អានតួអត្ថបទ

"សាច់តិច បន្លែផ្លែឈើ​ច្រើន" ជា​​​​របប​អាហារ​ដ៏ប្រពៃ​បំផុត​សម្រាប់​មនុស្ស​និង​ផែនដី

តើ​ត្រូវ​ចិញ្ចឹម​មនុស្សដែល​នឹង​មាន​ចំនួន​​ទាំង​១១​ពាន់​លាន​នាក់នៅ​ឆ្នាំ​២០៥០ ​ឱ្យ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ និងដោយ​មិន​​ប៉ះពាល់​ដល់​ភពផែនដី តាម​វិធីណា ? បើ​តាម​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដែល​ទើប​​ចេញ​របាយការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ មករា ២០១៩នេះ "របបអាហារ​ដ៏​ល្អ​ប្រពៃ” ​សម្រាប់មនុស្ស​លោក និង​ផែនដី គឺ​ត្រូវ​បង្កើន​ ​ការ​ទទួល​ទាន​បន្លែ ផ្លែឈើ ពពួក​សណ្តែក និងពពួក​​ផ្លែឈើ​ហូប​គ្រាប់មួយជាពីរ តែ​ត្រូវ​កាត់​បន្ថយ​ការ​ទទួល​សាច់​ និង​ជាតិ​ស្ករ​ចំនួន​ពាក់​កណ្តាល។

ដើម្បី​សុខភាព​និង​ផែនដី ត្រូវ​បង្កើន​ការ​ទទួល​​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ផ្លែឈើ​ស៊ីគ្រាប់
ដើម្បី​សុខភាព​និង​ផែនដី ត្រូវ​បង្កើន​ការ​ទទួល​​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ផ្លែឈើ​ស៊ីគ្រាប់ Keith Weller, USDA ARS/CC/Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ថែរក្សា​សុខភាព និង​ការពារ​បរិស្ថាន មនុស្ស​លោក​ត្រូវ​ទទួល​ទាន​ជា​មធ្យម បន្លែ​៣​០០ក្រាម ផ្លែឈើ​ពីរ​រយក្រាម គ្រាប់​ធញ្ញជាតិ (អង្ករ​ ស្រូវ​សាលី ពោត ...) ២០០ក្រាម ទឹក​ដោះគោ​២៥០ក្រាម និង​ សាច់​ក្រហម (សាច់គោ សាច់​ជ្រូក សាច់​ជៀម...) តែ​១៤​ក្រាម ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ៗ។ ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​ប្រូតេអ៊ីនឱ្យ​​សរីរាង្គ​កាយ​ មនុស្ស​លោក​អាច​ប្តូរ​ផ្លាស់​ទម្លាប់​ទទួល​ទាន ដោយ​​ងាក​ទៅបរិភោគ​​សាច់​បក្សី (មាន់-​ ទា-គ្រួច) ២៩ក្រាម ត្រី២៨ក្រាម ស៊ុត​១៣​ក្រាម ព្រមទាំង​គ្រាប់​ផ្លែឈើ​គ្រប់​បែប​យ៉ាង (ឧទាហរណ៍​គ្រាប់​ស្វាយចន្ទី- ពពួក​ផ្លែឈើ​ស៊ីគ្រាប់) ចំនួន​៥០ក្រាម​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​របាយការណ៍ ដែល​​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រយៈ​ពេល​បី​ឆ្នាំ ​របស់​អ្នក​ជំនាញ ៣៧​រូប​ មក​ពី​១៦ប្រទេស​ សហការ​ជាមួយ​ទស្សនាវដ្តី​សុខភាព​ The Lancet និង​អង្គការ​ក្រៅ​រដ្ឋាភិបាល Fondation Eat។​

បើ​តាម​របាយការណ៍​ស្តី​អំពី "របបអាហារ​សុខភាព​ផែនដី" ដែល​​រៀប​ចំ​ឡើង​ដើម្បី​​ស្វែង​រក​លំនឹង​​រវាង​សេចក្តី​ត្រូវការ​ផ្នែក​សុខភាពរបស់​​មនុស្ស​និង​ផលប៉ះពាល់ចំពោះ​បរិស្ថាននេះ​ដដែល​ ប្រសិន​បើ​មនុស្ស​លោក​ប្រកាន់​យក​របបអាហារ​ដូច​បាន​រៀប​រាប់​ខាង​លើ នោះ​ក្នុង​មួយ​ឆ្នាំៗ មនុស្ស​ចំនួន​១១​លាន​នាក់ ​នឹង​អាច​គេច​ផុត​ពី​គ្រោះ​មរណៈ​​មុន​អាយុ​ផង ​ហើយ​ភព​ផែន​ដី​ក៏​នឹង​ទទួល​ផល​ល្អ​ប្រសើរ​ឡើង​ផង ព្រោះ​ផលិតផល​ចំណី​អាហារគំរាម​កំហែង​ស្ថិរភាព​ប្រព័ន្ធ​អាកាសធាតុ​និង​​ប្រព័ន្ធ​អេកូសាស្ត្រ​ពិភពលោក​ណាស់​។ របប​អាហារ​បច្ចុប្បន្ន​ បាន​រុញ​ច្រាន​ឱ្យ​ផែនដី​ប្រឹង​ផលិត​ហួស​សមត្ថភាព​ និង​ជា​ប្រភព​នៃ​ជំងឺ​។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​អ្នក​ស្រាវជ្រាវ។

ប៉ុន្តែ​ គ្មាន​ទេ​គំរូ​​របប​អាហារ​តែ​មួយ​គត់ កំណត់​ថា​មនុស្សម្នា​លើ​ភព​ផែនដី​ត្រូវ​ទទួល​អាហារ​ដូច​ការ​រៀប​រាប់​នោះ ! សម្រាប់​ក្រុម​អ្នក​ជំនាញ “របប​អាហារ​ពេញ​លេញ” ដែល​ស្មើ​នឹង​ការ​ផ្តល់​​ ២៥០០​​កាឡូរី ក្នុង​មួយ​ថ្ងៃ​ ត្រូវ​សម្រប​ទៅ​តាម​ទីតាំង​ភូមិសាស្ត្រ​ ទម្លាប់​ប្រពៃណី​ប្រជាសាស្ត្រ និង​វប្បធម៌​របស់​តំបន់​ដែល​អ្នក​រស់​នៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ