rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បារាំង៖ បាតុកម្ម​របស់​ចលនាអាវកាក់លឿង​អូសបន្លាយ​ដល់​ឆ្នាំ ២០១៩

ដោយ ឈាង បុប្ផា

ចលនា​អាវកាក់លឿង​ដែល​រញ្ជួយ​អំណាច​រដ្ឋាភិបាល​បារាំង នៅ​ពីរខែ​ចុងក្រោយ​របស់​ឆ្នាំ ២០១៨ នឹងឆ្លងចូល​រាលដាល ក្នុង​ឆ្នាំថ្មី ឆ្នាំ ២០១៩ ទៀត​ឬ​យ៉ាងណា? បាតុកម្ម​ហិង្សា របស់​ចលនា​អាវកាក់លឿង កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​សបញ្ជាក់​យ៉ាងច្បាស់​ថា វិបត្តិ​សង្គម និង​នយោបាយ នៅ​ប្រទេស​បារាំង នៅតែ​បន្តមាន​យ៉ាងគគ្រឹកគគ្រេង នៅ​សប្តាហ៍​ទី ១​ដើម​ឆ្នាំ​ថ្មីនេះ។

ក៏ដូចជា​បុន្មាន​សប្តាហ៍​កន្លងទៅ ក្នុង​ឆ្នាំចាស់ បាតុកម្ម​លើកទី​៨​របស់​ចលនា​អាវកាក់លឿង បាន​ក្លាយ​ជា​កន្លែង​ប៉ះទង្គិចគ្នា​ដ៏ហិង្សា រវាង​ប៉ូលិស​និង​បាតុករ ជ្រុលនិយម ដែល​បាន​វាយបំផ្លាញ ដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ។

នៅ​ប្រទេស​បារាំង វិបត្តិ​សង្គម មិន​បាន​បិទបញ្ចប់​ទៅ​ជាមួយ ឆ្នាំ​ចាស់​នោះទេ។ គ្រាន់តែ​បុណ្យឆ្លងឆ្នាំ​ថ្មី​កន្លងផុត​ទៅ​បាន​តែប៉ុន្មាន​ថ្ងៃ ចលនា​អាវកាក់លឿង ដែលរដ្ឋាភិបាល​សង្ឃឹម​ថា នឹង​ថមថយ​ចុះ​កម្លាំង ផុតរលត់ទៅ​នៅ​ឆ្នាំ​២០១៨ ស្រាប់តែ បង្កើនកម្លាំង​សា​ជាថ្មី នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។

នៅ​ថ្ងៃ​សៅរ៍ ទី ២៩​ធ្នូ ពោល​គឺ នៅ​២​ថ្ងៃ​មុន​ពិធីបុណ្យ​ឆ្លងឆ្នាំ​ចាស់ ឆ្នាំ ២០១៨ បាតុកម្ម​របស់​ក្រុមអាវកាក់លឿង ប្រមូល​មនុស្ស​បាន​តែ ១ម៉ឺន ២ពាន់នាក់​ប៉ុណ្ណោះ នៅទូទាំង​ប្រទេស គឺ​តិចមែនទែន បើប្រៀបធៀប​នឹង​ថ្ងៃ ទី ៨ធ្នូ ដែល​មានមនុស្ស​ចូលរួម ដល់​ទៅ ៣សែន ៦ម៉ឺននាក់។ ចំនួន​មនុស្ស​ធ្វើ​បាតុកម្ម បាន​ធ្លាក់​ថយចុះ ជាបន្តបន្ទាប់ នៅក្រោយ ការប្រកាស​ធ្វើ​សម្បទាន​ពីរលើក​របស់​លោកប្រធានាធិបតី​បារាំង ដែល​ចង់​បន្ថយកំហឹង របស់​ចលនា​អាវកាក់លឿង តាមរយៈ ការប្រកាស​លុបចោល​ទៅវិញ​ច្បាប់ដំឡើង​ពន្ធលើ​ប្រេងឥន្ធនៈ ឬ​ការបង់​វិភាគទាន​សង្គម របស់​អ្នកចូលនិវត្ត ហើយ​និងការដំឡើង​ប្រាក់​១០០​អឺរ៉ូ សម្រាប់​អ្នកដែល​ទទួល​បាន​ប្រាក់ខែ អប្បបរមា។

ដោយសារ​តែ​ចំនួន​អ្នកធ្វើ​បាតុកម្ម​ធ្លាក់ថយចុះ​បន្តបន្ទាប់ នៅ​ចុងឆ្នាំ ២០១៨ និង​មួយវិញទៀត ដោយសារតែ​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​មាន​ការដោះស្រាយ​វិបត្តិ​សង្គម​លើកនេះ តាមរយៈ ការបើក​វេទិកា​ពិភាក្សា​ជាតិ ដើម្បី​ប្រមូលស្តាប់​ទុក្ខវេទនា និងការទាមទារ​របស់​ប្រជាជន​បារាំង អាជ្ញាធរ បារាំង​មិន​បាន​រំពឹង​ថា បាតុកម្ម​របស់​ចលនាអាវកាក់លឿង នឹង​កើនឡើង​ខ្លាំង សាជាថ្មី នៅ​ឆ្នាំ​ថ្មី​នេះ​ទេ។

នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ ចលនាអាវកាក់លឿង​បាន​ប្រមូល​ផ្តុំ​មនុស្ស​ដល់ទៅ ៥ម៉ឺននាក់ នៅទូទាំង​ប្រទេស ដែលនៅក្នុង​នោះ មាន​៣ម៉ឺន៥ពាន់​នាក់ នៅ​ទីក្រុង​ប៉ារីស។ នៅ​ថ្ងៃ​ម្សិលមិញ បាតុកម្ម​ដោយ​សន្តិភាព នៅ​ពេល​ព្រឹក​បាន​ប្រែក្លាយ​ជា​ហិង្សា នៅពេល​ក្រុមបាតុករ ចាប់គប់ដុំថ្ម និង​ដបកែវ​ទៅលើ​ប៉ូលិស។ ដូច​ជា​លើកមុនៗ បាតុកម្ម នៅថ្ងៃ​ម្សិលមិញ កត់សំគាល់​ដោយ​ការដុត ម៉ូតូ ភោជនីយដ្ឋាន​លើ​ទូក ក្នុង​ទន្លេសែន ហើយ​និងការវាយដំ​ទៅលើ​ប៉ូលិស ដែល​ព្យាយាម​រុញ​ទប់ទល់​កុំ​ឲ្យ​ក្រុម​អាវកាក់លឿង អាច​ឆ្លងស្ពាន​បានសម្រេច ទៅកាន់​អគារ​រដ្ឋសភា។

ក្រុមបាតុករ​វាយប្រហារ​ជាលើក​ទី១ លើ​ស្ថាប័ន​រដ្ឋាភិបាល​បារាំង។

នៅ​រសៀលថ្ងៃសៅរ៍ទី ៥​មករា នៅពេល​ដែល​ក្រុម​អាវកាក់លឿង​ជាច្រើន​កំពុង​លើកគ្នា​ដើរសំដៅ​ទៅ​អគារ​រដ្ឋសភា នៅ​ជិត​ទន្លេសែន មាន​ជនមួយក្រុម​ដែល​ពាក់អាវខ្មៅ បាន សម្រុក​ទៅ​វាយកម្ទេច​ទ្វារ​ក្រសួង​ទំនាក់ទំនង​សភា ដែល​មាន​ការិយាល័យ​ធ្វើការ​របស់លោក Benjamin Griveaux​អ្នកនាំពាក្យ​រដ្ឋាភិបាល។ ជនពាក់​អាវខ្មៅ ដែល​អម​ដោយ​ក្រុមអាវកាក់លឿង បាន​ប្រើ​គ្រឿងចក្រ ដែល​គេ​ប្រើក្នុង​ការដ្ឋាន​សាងសង់ ដើម្បី វាយកម្ទេច ទម្លាយទ្វារ​របស់​ក្រសួង។ ពួកគេ​បាន​ចូលទៅ​ក្នុង​ក្រសួង​តែមួយភ្លែតមែន ប៉ុន្តែ បាន​វាយកម្ទេច​រថយន្ត​ដែល​ចត​នៅក្នុង​នោះ ឲ្យ​ខូច​ខ្ទេចខ្ទីរ។

នេះ​ជា​លើកទី២ ចាប់តាំង​ពីឆ្នាំ ១៩៩៩ ដែល​បាតុករ​លើកគ្នា​ទៅ​វាយបំផ្លាញ​ក្រសួង រដ្ឋាភិបាល។ កាលពី​ឆ្នាំ ១៩៩៩ កសិករ​បារាំង​ធ្លាប់​បាន​លើកគ្នា ជាលើកដំបូង ​ទៅ​វាយបំផ្លាញ​ដុត​ក្រសួង​បរិស្ថាន។ លើកនេះ គឺ​ខុទ្ធការល័យ​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាតុករ សំដៅ វាយប្រហារ។ នៅក្រោយ​ប៉ូលិស​ជួយ​ជម្លៀស​ចេញ ទាន់ពេលវេលា​ទៅកាន់​វិមាន​របស់​នាយករដ្ឋមន្រ្តី នៅក្បែរនោះ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក​Benjamin Griveaux បាន​ថ្កោលទោស សកម្មភាព​ហិង្សា ដែល​កំពុង​វាយប្រហារ​លទ្ធិ​ប្រជាធិបតេយ្យ។ សម្រាប់លោក Griveaux មិនមែន​រូបលោក​ទេ ដែល​ជាផ្ទាំងស៊ីប នៃ​ការវាយប្រហារ​របស់​ក្រុមជ្រុលនិយម ប៉ុន្តែ គឺ​សាធារណរដ្ឋ​បារាំងទាំងមូល។

នៅក្រោយ​ការវាយប្រហារ​ទៅលើ​អគាររដ្ឋាភិបាល ប្រតិកម្ម​ថ្កោលទោស​មាន​ពីអ្នកនយោបាយ​គ្រប់និន្នាការ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ​សម្រាប់​ក្រុមគណបក្ស​ប្រឆាំង គឺ​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ខ្លួនឯង ដែល​បាន​ទាក់ទាញ រឿងអពមង្គល​ដាក់​ខ្លួន។ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ដែល​ស្និទ្ធខ្លាំង​នឹង​លោក​ម៉ាក្រុង​ធ្លាប់​បាន​ចាត់ទុក​មនុស្ស​មួយចំនួន ដែល​នៅ​បន្ត​ធ្វើ​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង ថា ជា​ក្រុមមនុស្ស​ក្រឡុក អុកឡុក ដែល​មាន​ក្តីប្រាថ្នា ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​បារាំង។

ការបោះឆ្នោត​ប្រជាមតិដែល​ចេញមកពីការផ្តួចផ្តើម​គំនិត​របស់​ពលរដ្ឋ R I C

ចលនា​អាវកាក់លឿង ជា​ចលនា​មហាជន គ្មាន មេកើយ អ្នកដឹកនាំ​ក្រុម​ធ្វើ​បាតុកម្ម ពិតប្រាកដ និងកើតឡើង ចេញឡើង​ពីកំហឹង​តវ៉ា​ពីរឿង​ប្រេងឡើងថ្លៃ។ ប៉ុន្តែ តាំង​បាតុកម្ម​មួយលឿង ទៅ​មួយលើក ការទាមទារ​របស់​ចលនា​អាវកាក់លឿង ដែល​មាន​ប្រមូលផ្តុំ​ដោយ​ក្រុម​អាវកាក់លឿង ជាច្រើននៅ​ទីកន្លែង​ផ្សេងៗ​គ្នា គឺ​កាន់តែ​កើនឡើង​ច្រើនជាងមុន ហើយ​ការទាមទារ គឺមិនដូចគ្នា​ទាំងអស់​នោះទេ។

សម្បទាន​របស់លោកប្រធានាធិបតី​ម៉ាក្រុង កាលពី​ថ្ងៃទី ១០ធ្នូ បាន​ទៅ​បន្ថយ​ការតវ៉ា​របស់​ក្រុមអាវកាក់លឿង មួយចំនួន តាមរយៈ ​ការបន្ថែម​ប្រាក់​១០០​អឺរ៉ូ សម្រាប់​អ្នកមាន​ប្រាក់ខែ​អប្បបរមា ឬ​ឈប់ដំឡើង​តម្លៃពន្ធ​ប្រេង​មែន។ ប៉ុន្តែ សម្រាប់​ចលនា​អាវកាក់លឿង​ផ្សេងទៀត សម្បទាន​របស់​លោកម៉ាក្រុង មិនបាន​ដោះស្រាយ​បញ្ហា​សង្គម​ពិតប្រាកដ​នោះទេ។ បាតុកម្ម​របស់​ចលនាអាវកាក់​លឿង ជា​ឱកាស​ដែល​ប្រជាជន​បារាំង ចង់​សំដែង​ឲ្យឃើញ​ពី​ការមិនសប្បាយចិត្ត​របស់ពួកគេ ទាក់ទង​នឹង​រឿង​អយុត្តិធម៌ គម្លាតរវាង​អ្នកមាន ហើយ​និង​អ្នកក្រ ជាពិសេស នៅពេល​ដែល​គេ​យល់​ថា លោកម៉ាក្រុង​ជា​ប្រធានាធិបតី​សម្រាប់ការពារ​ប្រយោជន៍​របស់​ក្រុមអ្នកមាន។

នៅក្នុង​តវ៉ា​ថ្មីៗរបស់ខ្លួន ក្រុមអាវកាក់លឿង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ឡើងវិញ ការយកពន្ធ​ទៅលើ​ទ្រព្យសម្បត្តិ​របស់​អ្នកមាន ដែលលោក​ម៉ាក្រុង​បាន​សម្រេច​លុបចោល​ទៅវិញ នៅ​ដើម​ឆ្នាំ ២០១៨។ នៅ​ពេល​ថ្លែង​ធ្វើ​សម្បទានទៅ​កាន់ក្រុមអាវកាក់លឿង កាលពី​ថ្ងៃទី ១០​ធ្នូ លោកម៉ាក្រុង​បាន​បដិសេធ​សាជាថ្មី​មិន​អនុវត្ត​ពន្ធ​លើ​ទ្រព្យសម្បត្តិ​ជាដាច់ខាត ពោល គឺ​ដើម្បី​រក្សា​វត្តមាន​ក្រុមអ្នកមាន ដែល​បើតាម​លោកម៉ាក្រុង គឺ​ជាអ្នកដែល​វិនិយោគ​បង្កើតការងារ​សម្រាប់​ប្រជាជន​បារាំង។ ប៉ុន្តែ បើតាម​ការស្ទង់មតិ ចេញផ្សាយ​នៅ​ដើម​ខែ​នេះ ប្រជាជន​បារាំង ដល់ទៅ ៧៧%​ចង់​ឲ្យ​រដ្ឋាភិបាល​យកពន្ធ​លើអ្នកមាន។ នៅក្នុងការទាមទារ​ជាទូទៅ​មួយទៀត របស់​ក្រុមអាវកាក់លឿង ដែល​សំខាន់ណាស់ដែរ នោះ គឺ​ការបង្កើត​ការបោះឆ្នោត​ប្រជាមតិ ដែលចេញ​មកពីការផ្តួចផ្តើម​របស់​ពលរដ្ឋ។ ការបោះឆ្នោត​ប្រជាមតិដែល​ចេញមកពីការផ្តួចផ្តើម​គំនិត​របស់​ពលរដ្ឋ R I C ត្រូវ​បាន​គេ​ឃើញ​មាន​កាន់តែ​ច្រើន នៅក្នុង​បដា​ទាមទារ​របស់​ក្រុមអាវកាក់លឿង នៅក្នុង​បាតុកម្ម​គ្រប់ទីកន្លែង ក្នុង​ប្រទេស​បារាំង។

ក្រុមអាវកាក់លឿង ចង់​ឲ្យ​គេ​ដាក់​បញ្ចូល​ចំនុច​មួយ​នេះទៅក្នុង​រដ្ឋធម្មនុញ្ញ​បារាំង។ ដោយ​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ប្រជាមតិ ដើម្បី​លុបចោលទៅវិញ នុវ​​ច្បាប់​ដែលនឹង​​មិន​សមស្រប តាម​ការចង់បាន​របស់​ប្រជាជន ក្រុមអាវកាក់លឿង ចង់​បង្ហាញថា គេ​លែង​ជឿទុកចិត្ត លើ​អ្នកនយោបាយ លើ​ស្ថាប័នរដ្ឋទៀតហើយ។ ពោល​គឺ​មាន​តែ​អំណាច​របស់​ប្រជាជនទេ ដែល​សំខាន់ និងអាច​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​ខ្លួនឯង​បាន។អ្នក​នយោបាយ មិនតំណាងឲ្យ​ផលប្រយោជន៍​ប្រជាជន​នោះទេ នៅពេល​ដែល​ពួកគេ​ធ្វើ​នយោបាយ​សម្រាប់​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុមអ្នកមាន​ដែល​ជា​បក្សពួកនោះ៕

 

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច