គ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំង នៅព្រំដែនបារាំង ស្វ៊ីស
នៅប្រទេសបារាំង យន្តហោះចម្បាំងមួយគ្រឿងដែលបានបាត់ពីរ៉ាដា តាំងពីថ្ងៃពុធ ត្រូវ បានគេរកឃើញថា បានធ្លាក់នៅក្នុងតំបន់ភ្នំទឹកកក Jura ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនបារាំង ស្វ៊ីស។ តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបារាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ ការស្វែងរកឃើញបំណែកយន្តហោះចម្បាំង មៀរ៉ា ២ពាន់ដេ (Mirage 2000d) នៅថ្ងៃព្រហស្បតិ៍បានធ្វើឲ្យគេសន្និដ្ឋានថា អ្នកបើកយន្តហោះ ហើយនិងពីឡុតអមដំណើរបានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៩
នៅកន្លែងដែលទាហាន និងក្រុមជួយសង្រ្គោះបារាំងបានកំណត់រកឃើញបំណែកយន្តហោះ ចម្បាំងនៅថ្ងៃព្រហស្បតិ៍ គេរកឃើញផងដែរបំណែកខ្លួនមនុស្ស។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំង លោកស្រី Florence Parly បានបញ្ជាក់ថា អ្នកបើកយន្តហោះ ដែលមានឋានន្តរសក្តិជាអនុសេនីយ៍ឯក និងស្រ្តី ពីឡុតអម ជាអនុសេនីយ៍ទោ បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំង Mirage 2០០០d កាលពីថ្ងៃពុធ។
នៅថ្ងៃពុធ យន្តហោះចម្បាំងបារាំង Mirage 2០០០d បានបាត់ខ្លួនពីរ៉ាដា នៅក្នុងបេសកកម្មហ្វឹកហាត់ នៅក្នុងកំពស់ដ៏ទាប។ ការស្វែងរុករក យន្តហោះ ហើយនិងអ្នកបើកបរទាំងពីរនាក់ ត្រូវបានបន្ទុចបង្អាក់នៅយប់ថ្ងៃពុធ ដោយសារការធ្លាក់ទឹកកក ហើយកន្លែងដែលយន្តហោះបាត់ខ្លួនទៀតសោត ស្ថិតនៅក្នុងតំបន់ភ្នំទឹកកក ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយប្រទេសស្វ៊ីស។
នៅថ្ងៃសុក្រនេះ ពេទ្យជំនាញកោសល្យវិច្ច័យ ហើយនិងទាហានបារាំង១០០នាក់បន្ថែមទៀត ត្រូវបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកប្រអប់ខ្មៅរបស់យន្តហោះ ដែលអាចប្រាប់ឲ្យគេដឹងពីមូលហេតុនៃការធ្លាក់យន្តហោះចម្បាំងដ៏ទំនើបរបស់បារាំងមួយនេះ។
រហូតមកដល់ពេលនេះ គេនៅតែមិនទាន់ដឹងពីហេតុផលដែលធ្វើឲ្យយន្តហោះចម្បាំងធ្លាក់នៅឡើយទេ។ អយ្យការបារាំងដែលមានជំនាញខាងឧក្រិដ្ឋកម្មយោធា បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា កំពុងបើកការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះលើកនេះ។
យន្តហោះMirage 2000d ជាប្រភេទយន្តហោះចម្បាំងដ៏ទំនើបរបស់បារាំង ដែលអាចដើរតួនាទីច្រើនមុខ ទាំងខាងបាញ់ប្រយុទ្ធ ហើយនិងទម្លាក់គ្រាប់បែក។ តាមមន្រ្តីកងទ័ពអាកាសបារាំង យន្តហោះដែល ធ្លាក់នៅថ្ងៃពុធ មានអាយុ ២០ឆ្នាំ ប៉ុន្តែអាចដំណើរការបានយ៉ាងល្អ គ្មានបញ្ហាអ្វីនោះទេ។
សម្រាប់អ្នកជំនាញខាងសព្វាវុធបារាំង នៅពេលគេនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើឲ្យយន្តហោះចម្បាំង Mirage 2000d ផ្ទុះធ្លាក់នៅឡើយ ប៉ុន្តែ គេអាចកាត់ស្មានបានថា អ្នកបើកយន្តហោះទាំងពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែពួកគេមិនអាចចុចទាន់ពេលវេលា បញ្ចេញកៅអី ពីក្នុងយន្តហោះ នៅក្នុងពេលដែលយន្តហោះ កំពុងហោះក្នុងកំពស់ដ៏ទាបបំផុត ត្រឹម១៣ម៉ែត្រ ប៉ុន្តែក្នុងល្បឿន ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ហោះក្នុងកម្រិតទាប ជាលក្ខណៈពិសេសរបស់យន្តហោះ Mirage 2000d ដែលក្រុមហ៊ុនផលិតយន្តហោះ Dassault បានកសាងឡើង សម្រាប់ការវាយប្រហារក្នុងកំពស់ដ៏ទាបបំផុត នៅក្នុងសមរភូមិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ