រធានាធិបតី​កាលពី​៨​ឆ្នាំមុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ