អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ធនាគារ​​ពិភពលោក​ ៖ ភាពក្រីក្រ​សាកល​​ប្រមូល​ផ្តុំខ្លាំង​​​នៅ​​តំប​ន់​​អាហ្វ្រិក​​សាហារ៉ា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្រាប់ពេលបច្ចុប្បន្ន អត្រា​នៃ​ភាពក្រីក្រ​សាកល បាន​បន្ត​ធ្លាក់​ចុះ ដោយ​មាន​ត្រឹម​ប្រមាណ​​ ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ ក្នុង​ចំណោម​មនុស្ស​ដប់​នាក់ ​ដែល​កំពុង​រស់​នៅ ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ទោះ​ជា​យ៉ាង​ណា គេ​អង្កេត​ឃើញថា ភាព​ក្រីក្រ​បាន​កើន​ឡើង និង​ប្រមូល​ផ្ដុំ​កាន់​តែ​ខ្លាំង​នៅ​តំបន់​អាហ្រ្វិកសាហារ៉ា ព្រោះ​តំបន់​នេះនៅ​បន្ត​ពឹង​ផ្អែក​ខ្លាំង​លើ​ឧស្សាហកម្មយករ៉ែ និង​ងាយរងគ្រោះខ្លាំង​ដោយសារ​​មហន្តរាយធម្មជាតិ ខណៈ​​ជម្លោះក្នុង​តំបន់​កើត​មាន​មិនឈប់ឈរ និងកំណើនប្រជាជនក៏​បានដាក់​សម្ពាធ​បន្ថែម​ផង​ដែរ។

ទីស្នាក់ការ​ ​របស់​​ ធនាគារពិភពលោក FMI
ទីស្នាក់ការ​ ​របស់​​ ធនាគារពិភពលោក FMI REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

រហូតមកទល់នឹងពេលបច្ចុប្បន្ន ក្នុង​ចំណោម​ប្រជាជនពិភពលោក ប្រមាណ​៧,៧​ពាន់​លាន​នាក់ យ៉ាង​ហោ​ចណាស់ មាន​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដប់​នាក់ កំពុង​បន្ត​​រស់នៅ ​​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ បើទោះជា ប្រាក់ចំណូលរបស់អ្នក​​ដែល​មានចំណូលទាបទាំង៤០ភាគរយ​បានកើនឡើង ប្រមាណក្នុងអត្រា​៧៧ភាគរយ ក៏ដោយ។ យោង​តាម​របាយ​ការណ៍​របស់​ធនាគារពិភពលោក នៅ​ឆ្នាំ​២០១៨​ ក្រោម​​ចំណង​ជើង​ថា “ភាពក្រីក្រ និង​វិបុល​ភាព ៖ ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដោះ​ស្រាយ​ភាព​ក្រីក្រសាកល” ពិភពលោក​មាន​គោល​បំណងសំខាន់​ពីរ។ ទីមួយគឺ​ ធ្វើ​យ៉ាង​ណា​​បញ្ចប់ភាពក្រីក្រឱ្យ​បាន​​​នៅត្រឹមឆ្នាំ២០៣០ និង​ទីពីរគឺ​ ការ​លើក​កម្ពស់​វឌ្ឍនភាព​​សេដ្ឋកិច្ច និង​សង្គម ​​ដោយការ​បង្កើនប្រាក់ចំណូល របស់​ប្រជាជន​ពិភពលោក​ទាំងមូល ជាពិសេស ប្រជាជន​ដែល​មាន​ចំណូល​ទាប​ទាំង​៤០ភាគរយ​ នៅតាមបណ្តា​ប្រទេស​នីមួយៗ។

អាហ្រ្វិកសាហារ៉ា ៖ ​​តំបន់​ដែល​ភាពក្រីក្រ​ប្រមូល​ផ្តុំ​កាន់តែ​ខ្លាំង

ក្នុង​ចំណោមពលរដ្ឋ​ក្រីក្រសាកល​​ទាំង ៧២៨,៥លាន​នាក់ តំបន់​អាស៊ីខាងត្បូង​តំណាងឱ្យ​ ៣០ភាគរយ (២១៦.៤ លាននាក់) តំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិច​តំណាង​ឱ្យ​ ៦ភាគរយ (៤៧,២ លាន​នាក់) តំបន់​អាមេរិកឡាទីន​តំណាងឱ្យ​ ៤ភាគរយ (២៥,៩ លាន​នាក់) តំបន់​មជ្ឈិមបូព៌ា​និងអាហ្វ្រិកខាងជើង​តំណាងឱ្យ​ ៣ភាគរយ (១៨,៦ លាន​នាក់) ខណៈ តំបន់​អឺរ៉ុប និងអាស៊ីកណ្តាល​តំណាងត្រឹម​តែ​ ១ភាគរយ (៧,១ លាននាក់) ប៉ុណ្ណោះ។ ទោះ​ជាយ៉ាង​ណា ភាព​ក្រីក្រ​នៅ​តែមាន​កម្រិត​​ខ្ពស់ខ្លាំង​ នៅ​ទ្វីប​អាហ្រ្វិក តំបន់​​សាហារ៉ា ដោយ​តំបន់​នេះ​តំណាងឱ្យ​​ប្រមាណ​ជាង ៥៧ភាគរយ (៤១៣,៣ លាន​នាក់)។ មូល​ហេតុ​ចម្បង​ ក៏​ព្រោះ​ដោយសារ តំបន់​នេះ​​ពឹង​ផ្អែក​ខ្លាំង​លើ​ ឧស្សាហកម្ម​យក​រ៉ែដែល​ជា​ឧស្សាហកម្មមាន​ភាព​ផុយ​ស្រួយ​ខ្លាំង។ តំបន់​នេះ​ក៏​មាន​ជម្លោះ​មិន​ឈប់​ឈរ និង​ងាយ​រងគ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ខណៈកំណើន​ប្រជាជន​​​កើន​ឡើងក៏​បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ផង​ដែរ​លើ​ភាព​ក្រីក្រ​ជារួម។

បន្ទាត់​នៃ​ភាព​ក្រីក្រ​មិន​មែន​ពឹង​ផ្អែក​តែ​លើ​កត្តា​ប្រាក់​ចំណូល​

ដោយ​បញ្ចូល​ការ​គណនា​​បន្ទាត់​នៃ​​ភាពក្រីក្រសង្គម ដែល​​វាស់​វែង​ផ្អែក​លើ កត្តា​ប្រាក់​ចំណូល ឬកត្តា​​នៃ​ការ​ប្រើប្រាស់​មេដ្យាន ​ក្នុង​ប្រទេស​មួយ របាយការណ៍​នៅ​ឆ្នាំ​នេះ ក៏​បាន​តាមដាន​ការប្រៀបធៀប ​ភាពក្រីក្រ​នៅ​ពីរ​កម្រិត គឺ​ បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅត្រឹម​ ៣,២០ ដុល្លារ និង​ ៥,៥០ ដុល្លារ ក្នុង​មួយ​ថ្ងៃ។ ​ស្ដង់​ដារ​នេះ​ មាន​លក្ខណៈ​ដូច​ទៅ​នឹង ​ស្ដង់​ដារ​ជីវភាព​រស់​នៅ ​ក្នុង​បណ្ដា​ប្រទេស​​ដែល​មាន​ចំណូល​មធ្យម​ទាប និង​ខ្ពស់។

​បន្ថែម​ពីលើ​នេះ របាយការណ៍​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ភាពក្រីក្រគឺមិនមែន​ពឹង​ផ្អែកត្រឹម​​តែ​ទៅ​លើ កត្តា​ប្រាក់ចំណូល និងកត្រា​នៃ​ការប្រើប្រាស់ប្រចាំ​ថ្ងៃ​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​អាស្រ័យ​ផង​ដែរ លើ​​​កត្តា​ផ្សេង​ៗទៀត​ដូចជា ការទទួល​បាន​ការអប់រំ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់​​ទឹកស្អាត និង​អនាម័យ។ នេះសំដៅ​ដល់​​​សន្ទស្សន៍នៃ​ភាពក្រីក្រពហុកត្ដា (Multidimensional Poverty​ Index)។ សន្ទស្សន៍​នេះ​ ក៏​អាច​ឱ្យ​យើង​ធ្វើ​ការ​ស្វែង​យល់​​​អំពី វិសមភាព​នៅក្នុង​គ្រួសារមួយ​ ដែល​​អាចជះឥទ្ធិពល​ដល់​ ទម្រង់នៃ​ភាព​ក្រីក្រ​ជាសាកល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ